38 C
Phnom Penh

​សារមន្ទីរ​​​​អាមេរិក​​​អះអាង​ថា​ រូប​ចម្លាក់​ហនុមាន​មិនមែន​មាន​ប្រភព​ចេញ​ពី​​​​ប្រាសាទ​​​កោះ​កេរ​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រូប​ចម្លាក់​ហនុមាន​ ​ជា​អាទិទេព​ស្វា​នៅ​ក្នុង​សាសនា​ហិណ្ឌូ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សារមន្ទីរ​ Cleveland Museum of Art ចាប់​តាំង​ពី​ឆ្នាំ​១៩៨២​មក​នោះ​ មិន​មែន​ចោរ​លួច​ចេញ​ពី​ប្រាសាទ​ចិន​ក្នុង​ខេត្ត​ព្រះ​វិហារ​​ទេ នេះ​បើ​យោង​តាម​កា​រអះអាង​របស់​សារមន្ទីរ​មួយ​នេះ​។

យោង​តាម​សេចក្ដី​រាយការណ៍​មួយ​របស់​កាសែត​ឌឹ​ផ្លេន​ឌាល័រ​ (The Plain Dealer) កាល​ពី​ថ្ងៃ​អង្គារ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​ លោក​ស្រី សុន​យ៉ា រី ឃ្វីនតានីលឡា (Sonya Rhie Quintanilla) ដែល​ជា​អ្នក​អភិរក្ស​សិល្បៈ​ឥណ្ឌា និង​អាស៊ី​អាគ្នេយ៍​ប្រចាំ​នៅ​សារមន្ទីរ​នេះ ​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ពីរ​បី​ខែ​មុន​ ដើម្បី​សិក្សា​រកឲ្យ​ឃើញ​ថា តើ​រូប​ចម្លាក់​កសាង​នៅ​សតវត្សរ៍​ទី​១០​នេះ​ពិត​ជា​ត្រូវ​បាន​គេ​កាត់​ចេញ​ពី​ជើង​តាំង​មួយ​នៅ​ប្រាសាទ​ចិន​ ស្ថិត​ក្នុង​បរិវេណ​ប្រាសាទ​កោះ​កេរមែន​ឬយ៉ាង​ណា។

កាសែត​​​នេះ​​​បាន​​​ដក​​​ស្រង់​​​ប្រសាសន៍​​​របស់​​​លោក​ស្រី សុន​យ៉ា រី ឃ្វីនតានីលឡា ដែល​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​អីុម៉េល​​​មួយ​​​ថា “ការ​​​ងារ​​​របស់​​​យើង​​​លើ​​​រូប​​​ចម្លាក់​​​នេះ​​​ និ​​​ងអំពី​​​​​​ប្រភព​​​ដើម​​​របស់​​​វា​​​កំពុង​​​តែ​​​ដំណើរ​​​ការ​​​នៅ​​​ឡើយ​​​ ហើយ​​​វា​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​ច្រើនណាស់​​​​​​ ប៉ុន្តែ រហូត​​​មក​​​ទល់​​​ពេល​​​នេះ ផ្អែក​​​លើ​​​ការ​​​ចុះ​​​សិក្សា​​​របស់​​​ខ្ញុំ​​​ដល់​​​ទី​​​កន្លែង​​​ផ្ទាល់​​​ក្នុង​​​ប្រទេសកម្ពុជា​​​កាល​​​ពី​​​ដើម​​​ឆ្នាំនេះ​​​ ខ្ញុំ​​​អាច​​​រាយការណ៍​​​បាន​​​ថា ខ្ញុំ​​​មិន​​​បាន​​​រក​​​ឃើញ​​​វត្ថុ​​​តាង​​​​​​​​ណាមួយ​​​ដែល​​​បញ្ជាក់ថា​​​រូប​​​ចម្លាក់​​​​​​ហនុមាន​​​តាំង​​​នៅ​​​​​​សារ​​​មន្ទីរ​​​ Cleveland មាន​​​ប្រភព​​​ចេញ​​​ពី​​​ប្រាសាទ​​​ចិន​​​នោះ​​​ទេ​​​”។

កាសែត​​​នេះ​​​បាន​​​លើកឡើង​​​ថា លោក​ស្រី សុន​យ៉ា រី ឃ្វីនតានីលឡា បាន​​​អប​​​ពុម្ព​​​បាត​​​​​​រូប​​​ចម្លាក់​​​ដែល​​​ត្រូវ​​​បាន​​​កាត់​​​ចេញ​​​ពី​​​ជើង​​​របស់​​​វា​​​នេះ ប៉ុន្តែ វា​​​បង្ហាញ​​​ថា រូប​​​ចម្លាក់​​​នេះ​​​ទំនង​​​ជា​​​ស្ថិត​​​ក្នុងទម្រង់​​​លុត​​​ជង្គង់​​​​​​។ នៅពេល​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើល​​​នៅ​​​ប្រាសាទ​​​ចិន​​​ លោក​ស្រី​​​រក​​​ឃើញ​​​ថា កន្លែង​​​ពីរ​​​ដែល​​​គេ​​​ជឿ​​​ថា ​​​រូប​​​ចម្លាក់​​​នេះ​​​ធ្លាប់​​​តាំង​​​កាល​​​ពី​​​មុន​​​​​​ គឺ​​​មិន​​​សីុ​​​គ្នា​​​ទេ​​​។

កាសែត​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​ស្រី សុន​យ៉ា រី ឃ្វីនតានីលឡា បាន​​​ចុះ​​​ទៅ​​​ពិនិត្យ​​​នៅ​​​ប្រាសាទ​​​កោះកេរ​​​អម​​​ដំណើរ​​​ដោយ​​​មិត្ត​​​ភក្តិ​​​ម្នាក់​​​ដែល​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ និង​​​មគ្គុទេ្ទសក៍​​​កម្ពុជា​​​ម្នាក់​​​ទៀត​​​។​​​​​​​​​

លោក ហ្វ្រេដ ប៊ីដវែល (Fred Bidwell) ប្រធាន​​​បណ្តោះ​​​អាសន្ន​​​នៃ​​​សារមន្ទីរ​​​នេះ​​​ក៏​​​ត្រូវ​​​បាន​​​ដក​​​ស្រង់​​​ប្រសាសន៍​​​ដូច្នេះ​​​ដែរ​​​ថា សារមន្ទី​​​រ​​​ចង់​​​ “ដឹង​​​ការពិត” ថា តើ​​​រូប​​​ចម្លាក់​​​នេះ​​​ចេញ​​​ពី​​​កន្លែង​​​ដើម​​​របស់​​​វា​​​ដោយ​​​របៀប​​​ណា​​​។

កាល​​​ពី​​​សប្តាហ៍​​​មុន​​​ក្រុម​​​ហ៊ុន​​​​​​រៀប​​​ចំ​​​ការ​​​ដេញ​​​ថ្លៃ​​​ គ្រីស្ទី​​​ (Christie’s) និង​​​សារមន្ទីរ​​​ Norton Simon Museum ក្នុង​​​រដ្ឋ​​​កាលីហ្វ័រ​​​ញ៉ា​​​ បាន​​​សន្យា​​​ប្រគល់​​​​​​ឲ្យ​​​កម្ពុជា​​​វិញ​​​នូវ​​​រូប​​​ចម្លាក់​​​ពីរ​​​ដែល​​​ត្រូវ​​​បាន​​​ចោរ​​​លួ​​​ច​​​ចេញ​​​ពី​​​ទីតាំង​​​នេះអំឡុង​​​ទសវត្សរ៍​​​ឆ្នាំ​​​​​១៩៧០​​​ ។​​​ការ​​​សន្យា​​​នេះ​​​​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​ការ​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​រូប​​​ចម្លាក់​​​ពី​​​រ​​​​​​ចេញ​​​ពី​​​សារមន្ទីរ​​​ Metropolitan Museum of Art ក្នុង​​​ទីក្រុង​​​ញូវយ៉ក កាល​​​ពី​​​ខែ​​​មិថុនា ឆ្នាំ​​​២០១៣។

សំណុំ​​​រឿង​​​មួយ​​​ប្តឹង​​​ក្រុម​​​ហ៊ុន​​​​​រៀប​​​ចំ​​​ដេញ​​​ថ្លៃ សូថេ​​​ប៊ី (Sotheby’s) បាន​​​ឈាន​​​ដល់​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ចប់​​​កាល​​​ពីខែ​​​ធ្នូ​​​ ហើយ​​​មិន​​​យូរ​​​ប៉ុន្មាន​​​ទេ​​​​​​រូប​​​ចម្លាក់​​​អ្នក​​​ចម្បាំង​​​ទុរយោធន៍​​​ (Duryodhana) នឹង​​​ត្រូវ​​​ធ្វើ​​​មាតុ​​​ភូមិនិវត្ត​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​វិញ​​​។ រូប​​​ចម្លាក់​​​ទាំង​​​ពីរ​​​នោះ​​​ត្រូវ​​​បាន​​​រក​​ឃើញ​​ថា មាន​​​ប្រភព​​​​​​​​​​​​​​​ចេញ​​​ពី​​​ប្រាសាទចិន​​​។

លោកស្រី អាន ឡឺម៉េស (Anne Lemaistre) ប្រធានអង្គការ​​​យូណេ​​​ស្កូ​​​ប្រចាំកម្ពុជា​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ​​​យូណេស្កូ មិន​​​ត្រូវ​​​បាន​​​គេ​​​ទាក់​​​ទង​​​មក​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​សើុប​​​អង្កេត​​​របស់​​​សារមន្ទីរ Cleveland Museum of Art ។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “យើង​​​រង់​​​ចាំ​​​មើល​​​ការ​​​សើុប​​​អង្កេត​​​ពេញ​​​លេញ​​​​​​សិន​​​ ហើយ​​​ប្រហែល​​​ជា​​​យើង​​​អាច​​​​​​អញ្ជើញ​​​ភាគី​​​កម្ពុជា​​​របស់​​​យើង​​​ និង​​​​​​អ្នក​​​​​​ជំនាញ​​​បរទេស​​​ទាំង​​​អស់​​​ដើម្បី​​​សើុប​​​អង្កេត​​​បន្ថែម​​​ទៀត​​​។ ពី​​​ព្រោះ​​​ខ្ញុំ​​​ពិត​​​ជា​​​ស្វា​​​គមន៍​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​របស់​​​លោក ប៊ីដវែល​​​ យើង​​​ប្រហែល​​​ជា​​​ជួយ​​​ពួកគេ​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​”។

លោកស្រី​​​បានមាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា ទោះ​​​បី​​​ជា​​​ពេល​​​នេះ​​​យើង​​​មិនទាន់​​​ដឹង​​​ពី​​​ប្រភព​​​ដើម​​​នៃ​​​រូប​​​ចម្លាក់​​​ហនុមាន​​​នេះ​​​នៅ​​​ឡើយ​​​ក្តី​​​ តែ​​​ “វា​​​គឺជា​​​រូប​​​ចម្លាក់​​​​​​ដែល​​​ត្រូវ​​​ចោរ​​​លួច​​​ដោយ​​​សារ​​​តែ​​​​​​ការ​​​ដាច់​​​​​ជើង​​​ និង​​​ជង្គង់​​​ជា​​​ភ័ស្តុ​​​តាង​​​បង្ហាញ​​​ថា វា​​​ត្រូវ​​​បាន​​​​​​ចោរ​​​លួច​​​”។

លោក​​​ស្រី អាន ឡឺម៉េស បានមាន​​​ប្រសាសន៍​​​ថា និយាយ​​​ពី​​​ពណ៌​​​រូ​​​ប​​​ចម្លាក់​​​នេះ​​​​​​ដែល​​​ខុស​​​ពី​​​ពណ៌​​​រូប​​​ចម្លាក់​​​ពី​​​ប្រាសាទ​​​ចិន ​​​ដែល​​​ត្រូវបាន​​​បញ្ជូន​​​ ឬកំពុង​​​រង់ចាំការ​​​​​​បញ្ជូន​​​ពីក្រុម​​​ហ៊ុន​​​សូថេប៊ី  ក្រុម​​​ហ៊ុន​​​គ្រីស្ទី និង​​​សារមន្ទីរ​​​ Norton Simon Museum មក​​​កាន់​​​កម្ពុជា​​​វិញ​​​ “យើង​​​ដឹង​​​ថា ថ្ម​​​ភក់​​​​​​ដែល​​​មាន​​​ពណ៌​​​ក្រហម​​​ស្រគំា​​​នេះ​​​មាន​​​ប្រភព​​​​​​ចេញ​​​ពី​​​កន្លែង​​​យក​​​ថ្ម​​​តែ​​​មួយ​​​នៅ​​​ភ្នំ​​​គូលែន ដែល​​​គេ​​​ប្រើ​​​ដើម្បី​​​កសាង​​​ប្រាសាទ​​​បន្ទាយស្រី​​​”៕​​​សុខុម​​​​​​

​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស