គណៈកម្មការពិសេសមួយដែលត្រូវបានបង្កើតឡើងកាលពីខែមីនា ដើម្បីដោះស្រាយវិវាទដីធ្លីជាយូរមកហើយ រវាងអ្នកភូមិ៥២គ្រួសារក្នុងខេត្តកំពង់ឆ្នាំងជាមួយភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនោះ បានបញ្ចប់ការងាររបស់ខ្លួនហើយ ដោយអ្នកភូមិ១៧គ្រួសារមិនព្រមទទួលសំណង។
លោកស្រី ដោក សុធា អភិបាលរងខេត្ត ដែលជាប្រធានគណៈកម្មការនេះបានមានប្រសាសន៍ថា ក្រុមនេះបានបញ្ចប់ការចរចាកាលពីសប្តាហ៍មុន និងបានឈានដល់កិច្ចព្រមព្រៀងផ្តល់សំណងដល់អ្នកភូមិ៣៥គ្រួសារចាប់ពី១.២៥០ដុល្លារដល់១.៥០០ដុល្លារក្នុងមួយគ្រួសារៗពីក្រុមហ៊ុន KDC International ជាក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនដែលកាន់កាប់ដោយអ្នកស្រី ជា ខេង ភរិយារបស់លោក ស៊ុយ សែម។
លោកស្រី សុធា បានមានប្រសាសន៍ថា ទឹកប្រាក់រាប់មឺុនដុល្លារ ដែលអ្នកភូមិនៅសេសសល់ទាមទារនោះគឺច្រើនណាស់ ហើយថា ឥឡូវនេះពួកគាត់ត្រូវដោះស្រាយវិវាទរបស់ខ្លួនជាមួយអ្នកស្រី ជា ខេង នៅតុលាការដោយខ្លួនឯង។
លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំនឹងបញ្ជូនរបាយការណ៍ទៅលោកអភិបាល និងតុលាការនៅពេលណាមួយក្នុងសប្តាហ៍ក្រោយដើម្បីជម្រាបថា យើងសម្រេចបានដំណោះស្រាយជាមួយអ្នកភូមិតែ៣៥គ្រួសារប៉ុណ្ណោះដែលនឹងទទួលយកសំណងពីក្រុមហ៊ុន។ អ្នកភូមិ១៧គ្រួសារទៀតត្រូវតវ៉ាទៅតុលាការដោយខ្លួនឯង ពីព្រោះពួកគាត់ទាមទារសំណងច្រើនពេក។
លោកស្រីបានមានប្រសាសន៍ថា “ក្រុមហ៊ុនអះអាងថា ខ្លួនមិនមានលទ្ធភាពផ្តល់សំណងដល់ពួកគាត់ពី២០.០០០ដុល្លារទៅ៣០.០០០ដុល្លារទេ។ ដូច្នេះខ្ញុំនឹងទុកឲ្យតុលាការដោះស្រាយពាក្យបណ្តឹងពួកគាត់ចុះ”។ ទាំងអ្នកស្រី ជា ខេង និងលោក ផាត់ ពៅសៀង មេធាវីរបស់ក្រុមហ៊ុនអ្នកស្រីមិនអាចទាក់ទងបានទេ។ លោក ថៃ ហ៊ី តំណាងអ្នកស្រី ជា ខេង បានបដិសេធមិនធ្វើអត្ថាធិប្បាយ។
លោក រាជ សីមា អ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិ១៧គ្រួសារដែលមិនព្រមទទួលសំណងពីក្រុមហ៊ុន KDC ក៏ត្រូវចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត និងបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងហេតុការណ៍មួយកាលពីខែឧសភា ឆ្នាំមុន។ អំឡុងហេតុការណ៍នោះក្រុមអ្នកភូមិបានដុតជម្រកដែលក្រុមហ៊ុនបានសាងសង់លើដីមានវិវាទនោះ ហើយតាមចោទថា បានបណ្តេញមន្ត្រីរៀបចំដែនដីមួយក្រុមដែលចុះទៅមើល។
លោកបាននិយាយថា សាលាដំបូងខេត្តបានកោះហៅអ្នកភូមិបីនាក់មកសាកសួរកាលពីថ្ងៃទី២៦ខែឧសភា ឆ្នាំមុន ហើយសង្ស័យថា ចំណាត់ការនេះគឺជាការសងសឹកចំពោះការដែលលោកមិនព្រមទទួលយកសំណងពីក្រុមហ៊ុន KDC។ លោកបាននិយាយថា “វាជាការដាក់សម្ពាធថ្មីមួយទៀតមកលើរូបខ្ញុំចំពោះការដែលខ្ញុំបដិសេធម្តងហើយម្តងទៀតមិនព្រមទទួលយកសំណងពីក្រុមហ៊ុននេះ។ ដូច្នេះក្រុមហ៊ុនបានចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំភិតបំភ័យពួកយើង”។
លោក ឌុច សីុនួន បុរសម្នាក់ក្នុងចំណោមបុរសដែលត្រូវតុលាការកោះហៅ បាននិយាយថា លោក រាជ សីមា គ្មានកំហុសពាក់ព័ន្ធការចោទប្រកាន់នេះទេ ដោយលោកបន្ថែមថា អ្នកភូមិជាង៤០នាក់ទៀតនឹងទៅតុលាការនៅថ្ងៃសាកសួរ ដើម្បីធ្វើការតវ៉ា៕ សារុន