កាលពីម្សិលមិញ អង្គការសង្គមស៊ីវិលបានអំពាវនាវឲ្យរដ្ឋសភាចំណាយពេលបន្ថែមទៀតក្នុងការកែសម្រួលច្បាប់ដ៏ចម្រូងចម្រាសចំនួនបីទាក់ទងប្រព័ន្ធតុលាការ ដែលអង្គការទាំងនេះលើកឡើងថា មិនបានធានាអំពីឯករាជភាពនៃប្រព័ន្ធតុលាការដែលមានបញ្ហាច្រើនក្នុងប្រទេសកម្ពុជាឡើយ។
ការអំពាវនាវនេះធ្វើឡើងខណៈដែលរដ្ឋសភាគ្រោងកោះប្រជុំពេញអង្គនៅថ្ងៃអង្គារដើម្បីអនុម័តសេចក្តីព្រាងច្បាប់ទាំងបីនេះ គឺច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃប្រព័ន្ធតុលាការ និងច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា។ កាលពីខែមុន ទីស្ដីការគណៈរដ្ឋមន្ត្រីបានយល់ព្រមចំពោះសេចក្តីព្រាងច្បាប់នេះ ហើយបានបញ្ជូនទៅរដ្ឋសភា។
លោក ឌុច ពិសិដ្ឋ អ្នកសម្របសម្រួលគម្រោងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា “យើងចង់បញ្ចុះបញ្ចូលឲ្យរដ្ឋសភាផ្ដល់ឱកាសឲ្យអង្គការសង្គមស៊ីវិលពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ទាំងបីនេះជាមុនសិន។ ប្រសិនបើយើងពិនិត្យសេចក្ដីព្រាងច្បាប់ទាំងបីនេះ ឯករាជភាពនៃប្រព័ន្ធតុលាការមិនទាន់ត្រូវបានធានានៅឡើយទេ”។
ប្រទេសផ្ដល់ជំនួយនិងអង្គការសិទ្ធិមនុស្សបាននិងកំពុងដាក់សម្ពាធលើរដ្ឋាភិបាលច្រើនឆ្នាំមកហើយឲ្យអនុម័តច្បាប់ស្ដីពីកំណែទម្រង់ប្រព័ន្ធតុលាការ ប៉ុន្តែសេចក្ដីព្រាងច្បាប់ថ្មីនេះបានធ្វើឲ្យមានកង្វល់ថា សេចក្តីព្រាងច្បាប់ទាំងនេះអាចធ្វើឲ្យមានឥទ្ធិពលមិនល្អលើឯករាជភាពនៃប្រព័ន្ធតុលាការ ដែលទីបំផុតបានផ្ដល់អំណាចបន្ថែមទៀតឲ្យស្ថិតក្នុងកណ្ដាប់ដៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក នី ចាន់ឌី ប្រធានផ្នែកបច្ចេកទេសច្បាប់នៅអង្គការជំនួយផ្នែកច្បាប់កម្ពុជា បានមានប្រសាសន៍ថា ប្រសិនបើសេចក្តីព្រាងច្បាប់ទាំងនេះត្រូវបានអនុម័តទាំងអ៊ីចឹងមែននោះ ក្រុមមន្ត្រីតុលាការនឹងមានការត្រួតត្រាដោយស្របច្បាប់លើនីតិវិធីរបស់តុលាការ។ លោកបានមានប្រសាសន៍ថា ” សេចក្ដីព្រាងច្បាប់ទាំងនេះ គឺជាអាវុធមុខពីរ។ សេចក្តីព្រាងច្បាប់នេះជួយមន្ត្រីតុលាការឲ្យមានច្បាប់ត្រឹមត្រូវដើម្បីគ្រប់គ្រងស្ថាប័នរបស់ខ្លួន ពីព្រោះពួកគេមិនមានច្បាប់ដូចនេះឡើយក្នុងពេលកន្លងមក។ ចំណុចអវិជ្ជមានគឺថា ក្រសួងយុត្តិធម៌មានអំណាចច្រើនហួសលើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម”។
លោក ជាម យៀប សមាជិកសភាជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា រដ្ឋសភានឹងមិនពន្យារពេលសម័យប្រជុំពេញអង្គនៅសប្ដាហ៍ក្រោយ ដើម្បីផ្តល់ឱកាសឲ្យអង្គការសង្គមស៊ីវិលពិនិត្យពិច័យសេចក្ដីព្រាងច្បាប់ទាំងនេះឡើយ។ លោកបានមានប្រសាសន៍ថា “គ្មាននរណាម្នាក់អាចពន្យារពេលសម័យប្រជុំសភាបានទេ។ អង្គការសង្គមស៊ីវិលអាចធ្វើវិសោធនកម្មច្បាប់បាននៅពេលពួកគេជាប់ឆ្នោតជាសមាជិកសភា”៕ សារុន