38 C
Phnom Penh

ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​នឹង​បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​បរទេស​ឡើង​វិញ​ ប៉ុន្តែ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភអំពី​សុវត្ថិភាព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​ពី​ការ​ផ្អាក​បញ្ជូន​ស្ត្រី​ជំនួយការ​មេផ្ទះ​ទៅ​ធ្វើ​ការ​នៅ​បរទេស​រយៈពេល​បី​ឆ្នាំ​ដោយសារ​តែ​​មាន​ការ​រំលោភ​បំពាន​ធ្ងន់​ធ្ងរ​ជា​ច្រើន​ករណី​ពី​សំណាក់​ក្រុម​ហ៊ុន​ជ្រើស​រើស​ពល​ករ​ និង​ថៅកែ​របស់​ពួក​គេ​នោះ​ ​ស្ត្រី​កម្ពុជា​រាប់​សែន​នាក់​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​បរទេស​ធ្វើ​ជា​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​ជា​ថ្មី​ម្តង​ទៀត។

ចាប់​តាំង​ពី​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បិទ​ឧស្សាហ​កម្ម​នេះ​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១១មក​ នៅ​តែ​មាន​សេចក្តី​រាយ​ការណ៍​ជា​ហូរ​ហែ​ពី​ប្រទេស​ម៉ាឡេ​សីុ​មក​កាន់​ប្រទេស​កម្ពុជា​អំពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ការ​ចាប់​បង្ខាំង និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​​។ ពេល​នេះ​រដ្ឋាភិបាល​កំពុង​តែ​សម្លឹង​​រក​ឱកាស​បើក​បណ្តាញ​បញ្ជូន​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​ទៅ​កាន់​ប្រទេស​ម៉ាឡេ​សីុ​ឡើង​វិញ ហើយ​កំពុង​តែ​ព្យាយាម​បន្ថែម​គោលដៅ​ពី​រទៀត​គឺ​​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​អារ៉ាប៊ី​សាអូឌីត​។

បច្ចុប្បន្ន​គណៈប្រតិភូមួយ​ក្រុម​របស់​ក្រសួង​ការងារ​ បណ្តុះ​បណ្តាល​ និង​វិជ្ជាជីវៈ​ កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​សីុ​ ដើម្បី​ចូល​រួម​ការ​ចរចា​ដំណាក់​កាល​ចុង​ក្រោយ មុន​ពេល​ចុះ​កិច្ច​ព្រម​ព្រៀង​បញ្ជូន​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​​ទៅ​ធ្វើ​ការ​នៅ​ទី​នោះ​។ ក្រសួង​ក៏​កំពុង​មើល​ការ​ខុស​​ត្រូវ​លើ​ការ​ដាក់​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​រាប់​រយ​នាក់​ឲ្យ​ស្ថិត​ក្នុង​កម្ម​វិធី​សាក​ល្បង​មួយ​​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ផង​ដែរ ហើយ​​រដ្ឋាភិបាល​បាន​លើកឡើង​កាល​ពីម្សិលមិញ​ថា ពេល​នេះ​ប្រទេស​អារ៉ា​ប៊ី សាអូឌីត កំពុង​ចាប់​អារម្មណ៍​ទទួល​យក​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​កម្ពុជា​។

លោក​ ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​មាន​ប្រសាសន៍​ថា “ផ្អែក​លើ​បទ​​ពិ​សោធ​មុន​ៗ​របស់​យើង​ក្នុង​ការ​បញ្ជូន​ពល​ករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ និង​ប្រទេស​ម៉ាឡេ​ស៊ី​ យើង​ប៉ាន​់ប្រមាណ​ថា ​ប្រាក់​បញ្ញើ​បញ្ជូន​មក​កម្ពុជា​វិញ​ក្នុង​មួយ​ឆ្នាំ​ៗ​អាច​នឹង​មាន​ដល់​១២០​លា​ន​ដុល្លារ​។ យើង​ដឹង​ថា ចំណូល​គឺ​ជា​អាទិភាព​មួយ​ ប៉ុន្តែ យើង​មិន​ចង់​ឲ្យ​សាធារណជន​យល់​ច្រឡំ​ទេ​។ អាទិភាព​ទី​១​ គឺ​ថា​ពល​ករ​នៅ​ក្នុង​ប្រទេស​ផ្សេង​​ត្រូវ​តែ​មាន​សុវត្ថិភាព​” ។

ចាប់​តាំង​ពី​ការ​ផ្អាក​បញ្ជូន​​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី​ កាល​​ពី​ឆ្នាំ​២០១១​មក ក្រសួង​ការ​ងារ​ដែល​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី​អង្គការ​ពល​កម្ម​អន្តរ​ជាតិ ILO របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​ធ្វើ​ការ​រឹត​បន្តឹង​​និយ័​ត​កម្ម​លើ​ការ​​ជ្រើ​ស​រើស​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​ និង​ការ​ការ​ពារ​សិទ្ធិ​របស់​ពួ​កគេ​។

កាល​ពី​ខែ​ធ្នូ​ ក្រសួង​ការ​ងារ​បាន​ចេញ​​ប្រកាស​​ ឬ​សារាចរ​​ណែ​នាំ​ថ្មី​ចំនួន​ប្រាំបី​ ​ ដើម្បី​គាំ​ទ្រ​អនុ​ក្រឹ​ត​លេខ​១៩០​ស្តី​ពី​ការ​គ្រប់​គ្រង​ការ​បញ្ជូន​ពល​ករ​កម្ពុជា​ទៅ​បរទេស​តាម​​រយៈ​ទី​ភ្នាក់​ងារ​ជ្រើ​សរើស​ពល​ករ​ឯកជន​។

ប្រកាស​ដែល​មិន​មាន​ចង​ភ្ជាប់​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់​ទាំង​​នេះ​ផ្តល់​ការ​គ្រប់​គ្រង​ច្រើន​លើ​ទី​ផ្សារ​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​​ទៅ​ក្រសួ​ងការ​ងារ​​​ ដែល​ពេល​នេះ​ក្លាយ​ជា​ស្ថា​ប័ន​តែ​មួយ​គត់​ទទួល​បន្ទុក​ដោះ​ស្រាយ​បណ្តឹង​ផ្លូវ​ការ​ ការ​ឃ្លាំ​មើល​ និ​ងការ​ត្រួត​ពិនិត្យ​លើ​ទី​ភ្នាក់​ងារ​ជ្រើសរើស​ពល​ករ​នានា​។

លោក ទុន សុភ័ណ្ឌ​ អ្នក​សម្រប​សម្រួល​ជាតិ​​ប្រចាំ​នៅ​អង្គការ​ ILO បាន​មាន​ប្រសាសន៍​ថា “យើង​មាន​យន្តការ​សម​ស្រប​សម្រាប់​ដោះស្រាយ​ការ​រំលោភ​បំពាន ជា​ពិសេស​ការ​រំលោភ​បំពាន​​ពី​សំណាក់​ទី​ភ្នាក់ងារ​ជ្រើ​ស​រើស​​ពល​ករ​ឯកជន​។ ពេល​នេះ​ក្រសួង​ការ​ងារ​មាន​អំណាច​លើ​វិស័យ​នេះ​ ហើយ​ប្រសិន​បើ​និយ័ត​កម្ម​ទាំង​អស់​ត្រូវ​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ វា​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទាំង​មូល​ប្រសើរ​ឡើង​”។

តែ​ទោះ​ជា​យ៉ាង​ណា​ បណ្តា​អង្គការ​​​តស៊ូ​មតិដើម្បី​​សិទ្ធិ​ការ​ងារ​​​​​​​​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ទំនាក់​ទំនង​នា​ពេល​បច្ចុ​ប្ប​ន្ន​រវាង​បុគ្គល​មាន​ឥទិ្ធ​ពល​នៅ​ក្នុង​ក្រសួង​ការងារ និង​ទី​ភ្នាក់​ងារ​ជ្រើ​ស​រើស​ពល​ករ​ទាំង​នេះ​ អាច​នឹង​រារាំង​កិច្ច​ប្រឹង​ប្រែងក្នុងការ​ធ្វើ​ឲ្យ​​ឧស្សាហ​កម្ម​នេះ​ស្អាត​ស្អំ​។

​យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស​លីកា​ដូ បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ ​ដែល​ជា​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​មួយ​​មាន​មូល​ដ្ឋាន​នៅ​ក្នុង​​រាជធានី​ភ្នំពេញ គឺ​ជា​កម្ម​សិទ្ធិ​របស់​គ្រួសារ​លោក អូ​ស្មាន់ ហាសាន់ រដ្ឋ​លេខា​ធិការ​ក្រសួ​ង​ការ​ងារ​។

កាល​ពី​ខែ​ធ្នូ​ លោក អូ​ស្មាន់ ហាសាន់ បាន​ចូល​រួម​ជា​គណៈ​អធិបតី​ក្នុង​សិក្ខា​សាលា​មួយ​ស្តី​ពី​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​របស់​ម៉ាឡេស៊ី​។ នៅ​ក្នុង​​សុន្ទរ​កថា​បើ​ក​អង្គ​សិក្ខា​សាលា​របស់​លោក លោក​បាន​ជំរុញ​ឲ្យ​ឧស្សាហ​កម្ម​នេះ​វិល​ទៅ​រក​សភាព​ដើម​វិញ​ឲ្យ​បាន​ឆាប់​រហ័ស​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បញ្ជូន​ពល​ករ​បាន​កាន​់តែ​ច្រើន​ ប្រាក់​ដែល​យើង​ទទួល​បាន​ក៏​កាន់​តែ​ច្រើន​ដែរ ហើយ​ប្រាក់​​ផ្ញើ​មក​កម្ពុជា​វិញ​​ក៏​កាន់​តែ​ច្រើន​”។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ស្ត្រី​ជំនួយ​ការ​មេផ្ទះ​ចំនួន​៣០​០.០០០នាក់​​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​នឹង​បញ្ជូន​ប្រាក់​ត្រឡប់​មក​ស្រុក​វិញ​ក្នុង​មួយ​ឆ្នាំ​ៗស្មើ​នឹង​​១,៥​ពាន់​​លាន​ដុល្លារ។

ម្ចាស់​​ទី​ភ្នាក់ងារ​ជ្រើស​រើស​ពល​ករ​ ​សុខ​លាភ មេត្រី​ ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក សេង សក្កដា អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​ការ​ងារ​នៃ​ក្រសួង​ការងារ​ ក៏​មាន​ចំណាប់​អារម្មណ៍​លើ​ឧស្សាហកម្ម​នាំ​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​ទៅ​ធ្វើ​ការ​នៅ​បរទេស​ដែរ​។

យោង​តាម​លោក​ ពិន វីរៈ ជា​លេខា​​ម្នាក់​​នៅ​សមាគម​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​កម្ពុជា​ ហៅ​កាត់​ថា ACRA បាន​ឲ្យដឹង​ថា ​ទីភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​ សុខ​លាភ​ មេត្រី រួម​ជា​មួយ​ក្រុម​ហ៊ុន ហ្វីលីម៉រ​​ និង​ក្រុង​ហ៊ុន អឹុង​រិទ្ធី គ្រុប ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​សម្រាប់​គម្រោង​​សាក​ល្បង​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ ជា​សេចក្តី​សម្រេច​ចេញ​ពី​លោក សេង សក្កដា ផ្ទាល់​។

លោក​ ពិន​ វីរៈ បាន​លើក​ឡើង​បន្ទាប់​ពី​សិក្ខា​សាលា​បណ្តុះ​បណ្តាល​សម្រាប់​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​​កាល​ពី​ខែ​មីនា​ថា ” យើង​បាន​ទទួល​ការ​ហៅ​ទូរ​ស័ព​្ទ​ពី​ក្រសួង​ការ​ងារ ​ដែល​អនុ​ម័ត​ជ្រើស​រើស​ក្រុម​ហ៊ុន​ទាំង​បី​នេះ​ [​សម្រាប់​គម្រោង​សាក​ល្បង​នៅ​ប្រទេស​សិង្ហ​បុរី​] ។ លោក សក្កដា គឺជា​អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ការងារ​ ហើ​យ​គាត់​គឺជា​អ្នក​សម្រេច​រឿង​នេះ​”។

​បច្ចុប្បន្ន​លោក​ សេង សក្កដា កំពុង​ដឹក​នាំ​ភាគី​កម្ពុជា​ដើម្បី​ចរចា​ជា​មួយ​ម៉ាឡេ​ស៊ី​។ អ្នក​រួម​ដំណើរ​ជា​មួយ​​គណៈ​ប្រតិភូ​នេះ​មាន​ដូច​ជា លោកស្រី អឹុង​សៀង​ រិទ្ធី ម្ចាស់​ក្រុម​ហ៊ុន អឹុង​ រិទ្ធី​ គ្រុប និង​ជា​ប្រធាន ACRA ។ លោកស្រី​ អឹុង​សៀង រិទ្ធី គឺ​ជា​បង​ប្អូន​​បង្កើត​របស់​លោក​ សុខ ផល ដែល​ក្នុង​ពេល​ថ្មី​ៗ​នេះ​​ត្រូវ​បាន​តែង​តាំងជា​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​។

នៅ​ក្នុង​របាយការណ៍​មួយ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (HumanRightsWatch) កាល​ពី​ឆ្នាំ​២០១១​ ដែល​បាន​ប្រមូល​ចង​ក្រង​​រឿង​រ៉ាវ​ស្ត្រី​ជំនួយ​​ការ​មេផ្ទះ​ជាច្រើន​ដែល​ត្រូវ​គេ​បញ្ជូន​ត្រឡប់​មក​វិញ​ ក្រុម​ហ៊ុន​អឹុង​រិទ្ធី គ្រុប​ ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ ទាស​ករ​បំណុល ការ​ចាប់​បង្ខាំង ព្រម​ទាំង​ការ​ជ្រើស​រើស​ក្មេង​ស្រី​អនីតិជន​ផង​ដែរ។

ស្ត្រី​ក្មេង​ៗ​ដែល​ភាគ​ច្រើន​មក​ពី​ជន​បទ​ត្រូវ​បាន​គេ​លួង​លោម​តាម​រយៈ​ការ​សន្យា​ផ្តល់​ប្រាក់​ខែ​ច្រើន​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​។ នៅ​ក្នុង​ករណី​ខ្លះ​ ពួកគេ​ត្រូវ​បាន​ចាប់​បង្ខាំង​នៅ​តាម​មណ្ឌល​បណ្តុះ​បណ្តាល​ក្នុង​រាជ​ធានី​ភ្នំពេញ កន្លែង​ដែល​ពួក​គេ​ជំពាក់​បំណុល​ដោយ​សារ​តែ​ក្រុម​ហ៊ុន​អឹុង​រិទ្ធី គ្រុប​ ជា​អ្នក​​រៀប​ចំ​លិខិត​ឆ្លង​ដែន និង​លិខិត​អនុញ្ញាត​ការងារ​ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​​គ្មាន​ជម្រើស​ផ្សេង​​ក្រៅពី​ចុះ​កិច្ច​សន្យា​ពី​រ​ទៅ​បី​ឆ្នាំ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ម៉ាឡេ​ស៊ី។

ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​ដែល​វិល​ត្រឡប់​មក​វិញ​បាន​ប្រាប់​អង្គការ​ឃ្លាំ​មើល​សិទ្ធ​ិ​មនុស្ស​ថា តំណាង​របស់​ក្រុម​ហ៊ុន​អឹុង​រិទ្ធី គ្រុប​ បាន​​​​​​​​​​​​​​​​​​ដក​ហូត​លិខិត​ឆ្លង​ដែន និង​ប្រាក់​ខែ ​កាត់​ផ្តាច់​ទំនាក់​ទំនងជា​មួយ​​ក្រុម​គ្រួសារ​របស់​ពួកគេ និង​មិន​អើពើ​ការ​ពឹង​ពាក់​របស់​ខ្លួន​​​ឡើយ​ នៅ​ពេល​ពួក​គេ​អះ​​អាង​ថា ថៅកែ​បាន​ធ្វើ​បាប​ខ្លួន​។ តែ​ទោះ​ជា​យ៉ាង​ណា​ក្រសួង​ការ​ងារ​មិន​បាន​ចាត់​វិធាន​ការ​ឡើយ​។

លោក​ស្រី មូរ សុខហួរ​ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី ដែល​បាន​ធ្វើ​យុទ្ធ​នាការ​ដើម្បី​​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​អំពី​អនុ​ស្ស​រណៈ​នៃ​ការ​យោគ​យល់​រវាង​ម៉ាឡេស៊ី​-កម្ពុជា តែ​មិន​បាន​សម្រេច​នោះ បាន​មាន​ប្រសាសន៍​ថា “ក្រសួង​ការងារ គឺជា​កន្លែង​កើត​មាន​បញ្ហា​​។

ខ្ញុំ​នៅ​តែ​ទទួល​បាន​ការ​ហៅ​ទូរ​ស័ព្ទ​ជា​រៀង​រាល់​ថ្ងៃ​ពី​ប្រជា​ពល​រដ្ឋ​ដែល​មាន​បង​​ប្អូន​ស្រី ឬ​កូន​ស្រី​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ម៉ាឡេស៊ី​ ប៉ុន្តែ​ រក​មិន​ឃើញ​”។  លោក​ស្រី​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀ​តថា “ពួក​គេ​ជា​មនុស្ស​តែ​មួយ​​ ជា​អ្នក​​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​​ពី​មុន​ ដែល​មាន​ទំនាក់​ទំនង​ចាស់​​។ តើ​ពេល​នេះ​យើង​អាច​ជឿ​ថា វា​នឹង​ខុស​គ្នា​បាន​ម៉េច​នឹង​កើត​?​”៕​សុខុម​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស