29 C
Phnom Penh

អំពើ​​​ហិង្សា​​​នៅ​​​វៀត​​​ណាម​​​ធ្វើ​​​ឲ្យ​​​ជន​​​ជាតិ​​​ចិន​​​ភៀស​​​ខ្លួន​​​ចូល​​​មក​​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជន​​​ជាតិ​​​​​​ចិន​​​រាប់​​​រយ​​​នាក់​​​​​​បាន​​​នាំ​​​គ្នា​​​ភៀស​​​ខ្លួន​​​ចេញ​​​ពី​​​ប្រទេស​​​វៀតណាម​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា​​​ បន្ទាប់ពី​​​មាន​​​កុបកម្ម​​​​​​តវ៉ាប្រឆាំង​​​នឹងចិន​​​ដែលបានដាក់​​​ឧបករណ៍​​​បូម​​​ប្រេង​​​នៅតំបន់​​​​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ ដោយអះអាងថាជា​​​កម្មសិទ្ធិ​​​​​​របស់ក្រុង​​​ហាណូយ​​​។

អំពើ​​​ហិង្សា​​​នេះ​​​បាន​​​ចាប់​​​ផ្ដើម​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ នៅ​​​ភាគ​​​ខាង​​​ត្បូង​​​ប្រទេស​​​វៀតណាម​​​ដែល​​​ជា​​​ទី​​​កុបកម្មកើតឡើង មនុស្ស​​​រាប់​​​ពាន់​​​នាក់​​​បាន​​​សម្រុក​​​ចូល​​​ទៅ​​​ក្នុង​​​តំបន់​​​ឧស្សាហកម្ម​​​ ដោយ​​​​​​ដុត​​​រោងចក្រ​​​​​​របស់​​​តៃវ៉ាន់ជាច្រើន​​​ ហើយ​​​បាន​​​រាលដាល​​​ដល់​​​ភាគ​​​កណ្ដាល​​​ប្រទេស​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ​​​ និង​​​ធ្វើ​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​ជាង​​​២០​​​នាក់​​​ ព្រម​​​ទាំង​​​រង​​​របួស​​​រាប់សិប​នាក់​​​ទៀត។

លោក​​​ ម៉ម យ៉យ​ អនុប្រធាន​​​នគរបាល​​​អន្តោប្រវេសន៍​​​នៅ​​​ច្រក​​​ទ្វារ​​​ព្រំដែន​​​អន្តរជាតិ​​​បាវិត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា មាន​​​ជន​​​ជាតិ​​​​​​ចិន​​​ជាង​​​៦៤០​​​នាក់​​​ បាន​​​ឆ្លង​​​ដែន​កាល​​​ពី​​​ថ្ងៃ​​​ពុធ គឺ​​​ច្រើន​​​ជាង​​ធម្មតា​​​ប្រាំ​​​មួយ​​​ដង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​ជន​​​ជាតិ​​​ចិន​​​ជាច្រើន​​​ឆ្លង​​​ព្រំដែន​​​កាល​​​ពី​​​ម្សិលមិញ។ ជា​​​ធម្មតា​​​មាន​​​មិន​​​ដល់​​​១០០​​​នាក់​​​ផង​​​។​​​ ប្រហែល​​​ជា​​​ពួក​​​គេ​​​បារម្ភ​​​អំពី​​​សន្ដិសុខ​​​ផ្ទាល់​​​ខ្លួន​​​ និង​​​ការ​​​រាល​​​ដាល​​​នៃ​​​កុបកម្ម​​​ប្រឆាំង​​​ចិន​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពួក​​​គេ​​​ភាគ​​​ច្រើន​​​ធ្វើ​​​ដំណើរ​​​តាម​​​រថយន្ត​​​ក្រុង​​​ ឬ​​​រថយន្ត​​​វ៉ែន​​​ ឬ​​​ដើរ​​​ឆ្លង​​​កាត់​​​ព្រំដែន​​​តែ​​​ម្ដង​​​ ហើយ​​​បើ​​​យោង​​​តាម​​​ឯកសារ​​​បញ្ជាក់​​​អត្តសញ្ញាណ​​​របស់​​​ពួក​​​គេ​​​ ពួក​​​គេ​​​ភាគ​​​ច្រើន​​​ជា​​​ពាណិជ្ជករ​​​។

លោក​​​ យ៉យ បាន​​​មាន​​​ប្រសាសន៍​​​ថា ចំនួន​​​អ្នក​​​ឆ្លង​​​ព្រំ​​​ដែន​​​នេះ​​​បាន​​​ត្រឡប់​​​មក​​​​​​ធម្មតា​​​​​​វិញ​​​ហើយ​​​កាល​​​ពី​​​ម្សិលមិញ​​​ ហើយ​​​ក្រុម​​​មន្ត្រី​​​នៅ​​​ច្រក​​​ទ្វារ​​​ព្រំដែន​​​តូចៗ​​​ចំនួន​​​ពីរ​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​មិន​​​ឃើញ​​​ជនជាតិ​​​ចិន​​​ឆ្លង​​​ព្រំដែន​​​ច្រើន​​​ទៀត​​​ទេ​​​។

លោក​​​ ចេង​​​ ហុង​​​បូ អ្នក​​​នាំពាក្យ​​​ស្ថានទូត​​​ចិន​​​ប្រចាំ​​​ទី​​​ក្រុង​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជនជាតិ​​​​​​ចិន​​​ប្រហែល​​​ពី​​​​​​៤០០​​​ទៅ​​​៥០០​​​នាក់​​​ ដែល​​​គេច​​​ខ្លួន​​​ចេញ​​​ពី​​​អំពើ​​​ហិង្សា​​​នេះ​​​បាន​​​​​​មក​​​ដល់​​​ទី​​​ក្រុង​​​ភ្នំពេញ​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​​​​មក​​​នេះ​​​ ហើយ​​​ថា ចំនួន​​​អ្នក​​​ភៀសខ្លួន​​​នៅ​​​តែ​​​អាច​​​កើន​​​ឡើ​​​ង​​​ទៀត។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​​​​ស្ថានភាព​​​នេះ​​​កាន់​​​តែ​​​ធ្ងន់​​​ធ្ងរ​​​ ខ្ញុំ​គិត​​​ថា អាច​​​មាន​​​អ្នក​​​ភៀស​​​ខ្លួន​​​កាន់​​​តែ​​​ច្រើន​​​”។

លោក​​​ ហុង​​​បូ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ស្ថានទូត​​​បាន​​​ទាក់ទង​​​ក្រសួង​​​ការបរទេស​​​កាល​​​ពី​​​ម្សិលមិញ​​​ដើម្បី​​​ប្រាប់​​​ថា ស្ថានទូត​​​សង្ឃឹម​​​ថា អាជ្ញាធរ​​​នៅ​​​ទី​​​នេះ​​​នឹង​​​ធានា​​​មិន​​​ឲ្យ​​​អំពើ​​​ហិង្សា​​​ប្រឆាំង​​​ចិន​​​នៅ​​​ក្នុង​​​ប្រទេស​​​វៀតណាម​​​រាល​​​ដាល​​​ដល់​​​កម្ពុជា​​​ឡើយ​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​អាជ្ញាធរ​​​កម្ពុជា​​​ចាត់​​​វិធាន​​​កា​​​រចាំ​​​បាច់​​​ដើម្បី​​​ការពារ​​​សន្ដិសុខ​​​។ ខ្ញុំ​​​គិត​​​ថា អាជ្ញាធរ​​​កម្ពុជា​​​ នឹង​​​ចាត់​​​វិធាន​​​ការ​​​សមស្រប​​​ទៅ​​​តាម​​​ស្ថាន​​​ភាព​​​ជាក់​​​ស្ដែង​​​”។ ​​​ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​ ហុង​​​បូ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ថា រដ្ឋាភិបាល​​​កម្ពុជា​​​យល់​​​ព្រម​​​ចាត់​​​វិធានការ​​​បន្ថែម​​​បែប​​​ណា​​​ទេ ​​​ប្រសិន​​​បើ​​​មាន​​​មែន​​​នោះ​​​។​​​

លោក​​​ កុយ គួង​​​ អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការបរទេស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​ថាមាន​​​ការ​​​ទាក់ទង​​​ណាមួយ​​​ជាមួយ​​​ស្ថានទូត​​​ចិន​​​ទេ​​​។

អ្នក​​​នាំពាក្យ​​​ស្ថានទូត​​​វៀតណាម​​​ប្រចាំ​​​ទី​​​ក្រុង​​​ភ្នំពេញ លោក​​​ ត្រាន វ៉ានត្រុង​​​ បាន​​​ទទួល​​​ស្គាល់​​​ថា អំពើហិង្សា​​​នៅ​​​ក្នុង​​​ប្រទេស​​​វៀតណាម​​​កំពុង​​​ធ្វើ​ឲ្យ​​​ជនជាតិ​​​ចិន​​​មួយ​​​ចំនួន​​​រត់​​​ឆ្លង​​​​​​ដែន​​​ភៀស​​​ខ្លួន​​​។ ប៉ុន្តែ​​​លោក​​​បាន​​​អះអាង​​​ថា ពួក​​​គេ​​​មិន​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ចាក​​​ចេញ​​​ទេ​​​ហើយ​​​ថា កំហឹង​​​ផ្ដោត​​​លើ​​​រដ្ឋ​​​ចិន​​​ មិន​​​មែន​​​ប្រជាពលរដ្ឋ​​​ចិន​​​ម្នាក់​​​ៗ​​​នោះ​​​ទេ​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ជន​​​ជាតិ​​​ចិន​​​កំពុង​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា​​​ ពីព្រោះ​​​វៀតណាម​​​កំពុង​​​តវ៉ា​​​ប្រឆាំង​​​ចិន​​​ចំពោះ​​​ការ​​​បញ្ជូន​​​ឧបករណ៍​​​បូម​​​ប្រេង​​​ចូល​​​ក្នុង​​​ទឹក​​​ដី​​​អធិបតេយ្យ​​​របស់​​​វៀតណាម។ ពួក​​​គេ​​​បាន​​​សម្រេច​​​ដោយ​​​ខ្លួន​​​ឯង​​​ក្នុង​​​ការ​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា​​​។ គ្មាន​​​នរណា​​​ម្នាក់​​​បង្ខំ​​​ពួក​​​គេ​​​ឲ្យ​​​មក​​​ទេ​​​”។

លោក​​​ វ៉ាន​​ត្រុង​​​ បាន​​​បន្ថែម​​​ថា “កម្មករ​​​វៀតណាម​​​ គឺ​​​ជា​​​អ្នក​​​ជាតិ​​​និយម​​​ ហើយ​​​ពួក​​​គេ​​​ធ្វើ​​​ការ​​​តវ៉ា​​​ ពីព្រោះ​​​ពួក​​​គេ​​​ចង់​​​ការពារ​​​ទឹក​​​ដី​​​របស់​​​ពួក​​​គេ​​​។ ពួក​​​គេ​​​មិន​​​ចង់​​​ឲ្យ​​​ចិន​​​ឈ្លាន​​​ពាន​​​ទឹក​​​ដី​​​របស់​​​ពួក​​​គេ​​​ទេ​​​។ ពួក​​​គេ​​​មិន​​​មែន​​​តវ៉ា​​​ប្រឆាំង​​​ពាណិជ្ជករ​​​ចិន​​​ទេ​​​”។

សេចក្ដី​​​រាយការណ៍​​​ព័ត៌មាន​​​ក្នុង​​​ស្រុក​​​បាន​​​អះអាង​​​ថា សមាគម​​​ខ្មែរ​​​វៀតណាម​​​នៅ​​​កម្ពុជា​​​ កំពុង​​​រៀប​​​ចំ​​​ផែន​​​ការ​​​តវ៉ា​​​ប្រឆាំង​​​ការ​​​ដាក់​​​ឧបករណ៍​​​បូម​​​ប្រេង​​​នេះ ​​​នៅ​​​មុខ​​​ស្ថានទូត​​​ចិន​​​ប្រចាំ​​​ទី​​​ក្រុង​​​ភ្នំពេញ​​​នៅ​​​សប្ដាហ៍​​​នេះ​​​។

លោក​​​ សឹុម ជី ប្រធាន​​​សមាគម​​​នេះ​​​បាន​​​បដិសេធ​​​ចំពោះ​​​សេចក្ដី​​​រាយការណ៍​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ​​​។ ប៉ុន្តែ​​​លោក​​​បាន​​​និយាយ​​​ថា សមាគម​​​លោក​​​កំពុង​​​រៀបចំ​​​លិខិត​​​មួយ​​​បញ្ជូន​​​ទៅ​​​ឲ្យ​​​ស្ថានទូត​​​ចិន​​​ និង​​​ស្ថាន​​​ទូត​​​វៀតណាម​​​ ជំរុញ​​​ឲ្យ​​​ពួក​​​គេ​​​ដោះស្រាយ​​​ជម្លោះ​​​នៅ​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ ដោយ​​​សន្ដិវិធី​​​។

ចិន​​​អះអាង​​​​​​សិទ្ធិ​​​កាន់កាប់​​​មួយ​​​ផ្នែក​​​ធំ​​​​​​នៃ​​​សមុទ្រ​​​នេះ​​​ ដែល​​​ជា​​​ផ្លូវ​​​នាវាចរណ៍​​​ដ៏សំខាន់​​​នៅ​​​លើ​​​ពិភពលោក​​​ ហើយ​​​គេ​​​គិត​​​ថា សមុទ្រ​​​នេះ​​​មាន​​​រ៉ែ​​​ប្រេង​​​ និង​​​ឧស្ម័ន​​​ជាច្រើន។ ប្រទេស​​​ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន​​​ កោះ​​​តៃវ៉ាន់ និង​​​ប្រទេស​​​វៀតណាម​​​ សុទ្ធតែ​​​ទាមទារ​​​សិទ្ធិ​​​កាន់​​​កាប់​​​លើ​​​តំបន់​​​ត្រួត​​​ស៊ីគ្នា​​​នៃ​​​សមុទ្រ​​​ចិន​​​​​​នេះ។

ទោះ​​​បី​​​ជា​​​រដ្ឋាភិបាល​​​បដិសេធ​​​ក៏​​​ដោយ​​​ ក៏​​​គេ​​​ចាត់​​​ទុក​​​ជា​​​ទូទៅ​​​ថា កម្ពុជា​​​គំាទ្រ​​​ចិន​​​នៅ​​​ក្នុង​​​ជម្លោះ​​​នេះ ព្រោះ​​​ចិន​​ជា​​​​​វិនិយោគិន​​​បរទេស​​​ដ៏​​​ធំ​​​របស់​​​ខ្លួន​​​ និង​​​ជា​​​ម្ចាស់​​​បំណុល​​​ទ្វេភាគី​​​​​​។

ក្នុង​​​នាម​​​ជា​​​ប្រធាន​​​អាស៊ាន​​​កាល​​​ពី​​​ឆ្នាំ​​​២០១២ កម្ពុជា​​​បាន​​​បញ្ចប់​​​កិច្ច​​​ប្រជុំ​​​របស់​​​រដ្ឋ​​​មន្ត្រី​​​ការបរទេស​​​អាស៊ាន​​​ ដោយ​​​មិន​​​មាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​រួម​​​ ហើយ​​​នេះ​​​ជា​​​លើក​​​ដំបូង​​​ហើយ​​​នៅ​​​ក្នុង​​​ប្រវត្តិ​​​សាស្ត្រ​​​អាស៊ាន​​​ ពីព្រោះ​​​កម្ពុជា​​​បដិសេធ​​​សំណើ​​​ពី​​​ប្រទេស​​​ជា​​​សមាជិក​​​​​​ផ្សេង​​​ទៀត​​​ដែល​​​សុំ​​​ឲ្យ​​​លើក​​​ឡើង​​​ពី​​​ភាព​​​តាន​​​តឹង​​​នាពេល​​​ថ្មីៗ​​​នេះ​​​ជាមួយ​​​ប្រទេស​​​ចិន​​​អំពី​​​ជម្លោះ​​​​​​ដែន​​​សមុទ្រ​​​នេះ​​​។

នៅ​​​ឯកិច្ច​​​ប្រជុំ​​​កំពូល​​​នៃ​​​មេដឹកនាំ​​​អាស៊ាន​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ លោក​​​ ង្វៀន តាន់​​​យ៉ុង​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​វៀតណាម ​​​បាន​​​ប្រាប់​​​ប្រមុខរដ្ឋ​​​ក្នុង​​​តំបន់​​​ផ្សេង​​​ទៀត​​​ថា ចិន​​​កំពុង​​​បង្កើន​​​ឥរិយាបថ​​​គ្រោះ​​​ថ្នាក់​​នៅ​​​ក្នុង​​​ដែន​​​សមុទ្រ​​​មាន​​​ជម្លោះ​​​នេះ​​​។ ប៉ុន្តែ​​​អាស៊ាន​​​មិន​​​បាន​​​រិះគន់​​​ក្រុង​​​ប៉េកាំង​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​រួម​​​របស់​​​ខ្លួន​​​ ដែល​​​បាន​​​ចេញ​​​ក្រោយ​​​កិច្ច​​​ប្រជុំ​​​កំពូល​​​នេះ​​​ទេ៕ គឹមហឿន 

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ Zsombor Peter)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស