30 C
Phnom Penh

មន្ត្រីកង​​​រាជអាវុធ​​​ហត្ថ​​​ដក​​​កំាភ្លើង​​​ភ្ជង់​​​ក្បាល​​​អភិបាល​​​ស្រុក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ម្នាក់​​​បាន​​​ដក​​​កំាភ្លើង​​​ភ្ជង់​​​ក្បាល​​​អភិបាល​​​ស្រុក​​​ម្នាក់​​​ កាល​​​ពី​​​​​​វេលា​​​ទៀប​​​ភ្លឺ​​​ឈាន​​​ចូល​​​ព្រឹក​​​ម្សិលមិញ​​​ នៅ​​​ពេល​​​ដែល​​​អាជ្ញាធរ​​​បាន​​​ឃាត់​​​​​​រថ​​​យន្ត​​​របស់​​​គាត់​​​នៅ​​​ប៉ុស្តិ៍​​ត្រួត​​​ពិនិត្យ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ ដើម្បី​​​ស្ទាក់​​​ចាប់​​​​ឈើ​​​រត់​​​ពន្ធ​​​ខុស​​​ច្បាប់​​​។

យោង​​​តាម​​​លោក​​​ សិុន​​​ វ៉ាន់វុធ​​​ អភិបាល​​​ស្រុក​​​បាន​​​ឲ្យ​​​ដឹង​​​ថា ហេតុការណ៍​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅ​​​ម៉ោង​​​ជាង​​​៤ និង​​​៣០​​​នាទី​​​រំលង​​​អធ្រាត្រ​​​​​​ អំឡុង​​​ប្រតិបត្តិការ​​​ចម្រុះ​​​​​​ ដោយ​​​នគរបាល​​​ កង​​​រាជអាវុធ​​​ហត្ថ​​​ និង​​​ក្រុម​​​មន្ត្រី​​​រដ្ឋបាល​​​ខណ្ឌ​​​ព្រៃឈើ​​​នៅ​​​លើ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៧៦​​​ ក្នុង​​​ស្រុក​​​កែវ​​​សីមា។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ដំបូង​​​ កង​​​កម្លាំង​​​ចម្រុះ​​​របស់​​​យើង​​​បាន​​​ឃាត់​​​រថយន្ត​​​ម៉ាក​​​ឡិចសីុស​​​៤៥០ ហើយ​​​បាន​​​រក​​​ឃើញ​​​​​​ឈើ​​​នាង​​​នួន​​​ចំនួន​​​១៦​​​កំណាត់​​​ ប៉ុន្តែ​​​អ្នក​​​បើក​​​បរ​​​បាន​​​រត់​​​គេច​​​ខ្លួន​​​បាត់​​​”។ លោក​​​បន្ថែម​​​ថា ពួក​​​គេ​​​បាន​​​បើក​​​រថយន្ត​​​អែប​​​​​ខាង​​​ ហើយ​​​ដក​​​យក​​​សោ​​​រថយន្ត​​​ទុក​​​។ ក្រោយ​​​នោះ​​​បន្តិច​​​ រថយន្ត​​​ម៉ាក​​​ឡិចសីុស​​​៤៧០ មួយ​​​គ្រឿង​​​ទៀត​​​ បាន​​​សំដៅ​​​មក​​​​​​កន្លែង​​​ដដែល​​​នេះ​​​  ហើយ​​​អ្នក​​​បើក​​​បរ​​​បាន​​​បើក​​​យឺតៗ​​​ហើយ​​​​​​ឈប់​​​​​​។

លោក​​​ វ៉ាន់​​​វុធ  បាន​​​ឲ្យ​​​ដឹង​​​ថា “នៅ​​​ពេល​​​គាត់​​​ចុះ​​​ពី​​​លើ​​​រថយន្ត​​​ គាត់​​​ដើរ​​​សំដៅ​​​មក​​​រក​​​ខ្ញុំ​​​ ប៉ុន្តែ​​​រំពេច​​​នោះ​​​គាត់​​​បាន​​​ដក​​​កំាភ្លើង​​​ខ្លី​​​ភ្ជង់​​​ក្បាល​​​ខ្ញុំ​​​ ហើយ​​​ទារ​​​យក​​​សោ​​​ឡាន​​​ដែល​​​រឹប​​​អូស​​​បាន​​​ពី​​​ខ្ញុំ​​​។ វា​​​ជា​​​ការ​​​គំរាម​​​កំហែង​​​ដ៏​​​ធ្ងន់​​​ធ្ងរ​​​​​​”។

សោ​​​រថយន្ត​​​នោះ​​​មិន​​​នៅ​​​នឹង​​​លោក​​​អភិបាល​​​ស្រុក​​​ទេ​​​ ហើយ​​​ខ្មាន់​​​អាវុធ​​​ដែល​​​គេ​​​ស្គាល់​​​ថា ឈ្មោះ​​​ ស៊ូ ម៉ារិទ្ធ ជា​​​មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​មូល​​​ដ្ឋាន​​​ ត្រូវ​​​បាន​​​​​​ក្រុម​​​មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​ផ្សេង​​​ទៀត​​​បញ្ចុះ​​​បញ្ចូល​​​ឲ្យ​​​យក​​​អាវុធ​​​ចេញ​​​ពី​​​ក្បាល​​​របស់​​​លោក​​​ វ៉ាន់វុធ​​​។ ក្រោយ​​​មក​​​ជន​​​ល្មើស​​​ក៏​​​ត្រឡប់​​​ចូល​​​ក្នុង​​​រថយន្ត​​​របស់​​ខ្លួន​​​វិញ​​​ ហើយ​​​បើក​​​​​​ចេញ​​​យ៉ាង​​​លឿន​​​ពី​​​កន្លែង​​​កើត​​​ហេតុ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នគរបាល​​​មិន​​​ហ៊ាន​​​បាញ់​​​ទៅ​​​លើ​​​រថយន្ត​​​ដែល​​​បើក​​​គេច​​​នោះ​​​ទេ​​​ ពីព្រោះ​​​មាន​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ឈរ​​​នៅ​​​ក្បែរ​​​នោះ​​​និង​​​​​​អ្នក​​​ស្រុក​​នៅ​​​ជិត​​​កន្លែង​​​កើត​​​ហេតុ”។

លោក​​​ ស វុទ្ធី ព្រះ​​​រាជ​​​អាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តាម​​​សំណើ​​​របស់​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ លោក​​​​​​និង​​​នគរបាល​​​បាន​​​ទៅ​​​ដល់​​​ផ្ទះ​​​របស់​​​លោក​​​ ម៉ារិទ្ធ នៅ​​​ក្នុង​​​ឃុំ​​​ស្រែ​​​ខ្ទុំ ហើយ​​​បាន​​​រក​​​ឃើញ​​​ឈើ​​​ប្រណីត​​​ខុស​​​ច្បាប់​​​ជា​​​ច្រើន។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ឆែក​​​ឆេរ​​​លំ នៅដ្ឋាន​​​របស់​​​គាត់​​​ ហើយ​​​បាន​​​រក​​​ឃើញ​​​ឈើ​​​ជាច្រើន​​​នៅទីនោះ​​​ ក៏​​​ប៉ុន្តែ​​​គាត់​​​ចេញ​​​បាត់​​​ទៅ​​​ហើយ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា កម្មករ​​​បីនាក់ ដែល​​​ជួល​​ឲ្យ​​​ធ្វើ​​​ការ​​​នៅ​​​ផ្ទះ​​​នោះ​​​ត្រូវ​​​បាន​​​សាកសួរ​​​ ហើយ​​​បរិមាណ​​​ឈើ​​​ត្រូវ​​​បាន​​​វាស់​​​វែង​​​។

លោក​​​ឧត្តម​​​សេនីយ៍​​​ត្រី​​​ ខេង​​​ ទីតូ​​​ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អាវុធហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា កង​​​រាជ​​​អាវុធ​​​ហត្ថ​​​កំពុង​​​តែ​​​ស៊ើប​​​អង្កេត​​​លោក​​​ ម៉ារិទ្ធ​​​។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា “ពេល​​​នេះ​​​គាត់​​​កំពុង​​​ស្ថិត​​​ក្រោម​​​ការ​​​ស៊ើប​​​អង្កេត​​​”។ លោក​​​បាន​​​កត់​​​សម្គាល់​​​ថា ការ​​​ប្រើ​​​កំាភ្លើង​​​ខ្លី​​​ក្នុង​​​គោល​​​បំណង​​​បំភិត​​​បំភ័យ​​​ គឺ​​​ជា​​​បទ​​​ល្មើស​​​ធ្ងន់​​​ធ្ងរ​​​។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​អនុវត្ត​​​ច្បាប់​​​ ដូច្នេះ​​​នៅ​​​ពេល​​​ដែល​​​ពួក​​​គេ​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ព្រហ្មទណ្ឌ​​​ ពួក​​​គេ​​​ត្រូវ​​​ប្រឈម​​​នឹង​​​ពិន័យ​​​​​​ធ្ងន់​​​ធ្ងរ​​​នៅ​​​ក្នុង​អង្គភាព​​​ និង​​​ការ​​​ដាក់ទោស​​​នៅ​​​​​​ក្នុង​​​តុលាការ​​​”។

ទាំង​​​លោក​​​ កែប កុត ប្រធាន​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃឈើ​​​ខេត្ត​​​ និង​​​ទាំង​​​លោក​​​ ខៀវ រិទ្ធ​​​ភ័ណ មិន​​​អាច​​​ទាក់ទង​​​​​​ដើម្បី​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ​​​កាល​​​ពីម្សិលមិញ​​​។ កាល​​​ពី​​​ក្នុង​​​ខែ​​​កុម្ភៈ​​​ នគរបាល​​​បាន​​​ឆែក​​​ឆេរ​​​ផ្ទះ​​​របស់​​​លោក​​​ឧត្តម​​​សេនីយ៍​​​ត្រី​​​ ឈិត​​​ ម៉េង​​​ស្រេង​​​ ដែល​​​ជា​​​មេបញ្ជាការ​​​នៃ​​​តំបន់​​​ប្រតិបត្តិការ​​​សឹក​​​រង​​​នៃ​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ប្រចាំ​​​ខេត្ត​​​នេះ​​​ និង​​​ក៏​​​រស់​​​នៅ​​​ក្នុង​​​ឃុំ​​​ស្រែ​​​ខ្ទុំ​​​ផង​​​ដែរ​​​ បាន​​​​​រក​​​ឃើញ​​​ឈើ​​​ប្រណីត​​​ខុស​​​ច្បាប់​​​នៅ​​​ឯ​​​ផ្ទះ​​​នោះ។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ គ្មាន​​​ការ​​​ចាប់​​​ខ្លួន​​​ឡើយ​​​៕ប៊ុននី

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស