អាជ្ញាធរបាននិយាយកាលពីម្សិលមិញថា ឈើធ្នង់មួយចំនួនធំដែលបានកាប់ពីក្នុងតំបន់ការពារនៃឧទ្យានជាតិវីរជ័យនិងត្រូវបានរឹបអូសក្នុងខេត្តស្ទឹងត្រែងកាលពីថ្ងៃអាទិត្យនោះមានចំនួនជាង៦០ម៉ែត្រគូបលើសចំនួនអនុញ្ញាត។
លោក នូ ហួរ នាយនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានមានប្រសាសន៍ថា រថយន្តបីគ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនមួយត្រូវបានគេឃើញដឹកឈើចំនួន១២១ម៉ែត្រគូប នៅពេលចំនួនឈើដែលអនុញ្ញាតឲ្យក្រុមហ៊ុននេះដឹក គឺតែ៥៣ម៉ែត្រគូបប៉ុណ្ណោះ។
រថយន្តទាំងនេះត្រូវបានឃាត់ ខណៈដែលបើកឆ្លងកាត់ក្រុងស្ទឹងត្រែង ពីព្រោះនគរបាលសង្ស័យថា រថយន្តទាំងនេះដឹកឈើលើសចំនួនច្បាប់អនុញ្ញាត។
លោក ជាន យូដុង អនុប្រធានរដ្ឋបាលព្រៃឈើខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថា ឥឡូវនេះឈើទាំងនេះត្រូវបានរក្សាទុកនៅការិយាល័យរបស់លោក ហើយនឹងត្រូវលក់នៅពេលឆាប់ៗនេះ ”ដើម្បីយកប្រាក់ចូលថវិកាជាតិ”។
លោក យូដុង បានបដិសេធមិនធ្វើអត្ថាធិប្បាយ ថាតើឈើនេះនឹងត្រូវប្រគល់ឲ្យក្រុមហ៊ុន ទ្រី ភាពឬយ៉ាងណា។ ក្រុមហ៊ុននេះទទួលបានសិទ្ធិផ្ដាច់មុខក្នុងការប្រមូលទិញឈើដែលរឹបអូសបានជិត៥.០០០ម៉ែត្រគូប ពីបណ្ដាខេត្តទូទាំងប្រទេស បន្ទាប់ពីបានបង់ប្រាក់ឲ្យរដ្ឋាភិបាលចំនួន៣,៤លានដុល្លារដើម្បីបានសិទ្ធិនេះកាលពីឆ្នាំមុន។
លោក ជ័យ សិទ្ធិ ប្រធានការិយាល័យរដ្ឋបាលក្រុមហ៊ុន ទ្រី ភាព បានមានប្រសាសន៍ថា ក្រុមហ៊ុនគាំទ្រវិធានការតឹងរ៉ឹងរបស់អាជ្ញាធរទៅលើការដឹកឈើខុសច្បាប់នេះ។ លោកបានមានប្រសាសន៍ថា “យើងរីករាយ និងស្វាគមន៍ចំពោះការរឹបអូសឈើរបស់អាជ្ញាធរ ពីព្រោះនេះជាទង្វើខុសច្បាប់”។
លោក ហ៊ូ សំអុល អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុកប្រចាំខេត្តនេះ បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ឈើនេះត្រូវបានដឹកយកទៅលក់ឲ្យក្រុមហ៊ុនមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយត្រូវនគរបាលស្ទាក់ចាប់បានតែម្តង។ លោកបានមានប្រសាសន៍ថា លោកមិនស្គាល់ឈ្មោះក្រុមហ៊ុនដែលទិញឈើនេះទេ។
លោក យូដុង បានអះអាងថា លោកក៏មិនស្គាល់ឈ្មោះក្រុមហ៊ុននេះដែរ ប៉ុន្តែបានមានប្រសាសន៍ថា “អ្នកបើកបររថយន្តបានប្រាប់យើងថា ក្រុមហ៊ុននេះស្ថិតក្នុងរាជធានីភ្នំពេញ”។
បើទោះណាជាឧទ្យានជាតិវីរជ័យទំហំ៣៣០.០០០ហិកតាត្រូវបានការពារយ៉ាងតឹងរ៉ឹងក៏ដោយ ក៏អ្នកកាប់ឈើខុសច្បាប់នៅតែកាប់ឈើប្រណីតៗ ដែលអាចលក់ក្នុងតម្លៃខ្ពស់ដដែល។ នៅតាមបណ្ដាខេត្ត ឈើប្រភេទធ្នង់មួយម៉ែត្រគូបមានតម្លៃរហូតដល់៨០០ដុល្លារ។ តម្លៃគឺកាន់តែខ្ពស់នៅក្នុងរាជធានីភ្នំពេញ និងនៅប្រទេសវៀតណាម៕ សារុន