31 C
Phnom Penh

ប្រជាជន​នៅ​​​ស្រុក​​​ស្នួល​​​ស្វែង​​​រក​​​ជំនួយ​​​ពី​​​ស្ថានទូត​​​ក្នុង​​​​វិវាទ​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាជន​ជាង​​​២០០​​​នាក់​​​មក​​​ពី​​​ស្រុក​​​ស្នួល​​​ ខេត្ត​​​ក្រចេះ​​​ បាន​​​ដើរ​​​ក្បួន​​​នៅ​​​ទូទាំង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពីម្សិលមិញ​​​ និង​​​បាន​​​ដាក់​​​ញត្តិ​​​ទៅ​​​ស្ថានទូត​​​បរទេស​​​ចំនួន​​​ប្រាំពីរ​​​ និង​​​សហ​ភាព​​​អឺរ៉ុប​​​ ដើម្បី​​ស្វែង​​​រក​​​ការ​​​អន្តរាគមន៍​​​ក្នុង​​​ជម្លោះដីធ្លី​​​ដ៏យូរ​ជា​​​មួ​​​យ​​​ក្រុម​​​ហ៊ុន​​​វៀតណាម​​​មួយ។

ប្រជាជន​ដែល​​​បាន​​ចូល​​​រួម​​​ក្នុង​​​ការ​​​ដើរ​​​ក្បួន​​​ធ្វើឡើង​ដោយ​​ព្រះសង្ឃ​​​ជាច្រើន​​​អង្គ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ពួកគេ​​​តំណាង​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ចំនួន​​​​​​៤០៥​​​គ្រួសារ​​​មកពី​​​ឃុំឃ្សឹម ដែល​​​រស់​​​នៅ​​​លើ​​​ដី​​​២.០២៥​​​ហិកតា​​​ ដែល​​​បច្ចុប្បន្ន​​​ត្រូវ​​​បាន​​​ទន្ទ្រានយក​​​ដោយក្រុម​​​ហ៊ុន​​​ Binh Phuoc 2 ។

អំឡុង​​​ការ​​​ដើរ​​​ក្បួន​​​រយៈ​​​ពេល​​​បួនម៉ោង ពួកគេ​​​បាន​​​បញ្ជូន​​​ញត្តិ​​​ទៅ​​​ស្ថានទូត​​​អាមេរិក​​​អង់គ្លេស អូស្ត្រាលី ជប៉ុន​​​ និង​​​ស្ថានទូត​​វៀតណាម ព្រមទាំង​​​សហភាព​​​អឺរ៉ុប ហើយបាន​​​​​​​​​បួង​​​សួង​​​នៅ​​​ចំពោះមុខ​​​បដិមា​​​របស់​​​សម្ដេច​​​ព្រះសង្ឃរាជ​​​ ជួន ណាត។ ប្រជាជន​ម្នាក់​​​ឈ្មោះ ហេង គឹមហៀត អាយុ​​​៥០​​​ឆ្នាំ បាន​​​និយាយ​​​ទាំង​​​ស្រក់ទឹក​​​ភ្នែក​​​ថា “សូម​​​មន្ត្រីស្ថានទូត​​​ជួយ​​​ពួក​​​យើង​​​ផង​​​ ពីព្រោះយើង​​​គ្មាន​​​ដី​​​រស់​​​នៅ​​​ទេ”។

អ្នក​​​តវ៉ា​​​ម្នាក់​​​ទៀត​​​ឈ្មោះ យ៉ន ណារី អាយុ​​​៤៨​​​ឆ្នាំ​​​បាន​​​ស្រែកថា “យើង​​​ជា​​​ពល​​​រដ្ឋខ្មែរ ដូច្នេះយើង​​​ត្រូវ​​​ការ​​​រស់​​​នៅដោយ​​​សមរម្យ​​​នៅ​​​លើ​​​ដីខ្មែរ”។

អ្នក​​​ភូមិ​​​បាន​​​លើក​​​ឡើង​​​ថា ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅស៊ូ Binh Phuoc បាន​​​បំផ្លាញ​​​ដើម​​​ដំឡូងមី ស្រូវ និង​​​បន្លែ​​​ដែលពួកគាត់បាន​​ដាំដុះ​​​ចាប់​​​តាំង​​​ពី​​​រើ​​​ទៅនៅ​​​លើ​​​ដីនោះ​​​ក្នុង​​​ឆ្នាំ​​​២០០៨។

លោក ងួន វិបុល អាយុ​​​៣៤​​​ឆ្នាំ ​​​តំណាង​​​របស់ប្រជាជន​ទាំង​នោះ​ បាន​​​ឲ្យដឹង​ថា ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​ពួកគាត់​​​មកពី​​​ខេត្ត​​​កំពង់ចាម ឬខេត្ត​​​ព្រៃវែង​ ដើម្បី​​​​ស្វែង​​​រក​​​ដី​​​ទំនេរ។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា “យើង​​​បាន​​​ទៅរស់​​​នៅ​​​ទីនោះ​​​ ពីព្រោះយើង​​​គ្មាន​​​ដីរស់​​​នៅ​​​ឯ​​​ភូមិ​​​កំណើត​​​របស់​​​យើង​​​ទេ​​​ និង​​​គ្មាន​​​ប្រាក់ទិញដីឡើយ​​​”។

​​​​​​​​            យោងតាម​​​លោក វិបុល និង​​​អ្នកភូមិ​​​ដែល​​​រង​​​គ្រោះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​ពិន័យ​​​ខ្លាំង​ក្លា​​​ចំពោះទង្វើ​​​នេះ ដោយ​​​ស្នើ​​​ឲ្យពួកគាត់​ប្ដូរ​​​ការ​​​ចុះបញ្ជី​​​​សៀវភៅ​​​គ្រួសារ​​​របស់​​​ពួក​​​គាត់ ពី​​​ស្រុក​​​កំណើត​​​របស់​​​ពួកគាត់​​​មក​​​ឃុំឃ្សឹម ក្នុង​​​ស្រុកស្នួល​​​វិញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើងបាន​​​អនុវត្ត​​​បន្ទាប់ពី​​​សំណើ​​​របស់ពួកគេ​​​”។

ទោះជាយ៉ាង​​​ណា លោក ម៉ែន វណ្ណា អភិបាល​​​រង​​​ស្រុក​​​ស្នួល បាន​​​ឲ្យដឹង​ថា មាន​​​ប្រជាជន​ភាគតិចតែ​​​ប៉ុណ្ណោះ​​​បាន​​​និង​​​កំពុង​​​តែ​​​ធ្វើកសិកម្មនៅលើ​​​តំបន់​​​នេះចាប់តាំង​​​ពី​​​ឆ្នាំ​​​២០០៨​​​មក ហើយ​​​ថា គ្រួសារ​​​ភាគច្រើន​​​បាន​​​រើ​​​ទៅនៅទីនោះ​​​ក្នុង​​​ឆ្នាំ​​​២០១៣ ហើយ​​​កំពុង​​​តែ​​​កាន់កាប់​​​ដីព្រៃ​​​រដ្ឋខុស​​​ច្បាប់​​​។

លោក​​​បាន​​មានប្រសាសន៍​ថា “ដីរបស់​​​ក្រុម​​​ហ៊ុន​​​វៀតណាម​​​មិន​​​ប៉ះពាល់​​​ដល់​ដីរបស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ឡើយ​​​”។ លោក​​​ពន្យល់​​​ថា ដីសម្បទាន​​​របស់​​​ក្រុមហ៊ុន​​​សម្បទាន​​​ Binh Phuoc មិន​​​បាន​​​ត្រួត​​​ស៊ីគ្នា​​​ជាមួយដី​​​ដែល​​​ប្រជា​​​ពល​​​រដ្ឋ​​​ចំនួន​​​៤០៥​​​គ្រួសារ​​​កាន់​​​កាប់​​​នោះទេ។

ក្រុមអ្នកភូមិ​​​ក៏បាន​​​​​​តវ៉ា​​​នៅ​​​ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី​​​៥ និង​​​៦​​​ ខែឧសភា​​​ផង​​​ដែរ បន្ទាប់ពី​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះជាតិ​​​ បាន​​​ព្យាយាម​​​ចុះទៅ​​​ពិនិត្យ​​​ទីតាំង​​​​មាន​​​ជម្លោះ​​​របស់ពួកគេ អំឡុង​ពេល​កំពុង​ធ្វើ​យុទ្ធនាការ​​​ឃោសនា​​​ការ​​​បោះឆ្នោត​​​ក្រុម​​​ប្រឹក្សា​​​រាជធានី ខេត្ត​​​ ក្រុង ស្រុក ខណ្ឌ នៅថ្ងៃអាទិត្យនេះ​​​។ បើទោះជា​​​លោក​​​ សម រង្ស៊ី ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យចូល​​​ដល់​​​ចម្ការ​​​របស់​​​ក្រុម​​​ហ៊ុន​​​ Binh Phuoc ក៏ដោយ ក៏លោក​​​បានជួប​​​ជាមួយ​​​អ្នក​​​ភូមិ​​​ប្រមាណ​​​២០០​​​គ្រួសារ​​​ដែរ​​​ និង​​​បាន​​​ចែក​​​ប្រាក់​​​ចំនួន​​​២០.០០០​​​រៀល​​​ (ប្រហែល​​​៥​​​ដុល្លារ​​​) ដល់​​​ពួកគាត់​​​ម្នាក់ៗ​​​ដែរ​​​”៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស