គណបក្សសង្គ្រោះជាតិបានប្រើប្រាស់ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាកាលពីថ្ងៃសុក្រ ដើម្បីធ្វើការដង្ហែក្បួននយោបាយធំបំផុតប្រចាំឆ្នាំ ដោយមានអ្នកគាំទ្ររហូតដល់ទៅ១៥.០០០នាក់ហែក្បួនពីតំបន់ជាយខាងត្បូងនៃរាជធានីភ្នំពេញមកកាន់វត្តភ្នំ នៅភាគខាងជើង។

ការហែក្បួននេះដឹកនាំដោយមេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី និងលោក កឹម សុខា នេះបានបញ្ចប់ទៅដោយគ្មានផ្ទុះអំពើហិង្សាឡើយ ប៉ុន្តែគណបក្សសង្គ្រោះជាតិអាចប្រឈមនឹងបណ្ដឹងផ្លូវច្បាប់ បន្ទាប់ពីក្បួនដង្ហែនេះបានចេញពីតម្រាយផ្លូវដែលសាលារាជធានីបានសម្រេចឲ្យហែ និងឆ្ពោះទៅទីលានប្រជាធិបតេយ្យ កន្លែងដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានលើកគ្រវែងរបាំងបិទផ្លូវរបស់នគរបាល។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា “ពួកគាត់បានល្មើសច្បាប់ ពីព្រោះពួកគាត់បានប្រាប់យើងថា ពួកគាត់នឹងមិនហែទៅវត្តភ្នំ ឬទីលានប្រជាធិបតេយ្យឡើយ។ លោក ឃួង ស្រេង [អភិបាលរងរាជធានីភ្នំពេញ] បានចុះហត្ថលេខាលើលិខិតមួយច្បាប់រួចហើយ ដើម្បីផ្ញើទៅ [គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី] ដើម្បីប្ដឹងគណបក្សសង្គ្រោះជាតិ ដែលមិនគោរពតាមការព្រមព្រៀងរបស់យើងនៅក្នុងកិច្ចប្រជុំមួយកាលពីសប្ដាហ៍មុន”។
គណបក្សសង្គ្រោះជាតិបានប្រកាសជាសាធារណៈអំពីតម្រាយផ្លូវហែក្បួនឃោសនា ដែលសាលារាជធានីបានសម្រេច ដែលត្រូវបត់ឆ្វេងចេញពីមហាវិថីព្រះមុនីវង្សឡើងទៅមហាវិថីកម្ពុជាក្រោម។ ប៉ុន្តែនៅពេលអ្នកគាំទ្រជាច្រើនពាន់នាក់បានហែឆ្ពោះទៅភាគខាងជើងតាមបណ្ដោយមហាវិថីដ៏សំខាន់នេះ ផែនការក៏បានប្រែប្រួល ហើយក្បួនដង្ហែក៏បានបត់ស្ដាំឆ្ពោះទៅទីលានប្រជាធិបតេយ្យ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ប្រកាសថា ជាតំបន់ហាមធ្វើយុទ្ធនាការឃោសនា។
បន្ទាប់ពីការដង្ហែក្បួននេះ លោក សម រង្ស៊ី បានមានប្រសាសន៍តាមទូរស័ព្ទថា ការសម្រេចហែក្បួនទៅទីលានប្រជាធិបតេយ្យ ដែលមានកម្លាំងសន្ដិសុខយាមកាមយ៉ាងតឹងរឹុង គឺធ្វើឡើងដោយឥតគ្រោងទុក ហើយថា អ្នកគាំទ្រជាអ្នកទាមទារឲ្យហែទៅកាន់ទីនោះ។ លោកបានមានប្រសាសន៍ថា ដោយមានអ្នកគាំទ្រយ៉ាងច្រើនហែតាមពីក្រោយ វាជាឱកាសដ៏ល្អដើម្បីបង្ហាញពីកម្លាំងរបស់គណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “យើងចង់ប្រាប់ [រដ្ឋាភិបាល] ថា ប្រសិនបើយើងចង់ យើងអាចឡោមព័ទ្ធពួកគេ និងកាន់កាប់ទីលានប្រជាធិបតេយ្យបាន។ ទាហាននឹងក្លាយជាអ្នកទោសនៅទីលានប្រជាធិបតេយ្យ។ តើទាហានពីរបីរយនាក់អាចទប់ទល់ម៉េចនឹងបានទៅ ប្រសិនបើយើងពិតជាប៉ុនប៉ងកាន់កាប់ទីលានប្រជាធិបតេយ្យមែននោះ?”។
នៅម៉ោងប្រហែល៥ល្ងាច នៅចុងប៉ែកខាងត្បូងនៃវត្តភ្នំ មានសន្ដិសុខខណ្ឌដូនពេញប្រហែលជាង២០នាក់ឈរនៅទីលានប្រជាធិបតេយ្យ អ្នកខ្លះពាក់មួកការពារសុវត្ថិភាព អ្នកខ្លះគ្រវីដំបង ហើយអ្នកខ្លះទៀតមើលទៅដូចជាមិនចង់ឲ្យមានការប៉ះទង្គិចគ្នាទេ។
អ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួនបានឈប់ ហើយឌឺដងដាក់សន្ដិសុខទាំងនោះ ដែលត្រូវបានសាលារាជធានីប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីបំបែកបាតុកម្មរបស់គណបក្សប្រឆាំង និងបាតុកម្មរបស់កម្មករដោយហិង្សា។
បន្ទាប់មក អ្នករៀបចំការហែក្បួនបាននាំក្បួននេះឡើងមកមហាវិថីព្រះនរោត្តម ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ កន្លែងដែលនគរបាលចរាចរដាក់របាំងបិទផ្លូវ មានរថពាសដែក និងនគរបាលបង្ក្រាបបាតុកម្មកាន់គ្រាប់បែកផ្សែងនៅចម្ងាយប្រហែល៥០ម៉ែត្រត្រង់ច្រកចូលស្ពាននាគ។ នៅពេលអ្នកហែក្បួនទាំងនេះគ្រវែងរបាំងបិទផ្លូវ មន្ត្រីកងកម្លាំងម្នាក់ដែលបញ្ជានគរបាលបង្ក្រាបបាតុកម្មបានស្រែកថា “វ៉ៃពួកវាឲ្យងាប់ វ៉ៃពួកវាឲ្យងាប់!”។
លោក រៀល ខេមរិន តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលស្វាយរៀងរបស់គណបក្សសង្គ្រោះជាតិ បានដើរចេញពីក្រុមអ្នកគាំទ្រ ហើយបានហែក្បួនឆ្ពោះទៅចំណុចទំនេរមួយចន្លោះជួរនគរបាល និងបាតុកម្ម ហើយមេបញ្ជាការនគរបាលបង្ក្រាបបាតុកម្មម្នាក់ក៏បានចេញមកជួបលោកនៅពេលនោះ។
ពួកគាត់ទាំងពីរបានជជែកគ្នាយ៉ាងតឹងសរសៃក មុនពេលការហែក្បួនត្រូវបានដឹកនាំឡើងវិញចេញពីទីលានប្រជាធិបតេយ្យឆ្ពោះទៅភាគខាងកើត។ លោក រៀល ខេមរិន បានមានប្រសាសន៍ជាក្រោយអំពីកងកម្លាំងរបស់រដ្ឋាភិបាលថា “ខ្ញុំមិនដឹងថា មនុស្សទាំងនេះចង់បានអ្វីនោះទេ។ យើងគ្រាន់តែហែក្បួនប៉ុណ្ណោះ ប៉ុន្តែពួកគេមកព្យាយាមបំភិតបំភ័យពួកយើង”។
បន្ទាប់មកការហែក្បួននេះបានឆ្ពោះទៅភាគខាងត្បូងតាមបណ្ដោយផ្លូវលេខ១៩មុនពេលបត់ទៅមហាវិថីកម្ពុជាក្រោមវិញ ដោយនៅទីនោះលោក សម រង្ស៊ី បានឡើងជិះលើរថយន្ត ហើយបានស្រែកថ្កោលទោសគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ពួកគេធ្វើឲ្យប្រទេសក្រីក្រ។ យុវជនគ្មានការងារធ្វើ និស្សិត៣០០.០០០ទៅ៤០០.០០០នាក់ចេញពីសាលាជារៀងរាល់ឆ្នាំ ហើយទាត់ខ្យល់ ចំណែកឯកូនអ្នកមាន មានអ្វីៗគ្រប់យ៉ាង។ ប្រសិនបើគណបក្សប្រជាជនដឹកនាំ មុខជាអត់ការងារធ្វើ។ មេដឹកនាំនៃសង្គមរបស់យើងគ្មានសមត្ថភាពធ្វើឲ្យប្រទេសរីកចម្រើនទេ គាត់គ្រាន់តែចែកសារុងប៉ុណ្ណោះ”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិសមប្រឈមនឹងវិធានការរបស់គ.ជ.ប. ចំពោះការហែក្បួននេះ និងចំពោះការគ្រវែងរបាំងបិទផ្លូវរបស់នគរបាលនៅជិតវត្តភ្នំ។ លោកបានលើកឡើងទៀតថា “ពួកគាត់បានធ្វើលើសពីយុទ្ធនាការឃោសនា ពួកគាត់បានញុះញង់ឲ្យមានការស្អប់ខ្ពើម”។
ទោះជាយ៉ាងណា លោក សម រស្ស៊ី បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិគ្រាន់តែប្រើប្រាស់រយៈពេលនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីបង្ហាញដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន១១.៤៥៩នាក់នៅទូទាំងប្រទេស ដែលក្នុងនោះជាង៨.០០០នាក់មកពីគណបក្សប្រជាជនកម្ពុជាថា ប្រជាពលរដ្ឋយ៉ាងច្រើនបានចេញមកគាំទ្រគណបក្សប្រឆាំងនៅមុនការបោះឆ្នោតនៅថ្ងៃអាទិត្យនេះប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ទៀតថា “យើងចង់ឲ្យអ្នកបោះឆ្នោតដឹងថា ប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យពួកគេ បានប្ដូរមកគាំទ្រគណបក្សសង្គ្រោះជាតិវិញហើយ ហើយប្រសិនបើពួកគេចង់ផ្លាស់ប្ដូរដែរ ប្រជាពលរដ្ឋគាំទ្រពួកគេ”៕ សុខុម