ប្រជាជនជនជាតិដើមភាគតិចជងមួយក្រុមដែលមានគ្នា២០នាក់នៅតំបន់ជ្រលងភ្នំអារ៉ែងក្នុងខេត្តកោះកុង បានបិទផ្លូវដើម្បីរារាំងកុំឲ្យវិស្វករចិនមួយក្រុមចូលទៅដល់ទីតាំងទំនប់វារីអគ្គិសនីដែលត្រូវបានស្នើឡើងដ៏ចម្រូងចម្រាស។
អ្នកភូមិជនជាតិជងជាច្រើននាក់បាននាំគ្នាជួបជុំនៅក្បែរផ្លូវឆ្ពោះទៅទីតាំងទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែង អស់រយៈពេលពីរខែកន្លងមកហើយ ក្នុងគោលបំណងទប់ស្កាត់មិនឲ្យវិស្វករចិនមួយក្រុមព្យាយាមសិក្សាតំបន់នោះ។ ពួកគាត់បានទទួលជោគជ័យក្នុងការបញ្ឈប់សកម្មភាពបុគ្គលិកចំនួនពីរដងរួចមកហើយ។
លោក វ៉ែន វន តំណាងអ្នកភូមិទាំងនេះបានឲ្យដឹងថា ពួកគាត់បានបិទផ្លូវជាថ្មីម្ដងទៀតកាលពីម្សិលមិញនៅវេលាម៉ោងប្រហែល១១ព្រឹក នៅឃុំឫស្សីជ្រុំ ស្រុកថ្មបាំង បន្ទាប់ពីពួកគាត់ទទួលបានដំណឹងថា មានរថយន្តពីរគ្រឿងដឹកអ្នកដំណើរជនជាតិចិនបរកាត់ឃុំនោះ។
លោកបានមានប្រសាសន៍ថា “គេប្រាប់យើងថា គេនឹងសិក្សាអំពីហេតុប៉ះពាល់នៃគម្រោងទំនប់វារីអគ្គិសនីនេះ។ យើងមិនចង់ឲ្យពួកគេសិក្សាពីហេតុប៉ះពាល់ទេ ពីព្រោះទោះបីជាពួកគេរកឃើញថា ហេតុប៉ះពាល់មានទំហំធំក៏ដោយ ក៏ពួកគេនឹងធ្វើរបាយការណ៍ថា ហេតុប៉ះពាល់នោះមានទំហំតូច ហើយទីបញ្ចប់ពួកគេនឹងសង់ទំនប់នោះ”។
លោកបានឲ្យដឹងបន្ថែមទៀតថា បន្ទាប់ពីត្រូវបានហាមឃាត់ ក្រុមវិស្វករនោះក៏សម្រេចចិត្តបើករថយន្តត្រឡប់ទៅទីរួមស្រុកវិញ ហើយថា អ្នកភូមិប្រហែលជា៤០ទៅ៥០នាក់ត្រួតពិនិត្យផ្លូវនេះពេញមួយយប់ ដើម្បីធ្វើឲ្យប្រាកដថា មិនមានវិស្វករត្រឡប់មកវិញ។
ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែង ដែលមានកម្រិត១២០មេហ្គាវ៉ាត់នៅក្នុងគម្រោងសាងសង់របស់ក្រុមហ៊ុនចិនស៊ីណូហ៊ីដ្រូ (Sinohidro) ប៉ុន្តែវាជាគម្រោងដែលត្រូវបានមជ្ឈដ្ឋាននានារំពឹងថា នឹងបណ្ដាលឲ្យប្រជាជនរាប់រយគ្រួសារបាត់បង់ដី និងលិចទឹកលើដីទំហំសរុបប្រហែល២០.០០០ហិកតា រួមទាំងតំបន់សត្វព្រៃរស់នៅសំខាន់ៗផងដែរ ជាពិសេសសត្វក្រពើភ្នំដែលជិតផុតពូជតែម្ដង។
លោក អុិន គង់ចិត្រ អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុងកាលពីម្សិលមិញបានអំពាវនាវឲ្យរដ្ឋាភិបាលលុបចោលគម្រោងនោះ ដោយលើកឡើងថា ស្ថានភាពបង្ហាញច្បាស់ណាស់ថា គម្រោងទំនប់វារីអគ្គិសនីនោះនឹងមិនបម្រើផលប្រយោជន៍សហគមន៍មូលដ្ឋានទេ។
លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាល ជាពិសេសក្រសួងរ៉ែ និងថាមពលគួរតែភ្ញាក់ខ្លួន ហើយលុបចោលគម្រោងនោះ ពីព្រោះអ្វីគ្រប់យ៉ាងដែលរដ្ឋាភិបាលបានធ្វើ ប្រជាជនក្នុងសហគមន៍មិនពេញចិត្តទេ”។
ក៏ប៉ុន្តែ លោក ពេជ្រ ស៊ីយន់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានលើកឡើងថា លទ្ធផលនៃការវាយតម្លៃគម្រោងនេះនឹងបន្តទៅមុខ ហើយប្រសិនបើប្រជាជនជនជាតិដើមភាគតិចជង នៅតែបន្តបិទផ្លូវទៀត អាជ្ញាធរនឹងចាត់វិធានការចំពោះពួកគាត់។ លោកបានមានប្រសាសន៍ថា “វាមិនមែនជារឿងត្រឹមត្រូវទេ ដែលអ្នកភូមិទៅរារាំងសកម្មភាពធ្វើដំណើររបស់ពួកគេ។ ពួកគេគ្រាន់តែមកសិក្សាពីហេតុប៉ះពាល់ដោយសារគម្រោងទំនប់វារីអគ្គិសនីនេះប៉ុណ្ណោះ”៕ ប៊ុននី