មួយសប្ដាហ៍បន្ទាប់ពីកូដកម្មបានកើតឡើងបុគ្គលិកនៅស្ថានីយប្រេងកាល់តិចបានយល់ព្រមត្រឡប់ទៅធ្វើការវិញកាលពីម្សិលមិញ បន្ទាប់ពីក្រុមហ៊ុននេះបានសន្យាផ្ដល់ប្រាក់លើកទឹកចិត្តចំនួន២០ដុល្លារ ដើម្បីទុកពេលឲ្យក្រុមហ៊ុនប្រេងនេះសិក្សាពីលទ្ធភាពដំឡើងប្រាក់ឈ្នួលរបស់ខ្លួន នេះបើយោងតាមប្រសាសន៍ប្រធានសហជីពដែលបានលើកឡើងកាលពីថ្ងៃសុក្រ។
លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីមានកិច្ចព្រមព្រៀងនេះបុគ្គលិកនឹងត្រឡប់ទៅធ្វើការតាមស្ថានីយរៀងៗខ្លួនវិញ ដោយចាប់ផ្ដើមនៅថ្ងៃនេះ។ លោកបានមានប្រសាសន៍ថា បន្ទាប់ពីយើងបានប្រជុំគ្នាកាលពីព្រឹកមិញ ក្រុមហ៊ុននឹងបុគ្គលិកបានឯកភាពគ្នាលើប្រាក់លើកទឹកចិត្ត២០ដុល្លារ និងរយៈពេលពីរខែសម្រាប់ក្រុមហ៊ុនសិក្សាថា តើខ្លួនអាចមានលទ្ធភាពដំឡើងប្រាក់ឈ្នួលបានប៉ុន្មានលើប្រាក់ឈ្នួលបច្ចុប្បន្ន”។
បុគ្គលិកប្រហែល៣០០នាក់នៅស្ថានីយប្រេងកាល់តិច ទាំង១៧ទីតាំងក្នុងរាជធានីភ្នំពេញ បានចាប់ផ្ដើមធ្វើកូដកម្មកាលពីថ្ងៃច័ន្ទ ដើម្បីទាមទារប្រាក់ឈ្នួល១៦០ដុល្លារក្នុងមួយខែ និងប្រាក់លើកទឹកចិត្តប្រចាំឆ្នាំដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលមួយខែ។
កាលពីខែមេសា បុគ្គលិកទាំងនេះទទួលបានប្រាក់ឈ្នួលបន្ថែមពី៩០ដុល្លារ ដល់១១០ដុល្លារ ក៏ប៉ុន្តែពួកគេបានលើកឡើងថា កម្រិតប្រាក់ឈ្នួលនេះមិនអាចយកទៅដោះស្រាយថ្លៃចំណាយក្នុងជីវភាពរស់នៅបានទេ។
កាលពីដើមសប្ដាហ៍នេះ កិច្ចចរចារវាងបុគ្គលិក និងក្រុមហ៊ុនបានជាប់គាំង បន្ទាប់ពីតំណាងក្រុមហ៊ុនឈេហ្វរ៉ុន បានស្នើសុំរយៈពេលជាច្រើនខែដើម្បីសិក្សាលទ្ធភាពផ្ដល់ប្រាក់ឈ្នួលប្រចាំខែចំនួន១៦០ដុល្លារ។ ទោះជាយ៉ាងណា ប្រាក់លើកទឹកចិត្តចំនួន២០ដុល្លារនេះហាក់ដូចជាមិនទាន់ផ្ដល់ភាពច្បាស់លាស់ដល់កម្មករទាក់ទងនឹងការរង់ចាំឲ្យក្រុមហ៊ុនបញ្ចប់សកម្មភាពសិក្សារបស់ខ្លួន។
លោក ម៉ូរ៉ា បានមានប្រសាសន៍ថា “បុគ្គលិកនឹងត្រឡប់ទៅធ្វើការវិញនៅថ្ងៃស្អែក ក៏ប៉ុន្តែបើលទ្ធផលនៃការសិក្សានេះបង្ហាញថា កម្រិតដំឡើងប្រាក់ឈ្នួលមិនអាចទទួលយកបានទេនោះ បុគ្គលិកនឹងធ្វើកូដកម្មឡើងវិញទៀត”។
លោក ម៉ូរ៉ា បានប៉ាន់ស្មានថា ស្ថានីយប្រេងរបស់ក្រុមហ៊ុនកាល់តិចនីមួយៗអាចរកប្រាក់ចំណូលបានប្រហែល១០.០០០ដុល្លារក្នុងមួយថ្ងៃពីការលក់ប្រេងសាំង និងហាងលក់ទំនិញរបស់ខ្លួន ក៏ប៉ុន្តែប្រាក់ចំណូលទាំងនេះត្រូវបានខាតបង់ ពោលគឺទឹកប្រាក់ចំនួនប្រហែល៨៥០.០០០ដុល្លារសម្រាប់ស្ថានីយទាំង១៧នេះត្រូវបានខាតបង់។
អ្នកស្រី ថន ចាន់លក្ខណ៍ អ្នកនាំាពាក្យក្រុមហ៊ុន ឈេហ្វរ៉ុន បានឲ្យដឹងថា ក្រុមហ៊ុននេះកំពុងខិតខំដោះស្រាយស្ថានភាពយ៉ាងខ្លាំង។ អ្នកស្រីបានឲ្យដឹងតាមរយៈអុីម៉េលកាលពីយប់មិញថា “ក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីតធីត បានជួបចរចាជាមួយតំណាងសហជីពកាលពីព្រឹកមិញ ហើយនឹងពិនិត្យជម្រើសរបស់ខ្លួនវិញ ដើម្បីដោះស្រាយបញ្ហានេះ។ ក្រុមហ៊ុននេះនឹងជូនដំណឹងដល់សហជីព នៅពេលមានការចេញសេចក្តីសម្រេចណាមួយ”៕ ប៊ុននី