ជនជាតិចិន នៅតែបន្តឆ្លងព្រំដែនមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃសុក្រ ក្រោយពីមានកុបកម្មដ៏តានតឹងបានផ្ទុះឡើងនៅក្នុងប្រទេសវៀតណាម ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់។
លោក ម៉ម យ៉យ អនុប្រធានការិយាល័យអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិបាវិតក្នុងខេត្តស្វាយរៀង បានមានប្រសាសន៍ថា ចំនួនសរុបនៃប្រជាជនចិន ដែលឆ្លងដែនចូលមកប្រទេសកម្ពុជា បានកើនឡើងពីប្រហែល៦៤០នាក់ កាលពីថ្ងៃពុធ មកដល់ប្រហែល១.០០០នាក់ កាលពីថ្ងៃសុក្រ ជាតួលេខមួយខ្ពស់ជាងធម្មតាដល់ទៅប្រាំមួយដង។
លោកបានមានប្រសាសន៍ថា “យើងបានសង្កេតឃើញថា រហូតមកទល់ថ្ងៃនេះ ប្រជាជនចិន ជាង១.០០០នាក់បានឆ្លងដែន។ ស្ថានភាពមានសភាពធម្មតា ពីព្រោះពួកគេចូលមកដូចទេសចរដទៃទៀតដែរ ប៉ុន្តែទឹកមុខរបស់ពួកគេក្រៀមក្រំ”។
មនុស្សរហូតដល់ទៅ២១នាក់ បានបាត់បង់ជីវិតនៅក្នុងប្រទេសវៀតណាម ចាប់តាំងពីកុបកម្មបានផ្ទុះឡើងក្រោយពីមានវត្តមានសំណង់អណ្ដូងប្រេងកាតមួយរបស់ចិននៅផ្នែកមួយនៃសមុទ្រចិនខាងត្បូង ដែលវៀតណាមអះអាងសិទ្ធិកាន់កាប់។ រោងចក្រតៃវ៉ាន់ មួយចំនួនក៏ត្រូវបានដុតបំផ្លាញដែរចាប់តាំងពីភាពតានតឹងបានពុះកញ្ជ្រោលខ្លាំងឡើង កាលពីថ្ងៃអង្គារមក។
លោក សីុម ជី ប្រធានសមាគមកម្ពុជា-វៀតណាម បានមានប្រសាសន៍ថា សមាគមរបស់លោកនឹងទាក់ទងទៅស្ថានទូតចិន ដើម្បីពិភាក្សាអំពីបញ្ហានេះ។
មុនពេលបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀត លោក ស៊ីម ជី បានមានប្រសាសន៍ថា “យើងមិនទាន់កំណត់កាលបរិច្ឆេទនៅឡើយទេ ប៉ុន្តែវាអាចនឹងឆាប់ៗតាមដែលអាចធ្វើទៅបាន ហើយខ្ញុំមិនដឹងថា មនុស្សប៉ុន្មាននាក់នឹងមកជាមួយខ្ញុំទេ”។
លោក ត្រាន វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជាបានមានប្រសាសន៍ថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ កំពុងត្រៀមធ្វើការចរចាជុំវិញបញ្ហានេះ។
លោកបានមានប្រសាសន៍ទៀតថា “អាជ្ញាធរចិន បានរំលោភអធិបតេយ្យដែនសមុទ្ររបស់វៀតណាម យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំមិនដឹងថា តើជនជាតិវៀតណាមនឹងធ្វើការតវ៉ានៅស្ថានទូតចិន ឬយ៉ាងណានោះទេ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នបានហាមប្រាមរួចហើយមិនឲ្យមានការតវ៉ាឬការហែក្បួនឡើយ ហើយជនជាតិវៀតណាម ដែលរស់នៅកម្ពុជា គោរពច្បាប់កម្ពុជា”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ជនជាតិចិន ដែលមកកម្ពុជា គឺមកកម្ពុជាដោយខ្លួនឯង” មិនមែនដោយសារតែពួកគេត្រូវបានបង្ខំឲ្យចេញពីប្រទេសវៀតណាមដោយសារអំពើហិង្សានោះទេ។
កាលពីថ្ងៃសុក្រ គណបក្សសង្គ្រោះជាតិក៏បានចេញសេចក្ដីថ្លែងការណ៍មួយដែរ ដើម្បីគាំទ្រអ្វីដែលខ្លួនហៅថា “ជនភៀសខ្លួនចិន” ហើយបានស្នើឲ្យអ្នកគាំទ្រគណបក្សប្រឆាំងជួយជនជាតិចិន ដែលមកដល់ថ្មីៗតាមលទ្ធភាពដែលអាចធ្វើទៅបាន។
សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា “សូមបងប្អូនជនរួមជាតិមេត្តាជួយជនជាតិចិន ដែលកំពុងភៀសខ្លួនតាមរយៈការផ្ដល់ចំណីអាហារ ការស្នាក់នៅ និងថ្នាំពេទ្យ”។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលល្បីល្បាញខាងប្រើវោហាសាស្ត្រប្រឆាំងជនជាតិវៀតណាមបានមានប្រសាសន៍កាលពីខែមករាថា គណបក្សរបស់លោកគាំទ្រការអះអាងសិទ្ធិកាន់កាប់របស់ចិន លើដែនសមុទ្រមានវិវាទនេះ ដែលផ្នែកខ្លះនៃប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេសុី ម៉ាឡេស៊ី ព្រុយណេ និងកោះតៃវ៉ាន់ ដែនសមុទ្រនេះក៏ត្រូវបានអះអាងសិទ្ធិកាន់កាប់ដែរ។
លោក ញ៉ែម បុញ្ញរិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា វៀតណាម មិនទាន់សាកល្បងខ្លួនឯងផ្ទាល់នោះទេ។ លោកបានលើកឡើងទៀតថា “វៀតណាមបានអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនធ្វើបាតុកម្មប្រឆាំងជនជាតិចិន ហើយជនជាតិកំពុងភៀសខ្លួនមកកម្ពុជា ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា ពួកគេបានអនុញ្ញាតឲ្យជនជាតិវៀតណាម កាប់បំផ្លាញព្រៃឈើ និងយកដីរបស់ប្រជាពលរដ្ឋកម្ពុជា”៕ សុខុម