គណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតដូចការរំពឹងទុក នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីម្សិលមិញ ដោយមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ស្ទើរតែទាំងអស់លើកលែងតែបីនាក់ប៉ុណ្ណោះក្នុងចំណោមក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១១.៤៥៩នាក់ទូទាំងប្រទេស បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្មីនេះនៅតាមរាជធានី ខេត្តក្រុង ស្រុក ខណ្ឌរបស់ខ្លួន។

ការគណនាលទ្ធផលបណ្ដោះអាសន្នដែល គ.ជ.ប. បានចេញកាលពីយប់មិញបង្ហាញថាគណបក្សប្រជាជន កម្ពុជាបានទទួល៨.៣៧៩សំឡេង (៧៣,១២ភាគរយ) និងគណ បក្សសង្គ្រោះជាតិទទួលបាន២.៩៥៩សំឡេង (២៥,៨២ភាគរយ) នៅ ក្នុងស្រុកខណ្ឌទូទាំងប្រទេស។
នៅក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះកាលពីឆ្នាំ២០០៩ គណបក្សប្រជាជនកម្ពុជាទទួលបាន៨.៤៧០សំឡេង គណបក្ស សម រង្ស៊ី ទទួល បាន២.៣៣៥សំឡេងទូទាំងស្រុកខណ្ឌ ប៉ុន្តែចំនួន សមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេសបាន កើនឡើង។
នៅឯសន្និសីទកាសែតនៅពេលរសៀល លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានមានប្រសាសន៍ថា ការបោះឆ្នោតនេះបាន ចំណាយទឹកប្រាក់អស់១,៧លានដុល្លារ។
លោក ម៉ៅ សុភារិទ្ធ សមាជិក គ.ជ.ប. បាននិយាយថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយ រលូន ហើយមានសមាជិកក្រុមប្រឹក្សាឃុំ–សង្កាត់តែ បីនាក់ប៉ុណ្ណោះមិនបានទៅបោះឆ្នោត។ លោកបាននិយាយថា “ស្ថានភាពពេលបោះឆ្នោតមានភាពរលូន និងគ្មានអំពើហិង្សា“។ លោក សុភារិទ្ធ បានប្រាប់អ្នកយកព័ត៌មានថា គ.ជ.ប. កំពុង គណនាចំនួនអាសនៈដែលគណបក្សនីមួយៗទទួលបាននៅ ក្នុងស្រុក ខណ្ឌ រាជធានី ខេត្ត ក្រុងនីមួយៗ។
ទោះជាយ៉ាង ណា លទ្ធផលសម្រាប់ស្រុកខណ្ឌ និងខេត្តក្រុងមួយ ចំនួនត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មានបានសរសេរតាមទំព័រហ្វេសប៊ុករបស់លោកនៅ ពេលរសៀលម្សិលមិញ។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា នៅក្នុងក្រុមប្រឹក្សាខេត្តកំពង់ចាម គណបក្សប្រជាជន កម្ពុជារបស់លោកទទួលបាន១២អាសនៈ ហើយគណបក្ស សង្គ្រោះជាតិទទួលបាន៩អាសនៈ។ យោងតាមតួលេខ លោក ខៀវ កាញារីទ្ធ បង្ហាញថា នៅក្នុងខេត្តសៀមរាបគណបក្ស ប្រជាជនកម្ពុជាទទួលបានតួនាទីក្រុមប្រឹក្សាស្រុក ខណ្ឌចំនួន១៤០ និងគណបក្សសង្គ្រោះជាតិទទួលបាន៣៧ អាសនៈ ហើយគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន២អាសនៈ។
នៅក្នុងការបោះឆ្នោតនេះមានតែក្រុមប្រឹក្សា ឃុំ-សង្កាត់ដែលបានជាប់ឆ្នោតនៅក្នុងការបោះ ឆ្នោតកាលពីខែមិថុនា ឆ្នាំ២០១២ប៉ុណ្ណោះមានសិទ្ធិបោះឆ្នោត។ នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់នោះ គណបក្សប្រជា ជនកម្ពុជាទទួលបាន៨.២៩២អាសនៈ គឺប្រហែល៧២ភាគរយ នៃអាសនៈទាំងអស់ ហើយអាសនៈទាំងនេះធ្វើឲ្យគណបក្ស កាន់អំណាចទទួលបានជ័យជម្នះយ៉ាងស្រួលនៅ ក្នុងការបោះឆ្នោតកាលពីម្សិលមិញ។
គណបក្ស ពីរដែលបានរួមបញ្ចូលគ្នាជាគណបក្សតែមួយ គឺ គណបក្សសង្គ្រោះជាតិ ក្នុងរយៈពេលមួយខែក្រោយការបោះឆ្នោតក្រុមប្រឹក្សា ឃុំ–សង្កាត់នោះ បានទទួលតំណែងក្រុមប្រឹក្សា ឃុំ–សង្កាត់កើនឡើង គឺចំនួន២.៩៥៥(២៥,៧៩ភាគរយ)។
ថ្វីបើ មានភាពខុសគ្នាច្រើនបែបនេះក៏ដោយ ក៏មេដឹកនាំគណបក្ស ប្រឆាំងបានប្រើប្រាស់យុទ្ធនាការឃោសនាបោះ ឆ្នោតរយៈពេលពីរសប្ដាហ៍នៅមុនការបោះឆ្នោតនេះ ដើម្បីព្រមានគណបក្សកាន់អំណាចថា សមាជិកក្រុមប្រឹក្សាឃុំ–សង្កាត់របស់ខ្លួនកំពុងតែប្រឆាំងនឹង គណបក្សកាន់អំណាចមួយនេះ ហើយនឹងបោះឆ្នោតឲ្យគណបក្ស សង្គ្រោះជាតិនៅថ្ងៃបោះឆ្នោត។
នៅពេលធ្វើ យុទ្ធនាការឃោសនាបោះឆ្នោតនេះ លោក សម រង្ស៊ី មេដឹកនាំគណបក្ស ប្រឆាំងបានចាត់ទុកការរីកចម្រើនគួរឲ្យភ្ញាក់ ផ្អើលរបស់គណបក្សលោកនៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៣ដែលកំពុងមានជម្លោះនេះថា ជានិមិត្តរូបនៃការ ផ្លាស់ប្ដូរឥរិយាបថដែលលោកបានមានប្រសាសន៍ថា ក្រុម ប្រឹក្សាឃុំ–សង្កាត់នឹងធ្វើតាមរយៈការបោះឆ្នោត នេះ។
នៅឯសន្និសីទកាសែតកាលពីរសៀលម្សិលមិញនៅទីស្នាក់ ការគណបក្សសង្គ្រោះជាតិក្នុងខណ្ឌមានជ័យ លោក សម រង្ស៊ី បាន អះអាងថា គណបក្សលោកបានទទួលជោគជ័យខ្លះៗ។ លោកបានមានប្រសាសន៍ថា “យ៉ាងហោចណាស់មានមនុស្សមក ពីគណបក្សប្រជាជនកម្ពុជាពី៣០ទៅ៤០នាក់បានបោះ ឆ្នោតឲ្យគណបក្សរបស់យើង“។
លោក សម រង្ស៊ី ក៏បាន អះអាងដែរថា គណបក្សសង្គ្រោះជាតិបានទទួលតំណែងប្រធាន ក្រុមប្រឹក្សាស្រុកចំនួនពីរ គឺមួយនៅក្នុងខេត្ត ព្រៃវែង និងមួយទៀតនៅក្នុងខេត្តកំពង់ចាម ហើយ លោកបានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិទទួលយកលទ្ធផល នេះ ថ្វីបើមានបញ្ហាខ្លះៗក៏ដោយ។ លោកបានមានប្រសាសន៍ថា “យើងមានភ័ស្តុតាងបង្ហាញ ថា គណបក្សកាន់អំណាចបាន ចំណាយលុយយ៉ាងតិច៥.០០០ដុល្លារដើម្បីទិញ សន្លឹកឆ្នោតពីបេក្ខជនរបស់គណបក្សសង្គ្រោះជាតិ។ ពួកគេបាន ឲ្យម៉ូតូ និងសន្យាឲ្យរថយន្តទៅបេក្ខជនគណបក្ស សង្គ្រោះជាតិ“។
នៅមុនការបោះឆ្នោតក្រុមប្រឹក្សា នេះកាលពីឆ្នាំ២០០៩ លោក សម រង្ស៊ី បានធ្វើការចោទប្រកាន់ ស្រដៀងគ្នានេះ ដោយបានបង្ហាញវីដេអូឃ្លីបមួយនៅ ឯសន្និសីទកាសែតអំពីក្រុមប្រឹក្សាឃុំ–សង្កាត់ចំនួន៣០ នាក់ដែលអះអាងថា ត្រូវបានគេទិញចន្លោះពី៥០ ដុល្លារទៅ៥.០០០ដុល្លារ ដើម្បីបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ ក្រោយ ការបោះឆ្នោតនោះ គណបក្សប្រឆាំងរបស់លោក សម រង្ស៊ី បាន បដិសេធថា សមាជិកក្រុមប្រឹក្សាឃុំ–សង្កាត់ចំនួន២០០នាក់ របស់លោកមិនបានបោះឆ្នោតឲ្យគណបក្សប្រជាជន កម្ពុជានៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ស្រុក ខណ្ឌនោះទេ។
លោក ឈាង វុន តំណាងរាស្ត្រជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជាបានបដិសេធការចោទប្រកាន់ របស់លោក សម រង្ស៊ី កាលពីម្សិលមិញ។ លោក ឈាង វុន បាននិយាយថា “ខ្ញុំគិតថា គណបក្សសង្គ្រោះជាតិ មិនបានកើនសំឡេងឆ្នោតពី៣០ទៅ៤០ពីគណបក្សប្រជាជន កម្ពុជាទេ ហើយអ្វីដែលលោក សម រង្ស៊ី និយាយគឺមិនពិត ទេ។ ប្រសិនបើគណបក្សសង្គ្រោះជាតិកើនសំឡេងឆ្នោតរបស់ ខ្លួនពិតមែននោះ ប្រហែលជាដោយសារពួកគេបានទទួលពី សមាជិកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សជាតិនិយម“។
នៅឯ បន្ទប់បោះឆ្នោតនៅទូទាំងទីក្រុងភ្នំពេញ នៅពេលព្រឹក ម្សិលមិញ ក្រុមប្រឹក្សាសង្កាត់បាននិយាយថា ពួកគាត់មិន មានការសង្ស័យអំពីលទ្ធផលនៃការបោះឆ្នោតនេះទេ។
អ្នកស្រី ណយ ចិន្តា សមាជិកក្រុមប្រឹក្សាសង្កាត់គណបក្ស សង្គ្រោះជាតិ ដែលបានជាប់ឆ្នោតនៅក្នុងសង្កាត់ជ័យ ជម្នះ ក្នុងការបោះឆ្នោតកាលពីខែមិថុនា ឆ្នាំ២០១២ និង កំពុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខណ្ឌដូនពេញ និងក្រុមប្រឹក្សារាជធានីភ្នំពេញ គ្រាន់តែបាន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានសមាជិកក្រុម ប្រឹក្សាសង្កាត់ចំនួន៦២រូបក្នុងខណ្ឌដូនពេញ និង សមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សសង្គ្រោះជាតិ នៅក្នុងខណ្ឌនេះមាន២៧នាក់។
អ្នកស្រីបាន និយាយថា “ខ្ញុំគិតថា អាសនៈទាំងនេះមិនផ្លាស់ប្ដូរ ទេ ពីព្រោះគណបក្សសង្គ្រោះជាតិនឹងបោះឆ្នោតឲ្យគណបក្ស សង្គ្រោះជាតិ ហើយគណបក្សប្រជាជនកម្ពុជានឹងបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា“។
គណបក្សប្រជាជនកម្ពុជា ក៏មានតំណែងជាក្រុមប្រឹក្សាសង្កាត់ចំនួន៥១០ នាក់ផងដែរក្នុងចំណោមសមាជិកក្រុមប្រឹក្សាសង្កាត់ ទាំង៨១០នាក់នៅក្នុងទីក្រុងភ្នំពេញ ចំណែកឯគណបក្ស សង្គ្រោះជាតិមានចំនួន២៤០។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកផ្នែកកែទម្រង់ និង វិមជ្ឈការបាននិយាយកាលពីម្សិលមិញថា ក្រុមប្រឹក្សាថ្មី មានការទទួលខុសត្រូវលើការអនុវត្តផែនការ អភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងលើការបង្កើត និង អនុម័តថវិកាជាមួយក្រុមសមាជិកក្រុមប្រឹក្សាស្រុក ខណ្ឌ និងខេត្ត ក្រុង ដែលត្រូវបានតែងតាំង។
បើ តាមច្បាប់ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវជួបប្រជុំជាលើកដំបូងក្នុងរយៈពេលពីរ សប្ដាហ៍ក្រោយការបោះឆ្នោត។
លោក សេដ្ឋា បាននិយាយ ថា ក្រសួងមហាផ្ទៃនឹងបញ្ជាក់ពីអំណាចបន្ថែមទៀតរបស់ ក្រុមប្រឹក្សាឃុំ–សង្កាត់ ស្រុក ខណ្ឌ និង ខេត្ត ក្រុងនៅទូទាំងប្រទេស ដូចជាការគ្រប់គ្រងមណ្ឌលសុខភាព និងអនាម័យ។ លោក សេដ្ឋា បានពន្យល់ថា “ចាប់តាំងពីប្រាំឆ្នាំមុនរហូត មកទល់សព្វថ្ងៃនេះ ស្រុក ខណ្ឌ និងឃុំ សង្កាត់ មាន អំណាចទូទៅ គឺពួកគេមានអំណាចធ្វើអ្វីមួយទៅតាម ធនធានដែលមាន“។ លោកបាននិយាយថា “ពួកគេក៏មានសមត្ថភាពអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ ដូចជាផ្លូវថ្នល់នៅក្នុងឃុំ សង្កាត់ដែល ស្ថិតនៅក្នុងរង្វង់ស្រុក ខណ្ឌរបស់ខ្លួនផង ដែរ។ ឃុំ សង្កាត់ធ្វើតែគម្រោងតូចៗដូចជា ផ្លូវនៅ ក្នុងភូមិ និងគម្រោងតូចៗផ្សេងៗទៀត“។
លោកបាន ពន្យល់ប្រាប់ទៀតថា ក្រុមប្រឹក្សាស្រុក ខណ្ឌ នៅទូទាំង ប្រទេសនឹងប្រើប្រាស់ថវិកាសរុបចំនួន១៦លានដុល្លារ ដែលនឹងត្រូវប្រគល់ឲ្យអាស្រ័យលើទំហំភូមិសាស្ត្រ និង ចំនួនប្រជាជនរបស់ខ្លួន។ ក្រុមប្រឹក្សាទាំង២៤ ខេត្តក្រុង និងនៅរាជធានីភ្នំពេញ នឹងមានថវិការួមគ្នា ចំនួន៥០លានដុល្លារដែលត្រូវបែងចែកស្រដៀងគ្នា នេះ៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ AlexWillemyns)