38 C
Phnom Penh

មេ​ដឹក​នាំ​សហ​ជីព​ដែល​ទាម​ទារ​ដំ​ឡើង​​​ប្រាក់​ឈ្នួល​នៅ​ពី​ក្រោយ​​​ការ​​​បិទ​ស្ថានីយ​ប្រេង​ឥន្ធនៈ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ក្នុង​​​ការតស៊ូ​​​​​​របស់​​​លោក​​​ដើម្បី​​​​​សិទ្ធិ​​​របស់​​​កម្មករ​​​នោះ លោក ស ម៉ូរ៉ា នៅ​​​តែ​​​រឹង​​​រូស​​​។ សមាជិក​​​របស់​​​លោក ស មូ៉រ៉ា មេ​​​ដឹក​​​នាំ​​​សហជីព​​​ដែល​​​នៅ​​​ពី​​​ក្រោយ​​​ការ​​​បិទ​​​ស្ថាន​​ីយ​​​ប្រេង​​​ឥន្ធនៈ​​​កាល់​​​តិច​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នេះ​​​ នៅ​​​តែ​​​បន្ត​​​ធ្វើ​​​កូដ​​​កម្ម​​​កាល​​​ពី​​​ម្សិល​​​មិញ បើ​​​ទោះ​​​ជា​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​ច្បាស់ លាស់កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ឲ្យ​​​បុគ្គលិក​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​តាម​​​ស្ថានីយ​​​របស់​​​ខ្លួន​​​វិញ​​​ក៏​​​ដោយ​​​។

លោក ស ម៉ូរ៉ា បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “យើង​​​យល់​​​​​​ព្រម​​​ជា​​​គោល​​​ការណ៍​​​តែ​​​ប៉ុណ្ណោះ”។​ លោក​​​បាន​​​​​​ពន្យ​​​ល់់​​​ប្រាប់ថា លោក​​​ចង់​​​ឲ្យ​​​មាន​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជា​​​លាយ​​​លក្ខ​​​ណ​​​៍​​​អក្សរ​​​មុន​​​ពេល​​​សមាជិក​​​របស់​​​លោក​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ​​។​​​​​​”​​​យើង​​​មិន​​​បាន​​​ទទួល​​​ព័ត៌​​​មាន​​​អ្វី​​​ឡើយ”។

បុគ្គលិក​​​ក្រុម​​​ហ៊ុន​​​កាល​​​់​​​តិច​​​ប្រហែល​​​៣០០នាក់​​​ដែល​​​គាំទ្រ​​​ដោយ​​​សហ​​​ព័ន្ធ​​​សហជីព​​​កម្មករ​​​ចំណី​​​​​អាហារ​​​និង​​​សេវាកម្ម​​​កម្ពុជា​​​បាន​​​ធ្វើ​​​កូដ​​​កម្ម​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ សប្តាហ៍​​​មុន​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​ពី​​​១១០​​​ដុល្លារ​​​ដល់​​​១៦០​​​ដុល្លារ​​​។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ ក្រុម​​​​​​ហ៊ុន​​​កាល់​​​តិច​​​បាន​​ផ្តល់​ប្រាក់​​​ឧបត្ថម្ភ​​​ចំនួន​​​២០​​​ដុល្លារ​​​ដល់​​​បុគ្គលិក​​​ដើម្បី​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ ខណៈ​ដែល​ក្រុម​​​ហ៊ុន​​​ធ្វើ​​​ការ​​​សិក្សា​​​​​​ពី​​​ប្រាក់​​​ឈ្នួល​​​នេះ​​​រយៈ​​​ពេល​​​ពីរ​​​ខែ​សិន​​​។

លោក ស ម៉ូរ៉ា​​​ បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា លោក​​​បាន​​​យល់​​​ព្រម​​​ចំពោះ​​​កិច្ច​​​ព្រមព្រៀង​​​នេះ ប៉ុន្តែ ស្ថានីយ​​​ប្រេង​​​កាល​​​់​​​តិច​​​ទាំង​​​អស់​​​នៅ​​​បិទ​​​ដដែល​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​នេះ​​​។

អ្ន​​ក​​​នាំ​​​ពាក្យ​​​ក្រុម​​​ហ៊ុន​​​កាល​​​់​​​តិច​​​ម្នាក់​​​បាន​​​និយាយ​​​ថា ក្រុម​​​ហ៊ុន​​​កំពុង​​​ពិនិត្យ​​​មើល​​​ជម្រើស​​​របស់​​​ខ្លួន​​​នៅ​​​ឡើយ​​​។ ការ​​​តស៊ូ​​​របស់​​​លោក ​​​ស ម៉ូរ៉ា ដើម្បី​​​ទាម​​​ទារ​​​សិទ្ធិ​​​សម្រាប់​​​កម្មករ​​​នោះ​​​បាន​​​ចាប់​​​ផ្តើម​​​ពេល​​​លោក​​​សម្រាក​ព្យាបាល​​​ជំងឺ​​​នៅ​មន្ទីរពេទ្យ​​កាល​​​​​​ពី​​​ឆ្នាំ​​​២០០១​​​។

លោក ស ម៉ូរ៉ា ​​​ជា​​​កម្មករ​​​កាត់​​​ដែរ​​​នៅ​​​រោង​​​ចក្រ​​​​​មួយ​​​ ដែល​​​នៅ​​​ពេល​​​នោះ​​​លោក​​​មាន​​​ជំងឺ ហើយ​​​បាន​​​សុំ​​​ច្បាប់​​​ឈប់​​​សម្រាក​​​។ ថៅកែ​​​របស់​​​លោក​​​បាន​​​បដិសេធ ហើយ​​​​​​មិន​​​យូរ​​​ប៉ុន្មាន​​​លោក ស ម៉ូរ៉ា ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យទៅ​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ។

អង្គុយ​​​នៅ​​​​​​ក្នុង​​​ផ្ទះ​​​របស់​​​លោក​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ដែល​​ប្រើ​​​ជា​​​កា​​​រិយា​​​ល័យ​​​របស់​​​លោក​​​ផង​​​ដែរ​​​នោះ លោក ស ម៉ូរ៉ា បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិល មិញ​​​ថា ពួកគេ​​​បាន​​​ចាត់​​​ទុក​​​ពួក​​​យើង​​​ដូច​​​ជា​​​សត្វ​​​។ ពួក​​​គេ​​​បាន​​​បង្ខំ​​​ខ្ញុំ​​​ឲ្យ​​​ធ្វើ​​​ការ​​​ទាំង​​​ឈឺ ហើយ​​​បាន​​​ព្រមាន​​ខ្ញុំ​​​មិន​​​ឲ្យ​​​ឈប់​​​ទៀត​​​ទេ​​​ បន្ទាប់​​​ពី​​​​​ចេញ​​​ពីមន្ទីរ​​ពេទ្យវិញ”។

បន្ទាប់​​​ពី​​​សុខ​​​ភាព​​​លោក​​​ប្រសើរ​​​ឡើង​​​វិញ លោក ស ម៉ូរ៉ា បាន​​​ចាប់​​​ផ្តើម​​​ធ្វើជា​​​អ្នក​​​ស្ម័គ្រ​​​ចិត្ត​​​នៅ​​​សម្ព័ន្ធ​​​សហជីព​​​ប្រជាធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា ជាស​​​ហ​​​ជីព​​​ឯករាជ្យ​​​ធំ​​​បំផុត​​​ក្នុង​​​​​​វិស័យ​​​កាត់​​​ដេរ​​​។

កាល​​ពី​​​ឆ្នាំ​​​២០០៥​​​ លោក ស ម៉ូរ៉ា បាន​​​បាត់​​​បង់​​​ការ​​​ងារ​​​នៅ​​​ពេល​​​រោង​​​ចក្រ​​​ដែល​​​លោក​​​ធ្វើ​​​ការ​​​នោះ​​​បាន​​​បិទ​​​ ហើយ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៧​​​លោក​​​បាន​​​បង្កើត​​​សហ​​​ព័ន្ធ​​​សហជីព​​​កម្មករ​​​ចំណី​​​អាហារ​​​ និង​​​​​​សេវា​​​កម្ម​​​កម្ពុជា​​​ដែល​​​ឥឡូវ​​​នេះ​​​មាន​​​សមាជិក​​​ប្រហែល​​​៣.០០០នាក់​​​ ហើយនៅ​​​ពេល​​​​​​ថ្មី​​​ៗ​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ចុះ​​​ផ្សាយ​​​មាន​​​ព័ត៌មាន​​​ជាច្រើនចំពោះ​​​ការ​​​តវ៉ា​​​នឹង​​​ក្រុមហ៊ុន​​ធំៗ​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ប្រទេស​​​។

កាល​​​ពី​​​ដើម​​​ខែ​​​នេះ លោក ស ម៉ូរ៉ា បាន​​​ចរចា​​​សុំ​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​ពី​​​១២០​​​ដុល្លារ ដល់​​​១៥០​​​ដុល្លារ​សម្រាប់​​​បុគ​​​្គលិក​​​នៅ​​​​​​​​ក្រុមហ៊ុន ខេមប្រូ៊ ជា​​​ក្រុមហ៊ុន​​​ផលិត​​​ស្រា​​​បៀរ​​​អង្គរ​​​ ប្រកបដោយ​​​ជោគ​​​ជ័យ​​​។ ការ​​​ទាម​​​ទារ​​​របស់​​​បុគ្គលិក​​​បាន​​​ជោគ​​​ជ័យ​​​បន្ទាប់​​​ពី​​​បាន​​​ធ្វើ​​​កូដ​​​កម្ម​​​​​​​​បាន​​​តែ​​​ពីរ​​​ថ្ងៃប៉ុណ្ណោះ។

កាល​​​ពីមុន​​​សហជីព​​​របស់​​​លោក ស ម៉ូរ៉ា បាន​​​តវ៉ា​​​នឹង​​​ក្រុម​​​ហ៊ុន​​​ដ៏​​​ធំ​​​មួយ​​​ទៀត​គឺ​​​ក្រុម​ហ៊ុន ខេមបូឌា ប្រ៊ូវើរី អិល​​​ធីឌី ​​​ដែល​​​នៅ​​​ពេ​​​ល​​​នោះ​​​លោក​​​បាន​​​ចរចា​​​សុំ​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​៤០​​ដុល្លារ​​​សម្រាប់​​​ស្ត្រី​​​ផ្សព្វ​​​ផ្សាយ​​​​​​ស្រាបៀរ​​​ ដែល​​​មាន​​​ប្រាក់​​ឈ្នួល​​​តែ​​​៦០​​​ដុល្លារ។

លោក ស ម៉ូរ៉ា បានមាន​​​ប្រសាសន៍​​​ថា គន្លឹះក្នុងការ​​​រៀបចំ​​​បាន​​ជោគ​​​ជ័យ​​​ក្នុង​​​វិស័យ​​​ពាណិជ្ជកម្ម​​​គឺត្រូវ​​​ផ្តោតគោល​​​ដៅ​​លើ​​​ក្រុម​​​ហ៊ុន​​​ ដែល​កាន់​​​កាប់​​​ដោយ​​​ក្រុម​​​ហ៊ុន​​​យីហោ​​​អន្តរជាតិ​ ​​មិន​​​មែន​​​ក្រុម​​​ហ៊ុន​របស់​​​​ពាណិជ្ជករ​​​ខ្មែរ​មាន​​​អំណាច​​​ទេ​​​។ លោក ស ម៉ូរ៉ា បាន​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​ក្រុម​​​ហ៊ុន​​​នោះ​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​ក្រុមហ៊ុន​​​យី​​​ើហោ​​​អន្តរជាតិ​​​ ពួកគេ​​​មាន​​​ការ​​​ទទួល​​​ខុស​ត្រូវផ្នែកសង្គម។ ប្រសិន​​​បើ​​​ក្រុម​​​ហ៊ុន​​​ទាំង​​​នោះ​​​គ្រប់​​​គ្រង​​​ដោយ​​​​​ខ្មែរ​​​នោះ ពួកគេ​​​មិន​​​ខ្វល់​​​ពី​​​សិទ្ធិ​​របស់​​​បុគ្គលិក​​​​​​ឡើយ​​​”។

ក្រុម​​​ហ៊ុន Carlsberg ជា​​​ក្រុមហ៊ុន​​​ផលិត​​​ស្រា​​​បៀរ​​​ដ៏​​​ធំ​​​របស់​​​ដាណឺម៉ាក មាន​​​ភាគ​​​ហ៊ុន​​​ក្នុង​​​ក្រុម​​​ហ៊ុន​​​ ខេម​​​ប្រ៊ូ និង​​​ក្រុមហ៊ុន Heineken មាន​​​ភាគ​​​ហ៊ុន​នៅ​​​ក្រុមហ៊ុន​​ ខេបូឌា ប្រូ៊វើរី លីមីត​​​ធីត​​​។ ក្រុម​​​ហ៊ុន​​​កាល​​​់តិច​​​ គឺជា​​​ឈ្មោះ​​​យីហោ​​​របស់​​​ក្រុមហ៊ុន ឈេហ្វរ៉ុន​​​ជាក្រុមហ៊ុន​​​ប្រេង​​​ឥន្ធនៈ​​​ដ៏ធំ​​​របស់​​​អាមេរិក​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

ភាព​​​ជោគ​​​ជ័យ​​​របស់​​​សហជីព​​​លោក​​​ចំណាយកម្លាំងច្រើនណាស់​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា ជួន​​​កាល​​​លោក​​​បាន​​​ហែ​​​ក្បួន​​​កាត់​​​រាជធានី​​​ជាមួយ​​​បុគ្គលិក​​​ដែល​​​ធ្វើ​​​ការ​​ឲ្យ​​​ក្រុមហ៊ុន​​​ដែល​​​លោក​​​​តវ៉ាជំទាស់ ហើយ​​​លោក​​​បារម្ភ​​​ថា គេ​​​នឹង​​​ឃ្លាំ​​​មើល​​​ផ្ទះ​​​របស់​​​លោក​​​ ហើយ​​​លោក​​​បាន​​​បដិសេធ​​មិន​​​​​​ទទួល​​​សំណូក​​​ឲ្យ​​​បញ្ឈប់​​​ការ​​​តវ៉ា​​​ឡើយ​​​។

ប៉ុន្តែ លោក ស ម៉ូរ៉ា ​​​នៅ​​​តែ​​​ប្តេជ្ញា​​​ចិត្ត​​​ចំពោះ​​​បុព្វ​​​ហេតុ​​​របស់​​​លោក​​​។ លោក​​​បាន​​​មាន​​​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​យើង​​​ខ្លាច​​​អ្ន​​​ក​​​ទាំង​​​នេះ គេ​​​អាច​​​ធ្វើ​​​អ្វី​​​តាម​​​ចិត្ត​​​របស់​​​ពួកគេ​​​។ ប៉ុន្តែ ​​​ប្រសិន​​​យើង​​​នៅ​​​តែ​​​តស៊ូ​​ យើង​​​សង្ឃឹម​​​ថា ​​​អាច​​​ធ្វើ​​​ឲ្យ​​​​​​មានការ​​​​​​ផ្លាស់​​​ប្តូរ​​​មិន​​​​​​ខាន៕ សារុន​​​​​​​​​​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស