លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខជូនលោក ថង់ស៊ីង ថាំម៉ាវង្ស នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចំពោះការធ្លាក់យន្តហោះកាលពីថ្ងៃសៅរ៍ ដែលធ្វើឲ្យលោក ដួងចៃ ពិចិត្រ រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងមនុស្សយ៉ាងហោច១៤នាក់ រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត បានបាត់បង់ជីវិត។
លិខិតដែលចុះកាលបរិច្ឆេទថ្ងៃសៅរ៍ ហើយត្រូវបានបង្ហោះក្នុងគេហទំព័រក្រសួងការបរទេស និងគេហទំព័រគណបក្សប្រជាជនកម្ពុជាមានខ្លឹមសារថា ” ខ្ញុំមានក្ដីរន្ធត់ចិត្តឥតឧបមា ដោយបានទទួលព័ត៌មានថា មានគ្រោះថ្នាក់ធ្លាក់យន្តហោះយោធារបស់ឡាវនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ ដែលបណ្ដាលឲ្យបាត់បង់ជីវិតមនុស្ស៤៤នាក់ ដែលក្នុងនោះមានសមាជិកជាន់ខ្ពស់រដ្ឋាភិបាលឡាវជាច្រើននាក់”។
លិខិតនេះមានខ្លឹមសារទៀតថា “ក្នុងខណៈពេលមហាទុក្ខសោកនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះឯកឧត្តម និងតាមរយៈឯកឧត្តមជូនចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ ក៏ដូចជាក្រុមគ្រួសារសពចំពោះការបាត់បង់យ៉ាងធំធេងក្នុងសោកនាដកម្មគ្រោះថ្នាក់ដ៏អកុសលនេះ”។
យោងតាមលោក ស្រី ថាំរុង្គ ជំនួយការផ្ទាល់របស់នាយករដ្ឋមន្ត្រីបានឲ្យដឹងថា កាលពីម្សិលមិញ លោក ហ៊ុន សែន ក៏បានចេញដំណើរទៅចូលរួមសន្និសីទប្រចាំតំបន់ក្នុងទីក្រុងប៉េកាំង ដែលនៅទីនោះលោកមានគម្រោងជួបជាមួយលោក ស៊ី ជីនភីង ប្រធានាធិបតីចិននៅពេលរសៀលផងដែរ។ នៅថ្ងៃនេះ លោកនឹងធ្វើដំណើរទៅទស្សនកិច្ចវិទ្យាស្ថានស្រាវជ្រាវយន្តហោះក្នុងទីក្រុងសៀងហៃ៕ សារុន