38 C
Phnom Penh

កិច្ច​ព្រមព្រៀង​ទទួលយក​ជន​ភៀសខ្លួន​ពីអូស្ត្រាលី​ប្រហែល​ជាត្រូវ​ចុះហត្ថលេខា​ក្នុង​​ពេល​ឆាប់ៗនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយព័ត៌មាន​​អូស្ត្រាលី​បាន​ឲ្យ​ដឹង​ថា គណៈ​កម្មការ​ពិសេស​មួយ​ដែលទទួល​បន្ទុក​សិក្សា​សំណើ​របស់​អូស្ត្រាលី​ឲ្យ​កម្ពុជា​ទទួល​យក​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ ដែល​បាន​ព្យាយាម​ទៅ​ដល់​តំបន់​ឆ្នេរ​របស់​ខ្លួន​នោះ​ បាន​បញ្ចប់​ការ​ងារ​របស់​ខ្លួន​ហើយ​ ហើយ​​ប្រទេស​ទាំង​ពីរ​អាច​ចុះហត្ថលេខាលើ​អនុស្សរណៈ​នៃការ​យោគ​យល់​គ្នា​ស្ដីពីកិច្ច​ព្រម​ព្រៀង​​​នេះក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍ទៀត​នេះ។

លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ បាន​ប្រាប់​​វិទ្យុអូស្ត្រាលី​​ABCកាលពី​ព្រឹក​ម្សិលមិញ​ថា ​ជិត​ឈាន​ដល់​កិច្ច​​ព្រម​ព្រៀង​ដែល​តម្រូវ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​យក​ជន​ភៀស​ខ្លួន​រាប់​រយ​នាក់​ទាំង​នោះ​ហើយ។

នៅ​ពេល​សួរ ​ថាតើ​អនុស្សរណៈនេះ​​អាច​ត្រូវ​បាន​​ចុះ​ហត្ថលេខា​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍ទៀត​​​មែនឬ លោក អ៊ូច បូរិទ្ធ បាន​ឆ្លើយ​តប​ថា “ខ្ញុំសង្ឃឹម​ដូច្នោះ​ដែរ”។

ទោះយ៉ាងណា លោក អ៊ូច បូរិទ្ធ បាន​បដិសេធ​មិន​បង្ហើប​ប្រាប់ព័ត៌មាន​លម្អិត​ណាមួយ​អំពី​ផែន​ការ​នេះទេ​ រួមទាំង​ចំនួន​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ដែល​ប្រទេស​កម្ពុជា​នឹង​ទទួល​យក ឬ​ថាតើ​ប្រទេស​អូស្ត្រាលី​នឹង​ផ្ដល់​ប្រាក់​ប៉ុន្មាន​ដល់​កម្ពុជា​ជា​ថ្នូរ​ឡើយ​។

នៅ​ពេល​ទាក់​ទង​កាលពី​ម្សិលមិញ​នៅ​ទីក្រុង​ប៉េកាំង ដែល​លោក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ លោក អ៊ូច បូរិទ្ធ បាន​បដិសេធ​មិន​និយាយ​​ជាមួយ​អ្នក​យក​ព័ត៌មាន​ឡើយ​។

លោក ឡុង វីសាលោ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​មួយ​រូប​ទៀត​ ដែល​ជា​ប្រធាន​គណៈកម្មការ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​សិក្សា​សំណើរបស់​អូស្ត្រាលី​នោះ ក៏បាន​បដិ​សេធ​​មិន​ធ្វើ​អត្ថាធិប្បាយ​ផ​ង​ដែរ​។

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ពី​កិច្ច​​ពិភាក្សា​នេះ​ទេ។ លោក​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​ស្តាប់បទ​សម្ភាសរបស់លោក​ អ៊ូច ​បូរិទ្ធ ជាមួ​យ​វិទ្យុ​អូស្ត្រាលី ប៉ុន្តែ​លោក​មិន​បញ្ជាក់​ឬបដិសេធ​ការ​ធ្វើ​អត្ថាធិប្បាយ​ណាមួយឡើយ​។

ក្រុម​មន្ត្រីកម្ពុជា​ ដំបូង​បាន​​ទម្លាយ​ព័ត៌មាន​ពីផែន​ការ​នេះ​កាលពី​ខែ​កុម្ភៈ អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី ជូលី ប៊ីសប់ រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី​មក​កាន់​រាជ​ធានី​ភ្្នំពេញ​ ដែល​បាន​លើក​ឡើង​នូវទស្សន​នេះ​នៅ​ក្នុង​​ជំនួប​លក្ខណៈ​ឯកជន​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

នៅ​ពេល​នោះ ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ថា ខ្លួន​នឹង “ពិចារណា​ដោយ​ប្រុង​​ប្រយ័ត្ន​” អំពីគំនិត​នេះ​។ កាលពី​ចុង​ខែមុន លោក អ៊ូច បូរិទ្ធ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល “បាន​​យល់​ព្រម​ជាគោល​ការណ៍​” តែ​ប៉ុណ្ណោះ។

ទោះយ៉ាងណា ទាំង​រដ្ឋាភិបាល​កម្ពុជា​ និង​អូស្ត្រាលីមិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ផែន​ការ​នេះ​ទេ។ សេចក្ដី​រាយការណ៍ព័ត៌មាន​មិន​ផ្លូវ​ការ​មួយ​អះអាង​ថា ​កិច្ច​ព្រម​ព្រៀង​នេះ​តម្រូវ​ឲ្យ​កម្ពុជា​ទទួល​យកជន​ភៀស​ខ្លួន​១០០​នាក់ក្នុង​ចំណោម​ជន​ភៀសខ្លួនទាំងនោះ​​ ដែលព្យាយាម​ទៅ​ដល់​ប្រទេស​អូស្ត្រាលី ជាថ្នូរ​នឹង​ប្រាក់​៤០​លាន​ដុល្លារ។

អង្គការ​​សិទ្ធិ​មនុស្ស​ និង​សមាជិក​សភា​គណបក្ស​​ប្រឆាំង​នៅ​​ក្នុង​ប្រទេស​ទាំង​ពីរ​​បាន​រិះ​គន់​ភ្លាម​ៗ​ចំពោះ​ផែន​ការ​នេះ។ ពួកគេ​លើក​ឡើង​ថា អូស្ត្រាលី​មិន​គោរព​កាតព្វកិច្ច​នៅ​ក្នុង​សន្ធិ​សញ្ញា​របស់​ខ្លួន​​ឲ្យ​ជួយ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន ហើយ​ថា ប្រទេសកម្ពុជា​ដែល​មាន​ប្រវត្តិ​សិទ្ធិ​មនុស្ស​មិន​ល្អ​ និង​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​តំបន់​នោះ ​មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់ក្នុង​ការ​​ទទួល​យកពួកគេ​ទេ។

ក្រុម​មន្ត្រី​នៅ​ការិយាល័យ​ឧត្តម​ស្នង​ការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​បាន​រិះគន់ផែន​ការ​នេះ​ផង​ដែរ ដោយ​លើក​ឡើង​ថា វា​មិន​មែន​​ជា​ “ដំណោះ​ស្រាយ​ពិត​ប្រាកដ​” ក្នុង​ការ​បញ្ជូន​អ្នក​ដែលរត់គេចពីការ​ធ្វើ​ទុក្ខ​​បុក​ម្នេញ​ទៅ​ប្រទេស​មួយ​ទៀត​ដែល​ទើប​តែ​ងើប​ពី​សង្គ្រាម​ស៊ីវិល​ជា​ច្រើន​ឆ្នាំ​​នោះឡើយ៕ សារុន​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស