កម្មករកាត់ដេរម្នាក់ឈ្មោះ មួន សុខមៀន អាយុ២៩ឆ្នាំ បានប្រវេប្រវារត់ចេញពីផ្លូវវេងស្រេងកាលពីថ្ងៃទី៣ ខែមករា ដោយមានកងរាជអាវុធហត្ថកាន់ដំបងដេញតាមពីក្រោយយ៉ាងសាហាវ។

បាតុកម្មមួយដើម្បីទាមទារប្រាក់ខែគោល១៦០ដុល្លារក្នុងមួយខែនៅក្នុងវិស័យកាត់ដេរ ដោយបាតុករជាច្រើនគប់ដុំថ្ម និងគ្រាប់បែកសាំងដាក់កងរាជអាវុធហត្ថ បានប្រែក្លាយទៅជាការប្រយុទ្ធគ្នាដ៏ធំនៅលើកំណាត់មហាវិថីមួយក្នុងចំណោមមហាវិថីសំខាន់ៗដែលសម្បូរដោយរោងចក្រនៅក្នុងរាជធានីភ្នំពេញ។
អ្នកស្រី វី អាយុ៣២ឆ្នាំជាម្ចាស់ភោជនីយដ្ឋានមួយកន្លែងនៅតាមបណ្តោយកំណាត់ផ្លូវវេងស្រេង ដែលកាលពីម្សិលមិញ សុំមិនប្រាប់ឈ្មោះពេញដោយសារតែព្រួយបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួន បាននិយាយថា “ខ្ញុំឃើញកងរាជអាវុធហត្ថដេញតាមគាត់ចូលមកដល់ក្នុងភោជនីយដ្ឋានរបស់ខ្ញុំ ហើយវាយគាត់នឹងដំបង។ ពួកគេទាត់ធាក់គាត់មិនឈប់នៅពេលគាត់ដួល គាត់បានរងការវាយដំយ៉ាងធ្ងន់ធ្ងរ”។
អ្នកស្រីបានលើកឡើងបន្តទៀតថា នៅពេលលោក មួន សុខមៀន ក្រោកឡើងក្រោយពីរងការវាយដំ គាត់ធីងធោង និងហូរឈាមយ៉ាងខ្លាំងពីក្បាល និងភ្នែកម្ខាងរបស់គាត់។
យោងតាមក្រុមគ្រួសាររបស់លោក មួន សុខមៀន បានឲ្យដឹងថា លោក មួន សុខមៀន បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ដោយសារការរងរបួសធ្ងន់នៅលើផ្លូវវេងស្រេង។ តែទោះជាយ៉ាងណា អ្នកនាំពាក្យកងរាជអាវុធហត្ថបានលើកឡើងកាលពីថ្ងៃអាទិត្យថា គ្មានភ័ស្តុតាងបញ្ជាក់ថា កងកម្លាំងរបស់លោកជាអ្នកបង្កឲ្យមានជនរងគ្រោះទី៦ស្លាប់ដោយសារការបង្ក្រាបនោះទេ ខណៈដែលមនុស្សប្រាំនាក់ទៀតត្រូវបានកងរាជអាវុធហត្ថបាញ់ស្លាប់។
នៅព្រឹកបង្ហូរឈាមលើផ្លូវវេងស្រេងកាលពីខែមករានោះ នៅទីបំផុតលោក មួន សុខមៀន បានដើរទ្រេតទ្រោតចេញពីភោជនីយដ្ឋាននេះ ឆ្ពោះទៅដីទំនេរដែលនៅក្រោយផ្ទះអ្នកជិតខាងរបស់អ្នកស្រី វី ។នៅពេលនោះ អ្នកស្រី នូ សុភាព អាយុ៣៨ឆ្នាំ ដែលជាអ្នកជិតខាងរបស់អ្នកស្រី វី បានប្រទះឃើញគាត់តាមបង្អួចផ្ទះបាយ។
អ្នកស្រី នូ សុភាព បាននិយាយកាលពីម្សិលមិញថា “គាត់ភ័យខ្លាចយ៉ាងខ្លាំង” ។ លោក មួន សុខមៀន ភ័យញ័រខ្លួនទទ្រើត នៅពេលអ្នកស្រីទាញគាត់ឲ្យចូលក្នុងផ្ទះរបស់អ្នកស្រីដើម្បីការពារសុវត្ថិភាពគាត់។
អ្នកស្រីនិយាយទៀតថា “ប្រសិនបើកងរាជអាវុធហត្ថមកតាមផ្លូវនោះ ហើយឃើញគាត់ គាត់មុខជាចប់មិនខាន”។ ពីរបីម៉ោងក្រោយមក លោក មួន សុខមៀន អាចនិយាយបានវិញ ហើយគាត់ក៏ប្រាប់លេខទូរស័ព្ទប្រពន្ធរបស់គាត់។
បន្ទាប់ពីប្រពន្ធរបស់គាត់ឈ្មោះ ប៉ុក ហៀម មកទទួលគាត់ពីផ្ទះរបស់អ្នកស្រី នូ សុភាព ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធបានចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅស្រុកកំណើតរបស់លោក មួន សុខមៀន នៅក្នុងខេត្តកំពង់ស្ពឺ។
ទើបតែពេលនោះឯងដែលអង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូ បានទៅសួរសុខទុក្ខគាត់ដោយមានជំនួយថវិកាខ្លះសម្រាប់ប្តីប្រពន្ធអ្នកទាំងពីរ ដែលអាចឲ្យពួកគាត់មានលទ្ធភាពទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបាន។
ការស្គែនខួរក្បាលកាលពីថ្ងៃទី៦ ខែមករា បានបង្ហាញថា លោក មួន សុខមៀន មានដុំជំានៅក្នុងខួរក្បាលដោយសារការវាយដំ ជារបួសមួយដែលអាចបណ្តាលឲ្យគាត់ស្លាប់បាននៅរយៈពេលប៉ុន្មានខែក្រោយ ប្រសិនបើគាត់មិនទទួលបានការព្យាបាលត្រឹមត្រូវទេនោះ។
យោងតាមអ្នកស្រី ប៉ុក ហៀម ប្រពន្ធរបស់គាត់ ដែលជាកម្មករកាត់ដេរដូចគ្នា បានឲ្យដឹងថា លោក មួន សុខមៀន បានទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរយៈពេល២០ថ្ងៃ ហើយវេជ្ជបណ្ឌិតក៏អនុញ្ញាតឲ្យគាត់ចេញមកផ្ទះ ហើយបានប្រាប់ឲ្យគាត់ត្រឡប់មកធ្វើតេស្តវិញ ប្រសិនបើមានអាការប្លែកណាមួយចាប់ផ្តើមកើតឡើងដូចជា ឈឺក្បាល ឬក្អួតចង្អោរជាដើម។
ប៉ុន្តែ ទោះបីជាមានអាការឈឺក្បាល វិលមុខ និងចេះតែងងុយដេកក៏ដោយ ក៏លោក មួន សុខមៀន មិនដែលត្រឡប់មកកាន់មន្ទីរពេទ្យនេះដើម្បីទទួលការព្យាបាលបន្ថែមទៀតឡើយ។
អ្នកស្រី ប៉ុក ហៀម បាននិយាយកាលពីម្សិលមិញថា “ខ្ញុំមិនបានត្រឡប់ទៅទីនោះវិញទេសូម្បីកន្លះថ្ងៃ ខ្ញុំគ្មានប្រាក់សម្រាប់ធ្វើសោហ៊ុយទេ”។ ប៉ុន្តែ សូម្បីតែក្រោយពីប្តីរបស់គាត់ទទួលមរណភាពក្តី ក៏អ្នកស្រី ប៉ុក ហៀម នៅតែនិយាយថា អ្នកស្រីគាំទ្រការចូលរួមរបស់ប្តីអ្នកស្រីនៅក្នុងបាតុកម្មទាមទារដំឡើងប្រាក់ខែ ហើយចង់ឲ្យអាជ្ញាធរទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍កាលពីម្សិលមិញថា ការសើុបអង្កេតលើការស្លាប់របស់លោក មួន សុខមៀន អាចធ្វើបាន លុះត្រាតែក្រុមគ្រួសាររបស់គាត់ដាក់ពាក្យបណ្តឹង។ លោកមានប្រសាសន៍ថា “ប្រសិនបើគ្មានពាក្យបណ្តឹងទេ នឹងគ្មានការសើុបអង្កេតឡើយ”។
ប៉ុន្តែ អ្នកស្រី ប៉ុក ហៀម បាននិយាយថា អ្នកស្រីភ័យខ្លាចណាស់មិនហ៊ានប្តឹងកងកម្លាំងដែលអ្នកស្រីជឿថា ជាអ្នកសម្លាប់ប្តីរបស់អ្នកស្រីយ៉ាងសាហាវព្រៃផ្សៃឡើយ។ អ្នកស្រីនិយាយថា “ខ្ញុំមិនចង់ប្តឹងទេ ពីព្រោះពួកយើងដូចជាយកពងមាន់ជល់នឹងថ្មអ៊ីចឹង។ ពួកយើងមិនជឿថា នឹងអាចស្វែងរកយុត្តិធម៌ឲ្យប្តីរបស់ខ្ញុំបានទេ”៕សុខុម