ហេន ចាន់ អាយុ៣៣ឆ្នាំ ជាសមាជិករណសិរ្សរំដោះជាតិខ្មែរ ដែលត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុន និងត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំលិខិតឆ្លងដែន និងរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាលនោះ បាននិយាយនៅតុលាការកាលពីម្សិលមិញថា គាត់មិនមានគោលបំណងហិង្សាទេ ហើយគ្រាន់តែមានផែនការផ្សព្វផ្សាយសៀវភៅរិះគន់រដ្ឋាភិបាលប៉ុណ្ណោះ។
លោក ហេន ចាន់ បាននិយាយនៅក្នុងបន្ទប់រង់ចាំទាំងដៃជាប់ខ្នោះ ស្លៀកពាក់ឯកសណ្ឋានពន្ធនាគារពណ៌ទឹកក្រូចនៅមុនពេលសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញថា គាត់ត្រូវបានសមាជិករណសិរ្សរំដោះជាតិខ្មែរស្នើសុំឲ្យដឹកសៀវភៅទាំងនោះ។ រណសិរ្សរំដោះជាតិខ្មែរ គឺជាក្រុមតស៊ូមតិផ្នែកនយោបាយគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា ជាអង្គការភេរវកម្ម។
គាត់បាននិយាយសំដៅដល់សៀវភៅ “អាថ៌កំបាំងនៃកម្ពុជា” ជាសៀវភៅប្រឆាំងគណបក្សប្រជាជនកម្ពុជា ដែលនិពន្ធដោយស្ថាបនិកក្រុមនេះថា “ខ្ញុំបានឆ្លងដែនតាមច្រកទ្វារព្រំដែនជាំសាងាំ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីសប្ដាហ៍មុន ជាមួយសៀវភៅជាង២០០ក្បាលរបស់រណសិរ្សរំដោះជាតិខ្មែរ”។ គាត់បាននិយាយថា “គេឲ្យខ្ញុំចែកចាយសៀវភៅទាំងនេះនៅកម្ពុជា”។
លោក សំ សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែររស់នៅក្នុងប្រទេសដាណឺម៉ាក ជាប្រទេសដែលគាត់បានទទួលសិទ្ធិជ្រកកោនផ្នែកនយោបាយ។ កាលពីខែមេសា គាត់និងសមាជិក១២នាក់ទៀតរបស់រណសិរ្សនេះត្រូវបានរកឃើញពិរុទ្ធភាពពីបទរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាល ហើយត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពីប្រាំឆ្នាំដល់ប្រាំបួនឆ្នាំ និងមានប្រាំពីរនាក់កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។
និយាយជាសាធារណៈជាលើកដំបូងចាប់តាំងពីការចាប់ខ្លួនគាត់មក លោក ចាន់ បាននិយាយកាលពីម្សិលមិញថា គាត់អាចឆ្លងដែនដោយគ្មានបញ្ហាឡើយ ប៉ុន្តែគាត់ត្រូវបានចាប់ខ្លួននៅទីក្រុងភ្នំពេញនៅពេលធ្វើដំណើរទៅផ្ទះម្ដាយគាត់នៅក្នុងខេត្តកំពង់ស្ពឺ។
គាត់បាននិយាយថា “ខ្ញុំមានសៀវភៅរណសិរ្សរំដោះជាតិខ្មែរចំនួន២៥០ក្បាល នៅក្នុងតាក់ស៊ី ហើយនៅពេលដែលនគរបាលឆែកឆេរ នគរបាលបានចាប់ខ្លួនខ្ញុំនៅក្នុងសង្កាត់ជ្រោយចង្វាតែម្ដង”។
គាត់បាននិយាយអំពីថ្ងៃដែលខ្មែរក្រហមដួលរលំថា “សៀវភៅទាំងនេះត្រូវបានបោះពុម្ពនៅក្នុងប្រទេសថៃ និងរៀបចំដោយរណសិរ្សរំដោះជាតិខ្មែរ។ ពួកគេបានឲ្យខ្ញុំយកសៀវភៅនេះមកកម្ពុជា ប៉ុន្តែខ្ញុំដឹងថា សៀវភៅដែលនិយាយអំពីរណសិរ្សរំដោះជាតិខ្មែរនេះគឺជាសៀវភៅប្រឆាំងគណបក្សប្រជាជនកម្ពុជា និងថ្ងៃ៧មករា”។ លោក ចាន់ បាននិយាយថា “ខ្ញុំមិនដឹងថា លិខិតឆ្លងដែននេះក្លែងក្លាយទេ។ រណសិរ្សរំដោះជាតិខ្មែរបានរៀបចំឲ្យខ្ញុំ ប៉ុន្តែឯកសារទាំងអស់ត្រូវបានបោះពុម្ពនៅក្នុងប្រទេសថៃ”។
ប៉ុន្តែចំពោះការចោទប្រកាន់ពីបទរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាលជាបទឧក្រិដ្ឋដែលអាចមានទោសជាប់ពន្ធនាគាររហូតដល់១០ឆ្នាំនេះ លោក ចាន់ បាននិយាយថា គាត់គ្មានកំហុសទេ។ គាត់បាននិយាយថា “ឥឡូវនេះ គេបានបញ្ជូនខ្ញុំទៅឲ្យចៅក្រមស៊ើបសួរ ដើម្បីសាកសួរបន្ថែមទៀត ដោយគ្មានមេធាវីការពារ។ ខ្ញុំគ្មានទោសទេ”។
គេមិនអាចទាក់ទងលោក អឹុម វណ្ណៈ ចៅក្រមស៊ើបសួរ ដើម្បីសុំអត្ថាធិប្បាយបានទេ។
លោក សេរី បាននិយាយតាមទូរស័ព្ទពីប្រទេសដាណឺម៉ាក កាលពីម្សិលមិញថា ក្រុមរបស់លោកមិនបានធ្វើលិខិតឆ្លងដែនក្លែងក្លាយទេ ហើយខ្ញុំក៏មិនបានឲ្យលោក ចាន់ ឆ្លងចូលមកកម្ពុជាដែរ។ គាត់បាននិយាយថា “អំពីលិខិតឆ្លងដែនក្លែងក្លាយនេះ យើងមិនដឹងរឿងនេះទេ។ រណសិរ្សរំដោះជាតិខ្មែរមិនមានគោលការណ៍ធ្វើឯកសារក្លែងក្លាយទេ។ លោក ចាន់ បានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាដោយខ្លួនឯង ហើយបន្ទាប់ពីគាត់បានសម្រេចចិត្តរួចហើយ យើងបានឲ្យសៀវភៅគាត់ខ្លះ”។ លោក សេរី បាននិយាយថា លោកកំពុងរកមេធាវីឲ្យលោក ចាន់៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ LaurenCrothers)