29 C
Phnom Penh

ស្ថានីយប្រេងឥន្ធនៈកាល់តិច​នៅបិទនៅឡើយខណៈដែលបុគ្គលិក​និង​ក្រុមហ៊ុន​មិន​ទាន់​ឈាន​ដល់កិច្ច​ព្រមព្រៀង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​បុគ្គលិក​បាន​និយាយ​ថា ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់​តិច​ទាំង​អស់​នៅ​បិទ​នៅ​ឡើយ​កាលពីម្សិលមិញ បន្ទាប់​ពីមន្ត្រី​ក្រុម​ហ៊ុន​មិន​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​លាយលក្ខណ៍​អក្សរ ដោយ​លើក​ឡើង​ថា ពួកគេ​នឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​២០​ដុល្លារ​ដើម្បី​ឲ្យ​បញ្ចប់​កូដ​កម្មនេះ​ជា​បណ្ដោះ​អាសន្ន​សិន។

ឈួន សុភ័ណ​ណារ៉ា បាន​និយាយ​ថា “យើង​មិន​ទាន់​ត្រឡប់ទៅធ្វើ​ការ​វិញ​នៅ​​ឡើយ​ទេ ពីព្រោះ​ក្រុម​ហ៊ុន​កាល់​តិច​មិន​បាន​ចេញ​លិខិត​ផ្លូវ​ការ​លើក​ឡើង​ពីអ្វី​ដែល​បាន​​ព្រម​ព្រៀង​គ្នា​កាល​ពីថ្ងៃ​សុក្រ​ឡើយ” ។​ គា​ត់បាន​បន្ថែម​ថា “តំណាង​ក្រុម​ហ៊ុន​បាន​អះអាង​ថា ការិយាល័យ​ប្រចាំ​តំបន់​មិន​បាន​យល់​ព្រម​ចំពោះ​កិច្ច​ព្រម​ព្រៀង​នេះ​ទេ ប៉ុន្តែ​ខ្ញុំគិត​ថា ក្រុម​ហ៊ុន​មិន​មាន​ឆន្ទៈ​ដោះ​ស្រាយ​បញ្ហា​នេះឡើយ​” ។

យោង​តាម​លោក ស ម៉ូរ៉ា ប្រធាន​សហព័ន្ធសហជីព​កម្មករ​ចំណីអាហារ និង​សេវា​កម្ម​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា កាល​​ពីថ្ងៃ​សុក្រ មន្ត្រី​ក្រុម​ហ៊ុន​កាល់តិច​បាន​យល់​ព្រម​ផ្ដល់​ប្រាក់​​ឧបត្ថម្ភ​ដល់​បុគ្គលិក​ចំនួន​២០​ដុល្លារ​ ខណៈ​ដែលខ្លួន​ត្រូវ​ធ្វើការសិក្សា​​រយៈពេល​ពីរ​ខែ​ដើម្បី​វាយ​តម្លៃ​អំពី​ប្រាក់​ឈ្នួល​នេះ​សិន។

ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា​មក បុគ្គលិក​ប្រហែល​៣០០​នាក់​បាន​ធ្វើ​កូដ​កម្ម​ទាម​ទារ​ដំឡើង​​ប្រាក់​ឈ្នួល​ពី​១១០​ដុល្លារ ដល់​១៦០​ដុល្លារ​។ អ្នក​នាំពាក្យ​ក្រុម​ហ៊ុន​កាល់តិច​ម្នាក់​បាន​និយាយ​ថា ក្រុម​ហ៊ុន​នឹង​ជួប​ប្រជុំ​នៅ​ម៉ោង​២​រសៀល​ថ្ងៃ​នេះ​ជាមួយ​តំណាង​ក្រសួង​ការ​ងារព្រមទាំង​​បុគ្គលិកផងដែរ​។ បុគ្គលិក​បាន​និយាយ​ថា កូដ​កម្ម​នឹង​បន្ត​ធ្វើ​ដដែល​ ប្រសិន​បើ​មិន​មាន​កិច្ច​ព្រម​ព្រៀង​ទេ​នោះ៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស