27 C
Phnom Penh

ចោរប្លន់មួយក្រុមបាន​​​​​​​​​សារភាព​​ចំពោះ​​​ការ​​​​ប្លន់​​​ប្រដាប់អាវុធ​ជា​បន្ត​បន្ទាប់​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​បុរស​​​ចំនួន​​​ប្រាំពីរ​​​នាក់​​​​មាន​ទាំង​មន្ត្រី​​​ឃុំ​ម្នាក់​ គ្រូ​​​​​​បង្រៀន​​​ម្នាក់​​​​​​ និង​​​ទន្ត​​​ពេទ្យ​​​ម្នាក់​​​ផង​ ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​​​​​កាល​​​​​​ពី​​​​​​ចុង​​​សប្ដាហ៍​​​​​​​​​មុន ពី​​​បទ​​​​​​ប្លន់​​​​​​ប្រដាប់​​​អាវុធ​​​​​​ជា​​​​​​​​បន្តបន្ទាប់​​​​​​នៅ​​​ក្នុង​​​​​​​​​ស្រុក​​​​​​​​​​​​ទឹក​​​​​​ឈូ ខេត្ត​​​កំពត។

លោក ម៉ៅ ច័ន្ទ​​ម៉ក់​​​​​​ធូរិទ្ធ អធិការ​​​រង​​​នគរបាល​​ស្រុក​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ឈ្មោះ ឯម តុលា ​​​អាយុ​​​​​​៣៣ឆ្នាំ ជា​​​​​​ទន្ត​​​​​​ពេទ្យ​​​ ​​​យ៉ង សារិន អាយុ​៣២​ឆ្នាំ ឡឹក ​​វណ្ណា ​​​​​​អាយុ​​​២៧​​​ឆ្នាំ និង​​​ឈ្មោះ​​​ ទួន វុទ្ធី​​​​​​​​​ អាយុ​​​​​​២៨ឆ្នាំ ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​​​​​កាល​​​ពី​​​ថ្ងៃ​​​​​​សៅរ៍ រីឯ​ឈ្មោះ គួន សំណាង​​​ ជា​​​​​​គ្រូ​​​បង្រៀន​​​​​​​​​អាយុ​​​​​​៣៥ឆ្នាំ ឈ្មោះ​​​ ញ៉​ ​​​ញឹម ​​​​​​អាយុ​​​​​​២៥ឆ្នាំ និង​​​ឈ្មោះ សឿន សំណាង​​​ អាយុ​​​​​​៣០ឆ្នាំ ​​​ជា​​​មន្ត្រី​​​​​​បរិស្ថាន​​​​​​​​​ឃុំ​​​​​​ត្រពាំង​​​​​រពៅ ​​​ត្រូវ​​​​​​បាន​​​ចាប់​​​ខ្លួន​​​​​​កាល​​​​​​ពី​​​ថ្ងៃ​​​​​​​​​អាទិត្យ​​​។

​​​លោក​​​ ច័ន្ទម៉ក់ធូរិទ្ធ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា បន្ទាប់​​​មក ​​​បុរស​​​ទាំង​​​នេះ​​​​​​​​​បាន​​​សារភាព​​​ថា​​​ខ្លួន​​​ពិតជា​បាន​​​ប្រើ​​​កាំភ្លើង​​​​​​អាកា-​​​៤៧​​​ ដើម្បី​​​ប្លន់​​​យក​​​ប្រាក់​​​និង​​​របស់​​​របរ​​​របស់​​​អ្នក​​​ស្រុក​​​នៅ​​​ក្នុង​​​ស្រុក​​​នេះ​មែន​។ ហើយ​ការ​ប្លន់​​​​ចុង​​​ក្រោយ​​​​​​ត្រូវ​​​បាន​​​រាយការណ៍​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​នៅ​​​ក្នុង​​​ឃុំ​​​ត្រពាំង​​​រពៅ។ លោក​​​បាន​​​បន្ថែម​​​ថា កាំភ្លើង​​​នោះ​មិន​ទាន់​​​​ត្រូវ​​​បាន​​​រក​​​ឃើញ​នៅ​ឡើយ​ទេ​​​​។

លោក​​​ ច័ន្ទម៉ក់ធូរិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​ទាំង​​​នេះ​​​នឹង​​​ត្រូវ​​​ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប៉ុនប៉ង​​​មនុស្ស​​​ឃាត​​​និង​​​ចោរ​​​កម្ម​​​។​​​ លោក​​​បាន​​​បដិសេធ​​​មិន​​​​ផ្ដល់​ព័ត៌មាន​លម្អិត​​​អំពី​​​ថា តើ​​​អំពើ​​​ប្លន់​​​នេះ​​​ធ្វើ​​​ឡើង​​​របៀប​​​ណា​​​ទេ​​​ ក៏​​​ប៉ុន្តែ​​​លោក​​​បាន​​ឲ្យ​​​ដឹង​​​ថា សំណាង ​​​ដែល​​​ជា​​​គ្រូ​​​បង្រៀន​​​  គឺ​​​ជា​​​មេក្រុម​​​នេះ​​​ ហើយ​​​ថា ជន​​​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ខ្លួន​​​ទៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរបាល​​​ខេត្ត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា ពួក​​​គេ​​​នៅ​​​ក្មេង​​​ និង​​​ប្រើគ្រឿង​​​ញៀន​​​ ហើយ​​​ឈាន​​ទៅ​ប្រព្រឹត្ត​​​​​​​អំពើ​​​ប្លន់​​​”៕ ប៊ុននី

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស