27 C
Phnom Penh

ទេសចរ​​​អុីតាលី​​​ត្រូវ​​​បាន​​​គេ​​​ប្រទះឃើញ​​​ស្លាប់​​​នៅ​​​កោះរុង​​​សង្ស័យ​​​ថា​​​ធ្វើ​​​អត្តឃាត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា បុរស​​​ជនជាតិ​​​អុីតាលី​​​អាយុ​​​៣២​​​ឆ្នាំ​​​ម្នាក់​​​ ដែល​​​បាត់​​​ខ្លួន​​​រយៈពេល​​​ជិត​​​មួយ​​​ខែ​​​មក​​​ហើយ​នោះ​​​ ត្រូវ​​​បាន​​​គេ​​​ប្រទះ​​​ឃើញ​​​ស្លាប់​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​នៅ​​​ក្នុង​​​ព្រៃ​​​នៅ​​​លើ​​​កោះ​​​រុង ក្នុង​​​​​​សមុទ្រ​​​ខេត្ត​​​ព្រះសីហនុ​​​ ជា​​​ទី​​​ដែល​​​​​​គេ​​​ដឹង​​​ថា គាត់​​​បាន​​​ស្នាក់​​​នៅ​​​ទី​​​នោះ​​​ចុង​​​ក្រោយ​​​។ 

លោក កុល ផល្លី ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​បាន​មាន​​​ប្រសាសន៍​​​ថា សាក​​​សព​​​ស្អុយ​​​រលួយ​​​របស់ឈ្មោះ ណា​តាន់ ខាណឺវ៉ាលី (Natan Carnevali) ត្រូវ​​​បាន​មនុស្ស​​​មួយ​​​ក្រុម​​​​​​​​​ប្រទះ​​​ឃើញ​​​នៅ​​​ក្នុង​​​​​​​​​អង្រឹង​​​មួយ​​​គ្រប​​​សំពត់​​​កៅស៊ូ​​​ នៅ​​​ពេល​​​ដែល​​​អ្នកភូមិដើរ​​​ចូល​​​ក្នុង​​​ព្រៃ​​​កាលពី​​​ថ្ងៃ​​​សុក្រ។

លោក ផល្លី បាន​​​មាន​​​ប្រសាសន៍​​​ថា “សាក​​​សព​​​ជន​​​រង​​​គ្រោះ​​​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​នៅ​​​ចម្ងាយ​​​ប្រហែល​​​៤​​​គីឡូម៉ែត្រ​​​ពីផ្លូវ​​​នៅ​​​ក្នុង​​​ព្រៃ​​​ ក្នុង​​​អង្រឹង​​​មួយ​​​ ក្រោយ​​​ពី​​​​​​គាត់​​​បាត់​​​ខ្លួន​​​។ គាត់​​​ត្រូវ​​​គេ​​​ដឹង​​​ថា ​​​បាន​​​ទៅ​​​ទស្សនា​​​​​កោះរុង​​​ កាល​ពីថ្ងៃ​​​ទី​​​២១​​​ ខែ​មេសា និង​​​ក្រោយ​​​មក​​​បាន​​​បាត់​​​ខ្លួន​​​ដោយ​​​​​​អាថ៌​​​កំបាំង”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា នគរ​​​បាល​​​មិន​​​ទាន់​​​បាន​​​រក​​​ឃើញ​​​ភ័ស្តុ​​​តាង​​​ណាមួយ​​​បញ្ជាក់​​​ថា ជនជាតិ​​​អុីតាលី​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឃាត​​​ឡើយ​​​ ក៏ប៉ុន្តែ​​​បាន​​​រក​​​ឃើញ​​​ឱសថ​​​ជាច្រើន​​​គ្រាប់​​​នៅ​​​កន្លែង​​​កើត​​​ហេតុ ដែល​​​នាំ​​​ឲ្យពួកគេ​​​សន្និដ្ឋាន​​​ថា គាត់​​​ធ្វើ​​​អត្តឃាត​​​។

នេះមិនមែន​​​ជា​​​លើក​​​ដំបូង​​​នោះ​ទេ ដែល​​​ជន​​​បរទេស​​​​​​បាន​​​បាត់​​​ខ្លួន​​​ និង​​​​​​ក្រោយ​​​មក​​​​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ស្លាប់​​​នៅ​​​ក្នុង​​​ព្រៃ​​​ក្រាស់​​​លើ​​​កោះ​​​ទេសចរណ៍​​​ដ៏​ពេញ​និយម​​​នេះ​​​។

កាលពី​​​ដើម​​​ខែ​​​តុលា ជនជាតិ​​​អាមេរិកាំង​​​អាយុ​​​៥៥​​​ឆ្នាំ​ម្នាក់​​​ឈ្មោះ ខាធើ​​​រីន អាន​​​ហ្គិច (Catherine AnnGrgich) ត្រូវ​បាន​​​គេ​​​ប្រទះឃើញ​​​ស្លាប់​​​ បន្ទាប់​ពី​បាត់​​​ខ្លួន​​​ក្នុង​​​ខែ​​​កញ្ញា ចម្ងាយ​​​ប៉ុន្មាន​​​គី​​​ឡូ​​​ម៉ែត្រ​​​​​​ពី​​​ឆ្នេរ​​​សមុទ្រ​​​ផង​​​ដែរ​​​​​។ នគ​​​រ​​​បាល​​​បាន​​​សន្និដ្ឋាន​​​ថា អ្នក​​​ស្រី​​​ត្រូវ​​​បាន​​​គេ​​​ធ្វើ​​​ឃាត​​​ ប៉ុន្តែ​​​គ្មាន​​​ពិរុទ្ធជន​​​ណា​ម្នាក់​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ឡើយ​​​។ កាល​​​ពី​​​ខែ​​​មេសា​​​ឆ្នាំមុន វេជ្ជបណ្ឌិត​​​ប្រចាំ​​​កម្មវិធី​​​ស្តី​​​ពី​​​ជីវិត​​​ពិត​​​នៃ​​​​​​ទូរទស្សន៍​​​​​​បារាំង​​​មួយ​​​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​ស្លាប់​​​ដែល​​​ទំនង​​​ជា​​​​​​ដោយ​​​សារ​​​ធ្វើ​​​អត្តឃាត​​​នៅ​​​លើ​​​កោះ​​​នេះ។

លោក ផល្លី បាន​​​មាន​​​ប្រសាសន៍​​​ថា “ចាប់​​​តាំង​​​ពី​​​ចុង​​​ឆ្នាំ​​​២០១៣​​​រហូត​​​ដល់ពេល​​​នេះ​​​ មាន​​​​​​ជន​​​បរទេស​​​ដែល​​​បាត់ខ្លួន​​​នៅ​​​លើ​​​កោះ​​​ខេត្ត​​ព្រះ​​​សីហនុ​​​ចំនួន​​​បីករណី​​​ ដែល​​​ពីរ​​​ករណី​​​នៅ​​​កោះរុង និង​​​មួយ​​​ករណី​ទៀត​​​នៅ​​​កោះ​​​តាកៀវ”។ ដោ​យ​​​សារ​​​តែ​​​កោះរុង​​​​​​មាន​​​ទំហំ​​​ធំ​​​ និង​​​ព្រៃ​​​ក្រាស់វា​​​ងាយ​​​​​ស្រួល​​​​​​វង្វេង​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​ថា “កោះរុង​​​ គឺ​​​ជា​​​កោះ​​​ដ៏​ធំ​មួយ​​​​​​ទំហំ​​​ប្រហែល៦០​​​គីឡូម៉ែត្រ​​ក្រឡា និង​​​មាន​​​ព្រៃ​​​ដ៏ធំ​​​។ បើ​ទោះជា​​​វា​​​ជា​កោះ​ដ៏​ពេញ​និយម​​​មួយ​​​ដែល​​​អាច​​​ទាក់​​​ទាញ​​​ភ្ញៀវ​​​ទេស​​​ចរ​​​ និង​​​ជន​​​បរទេស​​​ជាច្រើន​​​ទៅ​ទស្សនា​​​នៅ​​​ទីនោះ​​​ក៏ដោយ ក៏​​​យើង​​​មាន​​​ការ​​​លំបាក​​​ក្នុង​​​ការ​​​ការ​​​ពារ​​​សន្តិសុខ​​​របស់​​​ពួកគេ​​​ដែរ​​​ ពីព្រោះ​​​ព្រៃ​​​នៅ​​​កោះ​នេះ​​​ធំ​ណាស់​​​”។

លោក ម៉ែន ឧត្តម ​​​នាយការិយាល័យ​​​នគរ​​​បាល​​​​​អន្តោ​​​ប្រវេសន៍​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សាក​​​សព​​​​​​របស់​​​ជន​​​រង​​​គ្រោះ​​​ត្រូវ​​​បាន​​​បូជា​​​រួច​​​រាល់​​​​​​ យោង​​​តាម​​​សេចក្ដី​​​ប្រាថ្នា​​​របស់​​​គ្រួសារ​​​​​​សព​​​​ និង​​​ដោយ​​​មាន​​​ការ​​​អនុញ្ញាត​​​ពី​​​ស្ថានទូត​​​អុីតាលី​​​នៅ​​​ក្នុង​​​ក្រុង​​​បាង​​​កក។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្រុម​​​មន្ត្រី​​​អុីតាលី​​​មក​​​ពី​​​ស្ថានទូត​​​នេះ​​​បាន​​​ធ្វើការ​​​ស៊ើប​​​អង្កេត​​​កន្លែង​​​កើត​​​ហេតុ​​​នៅ​​​ថ្ងៃ​​​ដដែល​​​នោះ ហើយ​​​បន្ទាប់​​​នោះ​​​ដោយ​​​យោង​​​តាម​​​ការ​​​ចង់​​​បាន​​​របស់​​​ម្ដាយ​​​សាក​​​សព​​​ សាក​​​សព​​​របស់​​​លោក​​​ត្រូវ​​​បាន​​​បូជា​​​នៅ​​​ក្បែរ​​​កន្លែង​​​កើត​​​ហេតុ​​​នោះ​​​កាល​​​ពីម្សិលមិញ”។

មន្ត្រី​​​ម្នាក់​​​នៅ​​​ឯ​​​ស្ថានទូត​​​អុីតាលី​​​ក្នុង​​​ទីក្រុង​​​បាង​​​កក បាន​​​មាន​​​ប្រសាសន៍​​​ថា ស្ថានទូត​​​មិន​​​ទាន់​​​ទាក់​​​ទង​​​ផ្ទាល់​​​ជាមួយ​​​បណ្ដាញ​​​ព័ត៌មាន​​​ទេ​​​ ហើយ​​​បាន​​​បង្វែរ​​​សំណួរ​​​ទៅ​​​ក្រសួង​​​ការ​​​បរទេស​​​របស់​​​អុីតាលី​​​ ដែល​​​មិន​​​ទាន់​​​បាន​​​ឆ្លើយ​​​តប​​​នៅ​​​​​​ឡើយ​​​៕ ប៊ុននី

 (រាយការណ៍​​​បន្ថែម​​​ដោយ SimonHenderson )​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស