38 C
Phnom Penh

គណៈប្រតិភូជប៉ុន​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​ដើម្បីពិភាក្សា​អំពី​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈប្រតិភូ​ជប៉ុន​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ម្សិលមិញ​សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ប្រាំ​ថ្ងៃ​ដើម្បីវាយ​តម្លៃ​អំពី​តម្រូវ​ការ​ជំនួយ​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធបោះ​ឆ្នោត​។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានមួយ​ ស្ថានទូត​ជប៉ុន​បាន​លើក​ឡើង​ថា គណៈប្រតិភូ​មួយ​ក្រុម​ដែល​មាន​សមាជិក​១០​នាក់​​ដឹកនាំ​ដោយ​លោក សេនយ៉ា ម៉ូរី អគ្គនាយក​រង​ផ្នែក​អភិវឌ្ឍន៍​ឧស្សា​ហ​កម្ម​ និង​គោល​នយោ​បាយ​សាធារណៈ​នៃទីភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរ​ជាតិ​ជប៉ុនរួមទាំង​​មន្ត្រី​រដ្ឋាភិបាល​ និង​សាស្ត្រាចារ្យ​ជាច្រើ​នរូប​ទៀត។

សេចក្តី​ប្រកាស​ព័ត៌​មាន​ដដែលនេះលើកឡើងថា គណៈប្រតិភូ​នេះ​នឹង​ជួបប្រជុំ​ជាមួយ​មន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រម​ទាំង​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​ និង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ “ដើម្បី​សិក្សា​អំពី​ស្ថាន​ភាព​បច្ចុប្បន្ន និង​បញ្ជាក់​ពី​តម្រូវ​ការ​សម្រាប់​កំណែទម្រង់​ ដើម្បី​ទទួលបាន​​ព័ត៌មាន​ចាំ​បាច់​សម្រាប់​ឲ្យដឹងថា​តើ​ជប៉ុន​ត្រូវ​ផ្តល់​ជំនួយ​បែប​ណា​ដល់​កំណែ​ទម្រង់​​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​”។

សេចក្តី​ប្រកាស​នេះបន្ត​ថា ដំណើរ​ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានស្នើ​សុំ​ជំនួយ​បែប​នេះ​កាលពី​ខែ​វិច្ឆិកា។

លោកស្រី ឡូរ៉ា ថន​តុន នាយិកា​ប្រចាំ​ប្រទេស​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​ ដែល​មាន​មូល​ដ្ឋាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ដែល​ជា​សមាជិក​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ផង​ដែរ​បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​រំពឹង​ថា ក្រុម​នេះ​នឹង​មានសំណួរ​ជា​​ច្រើន​។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ដោយសារវិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ដែរ​នោះ យើង​នឹង​ឆ្លើយ​សំណួរ​របស់​ពួក​គេ​ទាំង​អស់​ ប៉ុន្តែ​យើង​នឹង​លើក​​ឡើង​ម្តង​ទៀត​អំពី​អនុសាសន៍​សម្រាប់​ធ្វើ​កំណែទម្រង់​ដូច​ដែល​យើង​បាន​ស្នើ​ឡើងពី​មុន​អ៊ីចឹង”។

លោកស្រី​ ថនតុន បាន​បន្ថែម​ថា “យើង​នឹង​លើក​ឡើង​សាជាថ្មី​អំពី​សារៈសំខាន់​នៃ​ការ​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត ដើម្បី​ឲ្យ​មាន​តម្លាភាព​ និង​បើក​ទូលាយ​។ ហើយ​យើង​គិត​ថា ចាំបាច់​ត្រូវ​កែទម្រង់​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត”។

កិច្ច​ប្រជុំមួយ​ក្នុង​ចំណោម​កិច្ច​ប្រជុំដំបូង​ដែលមាន​នៅក្នុង​របៀបវារៈ​គឺ​ត្រូវ​​ជួប​ប្រជុំ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​នេះ។ លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​​ធ្វើ​ឲ្យ​មាន​ការ​ចរចា​ឡើង​វិញ​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​បាន​ជាប់​គាំង​ចាប់​តាំង​ពី​ខែ​មុន​មក​។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា “យើង​មាន​គណៈប្រតិភូ​មក​​ពី​ប្រទេស​ជប៉ុន​ ហើយ​ពួកគេ​នឹង​ជួប​ប្រជុំជាមួយ​សមាជិក​ទាំង​សងខាងនៃ​គណៈកម្មាធិការ​រួម​ [ស្ដីពីកំណែ​ទម្រង់​ការ​បោះ​ឆ្នោត​] ហើយ​ជំនួប​នេះ​អាច​ធ្វើ​ឲ្យ​គណៈកម្មាធិការ​រួម​​នេះ​មាន​សកម្ម​ភាព​ឡើង​វិញ និង​មាន​ការ​​ពិភាក្សា​រួម​​”។ លោក​បាន​បន្ថែម​ថា “ខ្ញុំគិត​ថា គណបក្ស​​ប្រជា​ជន​កម្ពុជា​ចង់​បន្ត​ការ​ចរចា​ឡើង​វិញ​ដែរ។ យើង​ចាប់​ផ្ដើម​ដោយ​ការ​ជួប​ប្រជុំជាមួយ​គណៈប្រតិភូ​ជប៉ុន​ដាច់​ដោយ​ឡែក​ពីគ្នា​ ប៉ុន្តែ​យើង​សង្ឃឹម​ថា នឹង​មាន​ឱកាស​ជួប​គ្នា​”។

លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត បាន​ស្វាគមន៍​ជំនួយ​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “តាមធម្មតា យើង​មាន​ចំណេះ​ដឹង​ វា​ងាយ​ស្រួល​សម្រាប់​យើង​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង។ យើង​មាន​ចំណេះ​ដឹង​កាន់​តែទូលំទូលាយ​​ យើង​ធ្វើការ​ងារ​បាន​កាន់​តែ​ល្អ។ គណៈប្រតិភូជប៉ូន​មក​ទីនេះ​ដើម្បី​សិក្សា​អំពី​ប្រព័ន្ធ​បោះ​ឆ្នោត ហើយ​មិន​យូរ​ប៉ុន្មាន ពួកគេ​នឹ​ង​ជួយ​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ឲ្យ​យើង​”៕ សារុន

(រាយការណ៍​បន្ថែមដោយ ZsomborPeter និង ផន បុប្ផា)​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស