យោងតាមតួលេខចុងក្រោយបំផុតរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ហៅកាត់ថា CMA បង្ហាញថា ការបញ្ចេញឥណទានរបស់ស្ថានប័នមីក្រូហិរញ្ញវត្ថុ (MFIs) ចំនួន៣៨នៅទូទាំងប្រទេស បានកើនឡើង១៤ភាគរយដល់២០០លានដុល្លារនៅក្នុងត្រីមាសទី១ដើមឆ្នាំ២០១៤ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំណែកឯប្រាក់បញ្ញើបានកើនឡើង២០ភាគរយ។
លោក ប៊ុន មុនី ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា ការពង្រីកសេវាកម្មមីក្រូហិរញ្ញវត្ថុនៅតាមតំបន់ជនបទទូទាំងប្រទេស បានធ្វើឲ្យឧស្សាហកម្មនេះកើនឡើង។ លោកបានមានប្រសាសន៍ថា ” យើងបានពង្រីកសេវាកម្មមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស ដោយមានការិយាល័យមីក្រូហិរញ្ញវត្ថុជាង១.០០០កន្លែង”។
លោក ប៊ុន មុនី ដែលជានាយកប្រតិបត្តិស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនាដែរនោះ បានមានប្រសាសន៍ថា ប្រាក់បញ្ញើនៅក្នុងវិស័យនេះបានកើនឡើង២០ភាគរយដល់៥៣៦លានដុល្លារពីខែមករា ដល់ខែមីនា។
លោកបានមានប្រសាសន៍ទៀតថា “យើងបានបង្កើតគណនីបញ្ញើជាមធ្យោបាយមួយដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ យើងទើបតែបានចាប់ផ្តើមទទួលយកគណនីបញ្ញើប្រហែលបួន ឬប្រាំឆ្នាំមុនប៉ុណ្ណោះ ដូច្នេះយើងនៅមានផ្លូវវែងឆ្ងាយដែលត្រូវដើរទៅមុខ” ៕សុខុម