សមាគមគ្រូបង្រៀនបានលើកឡើងថា គ្រូបង្រៀននៅខេត្តឧត្តរមានជ័យ ដែលកាលពីសប្ដាហ៍មុនបានចោទមន្ត្រីអប់រំស្រុកថា បានលួចប្រាក់ខែរបស់ពួកគាត់នោះ កាលពីម្សិលមិញ ត្រូវបានគំរាមបណ្ដេញចេញចំពោះការនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ។ ប្រធានការិយាល័យអប់រំស្រុកអន្លង់វែងបានកោះហៅគ្រូបង្រៀន និងមន្ត្រីសាលាប្រហែល១៥នាក់មកកាន់ការិយាល័យស្រុកដើម្បីធ្វើការគំរាម។
អ្នកគ្រូ ញ៉ន សារុន តំណាងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាគ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាអន្លង់វែង ជាសាលាដែលគ្រូបង្រៀន១៧នាក់បានដាក់ពាក្យបណ្ដឹងថា ពួកគាត់ត្រូវបានកាត់ប្រាក់បង្រៀនថែមម៉ោងនោះ បានមានប្រសាសន៍ថា “នៅព្រឹកនេះមន្ត្រីអប់រំស្រុក និងខេត្តបានប្រាប់ពួកយើងថា ប្រសិនបើយើងនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយទៀត យើងអាចត្រូវលុបឈ្មោះចេញពីបញ្ជីគ្រូបង្រៀន”។ អ្នកគ្រូបានបន្ថែមថា “ពួកគេនិយាយថា យើងគួរនិយាយជាមួយមន្ត្រីជាមុនសិន មុនពេលនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ”។
គ្រូបង្រៀន១៧នាក់នៅសាលាបឋមសិក្សាអន្លង់វែង និងគ្រូបង្រៀន៨០នាក់ទៀតមកពីទូទាំងខេត្តមិនទទួលបានប្រាក់បង្រៀនថែមម៉ោងសម្រាប់ឆមាសទី១នៃឆ្នាំសិក្សានេះទេ ប៉ុន្តែបែរជាបានទៅលើគ្រូដែលមិនត្រូវបានទៅវិញ ហើយត្រូវបានមន្ត្រីអប់រំស្រុកយកលុយទាំងនោះមកវិញ។
ដំបូងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានដាក់ពាក្យបណ្ដឹងទៅក្រសួងអប់រំកាលពីថ្ងៃទី១២ ខែឧសភា ហើយមួយថ្ងៃក្រោយមកបានទាក់ទងទៅប្រព័ន្ធផ្សព្វផ្សាយ។ ជាការឆ្លើយតប ក្រុមមន្ត្រីខេត្តបានអះអាងថា កំហុសបច្ចេកទេសបណ្ដាលឲ្យមានបញ្ហាក្នុងការបើកប្រាក់នេះ ហើយបានសន្យាកែតម្រូវបញ្ហានេះ។
លោក ឈឿន ឈា ប្រធានមន្ទីរអប់រំខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថា គ្រូបង្រៀនទាំងនោះត្រូវបានកោះហៅឲ្យមកប្រជុំដើម្បីស្ដាប់ការពន្យល់ មិនមែនបំភិតបំភ័យឡើយ។ លោក ឈឿន ឈា បានមានប្រសាសន៍ថា “យើងបានប្រាប់មន្ត្រីអប់រំឲ្យហៅគ្រូបង្រៀនដែលមានបញ្ហាមកពន្យល់អំពីកំហុសបច្ចេកទេសនេះ”។ លោកបានបន្ថែមថា គ្រូបង្រៀនទាំងនេះគួរចំណាយពេលនិយាយជាមួយក្រុមមន្ត្រីប្រសើរជាងនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ។
ទោះជាយ៉ាងណា លោក រស់ សាលីន ប្រធានខុទ្ទកាល័យក្រសួងអប់រំបានមានប្រសាសន៍ថា លោកមិនបានទទួលព័ត៌មាននេះទេ ប៉ុន្តែគ្រូបង្រៀនមានសិទ្ធិនិយាយពីទុក្ខលំបាករបស់ខ្លួនជាមួយប្រព័ន្ធផ្សព្វផ្សាយ។ លោក សាលីន បានមានប្រសាសន៍ថា “យើងមិនមានគោលនយោបាយហាមឃាត់ពួកគាត់មិនឲ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយទេ”។
លោក សឿន ភារិន ជាគ្រូបង្រៀននៅសាលាបឋមសិក្សាតាដេវ ក្នុងស្រុកអន្លង់វែង និងជាសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានមានប្រសាសន៍ថា លោកកំពុងរង់ចាំការដោះស្រាយប្រាក់ខែរបស់លោក។ លោកបានមានប្រសាសន៍ថា “រហូតមកទល់ពេលនេះ ខ្ញុំមិនទាន់ទទួលបានប្រាក់ខែរបស់ខ្ញុំពេញទេ ប៉ុន្តែពួកគេបានហៅយើងទៅគំរាមទៀត។ នៅពេលយើងត្រូវការនិយាយជាមួយមន្ត្រីទាំងនោះ យើងមិនអាចរកពួកគេឃើញទេ។ ប៉ុន្តែនៅពេលយើងនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ ពួកគេមកលឿនណាស់”៕ សារុន
(រាយការណ៍បន្ថែមដោយ MattBlomberg)