34 C
Phnom Penh

រដ្ឋសភា​​​គណបក្ស​កាន់​អំណាច​​​​អនុម័ត​ច្បាប់​ស្តី​ពី​ផល​ប្រ​យោជន៍​អាស៊ាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភា​ឯក​បក្ស​បានអនុម័ត​ច្បាប់​ចំនួន​បួន​ស្ដីពី​ទំនាក់​ទំនង​ពាណិជ្ជកម្ម​​និង​ការ​ទូត​កាលពី​ម្សិលមិញក្នុង​សម័យ​ប្រជុំសភា​មួយលើក​ទៀត​ ដែល​​សមាជិក​សភា​ជាប់​ឆ្នោតទាំង​​៥៥​រូប​របស់​គណបក្ស​សង្គ្រោះជាតិបាន​​ធ្វើ​ពហិការ​។

គណបក្សប្រជាជនកម្ពុជា​មាន​សមាជិក​សភា​ចូលរួម​៦៥រូប​ក្នុងចំណោម​៦៨​រូប ហើយ​ច្បាប់​ទាំង​បួននេះត្រូវ​​បាន​អនុម័ត​ដោយ​មានការពិភាក្សា​​ដេញដោល​តិច​តួច​ប៉ុណ្ណោះ។

ច្បាប់​ទាំង​នេះ​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​គយនៅ​ក្រោម​​សមាគមអាស៊ាន​ បន្ទាប់ពី​ឆ្នាំ​២០១៥​ សុខដុម​នីយកម្ម​នៃ​នីតិវិធីគយរបស់ប្រទេសកម្ពុជា​តាមបទ​ដ្ឋាន​អន្តរជាតិ ធម្មនុញ្ញអាស៊ាន​ស្ដីពី​ការ​ដោះ​ស្រាយ​វិវាទ​ និង​ស្ដីពី​អភ័យ​ឯកសិទ្ធិ​ និង​បុព្វសិទ្ធិ​មន្ត្រី​រដ្ឋាភិបាលនៅ​ក្រោម​អាស៊ាន​។

សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ពីរ​បីរូប​បាន​​ចោទ​សួរ​ពី​ច្បាប់​ដែល​ស្នើ​ឡើង​នេះ មុនពេល​ច្បាប់​ទាំង​នេះ​ត្រូវបាន​អនុម័ត​ជាឯកច្ឆន្ទ​។ ទោះជាយ៉ាងណា លោក សួស យ៉ារ៉ា សមាជិក​សភា​មួយ​រូប​ក្នុង​ចំណោមសមាជិក​សភា​វ័យ​ក្មេង​របស់​គណបក្ស​កាន់អំណាច​បាន​ចោទសួរ​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាននៅពេល​ខាង​មុខ​នេះ​។

លោក យ៉ារ៉ា បាន​ប្រាប់​សហសេវិក​របស់​ខ្លួន​ថា “កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់​យើង​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់​ប្រទេស​ជិត​ខាង​ ដែល​នាំចូល​ត្រី​មក​កាន់​ប្រទេស​យើង​បាន​ទេ ពីព្រោះ​យើង​មិនមាន​ច្បាប់​ដើម្បី​ទប់​ស្កាត់ពួកគេ​”។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ដែល​បាន​ចូល​រួមសម័យ​ប្រជុំ​នេះផង​ដែរ​បាន​ឆ្លើយ​តប​ថា នៅក្រោម​អាស៊ាន​នឹង​មាន​ការ​យក​ពន្ធ​១៥​ភាគរយ​លើ​ទំនិញ​ភាគ​ច្រើន​ មាន​ន័យ​ថា ក្រុមហ៊ុនផលិត​ក្នុង​ស្រុក​នឹង​នៅ​តែ​ត្រូវ​បាន​ការពារ​ស្រប​ច្បាប់ដដែល​។

លោក ជាម យៀប សមាជិក​សភា​ជាន់​ខ្ពស់​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ក៏​បាន​មាន​ប្រសាសន៍​យ៉ាងខ្លី​អំពាវ​នាវ​ឲ្យ​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ​មកចូល​រួម​ប្រជុំសភា​។ លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដែល​កើត​ឡើង​​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ានណាមួយ​…គេមិនដែលជ្រើសរើស​មហាបាតុកម្ម​មក​ធ្វើ​ជា​មូល​ដ្ឋានទេ​”៕ សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស