28 C
Phnom Penh

មេដឹកនាំ​​​សហជីព​​​រៀបរាប់អំពីការ​​​វាយ​​​ដំ​​​យ៉ាង​​​ព្រៃ​​​ផ្សៃ​​​ពីសំណាក់ទាហាន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក វន់ ពៅ មេ​​​ដឹក​​​នាំ​​​សហ​​​ជីព​​​ដែល​​​បាន​​​ឡើង​​​ផ្តល់​​​សក្ខី​​​កម្ម​​​ជា​​​លើក​​​ដំបូង​​​ចាប់​​​តាំង​​​ពី​​​លោក​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​អំឡុង​​​បាតុ​​​កម្ម​​​​​​​​​មួយ​​​របស់​​​កម្មករ​​​កាត់​​​ដេរ ដែល​​​បាន​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​កាល​​​ពី​​​ដើម​​​ខែ​​​មករា បាន​​​ប្រាប់​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​ទៅ​​​ធ្វើ​​​បាតុកម្ម​​​ក្នុង​​​បំណង​​​តែ​​​មួយ​​​គត់​​​ គឺ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​មាន​​​សន្តិ​​​ភាព តែ​​​លោក​​​បែរ​​​ជា​​​ត្រូវ​​​ទាហាន​​​វាយ​​​ដំ​​​ហូរ​​​ឈាម​​​ជោក​​​​​ខ្លួន​​​ទៅ​​​វិញ​​​។

ក្រុម​អ្នក​តវ៉ា​បាន​លើក​មាន់​ឆ្កាង​នៅ​ខាង​មុខ​របំាង​របស់សមត្ថា​កិច្ច​នៅ​ជិត​តុលា​ក្រុង​ភ្នំ​ពេញ​កាល​ពី​ម្សិល​មិញ​។​ ស៊ីវ​ ចាន់​ណា
ក្រុម​អ្នក​តវ៉ា​បាន​លើក​មាន់​ឆ្កាង​នៅ​ខាង​មុខ​របាំង​របស់សមត្ថកិច្ច​នៅ​ជិត​តុលាការ​ក្រុង​ភ្នំ​ពេញ​កាល​ពី​ម្សិល​មិញ​។​ ស៊ីវ​ ចាន់​ណា

លោក​​​ វន់ ពៅ ប្រធាន​​​សមាគមប្រជា​​​ធិបតេយ្យ​​​ឯករាជ្យ​​​នៃ​​​សេដ្ឋកិច្ច​​​ក្រៅ​​​ប្រព័ន្ធ ស្ថិត​​​ក្នុង​​​ចំណោម​​​បុរស​​​២៣​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចា​​​ប់​​​ខ្លួន​​​កាល​​​ពីថ្ងៃទី​​​២ និង​​​ទី​​​៣​​​ ខែ​​​មករា​​​ អំឡុង​​​បាតុ​​​កម្ម​​​ពីរ​​​​​​ផ្សេង​​​គ្នា ដើម្បី​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ ហើយ​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បង្ក​​​ ឬញុះញង់​​​ឲ្យ​​​មាន​​​អំពើ​​​ហិង្សា និង​​​បទ​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​។ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​ស្លាប់​​​មនុស្ស​​​យ៉ាង​​​ហោច​​​ណាស់​​​ប្រាំ​​​នាក់​​​អំឡុង​​​បាតុកម្ម​​​កាល​​​ពី​​​ថ្ងៃទី​​​៣​​​ ខែ​​​មករា​​​ ដែល​​​កាល​​​នោះ​​​បាតុករ​​​ប្រដាប់​​​ដោយ​​​ដំុ​​​ថ្ម​​​ ចំពាម​​​កៅស៊ូ និង​​​គប់ដបសាំង​​​។

អំឡុង​​​សវនាការ​​​កាល​​​ពី​​​ម្សិលមិញ ដែល​​​ជា​​​សវនាការ​​​លើក​​​ទី​​​៣​​​ លោក វន់ ពៅ បានមាន​​​ប្រសាសន៍​​​ថា លោក​​​នៅ​​​មាន​​​ការ​​​ឈឺ​​​ចាប់​​​នៅ​​​ឡើយ​​​ដោយ​​​សារ​​​ការ​​​​​​វាយ​​​ដំពី​​​សំណាក់​​​ទាហាន​​រួម​​​មាន​​​ទាំង​​​ទាហាន​​​មក​​​ពី​​​អង្គភាព​​​ទ័ព​​​ឆត្រ​​​យោង​​​លេខ​​​៩១១​​​ផង ​​​ដែល​​​ត្រូវ​​​បាន​​​បញ្ជា​​​ឲ្យ​​​មក​​​បង្ក្រា​​​ប​​​បាតុកម្ម​​​មួយ​​​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ យ៉ាកជិន កាល​​​ពី​​​ថ្ងៃ​​​ទី​​​២ ខែ​​​មករា។​​​លោក​​​បានមាន​​​ប្រសាសន៍ថា “ខ្ញុំ​​​ត្រូវ​​​គេ​​​វ៉ៃក្បាល​​​បី​​​បួន​​​ដំបង​​​ ហើយ​​​មាន​​​ឈាម​​​ហូរ​​​។ ខ្ញុំ​​​ស្គាល់​​​អ្នក​​​ដែល​​​វ៉ៃខ្ញុំ គាត់​​​មក​​​ពី​​​អង្គភាព​​​៩១១​​​”។

លោក​​​ វន់​​​ ពៅ​​​ បាន​​​បដិសេធ​​​ថា លោក​​​មិន​​​បាន​​​ញុះ​​​ញង់​​​ឲ្យមាន​​​អំពើ​​​ហិង្សា ដែល​​​បាន​​​ផ្ទុះ​​​ឡើង​​​រវាង​​​ទាហាន​​​និង​​​បាតុករ​​​នោះ​​​ទេ។ លោក​​​បាន​​​បន្ត​​​ទៀត​​​ថា “ខ្ញុំគ្រាន់​​​តែ​​​សុំ​​​ឲ្យ​​​ពួក​​​គាត់​​​កុំ​​​ប្រើ​​​អំពើ​​​ហិង្សា និង​​​កុំ​​​វ៉ៃ​​​ខ្មែរ​​​ប៉ុណ្ណោះ​​​។ ខ្ញុំ​​​បាន​​​បួង​​​សួង​​​សុំ​​​ឲ្យ​​​កង​​​យោធពល​​​ខេមរ​​​ភូមិ​​​ន្ទ​​​កុំ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ នៅ​​​ពេល​​​ពួក​​​គេ​​​យក​​​កាំ​​​ភ្លើង​​​ភ្ជង់​​​កម្មករ​​​ និង​​​ភ្ជង់​​​ខ្ញុំ​​​”។ លោក វន់ ពៅ​​​ គឺជា​​​បុរស​​​ចុង​​​ក្រោយ​​​​​​ដែល​​​ត្រូវ​​​បាន​​​តុលាការ​​​សាក​​​សួរ​​​កាល​​​ពី​​​ម្សិលមិញ​​​។

កាល​​​ពី​​​ម្សិលមិញ​​​នោះដែរ​​​  លោក សុគន្ធ សម្បត្តិ​​​ពិសិដ្ឋ​​​​​​  ស្ថិត​​​ក្នុង​​​ចំណោម​​​បុរស​​​១០​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅខាង​​​ក្រៅ​​​រោង​​​ចក្រ​​​យ៉ាក​​​ជិន កាល​​​ពី​​​ថ្ងៃ​​​ទី​​​២​​​ ខែ​​​មករា​​​ ក៏​​​បាន​​​បដិសេធ​​​ដែរ​​​ថា លោក​​​មិន​​​បាន​​​វាយ​​​ប្រហារ​​​ទៅលើ​​​ទាហាន​​​ទេ​​​ ហើយ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា គឺ​​​ទាហាន​​​ទៅ​​​វិញ​​​ទេ ដែល​​​បាន​​​វាយ​​​ដំ​​​គាត់​​​ដែល​​​គ្មាន​​​កំហុស។ លោក សុគន្ធ សម្បត្តិ​​​ពិសិដ្ឋ បាននិយាយ​​​ថា ​​”មុន​​​ពេល​​​ពួក​​​គេ​​​ចាប់​​​ខ្លួន​​​ខ្ញុំ ពួក​​​គេ​​​វ៉ៃខ្ញុំ​​​ហាក់​​​ដូចខ្ញុំ​​​ជា​​​ចោរ​​​អ៊ី​​​ចឹង​​​។ លោក វន់ ពៅ និង​​​ខ្ញុំ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ជាមួយ​​​គ្នា ហើយ​​​ខ្ញុំគិត​​​ថា ខ្ញុំ​​​នឹង​​​ស្លាប់​​​ ហើយ​​​​​​ក្លាយ​​​ជា​​​ចំណី​​​ក្រពើ​​​មិន​​​ខាន​​​”។

លោក ចាន់​​​ ពុទ្ធិ​​​សាក់ ជា​​​មនុស្ស​​​ម្នាក់​​​ទៀត​​​ក្នុង​​​ចំណោម​​​បុរស​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ទាំង​​​១០​​​នាក់​​​នេះ និយាយថា​​​ លោកក៏​​​បាន​​​រង​​​ការ​​​វាយ​​​ដំ​​​ដោយ​​​គ្មាន​​​មូល​​​ហេតុ​​​ដែរ​​​។ លោក​​​បាន​​​​​​អះ​​​អាង​​​ថា ទាហាន​​​បាន​​​ចាប់​​​ផ្តើម​​​គប់​​​ដប​​​ទៅលើ​​​បាតុករ​​​មុន​​​ ហើយ​​​លោក​​​បាន​​​បញ្ជាក់​​​ថា​​​លោក វន់​​​ ពៅ ពិត​​​ជា​​​បាន​​​អង្វរ​​​ករ​​​កុំ​​​ឲ្យ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ប្រាកដ​​​មែន​​​​​​។ លោក​​​បាន​​​និយាយ​​​ទៀត​​​ថា “ខ្ញុំ​​​បាន​​​ឮលោក ពៅ ប្រាប់​​​ទាហាន​​​ និង​​​កម្មករ​​​កុំ​​​ឲ្យ​​​ប្រើ​​​អំពើ​​​ហិង្សា ប៉ុន្តែ ពួក​​​គេ​​​មិន​​​បាន​​​​​​ស្តាប់​​​គាត់​​​ឡើយ​​​។ ទាហាន​​​អង្គភាព​​​៩១១​​​បាន​​​គប់​​​ដប​​​មក​​​លើ​​​កម្មករ​​​មុន​​​ ពេល​​​នោះ​​​កម្មករ​​​ក៏​​​គប់​​​​​​ទៅ​​​លើ​​​ទាហាន​​​វិញ”។

ក្នុង​​​ពេល​​​ជា​​​មួយគ្នា​​​នេះ​​​ដែរ​​​ នៅក្នុង​​​ប​​​ន្ទប់​​ជំនុំ​​​ជម្រះ​​​មួយ​​​ទៀត​​​នៃ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ សវនាការ​​​បាន​​​បន្ត​​​នៅក្នុង​​​សំណុំ​​​រឿង​​​បុរស​​​១៣​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​អំឡុង​​​បាតុកម្ម​​​កាល​​​ពី​​​ថ្ងៃទី​​​៣ ខែ​​​មករា​​​ នៅលើ​​​កំណាត់​​​ផ្លូវ​​​វេង​​​ស្រេង​​​ ដែល​​​បាន​​​បញ្ចប់​​​ទៅ​​​ដោយការ​​​បាញ់​​​ប្រហារ​​​បណ្តាល​​​ឲ្យកម្មករ​​​កាត់​​​ដេរ​​​យ៉ាង​​​ហោច​​​ណាស់​​​ប្រាំ​​​នាក់​​​ស្លាប់​​​។ កម្មករ​​​ម្នាក់​​​ទៀត​​​ដែល​​​បាន​​​រង​​​របួស​​​នៅ​​​ក្នុង​​​ហេតុ​​​ការណ៍​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នោះ​​​ បាន​​​​​​ទទួល​​​មរណភាព​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។

កាល​​​ពី​​​ម្សិលមិញ សាលា​​​ដំបូង​​​បាន​​​ស្តាប់​​​សក្ខី​​​កម្ម​​​របស់​​​​​​​នគរ​​​បាល​​​ និង​​​កងរាជ​​​អាវុធ​​​ហត្ថ​​​១៨​​​នាក់​​​ ដែល​​​សុទ្ធ​​​តែ​​​អះ​​​អាង​​​ថា ពួកគេ​​​បាន​​​រង​​​ការ​​​វាយ​​​ប្រហារ​​​មុន ហើយ​​​រង​​​របួស​​​ដោយសារ​​​ “ក្រុម​​​អនាធិបតេយ្យ​​​” ដែល​​​គប់​​​ដំុថ្ម និង​​​គ្រាប់​​​បែក​​​សាំង។

លោក​​​ អ៊ុក​​​ សម្បត្តិ អធិការ​​​រង​​​នគរបាល​​​ខណ្ឌ​​​៧​​​មករា បានមាន​​​ប្រសាសន៍ថា “ថ្នាក់​​​លើ​​​របស់​​​យើង​​​បាន​​​ប្រាប់​​​ឲ្យ​​​យើង​​​ចរចា​​​ជាមួយ​​​ពួកគេ​​​ ប៉ុន្តែ ពួកគេ​​​មិន​​​ស្តាប់​​​យើង​​​ទេ​​​។ ជាក់​​​ស្តែង​​​ណាស់​​​ ពួក​​​គេ​​​បាន​​​ប្រមាថ​​​យើង​​​ដោយ​​​និយាយ​​​ថា ‘ អាប៉ូលិស​​​​​​យួន អា​​​​​​ឆ្កែ​​​”​ ។

លោក​​​បានមាន​​​ប្រសាសន៍ទៀត​​​ថា ​​​បន្ទាប់​​​ពី​​​នោះ “ក្រុម​​​អនាធិបតេយ្យ​​​នោះ​​​បាន​​​​​​វាយ​​​ប្រហារ​​​ពួក​​​យើង​​​ដោយ​​​ដំុ​​​ថ្ម ​​​ដុត​​​ដបសាំង អុស​​​ និង​​​តុ​​​…។ ​​​ខ្ញុំ​​​ត្រូវ​​​ដុំ​​​ថ្ម​​​ចំ​​​ច្រមុះ​​​ និង​​​មុខ​​​ ពេល​​​នោះ​​​ខ្ញុំ​​​ក៏​​​សន្លប់​​​។ នៅពេល​​​ខ្ញុំ​​​ដឹងខ្លួន​​​វិញ ​​​គឺ​​​ខ្ញុំ​​​ស្ថិត​​​នៅ​​​ក្នុង​​​មន្ទី​​​រពេទ្យ​​​​​​ព្រះកុសុមៈ​​​ទៅ​​​ហើយ​​​”។

លោក គង់ គិរី មេបញ្ជាការ​​​​​​រង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​រាជធានី​​​ភ្នំពេញ​​​បានផ្តល់​​​សក្ខី​​​កម្ម​​​ប្រាប់​​​​​​តុលាការ​​​ស្រដៀង​​​គ្នា​​​នឹង​​​អ្វី​​​ដែល​​​មន្ត្រី​​​កង​​​កម្លាំង​​​ផ្សេង​​​ទៀត​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ដែរ​​​។ នៅ​​​ពេល​​​លោក​​​ ហម ស៊ុនរិទ្ធិ​​​ មេធាវី​​​ការ​​​ពារ​​​ចុង​​​ចោទ​​​សួរ​​​ថា តើ​​​បាតុករ​​​បាន​​​រង​​​ការ​​​បាញ់​​​ប្រហារ​​​ដោយ​​​របៀបណា​​​នោះ​​​ លោក គង់​​​ គិរី បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​ដឹង​​​ទេ​​​។ លោក គង់​​​ គិរី មាន​​​ប្រសាសន៍ថា “យើង​​​គ្មាន​​​កាំ​​​ភ្លើង​​​ទេ​​​ មាន​​​តែ​​​ឯក​​​សណ្ឋាន​​​បង្ក្រាបបាតុក​​​ម្ម​​​ប៉ុណ្ណោះ​​​ ដូច្នេះ​​​ខ្ញុំ​​​មិន​​​ដឹង​​​ថា នរណា​​​ជា​​​អ្នក​​​បាញ់​​​ពួកគេ​​​ទេ​​”។

​​​តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា នៅ​​​ពេល​​​លោក​​​ ហម ស៊ុនរិទ្ធិ​​​ បង្ហាញ​​​រូប​​​ថត​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ម្នាក់​​បាញ់​​​កាំ​​​ភ្លើង​​​វែង​​​ លោក គង់​​​ គិរី​​​ ក៏​​​ផ្ទុះ​​​កំហឹង ហើយ​​​បាន​​​​​​ស្រែក​​​គំហក​​​ដាក់​​​មេធាវី​​​រូប​​​នេះ​​​ដោយចោទ​​​ប្រកាន់​​​​​​រូប​​​លោក​​​ថាគ្មាន​​​ការ​​​គោរព​​​។ លោក គង់​​​ គិរី បានមាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ថា គាត់​​​ជា​​​នរណា​​​ទេ​​​ ពី​​​ព្រោះ​​​មាន​​កង​​​កម្លាំង​​​ជាច្រើន​​​មក​​​ពី​​​អង្គភាព​​​ផ្សេង​​​ៗគ្នា”។

នៅ​​​ពេល​​​មេធាវី​​​រូប​​​នេះ​​​សួរត​​​​​​ទៅ​​​ទៀត​​​ថាហេតុ​​​អ្វី​​​បាន​​ជា​​​កង​​​កម្លាំង​​​វា​​យ​​​ដំ​​​កូន​​​ក្តី​​​របស់​​​លោកនោះ ចៅ​​​ក្រម​​​​​​ លាង សំណាត បាន​​​បញ្ឈប់​​​ការ​​​សួរ​​​ភ្លាម​​​ៗ​​​ដោយបញ្ជាក់​​​ថា វា​​​ជា​​​សំណួរ​​​​​​មិនពាក់​​​ព័ន្ធ​​​។

នៅខាង​​​ក្រៅ​​​សាលាដំបូង​​​រាជ​​​ធានី​​​អំឡុង​​​ពេល​​​សវនាការ​​​ កង​​​សន្តិសុខ​​​ខណ្ឌ​​​ និង​​​សកម្ម​​​ជន​​​ជា​​​ព្រះ​​​សង្ឃ​​​បាន​​​ប្រវាយ​​​ប្រតប់គ្នា​​​មួយ​​​ប្រាវ​​​នៅ​​​ចំណុច​​​របាំង​​​បិទ​​​ផ្លូវ ​​​ដែល​​​នគរបាល​​​បាន​​​ដាក់​​​ដើម្បី​​​រារាំង​​​អ្នក​​​តវ៉ា​​​រាប់​​​រយ​​​នាក់​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​ខាង​​​ក្នុង។

សន្តិសុខ​​​ខណ្ឌ​​​៧​​​មករា​​​ម្នាក់​​​ឈ្មោះ ប៉ា សុភាព​​​ និយាយ​​​ថា សហ​​​សេវិក​​​បួន​​​នាក់​​​របស់​​​គាត់​​​បាន​​​រង​​​របួស​​​ ខណៈ​​​ពេល​​​ពួកគាត់​​​ព្យាយាម​​​បំបែក​​​ក្រុម​​​អ្នក​​​តវ៉ា​​​។ គាត់​​​និយា​​​យ​​​ទៀ​​​ត​​​ថា “លោក​​​​​​សង្ឃ​​​មួយ​​​អង្គ​​​បាន​​​យក​​​ដុំ​​​ថ្ម​​​វាយ​​​សន្តិ​​​សុខ​​​​​​ម្នាក់​​​ចំ​​​ចំណុច​​​ក្បែរ​​​ចិញ្ចើម ហើយ​​​រយះ​​​ដេរ​​​បួន​​​ថ្នេរ​​​ ចំណែក​​​ឯ​​​សន្តិ​​​សុខ​​​​​​ម្នាក់​​​ទៀត​​​បាន​​​រង​​​របួស​​​ដៃ​​​ខាង​​​ស្តាំ”។

សន្តិសុខ​​​ម្នាក់​​​ទៀត​​​ដែល​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​និយាយ​​​ថា លើក​​​ក្រោយ​​​ពួក​​​គេនឹង​​​មិន​​​បន្ធូរ​​​ដៃ​​​ឲ្យ​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​ឡើយ​​​។ គាត់​​​និយាយ​​​ទៀ​​​តថា “វាជា​​​មេរៀន​​​សម្រាប់​​​ពួក​​​យើង ហើយ​​​លើក​​​ក្រោយ​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​ប្រើ​​​កម្លាំង​​​ យើង​​​នឹង​​​សងសឹក។ យើង​​​មាន​​​រូ​​​ប​​​ថត​​​លោក​​​សង្ឃ​​​ដែល​​​គប់​​​ដុំ​​​ថ្ម​​​ដាក់​​​ពួក​​​យើង​​​ហើយ​​​ ហើយ​​​យើង​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​នគរបាល​​​សង្កាត់​​​រួច​​​ហើយ​​​”។

នគរបាល​​​សង្កាត់​​​បញ្ជាក់​​​ថា ខ្លួន​​​​​​ទទួល​​​បាន​​ពាក្យ​​​បណ្តឹង​​​រួច​​​ហើយ ហើយ​​​ក្នុង​​​ពាក្យ​​​បណ្តឹង​​​នោះ​​​បាន​​​ចោទ​​​ប្រកាន់​​​ព្រះសង្ឃ​​​មិន​​​បញ្ចេញ​​​ព្រះនាម​​​ប្រាំ​​​អង្គ​​​ ចំពោះការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​នេះ។

ព្រះ​​​តេជគុណ ប៊ុត ប៊ុនទិញ ប្រធាន​​​បណ្តាញ​​​ព្រះ​​​សង្ឃ​​​ឯករាជ្យដើម្បី​​​យុត្តិធម៌​​​សង្គម​​​ ដែល​​​បាន​​​ដឹក​​​នាំ​​​ព្រះ​​​សង្ឃ​​​មួយ​​​ចំនួន​​​​​​ទៅ​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​នេះ​​​បាន​​​មាន​​​សង្ឃដី​​​កា​​​ថា ព្រះ​​​អង្គ​​​ស្វាគមន៍​​​ពាក្យ​​​បណ្តឹង​​​នេះ ហើយ​​​បា​​​ន​​​អះ​​​អាង​​​ថា សមាជិក​​​ព្រះ​​​អង្គធ្វើ​​​ដើម្បី​​​ការ​​​ពារ​​​ព្រះ​​​កាយ​​​ប៉ុណ្ណោះ។ ព្រះ​​​អង្គ​​​មាន​​​សង្ឃ​​​ដីកាបន្ត​​​ថា “[សន្តិសុខ​​​]​​​ជាអ្នក​​​ដេញ​​​វាយ​​​ព្រះ​​​សង្ឃ​​​របស់​​​​យើង។ ​​​យើង​​​ឃើញ​​​ពួកគេ​​​វាយ​​​ព្រះ​​​សង្ឃ ហើយ​​​ព្រះ​​​សង្ឃ​​​ទ្រាំ​​​មិន​​​បាន​​​ ក៏​​​វាយ​​​តប​​​វិញ​​​”។ សវនាការ​​​នេះ​នឹង​​​​ធ្វើ​​​ឡើង​​​បន្ត​​​ទៀត​​​នៅ​​​ថ្ងៃ​​​នេះ​​​៕ សុខុម

 (រាយការណ៍​​​បន្ថែម​​​ដោយ មិុច ដារ៉ា​​​)​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស