របបខ្មែរក្រហមត្រូវបានរំឭកកាលពីម្សិលមិញ ជាមួយសម្រែកដ៏សោកសង្រេង និងការសម្ដែងឡើងវិញឲ្យដូចហេតុការណ៍បាញ់សម្លាប់ពិតៗយ៉ាងព្រៃផ្សៃ ការស្រេកឃ្លាន និងការបង្ខំឲ្យធ្វើការងារហួសកម្លាំង និងការប្រហារជីវិត ដែលកើតឡើងជាធម្មតា នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩នៅក្នុងប្រទេសកម្ពុជា។

“ទិវាចងកំហឹង” ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៨៤ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានចូលរួមពីសំណាក់ប្រជាពលរដ្ឋ ព្រះសង្ឃ និងមន្ត្រីសាលារាជធានីប្រហែល៦០០អង្គ-នាក់។
តួសម្តែងម្នាក់ក្នុងចំណោមតួសម្តែងបានលើកឡើងនៅក្នុងសុុន្ទរថាដើម្បីចាប់ផ្ដើមការសម្ដែងនេះថា “ប្រជាជនស្លូតត្រង់ជាងបីលាននាក់បានបាត់បង់អាយុជីវិតរបស់ខ្លួនដោយគ្មានកំហុស សង្គមធ្លាក់ក្នុងភាពងងឹតសែនជ្រៅ”។
ខណៈដែលអ្នកស្រីបានលើកឡើងដូច្នេះ អ្នកចូលរួមខ្លះបានដើរយឺតៗកាត់ផ្នូរ ដែលសាកសពរាប់ពាន់ ត្រូវបានគាស់ឡើង បន្ទាប់ពីការដួលរលំនៃរបបនេះ។ទោះជាយ៉ាងណា បទភ្លេងរំជួលចិត្តបានបន្លឺឡើងជាសញ្ញាបង្ហាញថា ការសម្តែងជិតចាប់ផ្តើមហើយ។
សិល្បករពាក់អាវខ្មៅ និងបង់កក្រមាក្រហម បានធ្វើឲ្យជីវិតដ៏ខ្មៅងងឹតនៅក្នុងរបបនោះ រស់ឡើងវិញតាមរយៈការសម្ដែងឈុតបំបែកទារកព្រាត់ប្រាស់ចេញពីម្តាយរបស់ខ្លួន ការជ្រមុជទឹក ការធ្វើទារុណកម្ម ការធ្វើឲ្យពិការនិងសម្លាប់កងចល័តដែលស្រេកឃ្លានអាហារ។
អ្នកឈរមើលជាច្រើនលើកទូរស័ព្ទស្មាតហ្វូនថតផ្ដិតយកទស្សនីយភាពនេះ ឬអ្នកខ្លះទៀតឈរមិនកម្រើក ក្មេងតូចៗមួយចំនួនតូចប្រមូលផ្តុំគ្នាទាំងស្រឡាំងកាំង។
លោកតា ស៊ឹម ខុន វ័យ៧៤ឆ្នាំ បានមានប្រសាសន៍ ខណៈដែលគាត់ជក់បារីមួយដើម ឱនទៅមាត់រណ្តៅកប់ជនរងគ្រោះថា “វាធ្វើឲ្យខ្ញុំចងចាំអំពីការឈឺចាប់”។
យោងតាមលោក លី សុខឃាង ប្រធានគម្រោងនៃកម្មវិធីស្វែងរកយុត្តិធម៌នៅមជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងថា ”ទិវានេះរៀបចំឡើងក្នុងគោលបំណងកាត់បន្ថយការខ្វែងគំនិតគ្នារវាងអតីតគូសត្រូវ…ដើម្បីទុកពេលឲ្យប្រជាពលរដ្ឋបញ្ចេញនូវទុក្ខសោកនិងកំហឹងរបស់ខ្លួនដោយសន្តិវិធី និងដើម្បីឲ្យប្រជាពលរដ្ឋនឹកឃើញដល់ភាពឃោរឃៅរបស់ពួកខ្មែរក្រហមដែលប្រព្រឹត្តលើប្រជាជនកម្ពុជា”។
ក៏ប៉ុន្តែព្រឹត្តិការណ៍ដែលរៀបចំឡើងដោយសាលារាជធានីនេះ នៅតែផ្តល់ឱកាសឲ្យគណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងអំណាចលើកសរសើរពីគុណបំណាច់របស់គណបក្សនេះ និងមេដឹកនាំរបស់ខ្លួន គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភា ដែលស្ថិតក្នុងកងកម្លាំងគាំទ្រដោយវៀតណាម ដែលបានបណ្តេញពួកខ្មែរក្រហមចេញពីអំណាច។រូបថតរបស់ពួកគាត់ និងទង់បក្សមួយត្រូវបានដំឡើងនៅក្រៅស្ដូបរំឭកវិញ្ញាណក្ខន្ធដែលតម្កល់ឆ្អឹងសាកសពរាប់ពាន់។
ស្ត្រីម្នាក់ដែលមិនបានប្រាប់ឈ្មោះ និងជាអ្នកឡើងធ្វើចំណាប់អារម្មណ៍ផ្លូវការក្នុងពិធីនេះបានលើកឡើងថា “បច្ចុប្បន្នមិនថាមានជនអគតិខ្លះដែលកំពុងបង្កបញ្ហា អស្ថិរភាព និងជាការគំរាមដល់រដ្ឋាភិបាលក្ដី ក៏គណបក្សប្រជាជនកម្ពុជានៅតែប្រកាន់គោលជំហររឹងមាំនិងភាពអត់ធ្មត់របស់ខ្លួនចំពោះគណបក្សប្រឆាំង តាមរយៈការព្យាយាមដោះស្រាយបញ្ហាតាមប្រព័ន្ធតុលាការ និងគិតពីផលប្រយោជន៍ជាតិជាធំ”៕ ប៊ុននី