38.1 C
Phnom Penh

បុគ្គលិក​ក្រុមហ៊ុន​កាល់​តិច​បន្ត​ធ្វើ​កូដកម្ម​បន្ទាប់ពី​ការ​ចរចា​បរាជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​សហជីព​និង​មន្ត្រី​ក្រុម​ហ៊ុ​ន​ប្រេង​ឥន្ធនៈ​កាល់តិច​ បាន​ជួប​ប្រជុំ​រយៈពេល​ពីរ​ម៉ោង​នៅការិយាល័យ​របស់​ក្រុមហ៊ុន​ក្នុង​រាជធានីភ្នំពេញ​ កាលពីម្សិលមិញ​ ប៉ុន្តែ​មិន​បានឈាន​ដល់​ការ​ព្រម​ព្រៀង​ដើម្បី​បញ្ចប់​កូដកម្ម​របស់​បុគ្គលិក​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​ដ៏ធំ​របស់​អាមេរិក​នេះឡើយ។

បុគ្គលិក​ក្រុម​ហ៊ុន​កាល់​តិច​​ប្រហែល​៣០០​នាក់​បាន​ធ្វើកូដ​កម្ម​ទូទាំង​រាជធានី​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា​មក ទាម​ទារ​ដំឡើង​ប្រាក់ឈ្នួល​ពី​១១០​ដុល្លារ​ដល់​១៦០​ដុល្លារ​។

លោក ស ម៉ូរ៉ា ប្រធាន​សហព័ន្ធសហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្មកម្ពុជា​ បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​កិច្ច​ប្រជុំថា “កិច្ច​ប្រជុំនេះ​បង្ហាញថា ក្រុម​ហ៊ុន​មិន​ចង់​រក​ដំណោះ​ស្រាយ​សម្រាប់​បុគ្គលិក​ឡើយ​ ពីព្រោះ​​ការ​ទាម​ទាររបស់​យើង​ទាំង​អស់​ត្រូវ​បាន​បដិសេធ”​។

លោក​ ស ម៉ូរ៉ាបាន​បន្ថែម​ថា “បុគ្គលិក​ទាំង​​អស់នៅ​តែ​ប្រកាន់​ជំហរ​បន្ត​ធ្វើ​កូដ​កម្ម​របស់​ខ្លួន​ដដែល​​ ដោយ​ហេតុ​ថា​ក្រុមហ៊ុន​បាន​បដិសេធ​ការ​ទាម​ទារ​របស់​ពួកគេ​ទាំង​អស់​។ ដោយសារ​គ្មាន​ដំណោះ​ស្រាយ​ ក្នុង​រយៈ​ពេល​៤៨​ម៉ោង​ បញ្ហា​នេះ​នឹង​ត្រូវ​បញ្ជូនទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​”។

តំណាង​ក្រុម​ហ៊ុន​កាល់​តិច​ម្នាក់​​មិន​បានឆ្លើយ​តប​ចំពោះ​សំណើ​សុំអត្ថាធិប្បាយទេ។ បុគ្គលិកក្រុម​ហ៊ុន​កាល់​តិច​​ក៏បាន​ទា​ម​ទារ​ឲ្យមានកន្លែង​ថែទាំ​ទារក​ ការ​ជួល​អ្នក​សម្អាត​បន្ថែម​ ការជប់​លៀង​ប្រចាំ​ឆ្នាំ និង​ប្រាក់​ឧបត្ថម្ភប្រចាំ​ឆ្នាំ​ស្មើនឹង​ប្រាក់ឈ្នួល​មួយ​ខែ​ផង​ដែរ​។

លោក ស ម៉ូរ៉ា បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​បុគ្គលិក​មួយ​ចំនួន​ត្រូវ​បាន​ផ្ដល់រង្វាន់​ចំពោះ​ការ​ប្រឹង​ប្រែង​ធ្វើការ​ងារ​ ដោយ​មាន​រៀបចំពិធីជប់​លៀង​ប្រចាំ​ឆ្នាំ និង​ប្រាក់​ខែមួយ​ខែ​​បន្ថែម​ ប៉ុន្តែ​ថា បុគ្គលិក​ទាំង​អស់​គួរ​ទទួល​បាន​ផលប្រយោជន៍បន្ថែម​លើប្រាក់ឈ្នួល​។

កាលពីថ្ងៃសុក្រ ក្រុម​ហ៊ុន​ឈេហ្វរ៉ុន ជាក្រុមហ៊ុន​​ប្រេង​ឥន្ធនៈ​ដ៏ធំ​របស់​អាមេរិក​​ដែល​ប្រើ​ប្រាស់​យីហោកាល់​តិច​ក្នុង​ប្រទេស​កម្ពុជា​ ទំនង​ជា​បាន​បញ្ចប់​ការ​ធ្វើ​កូដកម្ម​នេះ​តាមរយៈ​ការ​​សម្រុះ​សម្រួល​ជាមួយ​​បុគ្គលិក​ដែល​ធ្វើ​កូដ​កម្ម​។

ក្រុម​ហ៊ុ​ន​បាន​សន្យា​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ចំនួន​២០​ដុល្លារ​ប្រសិន​បើ​បុគ្គលិក​ទាំង​អស់​ត្រឡប់​ទៅ​ធ្វើការ​តាម​ស្ថានីយ​របស់​ខ្លួនវិញ អំឡុង​ការ​សិក្សា​អំពីប្រាក់​ឈ្នួល​រយៈពេល​ពីរ​ខែ​។

លោក​ ស ម៉ូរ៉ា បានមាន​ប្រសាសន៍​ថា សហជីព​បាន​យល់​ព្រម​ជា​គោល​ការណ៍​ហើយ ប៉ុន្តែ​បាន​ទាម​ទារ​ថា ការ​សន្យា​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នេះត្រូវ​សរសេរ​ជាលាយ​លក្ខណ៍​អក្សរ​ ជា​លក្ខខណ្ឌ​ដែល​មិន​ត្រូវ​បាន​ឆ្លើយ​តប​។

លោក យឿន​ រ៉េត អាយុ​៣៧​ឆ្នាំ​ ជាបុគ្គលិ​ក​ក្រុមហ៊ុនកាល់តិច​ម្នាក់​បាននិយាយ​កាលពី​ម្សិល​មិញ​ថា គាត់​ខឹង​ពីការ​ដែល​ក្រុម​ហ៊ុន​បដិសេធ​មិន​ជួប​ប្រជុំជាមួយ​បុគ្គលិក​​​នៅ​​​ពាក់​កណ្ដាល​ទី ។

លោក យឿន រ៉េត បាន​និយាយ​ថា “យើង​ខក​ចិត្ត​នឹង​ការ​សម្រេច​របស់​ក្រុ​ម​ហ៊ុនណាស់​ ពីព្រោះ​យើង​បានព្យាយាម​បន្ទន់​ជំហរ​របស់​យើង ហើយ​ទុក​ពេល​ឲ្យពួកគេ​សិក្សា​រយៈពេល​ពីរ​ខែ​​ទៀត​ ខណៈ​ដែល​ពួកគេ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ២០​ដុល្លារនោះ​”។ គាត់​បាន​បន្ថែម​ទៀត​ថា “ប៉ុន្តែ​ពួកគេ​មិន​យល់​ព្រម​តាម​សំណើរបស់​យើង​ទេ ហេតុ​ដូច្នេះ​ហើយយើង​បន្ត​ធ្វើកូដ​កម្ម​រហូត​ទាល់តែ​មាន​ដំណោះ​ស្រាយ​”៕ សារុន​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស