26 C
Phnom Penh

សមា​ជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ ស្ដី​បន្ទោស​អ្នក​រិះ​គន់​រដ្ឋ​សភា​ឯក​បក្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋ​សភា​ឯកបក្ស​បានបើក​​​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣របស់​ខ្លួន​ដែល​​​ឈានចូលថ្ងៃ​ទី​២​​​កាល​ពី​ម្សិលមិញ​ ដោយ​ពិភាក្សា​អំពី​ជំពូក​ចំនួន​២ ក្នុង​ចំណោម​ជំពូក​ចំនួន​៨ នៃ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការ​​​ប្រព្រឹត្ត​​​ទៅ​​​របស់​តុលាការ​។

រដ្ឋ​សភា​ដែល​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​​​សារ​​​​សមាជិក​សភា​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៥៥​រូប​ ​ធ្វើ​ពហិការ​​​មិន​​​ចូល​​​រួម​​​នេះ​​​ បាន​កោះ​ប្រជុំ​ដើម្បី​ពិភាក្សា​​​​អំពី​​​ច្បាប់​​​ដំបូង​​​នៃ​​​ច្បាប់​ចំនួន​បី​ស្ដីពី​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ ក៏​ប៉ុន្តែ​បាន​ចំណាយ​ពេល​ស្ទើរ​​​ពេញ​មួយថ្ងៃ​សាក​សួរ​អំពី​ភាព​​​ដែល​​​អាច​​​ជឿទុក​​​ចិត្ត​​​បាន​​​​របស់​អ្នក​រិះគន់​ខ្លួន​ទៅ​​​វិញ។

លោក​ ហូ៊ ស្រីុ ជា​សមាជិក​សភា​មួយ​រូបក្នុង​ចំណោម​សមាជិក​សភា​គណបក្ស​ប្រជាជន​ចំនួន​៦៥​រូប​ ដែល​មាន​វត្ត​មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ បាន​រិះគន់​អង្គការ​សង្គម​ស៊ីវិល និង​បណ្ដាញ​ព័ត៌មាន​ ដែល​លោក​បាន​អះអាង​ថា គ្មានសិទ្ធិ​​​សាក​​​សួរ​​​អំពីភាព​​​ស្រប​​​ច្បាប់​​​​របស់​រដ្ឋ​សភា​ទេ​​​។

លោក ហូ៊ ស្រីុ បាន​មាន​ប្រសាសន៍​ថា “មាន​អ្នក​ខ្លះ​និយាយ​ដោយ​មិន​ខ្មាសអៀន​ថា មិន​គួរ​យក​ច្បាប់​នេះ​មក​ពិភាក្សា​ទេ ពីព្រោះ​គណបក្ស​មួយ​ទៀត​មិន​ទាន់​ចូល​សភា​​ទេ​។ ខ្ញុំ​សូម​ប្រាប់​ពួក​គេ​ថា… ហេតុ​អ្វី​បាន​ជា​អស់​លោក​មិនទៅ​​​សួរ​​​​អ្នក​ដែល​​​នៅ​ក្រៅ​សភា​ទៅ?”។

ពេល​​​នោះ លោក​ ហូ៊ ស្រីុ បាន​ផ្ដោត​ទៅ​លើ​ក្រុម​ជំនាញ​ផ្នែក​ច្បាប់​ ដែល​ត្រូវ​បាន​ដក​ស្រង់​នៅ​ក្នុង​បណ្ដាញ​ព័ត៌មាន​ ដោយ​និយាយ​ថា លោក​ ជាម យៀប​ សមាជិក​សភា​គណ​បក្ស​ប្រជាជន​កម្ពុជា​ ស័ក្ដិ​​​សម​​​បំផុត​ក្នុង​ការ​ឆ្លើយ​នឹង​សំណួរ​ទាក់ទង​នឹង​ច្បាប់​នេះ​។

លោក​ ហូ៊ ស្រីុ បានមាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​សង្កេត​ឃើញ​ថា អ្នក​វិភាគ​ផ្នែក​ច្បាប់​ខ្លះ​ត្រូវបាន [បណ្ដាញ​ព័ត៌មាន​] ចាត់​ទុក​ថា ជា​អ្នកវិភាគ​ផ្លូវ​ច្បាប់​ដ៏​លេច​ធ្លោ។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​និយាយ​​​ពី​​​ឯកឧត្តម​ ជាម យៀប ដែល​ជា​សមាជិក​សភា​វ័យ​ចំណាស់​បំផុត​នៅ​ក្នុង​សភា​? ហេតុអ្វី​បាន​ជា​ហៅ​តែ​អ្នក​មិន​ដែល​តាក់​តែង​ច្បាប់​ទៅ​វិញ​?”។

លោក​ ឈាង​ វុន សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នក​នាំពាក្យ​របស់​សភា​ក៏​បាន​រិះគន់​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ​ ចំពោះ​ការ​បន្ត​អំពាវនាវ​​​របស់​​​ពួកគេ​​​​ឲ្យ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​​កម្ពុជា​រាប់​បញ្ចូល​សំឡេង​ខាង​ក្រៅ​ក្នុង​ការ​ពិភាក្សា​របស់​ខ្លួន​ស្ដី​ពី​ច្បាប់​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ដែល​គេ​រង់ចាំ​ជា​យូរ​មក​ហើយ​នោះ។

លោក​ ឈាង​ វុន បាន​មាន​ប្រសាសន៍​ថា “សេចក្ដី​ព្រាង​ច្បាប់​ទាំង​នេះ​ត្រូវ​បាន​ពិភាក្សា​រយៈ​ពេល​១០​ឆ្នាំ​ហើយ​។ នៅ​ពេល​​យើង​មិន​ធ្វើ​ ពួក​គេ​សួរ​ថា ហេតុ​អ្វី​បាន​ជា​យើង​មិន​ធ្វើ​។ ហើយ​នៅ​ពេល​​យើង​ធ្វើ​ ពួក​គេ​សួរ​ថា ហេតុ​អ្វី​បាន​ជា​យើង​លឿន​ម្លេ៉ះ”។

លោក​ ឈាង​ វុន បាន​ចេញ​មុខ​ការពារ​លោក​ អង្គ វង្សវឌ្ឍានា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌​ដោយ​​លើក​ឡើង​ថា តួនាទី​បន្ថែម​របស់​លោក​​ក្នុង​ការ​គ្រប់គ្រង​ថវិកា​តុលាការ​​ ដូចដែល​បាន​ចែង​នៅ​ក្នុង​សេចក្ដី​ព្រាង​នេះ​ មិន​បាន​ផ្ដល់​អំណាច​ហួស​ហេតុ​ដល់​ផ្នែក​ប្រតិបត្តិ​ ដូច​ដែល​​អ្នក​រិះគន់​បាន​អះអាង​នោះ​ឡើយ​។​​​ លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ក្នុង​ប្រទេស​បារាំង​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​មិន​គ្រាន់តែ​គ្រប់គ្រង​ថវិកា​នោះ​ទេ​ ក៏ប៉ុន្តែ​ក៏គ្រប់គ្រងការ​ចំណាយ​ផង​ដែរ​។ នៅ​ក្នុង​បរិបទ​នេះ​ តើ​យើង​អាច​ចោទ​ប្រព័ន្ធ​ច្បាប់​បារាំង​ថា អាក្រក់​បាន​​​ទេ​​​​?”។

មុន​បិទ​សម័យ​ប្រជុំ​ លោក​ សួស យ៉ារ៉ា សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សួរ​ថា ហេតុអ្វី​បាន​ជា​ការ​ជួល​ក្រុម​អ្នក​ជំនាញ​ធ្វើ​ការ​ពេញ​ម៉ោង​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ច្បាប់​ថ្មី​ សម្រាប់​ករណី​ពិសេសៗ​ ដែល​អាច​បញ្ជូន​ទៅ​តុលាការ។

លោក​ យ៉ារ៉ា បាន​សួរ​ថា “យើង​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​សមាជិក​របស់​តុលាការ​គ្មាន​ទីប្រឹក្សា​ផ្នែក​ពាណិជ្ជកម្ម និង​ទីប្រឹក្សា​ផ្នែកការងារ​នៅ​ឯ​តុលាការ​ ដើម្បី​ស្វែង​រក​យុត្តិធម៌​” ក្នុង​សំណុំរឿង​ក្ដី​ដែល​ពាក់ព័ន្ធ​។

លោក​ អង្គ វង្សវឌ្ឍានា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​ថា ក្នុង​សំណុំរឿង​​​​ដែល​​​តម្រូវ​ឲ្យ​មាន​អ្នក​​​ជំនាញ ពេល​​​នោះ​​​អ្នក​ជំនាញ​ទាំង​នោះ​នឹង​ត្រូវ​ហៅ​ទៅ​តុលាការ។ សម័យ​ប្រជុំ​រដ្ឋសភា​បន្ត​នៅ​ថ្ងៃនេះ​៕​ប៊ុននី​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស