អំឡុងសវនាការសាកសួរឈានចូលដល់ថ្ងៃទី២ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទញុះញង់ឲ្យមានអំពើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងបាតុកម្មមួយកាលពីថ្ងៃទី២ ខែមករា លោក វន់ ពៅ មេដឹកនាំសហជីពត្រូវបានអយ្យការបង្ហាញរូបថតរ៉ឺម៉កម៉ូតូកង់បីរបស់លោក ដែលមានពេញទៅដោយដុំថ្ម និងខ្សែវីដេអូមួយទៀត ដែលបង្ហាញពីសកម្មភាពលោកអំពាវនាវឲ្យនគរបាលបែរកាណុងកាំភ្លើងដាក់មេរបស់ពួកគេ ប្រសិនបើពួកគេទទួលបញ្ជាឲ្យបាញ់បាតុករ។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ទាហានជាអ្នកយកដុំថ្មទាំងនោះដាក់ក្នុងរ៉ឺម៉កម៉ូតូកង់បីរបស់លោក ហើយលោកបានច្រានចោលការប្រើប្រាស់វីដេអូ ដែលថតពីទិដ្ឋភាពបាតុកម្មដាច់ដោយឡែកមួយកាលពីប៉ុន្មានថ្ងៃមុននោះ។
មេដឹកនាំសហជីពរូបនេះស្ថិតនៅក្នុងចំណោមបុរស២៣នាក់ដែលត្រូវឡើងសវនាការទទួលការជំនុំជម្រះចំពោះការពាក់ព័ន្ធរបស់ពួកគេក្នុងបាតុកម្មពីរផ្សេងគ្នា ដើម្បីទាមទារដំឡើងប្រាក់ខែគោលក្នុងវិស័យកាត់ដេរ កាលពីដើមខែមករា។ បាតុកម្មនោះត្រូវបានបញ្ចប់ទៅដោយការបង្ហូរឈាម កាលពីថ្ងៃទី៣ ខែមករា បន្ទាប់ពីកងរាជអាវុធហត្ថបានបាញ់ស្លាប់កម្មករកាត់ដេរយ៉ាងហោចណាស់ប្រាំនាក់។
លោក វន់ ពៅ រួមជាមួយបុរសប្រាំបួននាក់ទៀតដែលត្រូវបានទាហានវាយដំ មុនពេលលោកត្រូវចាប់ខ្លួននៅខាងក្រៅរោងចក្រយ៉ាកជីន កាលពីថ្ងៃទី២ ខែមករា បានប្រាប់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារថា លោកទៅចូលរួមបាតុកម្មក្នុងគោលបំណងអង្វរករឲ្យទាហាន និងកម្មករចៀសវាងការប្រើអំពើហិង្សា។
នៅពេលសាកសួរលោកបន្ត អយ្យការអមសាលាដំបូងរាជធានីបានបង្ហាញរូបថតរ៉ឺម៉កម៉ូតូកង់បីរបស់លោក វន់ ពៅ នៅឯបាតុកម្ម គឺរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿងមានចងឧគ្ឃោសនសព្ទ និងទង់ព្រះពុទ្ធសាសនា ហើយរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿងទៀតមានដាក់ពេញទៅដោយដុំថ្ម។ លោក វន់ ពៅ មានប្រសាសន៍ថា រ៉ឺម៉កម៉ូតូកង់បីនៅក្នុងរូបថតទាំងនេះ គឺជារបស់លោកមែន ប៉ុន្តែ បដិសេធថា លោកមិនបានដាក់ដុំថ្មក្នុងរ៉ឺម៉កម៉ូតូកង់បីនោះទេ។ លោកបានមានប្រសាសន៍ទៀតថា “ខ្ញុំមិនដឹងថា អ្នកណាជាអ្នកយកដំុថ្មទៅដាក់លើរ៉ឺម៉កម៉ូតូកង់បីនោះទេ។ ខ្ញុំគិតថា ទាហាននៅទីនោះជាអ្នកធ្វើ”។
ភ្លាមនោះ ចៅក្រម កែវ មុនី បានស្តីបន្ទោសលោក វន់ ពៅ ចំពោះការចោទប្រកាន់បែបនេះ។ លោក កែវ មុនី មានប្រសាសន៍ថា “លោកឯងមិនត្រូវចោទប្រកាន់កងកម្លាំងសមត្ថកិច្ចទេ ហើយលោកឯងត្រូវអះអាងបែបនោះនៅក្នុងសំណុំរឿងផ្សេង”។
អំឡុងសវនាការនេះ អយ្យការក៏បានបង្ហាញវីដេអូឃ្លីបមួយ និងរូបថតមួយចំនួនបង្ហាញពីសកម្មភាពលោក វន់ ពៅ ចូលរួមក្នុងបាតុកម្មសន្តិវិធីដ៏តានតឹងមួយនៅខាងមុខទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ខែធ្នូ។
នៅក្នុងវីដេអូឃ្លីបនោះ គេអាចមើលឃើញ និងស្តាប់ឮលោក វន់ ពៅ ណែនាំឲ្យនគរបាលដែលទទួលបញ្ជាពីថ្នាក់លើឲ្យបែរកាណុងកាំភ្លើងរបស់ខ្លួនដាក់កម្មករកាត់ដេរ បែរកាណុងកាំភ្លើងដាក់ថ្នាក់លើរបស់ពួកគេវិញ។ ប៉ុន្តែ លោក វន់ ពៅ បានបដិសេធមិនបញ្ជាក់ថា តើសំឡេងនៅក្នុងវីដេអូឃ្លីបនោះ ជាការពិតមែន ឬយ៉ាងណាទេ ហើយលោកបានច្រានចោលការដែលតុលាការប្រើប្រាស់វីដេអូឃ្លីបមួយថតកាលពីថ្ងៃទី៣០ ខែធ្នូមកធ្វើជាភ័ស្តុតាងដាក់បន្ទុក ខណៈដែលលោកឡើងសវនាការទទួលការជំនុំជម្រះពាក់ព័ន្ធនឹងបាតុកម្មមួយដែលធ្វើឡើងកាលពីថ្ងៃទី២ ខែមករា។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនដឹងថា ហេតុអ្វីបានជាចៅក្រមយកសំណុំរឿងមួយផ្សេងទៀតមកភ្ជាប់នឹងសំណុំរឿងនៅរោងចក្រយ៉ាកជីននោះទេ។ តើបំណងពិតប្រាកដនៃសវនាការនេះជាអ្វី? ខ្ញុំនឹងឆ្លើយតបចំពោះអ្វីដែលបានកើតនៅរោងចក្រយ៉ាកជីន”។
លោក វន់ ពៅ បានស្នើសុំតុលាការសម្រាក១៥នាទីចំនួនពីរដងអំឡុងសវនាការនេះ ដោយអះអាងថា លោកនៅមានការឈឺចាប់ក្នុងខ្លួននៅឡើយ ដោយសារការវាយដំអំឡុងពេលលោកត្រូវចាប់ខ្លួន ហើយជាចុងក្រោយ លោកបានស្នើសុំឲ្យតុលាការផ្អាកការជំនុំជម្រះនៅម៉ោង២ និង៤៥នាទីរសៀល។ ចៅក្រម កែវ មុនី បានអនុញ្ញាតតាមការស្នើសុំនេះ។
នៅក្នុងបន្ទប់មួយផ្សេងទៀតនៅសាលាដំបូងរាជធានី ក៏មានការបន្តសវនាការដែរសម្រាប់បុរសចំនួន១៣នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមករា អំឡុងបាតុកម្មមួយនៅលើកំណាត់ផ្លូវវេងស្រេង ទីដែលកងរាជអាវុធហត្ថបានបាញ់ស្លាប់កម្មករកាត់ដេរប្រាំនាក់ បន្ទាប់ពីពួកគេបានរងការវាយប្រហារដោយដំុថ្ម និងគ្រាប់បែកសាំង។
សាក្សីរបស់ចុងចោទទាំងនេះបានរៀបរាប់ពីដំណើររឿង ដែលកងរាជអាវុធហត្ថទម្លុះទ្វារចូលបន្ទប់នានា ហើយចាប់ខ្លួនមនុស្សដោយគ្មានហេតុផល ឬចាប់ខ្លួនជនស្លូតត្រង់នៅតាមផ្លូវ។
លោក ពយ សយ និយាយថា ទាំងរូបលោកនិងចុងចោទឈ្មោះ ជឿន យ៉ុង មិនបានចាកចេញពីកន្លែងស្នាក់នៅរបស់ខ្លួនឡើយ នៅពេលការប៉ះទង្គិចគ្នាបានផ្ទុះឡើងក្បែរនោះ។ បុរសរូបនេះនិយាយទៀតថា “កាលពីថ្ងៃទី៣ ខែមករា ជឿន យ៉ុង មិនបានចេញក្រៅបន្ទប់ជួលរបស់គាត់ទេ ប៉ុន្តែ កងរាជអាវុធហត្ថបានមកធាក់ទ្វារបន្ទប់ឲ្យរបើក រួចក៏ចាប់ខ្លួន ជឿន យ៉ុង តែម្តង។ នៅពេលពួកគេចាប់ខ្លួន ជឿន យ៉ុង ពួកគេបានទាត់ធាក់ ហើយវ៉ៃគាត់នឹងដំបង ហើយកងរាជអាវុធហត្ថក៏អូសគាត់ចេញក្រៅបន្ទប់”។
ព្រះរាជអាជ្ញាបានបង្ហាញតុលាការនូវវីដេអូឃ្លីបមួយជិត២០នាទី ដែលកងកម្លាំងសន្តិសុខបានថត ហើយវីដេអូឃ្លីបនោះបង្ហាញពីសកម្មភាពបាតុករគប់ដំុថ្ម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ តែទោះជាយ៉ាងណា ក្នុងចំណោមជនសង្ស័យទាំង១៣នាក់នេះ គ្មាននរណាម្នាក់មានមុខនៅក្នុងវីដេអូឃ្លីបនេះ ដែលបានក្លាយជាអង្គហេតុមួយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៤ ខែមករា ដែលបានអាននៅក្នុងតុលាការ នោះទេ។
ទោះបីជាបែបនេះក្តី ក៏មន្ត្រីកងរាជអាវុធហត្ថម្នាក់ និងមេធាវីមួយរូបតំណាងឲ្យអយ្យការបានអះអាងថា បុរសទាំង១៣នាក់នេះមានការពាក់ព័ន្ធនឹងអំពើហិង្សានៅថ្ងៃនោះ។ ប៉ុន្តែ លោក ហម ស៊ុនរិទ្ធ មេធាវីតំណាងឲ្យជនសង្ស័យប្រាំនាក់ក្នុងចំណោមជនសង្ស័យទាំងនេះបានគូសបញ្ជាក់ថា ពួកគេមិនបានបង្ហាញភ័ស្តុតាងដែលគាំទ្រការអះអាងរបស់ខ្លួនឡើយ។
លោកបានមានប្រសាសន៍ថា “គ្មានភ័ស្តុតាងបង្ហាញថា កូនក្តីរបស់ខ្ញុំបានប្រព្រឹត្តបទល្មើសទាំងនេះទេ ពីព្រោះគ្មានសាក្សីមើលឃើញសកម្មភាពរបស់កូនក្តីខ្ញុំដូចដែលពួកគេរងការចោទប្រកាន់ឡើយ។ សូមសម្រេចឲ្យពួកគាត់រួចខ្លួន និងដោះលែងពួកគាត់ឲ្យមានសេរីភាពឡើងវិញ”។
បន្ទាប់ពីសវនាការនេះ សាច់ញាតិរបស់ជនជាប់ចោទ និងមន្ត្រីសិទ្ធិមនុស្សដែលឃ្លាំមើលសវនាទាំងនោះ បានរិះគន់តុលាការចំពោះការដំណើរការនីតិវិធីរបស់ខ្លួន។ អ្នកស្រី ហួន ធី ដែលជាប្រពន្ធរបស់ចុងចោទឈ្មោះ ហួន ដា បានលើកឡើងបន្ទាប់ពីចូលរួមស្តាប់សវនាការនេះថា “តុលាការមិនសាកសួរចុងចោទឲ្យបានត្រឹមត្រូវទេ។ ពួកគេមិនអនុញ្ញាតឲ្យចុងចោទការពារខ្លួនឡើយ ប៉ុន្តែ ពួកគេបែរជាឲ្យអ្នកចោទប្រកាន់ពួកគាត់មានពេលឆ្លើយច្រើនជាងទៅវិញ”។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសសើុបអង្កេតនៅអង្គការសិទ្ធិមនុស្សលីកាដូ ក៏បានចោទប្រកាន់តុលាការថា មានភាពលម្អៀងដែរនៅក្នុងសំណុំរឿងលោក វន់ ពៅ។ លោកបានមានប្រសាសន៍ថា “តុលាការមិនគួរប្រើប្រាស់វីដេអូឃ្លីបមួយដែលថតនៅខាងមុខទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ [ខែធ្នូ] មកភ្ជាប់គាត់ទៅនឹងសំណុំរឿងនៅរោងចក្រយ៉ាកជីននោះទេ ពីព្រោះវាគឺជាសំណុំរឿងផ្សេងគ្នា។ ពេលខ្លះតុលាការហាក់ដូចជាដើរតួនាទីជាអយ្យការពាក់ព័ន្ធនឹងសំណុំរឿងរបស់ខ្លួន។ តុលាការមានតួនាទីត្រឹមតែថ្លឹងថ្លែងភ័ស្តុតាងគាំទ្រ ឬប្រឆាំងចុងចោទប៉ុណ្ណោះ”។ សវនាការជំនុំជម្រះទាំងពីរនេះនឹងធ្វើឡើងបន្តទៀតនៅថ្ងៃនេះ៕ សុខុម
(រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា)