នគរបាលបានឲ្យដឹងថា កាលពីម្សិលមិញសាលាដំបូងខេត្តបាត់ដំបងបានចោទប្រកាន់បុរសអាយុ២២ឆ្នាំម្នាក់ពីបទចាប់រំលោភ ហើយសម្លាប់ដូនជីវ័យ៧៧ឆ្នាំម្នាក់ កាលពីយប់ថ្ងៃច័ន្ទ នៅវត្តមួយក្នុងស្រុកភ្នំព្រឹក ជាទីដែលជននេះស្នាក់នៅ។
លោក សេង លុច នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានមានប្រសាសន៍ថា ជនសង្ស័យឈ្មោះ សារ៉េត គឹមហាក់ ត្រូវបាននាំខ្លួនទៅកាន់តុលាការកាលពីរសៀលម្សិលមិញ បន្ទាប់ពីការចាប់ខ្លួន កាលពីព្រឹកថ្ងៃអង្គារ នៅពេលដែលនគរបាលបានរកឃើញ “ក្មេងវត្តរូបនេះ” ដើរទ្រេតទ្រោតស្លៀកខោលីអូ ក្នុងអាការស្រវឹង។
លោកបានមានប្រសាសន៍ថា “លោក តូច សុភក្ដី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចោទប្រកាន់ជននេះពីបទរំលោភហើយសម្លាប់”។ លោកបានបន្ថែមថា ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តមុនពេលបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន ពីព្រោះចៅក្រមស៊ើបសួរជាប់រវល់។
លោក សេង លុច បានមានប្រសាសន៍ថា “ជនសង្ស័យបានសារភាពរួចហើយ ថា ខ្លួនពិតជាបានចាប់រំលោភ និងសម្លាប់ដូនជីនេះមែន”។ លោកបានបន្ថែមថា ជននេះនឹងត្រូវសាកសួរនៅថ្ងៃនេះ។
លោក សារ៉េត វិសិដ្ឋ អធិការរងនគរបាលស្រុកបានមានប្រសាសន៍ថា ជនរងគ្រោះវ័យចំណាស់នេះជាញោមធម៌របស់ព្រះចៅអធិការ សិុន វណ្ណឌី ដែលដើមឡើយបានហៅជនសង្ស័យមកស្នាក់នៅក្នុងវត្តសម្ដេចព្រះវណ្ណារាម។ ព្រះចៅអធិការ សិុន វណ្ណឌី មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ៕ ប៊ុននី