យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (អាកាប៉េ) បានឲ្យដឹងថា លោក ហ៊ុន សែន ដែលអមដំណើរដោយភរិយារបស់លោក គឺលោកស្រី ប៊ុន រ៉ានី បានបន្តដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសចិនកាលពីល្ងាចថ្ងៃអង្គារ ដើម្បីចូលរួមពិធីលាងសាយភោជន៍ រៀបចំដោយប្រធានាធិបតីចិន លោក ស៊ី ជីនភីង។
ទីភ្នាក់ងារសារព័ត៌មាន អាកាប៉េ បានរាយការណ៍ថា លោក ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់របស់លោក បានចូលរួមការធ្វើបទបង្ហាញមួយរៀបរាប់លម្អិតអំពីកម្មវិធីកំណែទម្រង់និងប្រព័ន្ធវិមជ្ឈការរបស់ចិន។ ទីភ្នាក់ងារព័ត៌មានរដ្ឋនេះបានឲ្យដឹងថា លោក ហ៊ុន សែន បានប្រាប់អ្នកចូលរួមនៅក្នុងការធ្វើបទបង្ហាញអំពីការលុបបំបាត់អំពើពុករលួយ ការអនុវត្តប្រព័ន្ធវិមជ្ឈការ និងការទប់ស្កាត់ការបំពុលបរិស្ថាន ជាគម្រោងដែលកម្ពុជាចែករំលែកជាមួយប្រទេសចិន។
ទីភ្នាក់ងារនេះបានរាយការណ៍ថា កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រី បានជួបជាមួយលោក ចាវ ប៉ីសុី (Cao Peixi) ប្រធានក្រុមហ៊ុន China Huaneng Group ដែលជាក្រុមហ៊ុនវិនិយោគមួយចំណោមក្រុមហ៊ុនវិនិយោគចំនួនពីរក្នុងគម្រោងសាងសង់វារីអគ្គិសនីសេសាន២កម្លាំង៤០០មេហ្គាវ៉ាត់នៅក្នុងខេត្តស្ទឹងត្រែង។
លោក ចាវ បានប្រាប់លោកនាយករដ្ឋមន្ត្រីថា គម្រោងនេះនឹងត្រូវបញ្ចប់នៅត្រឹមឆ្នាំ២០១៧ ដែលត្រូវចំណាយប្រាក់សរុប៩៧៧លានដុល្លារ។ យោង តាមទីភ្នាក់ងារសារព័ត៌មាន អាកាប៉េ បានឲ្យដឹងថា លោក ហ៊ុន សែន បានស្នើសុំឲ្យក្រុមហ៊ុននេះកាត់បន្ថយផលប៉ះពាល់បរិស្ថានបង្កដោយទំនប់នេះឲ្យមកនៅតិចបំផុត និងធានាថាអ្នកស្រុកត្រូវបានផ្លាស់ប្ដូរទីលំនៅឲ្យបានសមរម្យ។ លោក ហ៊ុន សែន គ្រោងនឹងត្រឡប់មកកាន់មាតុភូមិវិញនៅថ្ងៃអាទិត្យ៕ប៊ុននី