29.3 C
Phnom Penh

គណបក្ស​ប្រជាជននិង​គណបក្ស​សង្គ្រោះជាតិ​បន្តចរចាឡើងវិញនៅ​ថ្ងៃនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក គួយ ប៊ុនរឿន សមាជិក​​​សភា​​​ជាប់​​​ឆ្នោត​​​គណបក្ស​​​សង្គ្រោះជាតិ​​​បាន​​​ឲ្យដឹង​​​កាលពី​​​ម្សិលមិញ​​​ថា តំណាង​​​ជាន់​​​ខ្ពស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះជាតិ​​​​​​នឹង​​​ជួប​​​គ្នា​​​នៅព្រឹក​​​នេះ ​​​ដើម្បីពិភាក្សា​​​អំពី​​​ភាព​​​ទាល់​​​ច្រក​​​នយោបាយដែល​​​​​​អូស​​​បន្លាយក្រោយ​​​ការ​បោះ​​​ឆ្នោត។

លោក​​​ គួយ ប៊ុនរឿន បាន​​​មាន​​​ប្រសាសន៍ថា លោក​​​នឹង​​​ជួប​​​ជាមួយ​​​លោក ព្រំុ សុខា  រដ្ឋលេខា​ធិការ​​​ក្រសួង​​​មហាផ្ទៃ​​​មកពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ នៅ​​​សណ្ឋាគារ​​​​​​មួយ​​​ក្នុង​​​រាជ​ធានី​​​ភ្នំពេញនៅ​​​ម៉ោង​​​៩​​​និង​​​៣០​​​នាទីព្រឹក ​​​ដើម្បីបន្ត​​ការ​ចរចាដែល​​​បានបរាជ័យ​កាលពីខែមុន។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​សង្ឃឹម​​​ថា នឹង​​​មាន​​​លទ្ធផល​​​វិជ្ជមាន​​​ពីជំនួប​​​នៅ​​​ថ្ងៃ​​​ស្អែក​​​ បន្ទាប់​​​មក​​​ក្រុមការ​ងារ​​​​បច្ចេកទេស​​​មកពី​​​គណបក្ស​​​ទាំង​​​ពីរ​​​អាច​​​ជួប​​​ប្រជុំ​​​គ្នា​”។ លោក គួយ ប៊ុនរឿន បាន​​​បន្ថែម​​​ថា “ចុងក្រោយ នឹង​​​​មាន​​​​​​ជំនួបដ៏​​​សំខាន់​​​មួយ​ដែល​​​មេ​ដឹក​នាំ​​​ជាន់​​​ខ្ពស់​​​នៃ​​​គណបក្ស​​​ទាំង​​​ពីរ​​​អាច​​​ជួប​​​គ្នា​​​”។

គេមិន​​​អាច​​​ទាក់​​​ទង​​​លោក ព្រុំ សុខា ដើម្បីបញ្ជាក់ពី​​​គម្រោង​​​​​​នៃ​​​ជំនួប​​​នោះបាន​​​ទេ។

លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ និង​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន ទំនង​​​ជា​​​ជិត​​​ឈាន​​​ដល់​​​កិច្ច​​​ព្រម​​​ព្រៀង​​ក្នុង​​​ការសន្ទនា​​​តាម​​​​​​ទូរស័ព្ទ​​​កាលពី​​​ដើម​​​ខែមេសាទៅហើយ ដោយ​​​លោក​​​ សម រង្ស៊ី លើក​​​ឡើង​​​ថា គណបក្ស​​​សង្គ្រោះជាតិ​​​អាច​​​បញ្ចប់​​​ការ​​​ធ្វើពហិការ​​​មិន​​​ចូល​​​ប្រជុំសភា​​​កាលពី​​​ថ្ងៃទី១១ ខែមេសា ប្រសិន​​​បើ​​​កាល​​​បរិច្ឆេទ​​​នៃការ​​​បោះឆ្នោត​​​ជាតិ​​​មុន​​​អាណត្តិ​​​ត្រូវ​​​បាន​​​កំណត់​​​នោះ​​​។

លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ថ្ងៃទី១០ ខែមេសាថា ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ខែកក្កដា ឆ្នាំ​​​២០១៨ អាច​​​រំកិល​​​មក​​​ខែ​​​កុម្ភ​​​ៈ ឆ្នាំ​​​២០១៨បាន។ លោក សម រង្ស៊ី បាន​​​ច្រាន​​ចោល​​​កាលបរិច្ឆេទ​​​នេះ​​​ ប៉ុន្តែ​​​បាន​​​លើក​​​ឡើង​​​ថា នឹង​​​មាន​​​ការ​​​​​​ព្រម​​​ព្រៀងគ្នា​​​ “ក្នុង​​​ពេល​​​ប៉ន្មាន​​​ថ្ងៃ​​​ ឬប៉ុន្មាន​​​សប្ដាហ៍​​​យ៉ាង​​​យូរ​​​បំផុត​​​”។

លោក គួយ ប៊ុនរឿន បាន​​​មាន​​​ប្រសាសន៍​​​កាលពីម្សិលមិញ​​​​​ថា ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជាគោល​​​ការ​​​ណ៍ដែលបាន​​ធ្វើឡើង​រវាង​​​លោក សម រង្ស៊ី និង​​​លោក​ ហ៊ុន​ សែន ដូច​​​ជា​​​ការ​​កែទម្រង់​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការបោះឆ្នោត ​​​(គ.ជ.ប.) នឹងធ្វើ​​​មុន​​​​​​កិច្ច​​​ពិភាក្សា​​​ណា​មួយ​​​​ស្តីពីបញ្ហា​​​ចម្រូង​​​ចម្រាស​​​ ដូច​​​ជា​​​កាល​​​បរិច្ឆេទនៃ​​​ការ​​​បោះ​​​ឆ្នោត​​​លើក​​​ក្រោយ​​​ជាដើម។

លោក គួយ ប៊ុនរឿន បានមាន​​​ប្រសាសន៍ថា “ពីមុន យើង​​​ទាម​​​ទារ​​​ឲ្យ​​​គ.ជ.ប.ជា​​​ស្ថាប័ន​​​ធម្ម​នុញ្ញ ចំណែក​​​ឯគណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​​​​ហៅ​​​ គ.ជ.ប.​​​ថាជា​​​ស្ថាប័ន​​​មួយ​​​ដែល​​​បាន​​​ចែង​​​ក្នុង​​​រដ្ឋធម្មនុញ្ញ។ ដូច្នេះ ខ្ញុំគិត​​​ថា យើង​​​នឹង​​​ស្វែង​​​រក​​​កិច្ច​​​ព្រម​​​ព្រៀង​​​អំពី​​​កំណែទម្រង់​​​​ គ.ជ.ប.” ។

លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា លោក គួយ ប៊ុនរឿន នឹង​​​មក​​​ប្រជុំ​​​នៅ​​​ព្រឹក​​​នេះ​​​ដោយមាន​កាន់​​​ឯកសារ​​​ព្រាង​​​នៃ​​​កិច្ច​​​​​​ព្រម​​​ព្រៀង​​​​រួម​​​រវាង​​​គណបក្ស​​​ទាំង​​​ពីរ​​​ស្ដីពី​​​កំណែទម្រង់​​​ការ​​​បោះឆ្នោត​​​ ដែល​​​គណបក្ស​​​សង្គ្រោះជាតិ​​​សង្ឃឹម​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នឹង​​​ទទួល​​​យក។

លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “ពិត​​​មែន​​​ហើយ​​​ មាន​​​ការ​ព្រម​​​ព្រៀង​​​រួច​​​ហើយ​​​អំពីចំណុច​​​សំខាន់ៗ។ ប៉ុន្តែ​​​អ្វី​​​នៅ​​​សេស​​​សល់​​​ដែល​​​ត្រូវ​​​ធ្វើ​​​ក្នុង​​​ពេល​​​ឥឡូវ​​​នេះ​​​ គឺ​​​ត្រូវ​​​បញ្ជាក់​​​ឲ្យបាន​​​លម្អិត​​​ ពីព្រោះ​​​អាច​​​នៅមាន​​​បញ្ហា​ស្មុគស្មាញខ្លះ។វា​​​មិន​​​ទាន់​​​គ្រប់​​​គ្រាន់​​​ក្នុង​​​ការ​​​យល់​​​ព្រម​​​ជា​​​គោល​​​ការណ៍​​​ទេ ឥឡូវ​​​នេះ​​​យើង​​​ត្រូវ​​​ពិភាក្សា​​​រក​​​មធ្យោបាយ​​ ​ថាតើ​​​ត្រូវ​​​អនុវត្ត​​​សេចក្ដី​​​សម្រេច​​​របស់យើង​​​ដោយ​​​វិធីណា” ។

លោកបាន​​​ពន្យល់​​​ថា “យើង​​​បាន​​​ដាក់បញ្ហានេះក្នុង​របៀបវារៈ​​​ហើយ ហើយនៅ​​​ពេល​​​យើង​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​អំពីបញ្ហានោះ​​​ យើង​​​នឹង​​​ងាក​​​ទៅ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ផ្សេងៗ​​​ទៀត ដូច​​​ជា ការ​​​រៀបចំ​​​និង​​​ការប្រព្រឹត្តទៅ​​​​​របស់​​​រដ្ឋសភា និង​​​អាជ្ញាប័ណ្ណ​​​វិទ្យុ​​​ ហើយនិង​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ជាដើម។​​​ បន្ទាប់​​​មក​​​យើង​​​អាច​​​ដោះ​ស្រាយ​​​បញ្ហា​​​ដែល​​​លំបាក​​​បំផុត​​ គឺ​​​កាលបរិច្ឆេទ​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​” ៕ សារុន​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស