សមាជិកសហជីពម្នាក់បាននិយាយថា បុគ្គលិកក្រុមហ៊ុនកាល់តិចរាប់រយនាក់ទូទាំងរាជធានីភ្នំពេញនឹងចូលធ្វើការវិញនៅថ្ងៃនេះ បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឈេហ្វរ៉ុន ជាក្រុមហ៊ុនប្រេងឥន្ធនៈដ៏ធំរបស់អាមេរិកកាលពីម្សិលមិញ ក្នុងការដំឡើងប្រាក់ឈ្នួលដល់បុគ្គលិកចំនួន២០ដុល្លារ។

បុគ្គលិកប្រហែល៣០០នាក់មកពី១៧ស្ថានីយក្នុងរាជធានីភ្នំពេញ បានចាប់ផ្ដើមធ្វើកូដកម្មកាលពីថ្ងៃទី១២ ខែឧសភា ដើម្បីទាមទារប្រាក់ឈ្នួល១៦០ដុល្លារក្នុងមួយខែ។
យោងតាមលោក ស ម៉ូរ៉ា ប្រធានសហជីពបានឲ្យដឹងថា ក្រុមហ៊ុនឈេហ្វរ៉ុនដែលដំណើរការប្រើយីហោកាល់តិចក្នុងប្រទេសកម្ពុជា បានចរចាសម្របសម្រួលជាមួយសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បន្ទាប់ពីកិច្ចប្រជុំរយៈពេលបីម៉ោងនៅការិយាល័យរបស់ខ្លួនក្នុងរាជធានីភ្នំពេញ។
លោក ស ម៉ូរ៉ា បានមានប្រសាសន៍ថា “បើទោះណាជាយើងមិនទាន់ពេញចិត្តទាំងស្រុងក៏ដោយ ក៏នេះគឺជាជោគជ័យមួយដែរ”។ លោកបានបន្ថែមថា “យើងបានធ្វើកូដកម្ម១០ថ្ងៃមកហើយ ហើយបុគ្គលិកក៏ចង់បញ្ចប់ដែរ។ នេះគឺជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ”។
ក្រោមកិច្ចព្រមព្រៀងដែលត្រូវសម្រេចនៅថ្ងៃនេះ នៅពេលដែលបុគ្គលិកត្រឡប់ទៅធ្វើការតាមស្ថានីយរបស់ខ្លួនវិញនោះ បេឡាករនឹងទទួលបានប្រាក់ឈ្នួលរហូតដល់១៥០ដុល្លារ ហើយបុគ្គលិកចាក់សាំងទទួលបាន១៣០ដុល្លារ។
លោក ស ម៉ូរ៉ា ក៏បានស្នើសុំប្រាក់បន្ថែមប្រចាំឆ្នាំស្មើនឹងប្រាក់ឈ្នួលមួយខែសម្រាប់កម្មករ និងពិធីជប់លៀងប្រចាំឆ្នាំជាការប្រឹងប្រែងដែលលោកមិនអាចសម្រេចបាន។
ប៉ុន្តែលោក ស ម៉ូរ៉ា បានមានប្រសាសន៍ថា លោកទាមទារឲ្យមានការជួលអ្នកអនាម័យថ្មីប្រាំពីរនាក់ទៀត និងការព្រមព្រៀងដែលថា បុគ្គលិកមិនត្រូវបានកាត់ប្រាក់ឈ្នួលសម្រាប់ការធ្វើកូដកម្មរយៈពេល១០ថ្ងៃឡើយ។
ស្ត្រីអ្នកនាំពាក្យក្រុមហ៊ុនឈេហ្វរ៉ុនឈ្មោះ ថន ចាន់លក្ខណ៍ បានបដិសេធមិននិយាយលម្អិតអំពីកិច្ចព្រមព្រៀងនេះទេ។ គាត់បាននិយាយតាមអុីម៉េលថា ” ការផ្ដល់របស់យើងចំពោះបុគ្គលិក…បង្ហាញពីការយកចិត្តទុកដាក់ពិតប្រាកដរបស់យើងក្នុងការដោះស្រាយកង្វល់របស់បុគ្គលិក។ យើងនឹងបន្តប្រតិបត្តិការនៅតាមស្ថានីយរបស់យើងទាំងអស់ឡើងវិញចាប់ពីថ្ងៃនេះទៅ” ។
កិច្ចព្រមព្រៀងនេះសម្រាប់ស្ថានីយ១៧កន្លែងក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ មិនមែនសម្រាប់ស្ថានីយកាល់តិចប្រាំមួយកន្លែងផ្សេងទៀតរបស់ក្រុមហ៊ុនឈេហ្វរ៉ុននៅតាមបណ្ដាខេត្ត ដែលបុគ្គលិកមិនបានចូលរួមធ្វើកូដកម្មនោះទេ។
លោក ស ម៉ូរ៉ា បានមានប្រសាសន៍ថា សហជីពរបស់លោកមិនមានធនធានដើម្បីប្រមូលបុគ្គលិកនៅស្ថានីយតាមខេត្តឡើយ បើទោះណាជាលោកបានប្រឹងប្រែងធ្វើការចរចាដើម្បីពួកគេក៏ដោយ។
ទោះជាយ៉ាងណា បុគ្គលិកនៅស្ថានីយប្រេងឥន្ធនៈពីរកន្លែងដែលទិញសិទ្ធិធ្វើអាជីវកម្មពីក្រុមហ៊ុនកាល់តិច គឺមួយកន្លែងក្នុងសង្កាត់ទឹកថ្លា និងមួយកន្លែងទៀតក្នុងសង្កាត់ស្ទឹងមានជ័យនោះ មិនប៉ះពាល់ដល់ដំណើរការរកស៊ីទេ។
លោក លី ហេង អាយុ២៩ឆ្នាំ ជាបុគ្គលិកចាក់សាំងនៅស្ថានីយស្ទឹងមានជ័យ បាននិយាយកាលពីម្សិលមិញថា លោកទទួលបានប្រាក់ឈ្នួលតែ៧៥ដុល្លារប៉ុណ្ណោះក្នុងមួយខែ ហើយលោកចង់ចូលរួមធ្វើកូដកម្មដែរ ប៉ុន្តែខ្លាចបាត់បង់ការងារ។
លោក លី ហេង បាននិយាយថា ស្ថានីយដែលលោកធ្វើការត្រូវគ្រប់គ្រងដោយលោក មាស វណ្ណា ឧត្តមសេនីយ៍ទោកងយោធពលខេមរភូមិន្ទ ជាមនុស្សដែលគាត់មិនហ៊ានទេ។ លោកបាននិយាយថា “នៅពេលឃើញគាត់ គាត់ធ្វើឲ្យខ្ញុំខ្លាចមិនហ៊ានធ្វើកូដកម្ម”។
ឧត្តមសេនីយ៍ទោ មាស វណ្ណា បាននិយាយពីស្ថានីយនេះថា លោកមិនអនុញ្ញាតឲ្យបុគ្គលិកខ្លួនចូលរួមធ្វើកូដកម្មទេ ពីព្រោះ”ពួកគេរកលុយបានគ្រប់គ្រាន់ហើយ”។
លោក ស ម៉ូរ៉ា មេដឹកនាំសហជីពបានមានប្រសាសន៍ថា ឥឡូវនេះជំហានបន្ទាប់របស់លោករួមមានការស្វែងរកមធ្យោបាយដើម្បីដាក់សម្ពាធលើក្រុមហ៊ុនឈេហ្វរ៉ុនឲ្យស្ថានីយដែលទិញសិទ្ធិធ្វើអាជីវកម្មធ្វើតាមបទដ្ឋានតែមួយនឹងស្ថានីយរបស់ខ្លួនទាំងអស់៕ សារុន