35 C
Phnom Penh

នគរបាល​និង​កង​រាជ​អា​វុធ​ហត្ថ​រារាំង​អ្នកភូមិ​មិន​ឲ្យ​ដាក់​ញត្តិទៅ​កាក​បាទ​ក្រហម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ​​​ នគរបាល​​​​​និង​​​កង​​​រាជអាវុធ​​​ហត្ថរាជធានី​​​បាន​​​រារាំង​​​អ្នកភូមិមួយ​​​ក្រុម​​​ប្រហែល​​​១០០​​​នាក់​​​មក​​​ពី​​​ខេត្ត​​​ក្រចេះ​​​ ដែល​​​បាន​​​ព្យាយាម​​​ដាក់​​​ញត្តិ​​​នៅ​​​​​​ទីស្នាក់ការ​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​​​​ ដោយ​​​បាន​​​​អំពាវនាវ​​​ឲ្យ​​​កាកបាទ​​​ក្រហម​​​ជួយ​​​ដោះស្រាយ​​​វិវាទ​​​ដីធ្លី​​​របស់​​​ពួក​​​គាត់​​​ជាមួយ​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀតណាម​​​។

នគរបាល​​​និង​​​កង​​​រាជអាវុធ​​​ហត្ថ​​​ប្រហែល​​​៥០​​​នាក់​​​ប្រដាប់​​​ដោយ​​​ខែល​​​បង្ក្រាប​​​បាតុកម្ម​​​ និង​​​ដំបង​​​ឆក់​​​ បាន​​​មកជួប​​​​​ក្រុម​​​អ្នក​​​ភូមិ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៨ និង​​​៣០​​​នាទីព្រឹក​​​ក្បែរ​​​វត្ត​​​សាមគ្គី​​​រង្សី  ដែល​​​ពួក​​​គាត់​​​បាន​​​​​ស្នាក់​​​នៅ​​​បណ្ដោះ​​​អាសន្ន​​​ ហើយ​​​បានប្រាប់​​​ពួក​​​គាត់​​​ឲ្យត្រឡប់​​​ទៅ​​​វត្ត​​​នោះ​​​​វិញ​​​។

លោក​​​ ជា ស៊្រូ អាយុ​​​៤៥​​​ឆ្នាំ​​​ ជា​​​សមាជិក​​​សហគម​​​ន៍ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​ពី​​​ឃុំ​​​ឃ្សឹម​​​ ស្រុក​​​ស្នួល​​​ បាន​​​និយាយ​​​ថា “យើង​​​គ្រាន់​​​តែ​​​ចង់​​​ដាក់​​​ញត្តិ​​​ទៅ​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ ដើម្បី​​​សុំ​​​ជំនួយ​​​តែ​​​ប៉ុណ្ណោះ​​​ ប៉ុន្តែ​​​នគរបាល​​​និង​​​កង​​​រាជអាវុធ​​​ហត្ថ​​​ប្រហែល​​​៥០​​​នាក់​​​បាន​​​រារាំង​​​ពួក​​​យើង​​​មិន​​​ឲ្យ​​​ទៅដាក់ញត្តិ​​​ ហើយ​​​ពួក​​​គេ​​​បាន​​​រុញ​​​ច្រាន​​​ពួក​​​យើង​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​វត្ត​​ក្បែរ​​​នោះ​​​វិញ”។

ចាប់​​​តាំង​​​ពី​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​កាល​​​ពីថ្ងៃ​​​ទី​​​២ ខែ​​​ឧសភា ដោយ​​​ក្រុមហ៊ុន​​​វៀត​ណាម​​​ ប៊ិញ​​​ភឿក​​​២ (Binh Phoeuk 2) អ្នកភូមិ​​​មួយ​​​ក្រុម​​​នេះ​​​ ដែល​​​បុព្វហេតុរបស់ពួកគាត​់​ត្រូវ​​​បាន​​​គាំទ្រ​​​​ដោយ​​​លោក​​​ សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​តាម​​​ទំព័រ​​​ហ្វេសបុ៊ក​​​របស់​​​លោកនោះ​​​​ បាន​​​ធ្វើ​​​យុទ្ធនាការ​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ព្យាយាម​​​ដាក់​​​ញត្តិ​​​ទៅ​​​ស្ថាប័ន​​​រដ្ឋាភិបាល​​​ និង​​​ស្ថានទូត​​​នានា​​​ឲ្យ​​​ជួយ​​​ដោះស្រាយ​​​វិវាទ​​​ដីធ្លី​​​របស់​​​ពួក​​​គាត់​​​។

លោក​​​ ឃួង​​​ ស្រេង​​​ អភិបាល​​​រង​​​រាជធានីភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ទទួល​​​បាន​​​ញត្តិ​​​ពី​​​អ្នកភូមិទាំង​​​នេះ​​​ហើយ​​​ ហើយ​​​បាន​​​ប្រគល់​​ទៅ​​​កាកបាទ​​​ក្រហម​​​កម្ពុជា ប៉ុន្តែ​​​លោក​​​បាន​​​អះអាង​​​ថា ក្រុមអ្នកភូមិមាន​​​ហេតុផល​​​​លាក់បាំង ហើយ​​លោក​​ចង់​​​ឲ្យ​​​ពួក​​​គាត់​​​ចាក​​​ចេញ​​​ពី​​​រាជ​ធានី​​​វិញ​​​។

ដោយ​សំដៅ​​​យ៉ាង​​​ច្បាស់​​​ទៅ​​​លើ​​​គណបក្ស​សង្គ្រោះជាតិ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុង​​​ស្វែងរក​​​ការពិត​​​ ពីព្រោះ​​​ប្រជាពលរដ្ឋ​​​មិន​មែន​​​មក​​​ពី​​​ខេត្ត​​​ក្រចេះ​​​តែ​​​មួយ​​​ទេ​​​ ប៉ុន្តែ​​​ពួក​​​គាត់​​​មក​​​ពី​​​គ្រប់​​​ទី​​​កន្លែង​​​ ដើម្បី​​​បម្រើ​​​ផល​​​ប្រយោជន៍​​​គណបក្ស​​​នយោបាយ​​​”។

លោក ឃួង ស្រេង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​ជួបជាមួយ​​​អាជ្ញាធរ​​​ខេត្ត​​​ក្រចេះ​​​ និង​​​ខេត្ត​​​កំពង់​​​ចាម​​​នៅ​​​ថ្ងៃ​​​ស្អែក​​​ ដើម្បី​​​សម្រេច​​​ ថាតើ​​​ត្រូវ​​​​​​ដោះស្រាយ​​​បែបណា​ជាមួយ​​​ពួក​​​គាត់​​​។

លោក​​​បានបន្ថែម​​​ថា “យើង​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គាត់​​​ស្នាក់​​​នៅ​​​តាម​​​វត្ត​​​ទេ​​​ ហើយ​​​​​​ពួក​​​គាត់​​​គួរ​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ​​​ ពីព្រោះ​​​រាជធានីភ្នំពេញ​​​មិនមែន​​​ជា​​​កន្លែង​​​សម្រាប់​​​ពួក​​​គាត់​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​ និង​​​ធ្វើ​​​សកម្មភាព​​​បម្រើ​​​គណបក្ស​​​នយោបាយ​​​ឡើយ​​​”។

តំណាង​​​កាកបាទ​​​ក្រហម​​​កម្ពុជា ដែល​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​បាន​​​រៃ​​​អង្គាស​​​ប្រាក់​​​បាន​​​ប្រហែល​​​១៤,៣​​​លាន​​​ដុល្លារ​​​ ដោយ​​​ប្រើ​​ពាក្យ​​​ស្លោក​​​ថា “ទីណា​​​មាន​​​ទុក្ខ​​​លំបាក ​​​​​​ទីនោះ​​​មាន​​​កាកបាទ​​​ក្រហម​​​កម្ពុជា”​ បាន​មាន​ប្រសាសន៍ថា កាកបាទ​​​ក្រហម​​​គ្មាន​​​សមត្ថ​​​កិច្ច​ជួយ​ក្រុម​អ្នកភូមិ​ទេ។

លោក​​​ អ៊ុយ សំអាត​​​ ប្រធាន​​​នាយក​​​ដ្ឋាន​​​គ្រប់គ្រង​​​គ្រោះ​​​មហន្តរាយ​​​​​​នៅ​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​បាន​​​សួរ​​​ថា “ពួក​​​គាត់​​​មក​​​កាកបាទ​​​ក្រហម​​​ប្ដឹង​​​អំពី​​​ស្ថានភាព​​​ដីធ្លី​​​របស់​​​ពួក​​​គាត់​​​ តើ​​​បង​​​ប្អូន​​​គិត​​​ថា វា​​​ជា​​​សមត្ថកិច្ច​​​របស់​​​កាកបាទ​​​ក្រហម​​​ឬ?”។​ លោក​​​បាន​​​បន្ថែម​​​ថា “ពួក​​​គាត់​​​ស្នើ​​​ឲ្យ​​​កាកបាទ​​​ក្រហម​​​ជួយ​​​អន្តរាគមន៍​​​ដើម្បី​​​ដោះ​ស្រាយ​​​វិវាទ​​​ដីធ្លី​​​… ​​​ពួក​​​គាត់​​​ត្រូវ​​​ទៅ​​​រក​​​រដ្ឋាភិបាល​​​វិញ​​​”។​ លោក​បាន​បដិសេធមិន​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែមទេ។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក​ស្រី​​ ធីម​​​ ណារិន អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​ហុក​​​ប្រចាំ​​​ខេត្ត​​​ក្រចេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ស្ថានភាព​​​អស់សង្ឃឹម​​​របស់​​​អ្នក​​​ភូមិ​​​ដែល​​​ត្រូវ​​​គេ​​​​​បណ្ដេញ​​​ចេញ​​​ គឺ​​​ស្ថិត​​​ក្នុង​​​ដែន​​​សមត្ថកិច្ច​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ដែល​​​ត្រូវ​​​ជួយ​​​។

លោក​​​ស្រីបាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា ការ​​​ដាក់​​​ញត្តិ​​​ទាមទារ​​​ឲ្យ​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ជួយ​​​នោះ​​​ គឺ​​​ជារឿង​ត្រឹម​​​ត្រូវ​​​ហើយ​​​ ពីព្រោះ​​​ឥឡូវ​​​នេះ​​​ពួក​​​គាត់​​​កំពុង​​​ប្រឈម​​​​​​នឹង​​​ការ​​​លំបាក​​​និង​​​គ្មាន​​​ផ្ទះ​​​សំបែង​​​”។ លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា “ពួក​​​គាត់​​​ប្រឈមនឹង​​​​​​ការ​​​លំបាក​​​​​​ខ្លាំងណាស់​​​​ ​​​ដូច្នេះ​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ត្រូវ​​​ប្រឹងប្រែងជួយ​​​ដោះស្រាយ​​​បញ្ហា​​​ជូន​​​ប្រជាពលរដ្ឋ​​​ទាំង​​​នេះ​​​”៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស