41.3 C
Phnom Penh

ក្រសួង​​​បរិស្ថាន និង​​​ក្រសួង​​​កសិកម្ម​​​នឹង​​​ចាប់​​​ផ្តើម​​​ពង្រឹង​​​ការ​​​អនុ​​​វត្ត​​​​​​គោល​​​នយោបាយ​​​ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​​​បរិស្ថាន និង​​​ក្រសួង​​​កសិកម្ម​​​បាន​​​សន្យា​​​ជា​​​សាធារណៈកាល​​​ពី​​​ម្សិលមិញ​​​ថា នឹង​​​ចាប់​​​ផ្តើម​​​​​ពង្រឹង​​​ការ​​​អនុវត្ត​​​គោល​​​នយោបា​​​យ​​​ប្រើ​​​ប្រាស់​​​ដ​ីសម្បទាន​​​សេដ្ឋ​​​កិច្ច​​​នៅ​​​ទូទាំង​​​ប្រទេស​​​តាម​​​បញ្ជា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន កាល​​​ពី​​ខែ​​​ឧសភា ឆ្នាំ​​​២០១២។

កាល​​​ពី​​​ម្សិលមិញ​​​ ក្រសួង​​​ទាំ​​​ងពី​​​រ​​​បាន​​​ចេញ​​​សេចក្តី​​​ប្រកាស​​​រួម​​​គ្នា​​​មួយ​​​អម​​​ដោយ​​​ប្រការ​​​ចំនួន​​​ប្រាំបី​​​ដែល​​​​​​មាន​​​គោល​​​ដៅ​​​ “ពង្រឹង​​​ការ​​​អនុវត្ត​​​បទ​​​ប្បញ្ញត្តិ​​​ និង​​​បចេ្ចក​​​ទេស​​​នានាដើម្បី​​​ឲ្យ​​​គម្រោង​​​ទាំង​​​អស់​​​ធានា​​​បាន​​​​​​នូវ​​​ការ​​​អភិវឌ្ឍ​​​ប្រកប​​​ដោយ​​​ចីរភាព​​​ តម្លា​​​ភាព គណនេយ្យ​​​ភាព​​​  និង​​​ប្រសិទ្ធ​​​ភាព​​​”។

ក្រសួង​​​ទាំង​​​ពីរ​​​បាន​​​លើក​​​ឡើង​​​សំដៅ​​​ដល់​​​គោល​​​នយោបាយ​​​មួយ​​​ដែល​​​មាន​​​គោល​​​ដៅ​​​ចេញ​​​ប័ណ្ណ​​​កម្មសិទ្ធ​​​ិ​​​ដី​​​ធ្លី​​​ដល់​​​អ្នក​​​ភូមិ​​​​​​រស់​​​នៅ​​​ក្នុង​​​តំបន់​​​​​​ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​ថា “ក្រុម​​​ហ៊ុន​​​វិនិ​​​យោគ​​​អភិវឌ្ឍន៍​​​ ដែល​​​មាន​​​ដី​​​សម្បទាន​​​ទាំង​​​អស់​​​ត្រូវ​​​អនុវត្ត​​​​​តាម​​​គោល​​​នយោបាយ​​​រូប​​​មន្ត​​​ស្បែក​​​ខ្លា ដោយ​​​ត្រូវ​​​ធានា​​​ថា មិន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ដី​​​ធ្លី​​​ប្រើ​​​ប្រាស់​​​ អាស្រ័យ​​​ផល​​​របស់​​​ប្រជាជន ដី​​​ព្រៃ​​​សហគមន៍​​​ និង​​​ដី​​​អភិរក្ស​​​ដែល​​​ត្រូវ​​​រក្សា​​​ទុក​​​ឡើយ​​​”។

សេចក្តី​​​ប្រកាស​​​នេះ​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​​​​មាន​​​កិច្ច​​​ប្រជុំ​​​មួយ​​​កាល​​​ពី​​​ខែ​​​មុន​​​រវាង​​​លោក​​​ ​​​ សាយ​​​  សំអាល់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន និង​​​ក្រុមហ៊ុន​​​នានា​​ដែល​​​មាន​​​ដីសម្បទាន​​​សេដ្ឋ​​​កិច្ច​​​ ហើយ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​នោះមាន​​​ការ​​​ពិភាក្សា​​​គ្នា​​​អំពី​​​បញ្ហា​​​អនុវត្ត​​​​​​តាម​​​សារា​​​ចរ​​​ណែនាំ​​​របស់​​​រដ្ឋាភិបាល​​​ និង​​​ការ​​​គោរព​​​តាម​​​កិច្ច​​​សន្យា​​​។

ទាំង​​​លោក សាយ សំអាល់​​​ ទាំង​​​លោក អ៊ុក​​​ រ៉ាប៊ុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​កសិកម្ម​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ​​​ ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នេះ​​​។

សារាចរ​​​ណែ​​​នាំ​​​ថ្មី​​​ចេញ​​​ដោយ​​​ក្រសួ​​​ងទាំង​​​ពីរ​​​នេះ​​​ឆ្លុ​​​ះ​​​បញ្ចាំង​​​ពី​​​បទ​​​បញ្ជា​​​មួយ​​​របស់​​​លោក ហ៊ុន សែន កាល​​​ពី​​​ខែ​​​ឧ​​​សភា​​​ ឆ្នាំ​​​២០១២​​​ ដែល​​​បាន​​​ផ្អាក​​​​​​ការ​​​ផ្តល់​​​ដី​​​សម្បទាន​​​ថ្មី​​​ៗ​​​ និង​​​​​ដែល​​​បាន​​​​​បញ្ជា​​​ឲ្យ​​​ពិនិត្យ​​​តាម​​​ដាន​​​សម្បទាន​​​សេដ្ឋកិច្ច​​​ដែល​​​មាន​​​ស្រាប់។

បណ្តា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ចោទ​​​ប្រកាន់​​​ជា​​​យូរ​​​មក​​​ហើយ​​​​​​ថា ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​អនុញ្ញាត​​​ឲ្យ​​​ឈ្មួញ​​​មាន​​​ឥទិ្ធ​​​ពល​​​បណ្តេញ​​​ប្រជា​​​ពល​​​រដ្ឋ​​​ចេញ​​​ពី​​​ដី​​​ធ្លី​​​ ​​​ និង​​​រក្សា​​​​​​​​​ទុក​​​ឈើ​​​ប្រណីត​​​​​​ដែល​​​កាប់​​​ដោយ​​​ខុស​​​ច្បាប់​​​ ហើយ​​​ថា ជា​​​ញឹក​​​ញាប់​​​ដី​​​សម្បទាន​​​ត្រួត​​​សីុ​​​គ្នា​​​លើ​​​ព្រៃ​​​ការ​​​ពារ​​​​​​។

ប្រការ​​​ចំនួន​​​ប្រាំ​​​មួយ​​​នៃ​​​សេចក្តី​​​ប្រកាស​​​របស់​​​ក្រសួង​​​ទាំង​​​ពីរ​​​នេះ​​​មាន​​​គោល​​​ដៅ​​​គ្រប់​​​គ្រង​​​ ​​​ការ​​​កាប់​​​ឈើ​​​ប្រណីត​​​នៅ​​​ក្នុង​​​ និង​​​នៅ​​​ជុំ​​​វិញ​​​ដី​​​សម្បទាន​​​។ សេចក្តី​​​ប្រកាស​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “ក្រុម​​​ហ៊ុនត្រូវ​​​ធានា​​​ថា មិន​​​កាប់​​​ឈើ​​​ក្នុង​​​តំបន់​​​អភិរក្ស​​​ និង​​​តំបន់​​​ខាង​​​ក្រៅ​​​ទីតាំង​​​សម្បទាន​​​ដី​​​របស់​​​ក្រុមហ៊ុន​​​ និង​​​មិន​​​ប្រមូល​​​ទិញ​​​ឈើ​​​ខុស​​​ច្បាប់​ពី​​​​​ខាងក្រៅ​​​មក​​​រក្សា​​​ទុក​​​ឡើយ​​​”។ ប្រការ​​​នេះ​​​ បាន​​​បញ្ជាក់​​​បន្ថែម​​​ថា ឈើ​​​ស្រប​​​​​​ច្បាប់​​​​​​ដែល​​​ក្រុម​​​ហ៊ុន​​​មិន​​​ចង់​​​បាន​​​ ត្រូវ​​​ប្រគល់​​​ឲ្យ​​​ក្រសួង​​​កសិកម្ម​​​ដាក់​​​ដេញថ្លៃ​​​។

លោក ចាន់ សុវ៉េត ប្រធាន​​​កម្មវិធី​​​​​​​​​ដីធ្លី​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​​​​ក្នុង​​​ស្រុក​​​អាដហុក​​​ បានមាន​​​ប្រសាសន៍ថា លោក​​​មានក្តីស​​​ង្ឃឹម​​​តិច​​​តួច​​​ណាស់​​​ដែល​​​ថាសារាចរ​​​ណែនាំ​​​ថ្មី​​​នេះ​​​ ធ្វើ​​​ឲ្យក្រុម​​​ហ៊ុន​​​​​​ដែល​​​ទទួល​​​បាន​​​ដីសម្បទាន​​​គោរព​​​ច្បាប់​​​​​​ ហើយ​​​គ្រួសារ​​​រង​​​ផល​​​ប៉ះពាល់​​​ នឹង​​​ត្រូវ​​​បាន​​​ការ​​​ពារ​​​នោះ​​​។​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀ​​​តថា “សកម្ម​​​ភាព​​​របស់​​​ក្រុមហ៊ុន​​​ដឹក​​​ជញ្ជូន​​​ឈើ​​​កាប់​​​ខុស​​​ច្បាប់​​​ចេញ​​​ពី​​​ខាង​​​​​​ក្រៅ​​​តំបន់​​​សម្បទាន​​​ ហើយ​​​បន្លំ​​​ថា វា​​​ជា​​​ឈើ​​​ស្រប​​​ច្បាប់​​​កាប់​​​នៅ​​​ក្នុង​​​តំបន់​​​សម្បទាន​​​ គឺ​​​កើត​​​មាន​​​ជា​​​ទូទៅ​​​ទៅ​​​ហើយ។ ប្រសិន​​​បើ​​​ការ​​​អនុវត្ត​​​ការ​​​គ្រប់​​​គ្រង​​​ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​​​​នៅ​​​តែ​​​ធូរ​​​រលុង​​​ សេចក្តី​​​ប្រកាស​​​អន្តរ​​​ក្រសួង​​​នេះ​​​នឹង​​​គ្មាន​​​ប្រយោជន៍​​​ឡើយ​​​​​​”៕សុខុម​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស