អ្នកភូមិបានឲ្យដឺងថា ប្រជាពលរដ្ឋជាង៤០០នាក់បានប៉ះទង្គិចជាមួយនគរបាល និងកងរាជអាវុធហត្ថនៅក្នុងខេត្តរតនគិរីកាលពីម្សិលមិញ ខណៈដែលអាជ្ញាធរបានព្យាយាមឈូសកម្ទេចលំនៅដ្ឋានរបស់ពួកគេ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនចម្ការកៅស៊ូ។
អាជ្ញាធរបានឈូសកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋប្រហែល២០០គ្រួសារ ដែលបាននិយាយថា ថ្មីៗនេះពួកគេបានរើទៅនៅទីកន្លែងនោះ ដែលភ្ជាប់ស្រុកអូរជុំ និងស្រុកបានលុង ចំណែកឯប្រជាពលរដ្ឋមួយក្រុមប្រហែល១០០គ្រួសារទៀត បានធ្វើការទប់ស្កាត់ការបំផ្លាញផ្ទះរបស់ពួកគាត់។
ឈ្មោះ ឈុន សុជា អាយុ៤៣ឆ្នាំ ដែលនិយាយថា ខ្លួនបានរារាំងអាជ្ញាធរមិនឲ្យកម្ទេចលំនៅដ្ឋានរបស់ខ្លួន បានមានប្រសាសន៍ថា “ខ្ញុំរស់នៅលើដីនេះតាំងពីឆ្នាំ១៩៩៣មកម៉្លេះ ប៉ុន្តែអាជ្ញាធរមិនដែលបណ្ដេញយើងចេញទេ ដូច្នេះហេតុអ្វីបានជាពេលនេះពួកគេត្រូវការដីនេះ និងបង្ខំឲ្យយើងចេញ?”។ លោក សុជា បានសួរថា “តើឲ្យខ្ញុំទៅណា? តើឲ្យខ្ញុំទៅរស់នៅកន្លែងណា?”។
លោក ផេន ឌីណា ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា គ្រួសារប្រជាពលរដ្ឋទាំងនេះរស់នៅលើដីក្នុងស្រុកអូរជុំ ដោយខុសច្បាប់ និងត្រូវបានតុលាការបង្គាប់ឲ្យចេញ។ លោកបានមានប្រសាសន៍ថា “កងកម្លាំងរបស់យើងបានទៅទីនោះ ដើម្បីអនុវត្តតាមសាលក្រមពីសាលាដំបូងខេត្តឲ្យប្រជាជនទាំងនោះចេញពីតំបន់ដែលពួកគេសាងសង់ផ្ទះនៅលើដីរដ្ឋ។ វាជាជំហានដំបូងក្នុងការបណ្ដេញប្រជាពលរដ្ឋដែលកំពុងតែរស់នៅខុសច្បាប់លើដីរដ្ឋ”។
លោក ឆាយ ធី អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំនៅខេត្តនេះបានមានប្រសាសន៍ថា ក្រុមហ៊ុនតាយសេង ត្រូវបានផ្ដល់ដីនេះជាដីសម្បទានសេដ្ឋកិច្ចមួយក្នុងឆ្នាំ១៩៩៦ ដែលត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុន Swift Rubber Company ក្នុងឆ្នាំ២០១០។ លោក យ៉ាប តឿ អភិបាលរងស្រុកអូរជុំ បានមានប្រសាសន៍ថា អ្នកស្រុកត្រូវបានជូនដំណឹងអំពីការបណ្ដេញចេញជាច្រើនលើកច្រើនសា ហើយការឈូសកម្ទេចនេះធ្វើឡើងនៅពេលដីរដ្ឋនេះត្រូវបានផ្ដល់ឲ្យក្រុមហ៊ុន Swift Rubber Company។
អ្នកភូមិម្នាក់ឈ្មោះ សៅ ប៊ុន អាយុ៦៩ឆ្នាំបានមានប្រសាសន៍ថា អ្នកស្រុកដែលរស់នៅលើដីមានវិវាទនេះជាយូរមកហើយ មិនត្រូវបានផ្ដល់សំណងសម្រាប់ដីរបស់ពួកគាត់ឡើយ។
លោក ប៉ាក តុន អភិបាលស្រុកអូរជុំ បានមានប្រសាសន៍ថា គ្មានការផ្ដល់សំណងណាមួយបែបនេះឡើយ។លោកបានមានប្រសាសន៍ថា “ប្រជាពលរដ្ឋអាចស្នើសុំដីសម្បទានសង្គមកិច្ចពីអាជ្ញាធរបាន”។
លោក សៅ ប៊ុន បានមានប្រសាសន៍ថា អ្នកភូមិនឹងតស៊ូរក្សាដីដែលខ្លួនមាន។ លោកបានឲ្យដឹងថា “យើងនឹងរារាំងពួកគេរហូតដល់យើងស្លាប់ ពីព្រោះយើងនឹងបាត់បង់អ្វីៗទាំងអស់ ប្រសិនបើយើងបាត់បង់ទីកន្លែងនេះ។ ពួកគេជាអាជ្ញាធរខ្មែរ ប៉ុន្តែពួកគេមិនការពារប្រជាជនខ្មែរឡើយ។ ផ្ទុយទៅវិញ ពួកគេការពារផលប្រយោជន៍របស់ក្រុមហ៊ុនចិន”។ ក្រុមអ្នកតំណាងរបស់ក្រុមហ៊ុន Swift Rubber Company មិនអាចទាក់ទងសុំអត្ថាធិប្បាយបានឡើយ៕ ប៊ុននី