នគរបាលនិងអ្នកភូមិបានឲ្យដឹងថា អ្នកភូមិនៅខេត្តរតនគិរីបានបិទផ្លូវជាតិលេខ៧៨អា កាលពីម្សិលមិញអស់រយៈពេលជាងបីម៉ោងខណៈដែលអាជ្ញាធរបានព្យាយាមខ្នះខ្នែងបណ្តេញពួកគេយកដីឲ្យក្រុមហ៊ុនចម្ការកៅស៊ូមួយ។
យោងតាមលោក រ៉ាយ រ៉េ ស្នងការនគរបាលខេត្ត ដែលបានហៅការបិទផ្លូវនេះថាខុសច្បាប់ បានឲ្យដឹងថា អ្នកភូមិប្រហែល៤០០នាក់បានបិទកំណាត់ផ្លូវ ដែលភ្ជាប់ស្រុកអូរជុំនិងស្រុកបានលុង។ លោកបានមានប្រសាសន៍ថា “វាបណ្តាលឲ្យស្ទះចរាចរណ៍រយៈពេលច្រើនម៉ោង។ នគរបាលរបស់យើងបានព្យាយាមសម្របសម្រួលជាមួយអ្នកភូមិ និងឲ្យពួកគេបើកផ្លូវ យកឈើ ដែលពួកគេដាក់ ចេញពីផ្លូវ”។
កាលពីថ្ងៃពុធ អ្នកភូមិដដែលនេះបានប៉ះទង្គិចជាមួយអាជ្ញាធរ ដែលបាននិយាយថា ពួកអ្នកភូមិរស់នៅដោយខុសច្បាប់លើដី ដែលត្រូវបានផ្តល់ជាដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុន SwiftRubberLtd។ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ ត្រូវបានឈូសកម្ទេចកាលពីថ្ងៃពុធ ខណៈដែលប្រជាជនប្រហែល១០០គ្រួសារបានប្រឹងប្រែងជួយ សង្គ្រោះផ្ទះរបស់ខ្លួន។
លោក សៅ ធៀន តំណាងអ្នកភូមិបានមានប្រសាសន៍ថា “កាលពីថ្ងៃពុធ នគរបាលមានកម្លាំងប្រមាណ១០០នាក់ ប៉ុន្តែថ្ងៃនេះមានកម្លាំងជាង៣០០នាក់មកទីនេះ។ ពួកគេចង់បណ្តេញពួកយើងចេញ និងឈូសកម្ទេចផ្ទះរបស់ពួកយើង។ យើងនឹងមិនអនុញ្ញាតឲ្យពួកគេធ្វើដូច្នេះទេ”។
លោក ឆាយ ធី អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំនៅខេត្តនេះបានមានប្រសាសន៍ថា អ្នកភូមិបានដករបាំងផ្លូវរបស់ខ្លួនចេញកាលពីម្សិលមិញ នៅពេលអាជ្ញាធរយល់ព្រមមិនកម្ទេចផ្ទះរបស់ពួកគេ។
លោក ឆាយ ធី បានមានប្រសាសន៍ថា “អាជ្ញាធរខេត្តបានយល់ព្រមមិនបណ្តេញប្រជាពលរដ្ឋចំនួន១០២គ្រួសារ ដែលបាននិងកំពុងរស់នៅទីនេះជាយូរមកហើយ”។ លោកបានបន្ថែមថា ពេលនេះ ការពិភាក្សាថែមទៀតនឹងធ្វើឡើងជុំវិញអនាគតផ្ទះទាំងនេះ”។
លោក ង៉ែន បូរិន អ្នកតំណាងរបស់ក្រុមហ៊ុនចម្ការកៅស៊ូ SwiftRubber បានមានប្រសាសន៍ថា ដីនេះពិតជារបស់ក្រុមហ៊ុនមែន ហើយត្រូវតែបណ្តេញចេញ។ លោក បូរិន បានមានប្រសាសន៍ថា ” អ្នកទាំងនោះចង់រស់នៅខុសច្បាប់នៅលើដីនោះ ដែលជារបស់ក្រុមហ៊ុន។ អាជ្ញាធរបានជូនដំណឹង និងបានព្រមានពួកគេច្រើនលើកហើយ ប៉ុន្តែពួកគេមិនចេញ”។
លោកបានមានប្រសាសន៍ថា គ្រួសារខ្លះដែលពាក់ព័ន្ធក្នុងជម្លោះនេះបានទៅនៅលើដីនោះនាពេលថ្មីៗនេះ និងមិនគួរទទួលសំណងទេ ចំណែកគ្រួសារផ្សេងទៀតបានរស់នៅទីនោះរយៈពេលច្រើនឆ្នាំមកហើយ។ លោកបានមានប្រសាសន៍ថា ក្រុមហ៊ុននេះនឹងជជែកពិភាក្សាជាមួយអាជ្ញាធរអំពីដំណោះស្រាយដែលអាចកើតមានសម្រាប់ក្រុមនេះ។
យោងតាមលោក រ៉េ ជាស្នងការខេត្តបានឲ្យដឹងថា ជម្រើសមួយ គឺត្រូវបង្កើតសម្បទានដីសង្គមកិច្ចមួយសម្រាប់ក្រុមគ្រួសារទាំងនេះ។ លោក រ៉េ បានថ្លែងថា “យើងនឹងមិនបណ្តេញគ្រួសារចាស់ទេ យើងបណ្តេញតែពួកអនាធិបតេយ្យប៉ុណ្ណោះ ប៉ុន្តែគ្រួសារចាស់ខ្លាចថា យើងបណ្តេញពួកគេទាំងអស់”៕ ប៊ុននី