28 C
Phnom Penh

អ្នក​កាសែត​ទទួល​ការ​រិះ​គន់​ពី​គណបក្ស​​​ប្រជាជន​​​ ដោយ​សារ​ហៅ​​​​ ​​​​រដ្ឋ​​​សភា​​​ឯក​​​បក្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋ​​​សភា​​​ឯកបក្ស​​​បាន​​​បើក​​​សម័យ​​​ប្រជុំ​​​ពេញ​​​អង្គ​​​លើក​​​ទី​​​៣​​​​​របស់​​​ខ្លួន​​​ដល់​​​ថ្ងៃ​​​ទី​​​៣​​កាល​​​ពី​​​​ម្សិលមិញ​​​ ដោយ​​​សមាជិក​​​សភា​​​ជាន់​​​ខ្ពស់​​​ម្នាក់​​​របស់​​​គណបក្ស​​​កាន់​​​អំណាច​​​ស្នើ​​​ឲ្យ​​​លោក​​​ ខៀវ កាញារីទ្ធ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​​​ពិនិត្យ​​​មើល​​​ថា តើ​​​អ្នកកាសែត​​​ដែល​​​ហៅ​​រដ្ឋ​​​សភា​​​ថា ជា​ “​​រដ្ឋ​​​សភា​​​ឯកបក្ស​”​​ គួរ​ត្រូវ​​ដាក់​​​ទោស​​​តាម​​​ច្បាប់​​​ដែរឬ​​​អត់​​​។

សមាជិក​​​សភា​​​៦៤​​រូប​​​ក្នុង​​​ចំណោម​​​សមាជិក​​​សភា​​​៦៨​​​រូប​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ដែល​​​បាន​​​ទទួល​​​អាសនៈ​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ជាតិ​​​ដ៏​​​ចម្រូង​​​ចម្រាស​​​កាល​​​ពី​​​ឆ្នាំមុន​​​​​​ បាន​​​ចូល​​​ប្រជុំ​​​រដ្ឋ​​​សភា​​​ដើម្បី​​​ពិភាក្សា​​​ និង​​​បោះឆ្នោត​​​អនុម័ត​​​ច្បាប់​​​របស់​​​រដ្ឋាភិបាល​​​ស្ដីពី​​​ការ​​​រៀបចំ​​​ និង​​​ការ​​​ប្រព្រឹត្ត​​​ទៅ​​​របស់​​​តុលាការ​។

ដោយ​​​មិន​​​មាន​​​វត្តមាន​​​របស់​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​៥៥​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​អះអាង​​​ថា ការ​​​បោះឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​កក្កដា ត្រូវ​​​បាន​​​ធ្វើ​​​ឲ្យ​​​ខូច​​​ដោយ​​​ការ​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​ និង​​​បាន​​​ធ្វើ​​​ពហិការ​​​មិន​​​ទទួល​​​យក​​​អាសនៈ​​​របស់ខ្លួន​​​ចាប់​​​តាំង​​​ពី​​​រដ្ឋ​​​សភា​​​បាន​​​​​​កោះ​​​ប្រជុំ​​​កាល​​​ពី​​​ខែ​​​កញ្ញា​​​នោះ​​​ មន្ត្រី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​អនុម័ត​​​ច្បាប់​​​ថ្មី​​​នេះ​​​យ៉ាង​​​លឿន​​​ និង​​​បាន​​​ចាប់​​​ផ្ដើម​​​ពិភាក្សា​​​អំពី​​​ការ​រាយការណ៍​ព័ត៌មាន​​​របស់​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​។

លោក​​​ ឈាង វុន តំណាង​​​រាស្ត្រ​​​ជាន់​​​ខ្ពស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ដែល​​​ធ្លាប់​​​ធ្វើ​​​ជា​​​ឯក​​​អគ្គ​​​រាជ​​​ទូត​​​កម្ពុជា​​​ប្រចាំ​​​ប្រទេស​​​អូស្ត្រាលី បាន​​​និយាយ​​​ថា “ខ្ញុំ​​​សោកស្ដាយ​​​ដោយសារ​​​រដ្ឋ​​​សភា​​​ ដែល​​​ជា​​​អង្គនីតិបញ្ញត្តិ​​​ជាន់​​​ខ្ពស់​​​ក្នុង​​​ចំណោម​​​អំណាច​​​ទាំង​​​បី​​ ត្រូវ​​​បាន​​​អ្នក​​​កាសែត​​​មួយ​​​ក្រុម​​​តូច​​​រាយការណ៍​​​ដោយ​​​ប្រើ​​​ពាក្យ​​​ធ្ងន់ៗ​​​តាម​​​អំពើ​​​ចិត្ត​​​”។

លោក​​​ ឈាង​​​ វុន បាន​​​ប្រាប់​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​កាន់​​​អំណាច​​​របស់​​​លោក​​​ថា “ដូច​​​យើង​​​ទាំង​​​អស់​​​គ្នា​​​​​ឮ​​​ហើយ​​​ គេហៅ​​​រដ្ឋ​​​សភា​ថា ជា​​​រដ្ឋសភា​​គូទ​​​មាន់​​​និង​​​រដ្ឋសភា​​​ឯកបក្ស”។ “ខ្ញុំ​​​សូម​​​ស្នើ​​​ឲ្យ​​​ឯកឧត្តម​​​ ខៀវ កាញារីទ្ធ សិក្សានិង​​​​​ពិនិត្យ​​​មើល​​​ថា តើ​​​ការ​​​ប្រើប្រាស់​​​ពាក្យ​​​ធ្ងន់ៗ​​​​​មើល​​​ងាយ​​​ស្ថាប័ន​​​ជាន់​​​ខ្ពស់​​​របស់​​​រដ្ឋ​បែប​​​នេះ​​គួរ​​​ត្រូវ​ដាក់​​​ទោស​​​ឬ​​​អត់​​​ ហើយ​​​គួរ​​​ត្រូវ​​​ធ្វើ​​​ដូចម្ដេច​”។ លោក ឈាង វុន បាន​​​និយាយ​​​ថា “សូម​​​ឯកឧត្តម​​​ដោះស្រាយ​​​បញ្ហា​​​នេះ​​​”។

តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​រូប​​​នេះ​​​ក៏​​​បាន​​​ស្នើ​​​ឲ្យ​​​លោក​​​ ខៀវ កាញារីទ្ធ​​​ និង​​​រដ្ឋាភិបាល​​​ពន្លឿន​​​ច្បាប់​​​ស្ដី​​​ពី​​​អីុនធើណិត​​​តាម​​​គម្រោង​​​របស់​​​ខ្លួន​​​ផង​​​ដែរ​​​​​​ ហើយ​​​លោក​​​បាន​​​សម្ដែង​​​នូវ​​​ការ​​​ព្រួយ​​​បារម្ភ អំពីការ​​ចែក​​​រំលែក​ព័ត៌មាន​​​តាម​​​អីុនធើណិត​​​អំពី​​​រដ្ឋ​​​សភា​​​ ដែល​​​មាន​​​តែ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​នេះ។

លោក ឈាង​​​ វុន បាន​​​និយាយ​​​ថា “ហ្វេសប៊ុក​​​និង​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ផ្សេង​​​ៗ​​​ទៀត​​​រញ៉េ​​​រញ៉ៃ​​​ណាស់។ តើ​​​យើង​​​មាន​​​ច្បាប់​​​នេះ​​​ហើយ​​​ឬ​​​នៅ​​​? តើ​​​យើង​​​នឹង​​​បង្កើ​​​ត​​​ច្បាប់​​​នេះ​​​នៅ​​​ពេល​​​ណា​​​?”។ នៅ​​​ពេល​​​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ ខៀវ កាញារីទ្ធ​​​ បាន​​​និយាយ​​​ថា ​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​គួរត្រូវ​​​បាន​​​ដាក់​​​ទោស​​​​​​តាម​​​ច្បាប់​​​​​​ចំពោះ​​​ការ​​​ហៅ​រដ្ឋសភា ថា ជា​​​រដ្ឋសភា​​​ “ឯកបក្ស” ប៉ុន្តែ​​​លោក​​​មិន​​​បញ្ជាក់​​​ច្បាស់​​​លាស់ពី​​​កា​​​រដាក់​​​ទោស​​​នេះ​​​ទេ​​​។

លោក​​​បាន​​​សរសេរ​​​តាម​​​ហ្វេសប៊ុក​​​ថា “វា​​​អាស្រ័យ​​​លើ​​​កា​​​រប្រើ​​​ប្រាស់​​​ពាក្យ​​​ និង​​គោល​​​បំណង​​​របស់​​​កាសែត​​​នោះ​​​” ហើយលោក​ចាត់​​​ទុក​​​ការ​​​និយាយ​​​បែប​​​នេះ​​​​ថា​​មិន​​​ត្រឹម​​​ត្រូវ​​​។ “បើ​​​និយាយ​​​តាម​​​ច្បាប់​​​ យើង​​​មិន​​​អាច​​​ហៅ​​​រដ្ឋសភា​​​នេះ​​​ថា ជា​​​រដ្ឋសភា​​​ឯកបក្ស​​​បាន​​​ទេ​​​ ពីព្រោះ​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​ដែល​​​លះបង់​​​អាសនៈ​​​របស់​​​ខ្លួន​​​ទេ”។

នៅ​​​ពេល​​​ស្នើ​​​សុំ​​​ឲ្យឆ្លើយ​​​តបចំពោះ​សំណើ​​​របស់​​​លោក​​​ ឈាង​​​ វុន ​​​ព័ត៌មាន​​​​​​ថា តើ​​​គួរ​​​ដាក់​​​ទោស​​​អ្នក​​​កាសែត​​​តាម​​​ច្បាប់​​​​​​ឬ​​​អត់​​​នោះ​​​ លោក​​​បាន​​​សរសេរ​​​ថា “ប្រសិន​​​បើ​​​លោក​​​សួរ​​​ខ្ញុំ​​​ ខ្ញុំ​​​អាច​​​និយាយ​​​ថា លោក​​​គួរ​​​ស្នើ​​​ឲ្យ​​​កាសែត​​​ដែល​​​និយាយ​​​បែប​​​នេះ​​ធ្វើ​​​ការ​​​កែតម្រូវ​​​វិញ”។

មុន​​​ការ​​​អត្ថាធិប្បាយ​​​របស់​​​លោក​​​ ឈាង​​​ វុន​​​ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​​​​ពិភាក្សា​​​អំពី​​​ច្បាប់​​​ស្ដីពី​​​លក្ខន្តិកៈ​​​​​​ចៅក្រម​​​ និង​​​ព្រះ​​​រាជអាជ្ញា  ដែល​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​កម្មវិធី​​​កែ​​​ទម្រង់​​​ប្រព័ន្ធ​​​តុលាការ​​​ដែល​​​រង​​​ការ​​​រិះគន់​​​ច្រើន​​​របស់​​​រដ្ឋាភិបាល​​​។ កាល​​​ពី​​​ម្សិលមិញ​​​រដ្ឋសភា​​​បាន​​​អនុម័ត​​​ជំពូក​​១ នៃ​​​ច្បាប់​​​​​​ដែល​​​មាន​​​ប្រាំ​​​មួយ​​​ជំពូក​​​នេះ​​​។

លោក​​​ ជាម​​​ យៀប​​​ តំណាង​​​រាស្ត្រ​​​ជាន់​​​ខ្ពស់​​​ និង​​​ជា​​​អ្នក​​​នាំពាក្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ​​​បាន​ឆ្លៀត​​​ឱកាស​​​នោះ​​​ប្រាប់​​​សហការី​​​របស់​​​លោក​​​សាជាថ្មី​​​ថា គណបក្ស​​​កំពុង​​​ធ្វើ​​​ការ​​​កែ​​​ទម្រង់​​​ដោយ​​​មិន​​​មាន​​​កា​​​រចូល​​​រួម​​​ពី​​​គណបក្ស​​​ប្រឆាំង​​​។ លោក​​​បាន​​​ប្រាប់​​សម័យ​ប្រជុំ​​​ថា “គេ​​បាន​​​ចោទ​​​តុលាការ​​​ថា មិន​​​ឯក​​​រាជ្យ។​​​ ពួក​​​គេ​​​អាច​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​បែប​​​នេះ​​​បាន​​​កាល​​​ពី​​​មុន​​​ ប៉ុន្តែ​​​នៅ​​​ពេល​​​​​​​​​ច្បាប់​​​នេះ​​​​​​ចូល​​​​​​ជា​​​ធរមាន​​​ ពួក​​​គេ​​​មិន​​​អាច​​​និយាយ​​​បែប​​​នេះ​​​បាន​​​ទៀត​​​ទេ​​”។

តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ផ្សេង​​​ទៀត​​​បាន​​​ប្រើ​​​ប្រាស់​​​កិច្ច​​​ប្រជុំ​​​នេះ​​​​​លើក​​​ឡើង​​​អំពី​​​ប្រតិបត្តិ​​​ការ​​​និង​​​​​​ការ​​​ដឹក​​​នាំរដ្ឋសភា​​​ឯកបក្ស​​​នេះ។

លោក​​​ ម៉ុក ម៉ារ៉េត អតីត​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​ ដែល​​​ត្រូវ​​​បាន​​​ជំនួស​​​កាល​​​​​​ពី​​​ឆ្នាំ​​​មុន​​​ដោយ​​​​​​លោក ​​​សាយ​​​ សំអាល់​​​ កូន​​​លោក​​​ សាយ​​​ ឈុំ អគ្គលេខាធិការ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ បាន​​​និយាយ​​​រយៈ​​​ពេល​​​កន្លះ​​​ម៉ោង​​​​​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​អំពី​​​អ្វី​​​ដែល​​​លោក​​​ចាត់​​​ទុក​​​ថា ជា​កិច្ច​ពិភាក្សា​ដ៏​មាន​​​ខ្លឹម​​​សារ​អំពី​ច្បាប់​ស្ដីពី​​​ការ​​​កែទម្រង់​ប្រព័ន្ធ​​​តុលាការ។

លោក ម៉ុក ម៉ារ៉េត ដែល​​​ឥឡូវ​​​នេះ​​​ជា​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​​​​និយាយ​​​ថា “បន្ទាប់ពី​​​ខ្ញុំ​​​បាន​​​​​​ស្ដាប់​​​​​​ ខ្ញុំ​​​បាន​​​កត់​​​ត្រា​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​សៀវ​​​ភៅ​​​ខ្ញុំ​​​”។ បន្ទាប់​​​មក​​​លោក​​​បាន​​​សួរ​​​ខ្លួន​​​ឯង​​​ថា “ហេតុអ្វី​​​ខ្ញុំ​​​​​​ត្រូវ​​​កត់​​​ត្រា​​​ចំណាំ​​​?”។ លោក​​​បាន​​​ឆ្លើយ​​​សំណួរ​ខ្លួន​​​ឯង​​​ថា “គំនិត​​​នេះ​​​ថ្មី​​​ណាស់​​​ ដូច្នេះ​​​ខ្ញុំ​​​ត្រូវ​​​ចងចាំ។ យើង​​​កំពុង​​​ធ្វើ​​​ការ​​​ងារ​​​បាន​​​ល្អ​​​ ប៉ុន្តែ​​​អ្នក​​​ផ្សេង​​​ទៀត​​​និយាយ​​​ថា យើង​​​​ធ្វើ​​​ការងារ​​​មិន​​​បាន​​​ល្អ”។

លោកស្រី ឡុក ខេង តំណាងរាស្ត្រ​​​គណបក្ស​​​កាន់​​​អំណាច​​​បាន​​​និយាយ​​​ថា លោកស្រី​​​ដឹង​ច្បាស់​​​អំពី​​​ការ​​​រិះគន់​​ដែល​​​ថា គណបក្ស​កាន់​​​អំណាច​​​កំពុង​​​ប្រញាប់​​​ប្រញាល់​​​អនុម័ត​​​ច្បាប់​​​របស់​​​ខ្លួន។ ប៉ុន្តែ​​​លោក​​​ស្រី​​​ ខេង​​​ ស្នើ​​​ឲ្យ​​​សហការី​​​របស់​​​លោក​​​ស្រី​​​ពិចារណា​​​ពី​គុណធម៌​​​ចៀសវាង​​​កុំ​​​ធ្វើ​​​ឲ្យ​​​ខូច​​​ភាព​​​ស្អាតស្អំ​​​នៅ​​​ពេល​​​អនុម័ត​​​ការ​​​កែទម្រង់​​​ជា​​​កញ្ចប់​​​។ លោក​​​ស្រី​​​បាន​​​ពន្យល់​​​ប្រាប់​​​ថា “មាន​​​ច្បាប់​​​ប្រសើរ​​​ជា​​ង​​​គ្មាន​​​ច្បាប់​​”។

លោក​​​ស្រី ខេង បាន​​​មាន​​​ប្រសាសន៍​​​ថា “ទោះ​​​បី​​​ជា​​​បុគ្គល​​​ អង្គការ​​​ ឬ​​​គណបក្ស​​​នយោបាយ​​​ណាមួយ​​​និយាយ​​​ថា ច្បាប់​​​នេះ​​​មិន​​​សុក្រឹត​​​ មិន​​​ល្អ ឬ​​​មិន​​​ត្រឹម​​​ត្រូវ​​​ក៏ដោយ​​​ ខ្ញុំ​​​មិន​​​ខ្វល់​​​ទេ។ ប្រសិន​​​បើ​​​ច្បាប់​​​នេះ​​​បង្កើត​​​ឡើង​​​ដោយ​​​មាន​​​ភាព​​​សុក្រឹត​​​ មិន​​ចាំ​​​បាច់​​​និយាយ​​​អំពី​​​វិសោធនកម្ម​​​ទេ”។​​​ រដ្ឋ​​​សភា​​​នឹង​​​បន្ត​​​សម័យ​​​ប្រជុំ​​​របស់​​​ខ្លួន​​​នៅ​​​ព្រឹក​​​នេះ​​​ទៀត​​​៕ គឹមហឿន

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ Alex Willemyns)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស