30.7 C
Phnom Penh

មន្ត្រី​មន្ទីរ​​​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុម្នាក់​ពាក់​ព័ន្ធ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បុក​ហើយ​រត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​​​បាល​​​ម្នាក់​​​បាន​​​និយាយ​​​ថា រថយន្ត​​​មួយ​​​គ្រឿង​​​ដែល​​​ជា​​​កម្មសិទ្ធិ​​​របស់​​​លោក​​​ស្រី លី ធីតា ​​​ប្រធាន​​​មន្ទីរ​​​សេដ្ឋកិច្ច​​​ និង​​​ហិរញ្ញវត្ថុខេត្ត​​​កំពង់ចាម បាន​​​ជាប់​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​បុកមនុស្ស​​​ស្លាប់​​​​​​ហើយ​​​បាន​​​បើក​​​រត់​​​កាលពីម្សិលមិញ នៅ​​​ក្នុង​​​ស្រុក​​​ជើង​​​ព្រៃ​​​ ខេត្ត​​​កំពង់ចាម។

លោក ឈាង សែ អធិការ​​​រង​​​នគរ​​​បាល​​​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មនុស្ស​​​ពីរ​​​នាក់​​​បាន​​​ស្លាប់​​​ និង​​​ពីរ​​​នាក់​​​ទៀត​​​រង​​​របួស​​​នៅ​​​​​​ពេល​​​ដែល​​​រថយន្ត​​​តូយ៉ូតា​​​ហាយ​​​ឡិនឌ័រ​​​របស់​​​លោកស្រី លី ធីតា បាន​​​ជ្រុល​​​ទៅបុក​​​គោយន្ត​​​កន្ត្រៃ​​​មួយ​​​គ្រឿង និង​​​ម៉ូតូមួយ​​​គ្រឿងទៀត​​​កាលពី​​​វេលា​ទៀប​​​​ភ្លឺ​​​ថ្ងៃម្សិលមិញ។

លោក ឈាង សែ បានមាន​​​ប្រសាសន៍​​​ថា “រថយន្ត​​​ហាយឡិនឌ័រ​​​របស់​​​លោកស្រី លី ធីតា បាន​​​បុក​​​គោយន្ត​​​កន្ត្រៃ និងម៉ូតូ​​​មួយគ្រឿង​​​ទៀត​​​នៅ​​​លើ​​​ផ្លូវ​​​ដែល​​​កំពុង​​​ស្ថាបនា​​​នៅម៉ោង​​​៥​​​ទៀប​​​ភ្លឺ​​​តាម​ផ្លូវ​​​ជាតិ​​​លេខ៦”។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា លោកស្រី លី ធីតា ជិះក្នុង​​​រថយន្ត​​​នោះ​​​ដែល​​​បាន​​​បើក​​​បរ​​​សំដៅមក​​​​រាជធានីភ្នំពេញ ប៉ុន្តែ​​​ថា លោកស្រី​​​មិនមែន​​​ជា​​​អ្នក​​​បើ​​​កទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ពេល​​​លោកស្រី​​​ចេញ​​​ពីរថយន្ត​​​បន្ទាប់ពី​​​បុក​​​រួច​​​ អ្នក​​​បើក​​​បរ​​​បាន​​​រត់​​​គេច​​​ខ្លួន​​​​បាត់​​​។

លោក ឃុត សល្យ អាយុ​​​៣៧​​​ឆ្នាំ និង​​​ប្រពន្ធ​​​របស់​​​គាត់​​​ឈ្មោះ ខាំ ស្រីឡឹង អាយុ​​​៣៥​​​ឆ្នាំ​​​បាន​​​ធ្វើ​​​ដំណើ​​រតាម​​​ម៉ូតូ​​​មួយគ្រឿង​​​ពីក្រោយ​​​គោយន្ត​​​កន្ត្រៃ​​​ ដែល​​​រថយន្ត​​​ហាយឡិនឌ័រ​​​បាន​​​បុក​​​នោះ។

លោក ឈាង សែ បាន​​​មាន​​​ប្រសាសន៍ថា ប្ដីប្រពន្ធ​​​​​​ដែល​​​ជិះម៉ូតូ​​​មួយគ្រឿងនោះ​​​បាន​​​ស្លាប់​​​ភ្លាមៗ​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក ម៉េង ស្រ៊ុន អាយុ​​​៣២​​​ឆ្នាំ​​​ជា​​​អ្នក​​​បើក​​​បរ​​​គោយន្ត​​​កន្ត្រៃ​​​បាន​​​រង​​​របួស​​​ក្បាល​​​ធ្ងន់ធ្ងរ​​​ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​មន្ទីរ​​​ពេទ្យ​​​ក្នុងរាជធានីភ្នំពេញ ប៉ុន្តែ​​ បុរស​​​ម្នាក់​​​ទៀត​​​ដែល​​​បាន​​​រង​​​របួស​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​នោះដែរ​បាន​​​ចាក​​​ចេញ​​​ពីកន្លែង​​​កើត​​​ហេតុ​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ប្ដីប្រពន្ធ​​​ដែល​​​ស្លាប់​​​នោះ ហូរឈាម​​​តាម​​​ច្រមុះ និង​​​រយះ​​​ក្បាល​​​”។

លោក អ៊ុល គា នាយ​​​នគរ​​​បាល​​​ចរាច​រ​​​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍ថា លោកស្រី លី ធីតា បាន​​​សុំឲ្យ​​នគរបាល​​​អនុញ្ញាត​​​ឲ្យ​​​គាត់ទៅ​​​ដើម្បី​ព្យាបាលជំងឺ​​​នៅមន្ទី​រពេទ្យ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ដែរ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​បើក​​​បរ​​​រថយន្ត​​​ឲ្យ​​​លោកស្រី​​​បាន​​​រត់គេច​​​ខ្លួន ហើយ​​​យើង​​​មិន​​​ទាន់ស្គាល់​​​ឈ្មោះ​​​គាត់​​​នៅឡើយ​​​ទេ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “លោកស្រី​​​បាន​​​យក​​​រថយន្ត​​​មួយគ្រឿង​​​ទៀត​​​ដែល​​​ជា​​​កម្មសិទ្ធិ​​​របស់​​​មន្ទីរ​​​បន្ទាប់ពី​​​លោកស្រី​​​បានទូរស័ព្ទទៅ​​​មនុស្ស​​​ម្នាក់។ លោកស្រី​​​មិន​​​មែនជា​​​អ្នក​​​បើក​​​រថយន្ត​​​”​ដែល​​ជាប់​​​ពាក់ព័ន្ធ​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរ​​ណ៍​​​​នេះទេ។

លោក អ៊ុល គា បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​កំពុង​​​ស៊ើប​​​អង្កេត​​​រក​​​កន្លែង​​​លាក់​​​ខ្លួន​​​របស់​​​អ្នក​​​បើក​​​បរ​​​ដែល​​​លោកស្រី​​​ ធីតា មាន​​​ប្រសាសន៍​​​ថា លោកស្រី​​​នឹង​​​ប្រាប់ឈ្មោះ​ជន​នោះ​​​ប្រសិន​​​បើ​​​លោក​​​ស្រី​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចេញពីកន្លែង​​​កើត​​​ហេតុ​​​ទៅ​​​ព្យាបាល​​​នៅមន្ទីរ​​​ពេទ្យ។

កាលពីខែ​​​វិច្ឆិកា លោក ជាម យៀប សមាជិក​​​សភា​​​ជាន់​​​ខ្ពស់គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​បង្គាប់​​​ឲ្យ​​​អ្នក​​​បើក​​​បរ​​​របស់​​​ខ្លួនបើក​​​គេច​​​ខ្លួន​​​ពីកន្លែង​​​កើតហេតុ​​​នៅ​​​ក្នុង​​​ស្រុក​​​កៀន​​​ស្វាយ​​​ ខេត្ត​​​កណ្ដាល​​​ បន្ទាប់ពី​​​រថយន្ត​​​របស់​​​លោក​​​បាន​​​បុក​​​ប្ដីប្រពន្ធវ័យ​​​ក្មេង​​​ជិះម៉ូតូមួួយ​​​គ្រឿង​​​បណ្ដាល​​​ឲ្យ​​​ស្ត្រីជា​​​ប្រពន្ធ​​​ស្លាប់​​​ និ​​​ង​​​បុរស​​​ជា​​​ប្ដី​​​រង​​​របួស​​​ធ្ងន់​​​។

មាត្រា​​​៣៦​​​នៃ​​​ច្បាប់​​​ចរាចរណ៍​​​ហាម​​​ឃាត់​​​  “អ្នក​​​ប្រើ​​​ប្រាស់​​​ផ្លូវ​​​ទាំង​​​អស់​​​” ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​តាម​​​ដង​​​ផ្លូវ​​​មិន​​ឲ្យ​​​ចាក​​​ចេញពី​​​កន្លែង​​​កើត​​​ហេតុ​​​ដោយ​​​គ្មាន​​​ការ​​​​​​អនុញ្ញាត​​​ពី​នគរ​​​បាល​​​ចរាចរ​​​ឡើយ​​​។ គេមិន​​​អាច​​​ទាក់​​​ទង​​​ក្រុមមន្ត្រីនៅ​​​មន្ទីរ​​​សេដ្ឋកិច្ច​​​ និង​​​ហិរញ្ញវត្ថុបាន​​​ទេ៕ សារុន​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស