យោងតាមលោក គួយ ប៊ុនរឿន សមាជិកសភាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ការចរចាដ៏អូសបន្លាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិអំពីភាពទាល់ច្រកនយោបាយក្រោយការបោះឆ្នោត បានបន្តឡើងវិញកាលពីម្សិលមិញដោយមានជំនួបរយៈពេលមួយម៉ោងក្នុងរាជធានីភ្នំពេញរវាងសមាជិកជាន់ខ្ពស់នៃគណបក្សទាំងពីរ។
លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា លោកបានជួបប្រជុំជាមួយលោក ព្រំុ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃមកពីគណបក្សប្រជាជនកម្ពុជានៅទីកន្លែងមួយក្នុងរាជធានីភ្នំពេញដើម្បីបន្តការចរចាឡើងវិញ បន្ទាប់ពីគណបក្សទាំងពីរជិតឈានដល់ការព្រមព្រៀងគ្នាកាលពីដើមខែមុន។
លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា “វាជាជំនួបរយៈពេលប្រហែលមួយម៉ោង ដែលយើងបានផ្លាស់ប្ដូរយោបល់គ្នាទាក់ទងកំណែទម្រង់ការបោះឆ្នោត១៤ចំណុច ដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នាក្នុងជំនួបមុនៗ ប៉ុន្តែយើងមិនបាននិយាយអ្វីលម្អិតច្រើនអំពីចំណុចនីមួយៗទេ ពីព្រោះវាជាជំនួបក្រៅផ្លូវការ”។
គេមិនអាចទាក់ទងលោក ព្រុំ សុខា ដើម្បីបញ្ជាក់ឲ្យបានលម្អិតពីជំនួបនេះបានទេ។ ការចរចាជាលក្ខណៈឯកជនជាច្រើនលើករវាងលោក ព្រុំ សុខា និងលោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីដើមឆ្នាំនេះបានឈានដល់ការសន្ទនាតាមទូរស័ព្ទដោយផ្ទាល់រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងកាលពីដើមខែមុន។
មេដឹកនាំទាំងពីរបានលើកឡើងថា អ្វីដែលនៅសេសសល់ដើម្បីបញ្ចប់ភាពទាល់ច្រកក្រោយការបោះឆ្នោតនោះគឺត្រូវជ្រើសរើសកាលបរិច្ឆេទថ្មីសម្រាប់ការបោះឆ្នោតជាតិលើកក្រោយ ប៉ុន្តែលោក សម រង្ស៊ី បានច្រានចោលសំណើរបស់លោក ហ៊ុន សែន ជាសាធារណៈទាក់ទងការបោះឆ្នោតនៅខែកុម្ភៈឆ្នាំ២០១៨។
លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា លោកនិងលោក ព្រុំ សុខា បានយកឯកសារជាលាយលក្ខណ៍អក្សរសម្រាប់ជំនួបកាលពីម្សិលមិញ ក្នុងបំណងដាក់បញ្ចូលខ្លឹមសារនៃការព្រមព្រៀងកាលពីខែមុនរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ជាលាយលក្ខណ៍អក្សរ។ លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា “យើងបានបង្ហាញឯកសារព្រាងរបស់យើង ហើយពួកគេបង្ហាញឯកសារព្រាងរបស់ពួកគេ ប៉ុន្តែយើងមិនបានដោះដូរឯកសារព្រាងរបស់យើងទេ”។ លោកបានបដិសេធមិននិយាយ ថាតើការចរចានឹងបន្តធ្វើនៅពេលនោះឡើយ៕សារុន