កាលពីម្សិលមិញ អ្នកភូមិមួយក្រុមមានគ្នាប្រហែល២០០នាក់មកពីខេត្តក្រចេះ បានបដិសេធមិនព្រមចាកចេញពីវត្តមួយក្នុងរាជធានីភ្នំពេញ ជាកន្លែងដែលពួកគាត់ស្នាក់នៅដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការបណ្ដេញចេញពីដីធ្លី ដោយសារក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមខណៈដែលអភិបាលរងរាជធានីបានព្រមានពួកគាត់ថា អាជ្ញាធររាជធានីនឹង “អនុវត្តតាមច្បាប់” ប្រសិនបើពួកគាត់មិនព្រមត្រឡប់ទៅផ្ទះរបស់ខ្លួនវិញនៅព្រឹកនេះទេ។

លោក ឃួង ស្រេង អភិបាលរងរាជធានីបានមកដល់វត្តសាមគ្គីរង្សី នៅម៉ោងប្រហែល៩ព្រឹកម្សិលមិញ ជាមួយមន្ត្រីមួយក្រុមដែលត្រូវបានចាត់តាំងឲ្យមកស្រង់ព័ត៌មានពីកន្លែងអ្នកភូមិរស់នៅមុនពេលផ្លាស់មករស់នៅលើដីដែលមានវិវាទក្នុងឃុំឃ្សឹម ស្រុកស្នួល។
លោក ឃួង ស្រេង ដែលមានលោក ខាន់ ចំណាន អភិបាលរងខេត្តក្រចេះឈរក្បែរនោះ បានប្រាប់ក្រុមអ្នកភូមិថា “ខ្ញុំសូមជម្រាបថា បងប្អូនទាំងអស់កំពុងរស់នៅលើដីនោះដោយខុសច្បាប់ ពីព្រោះវាជាដីរបស់រដ្ឋ”។
យោងតាមលោក ខាន់ ចំណាន បានឲ្យដឹងថា បន្ទាប់ពីស្រង់ព័ត៌មានអ្នកភូមិ ក្រុមការងារបានរកឃើញថា អ្នកភូមិ១៤៨នាក់បានរស់នៅក្នុងខេត្តកំពង់ចាម មុនពេលផ្លាស់មករស់នៅលើដីដែលមានវិវាទក្នុងខេត្តក្រចេះនេះ ហើយអ្នកភូមិ៥០នាក់មកពីខេត្តក្រចេះ បួននាក់មកពីខេត្តព្រៃវែង ម្នាក់មកពីខេត្តកណ្ដាល និងម្នាក់ទៀតមកពីខេត្តតាកែវ។
លោក ឃួង ស្រេង បានប្រាប់ក្រុមអ្នកភូមិថា រថយន្តនឹងមកដល់នៅម៉ោង២រសៀលដើម្បីដឹកពួកគាត់ត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ ប៉ុន្តែទីបំផុតផែនការនេះត្រូវបានផ្អាក ហើយគេបានប្រាប់ក្រុមអ្នកភូមិថា ពួកគាត់អាចស្នាក់នៅវត្តនេះមួយយប់ទៀត។
កងរាជអាវុធហត្ថមួយក្រុមមានគ្នាប្រហែល១០នាក់បានមកដល់នៅម៉ោងប្រហែល២រសៀល ប៉ុន្តែមិនបានប្រឈមមុខជាមួយអ្នកភូមិទេ ហើយបានឈរនៅជុំវិញបរិវេណវត្តពេញមួយរសៀលតែម្ដង។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា អាជ្ញាធរនឹងត្រឡប់មកវិញនៅថ្ងៃនេះ ដើម្បីមកដឹកអ្នកភូមិត្រឡប់ទៅវិញ។ “យើងនឹងអនុវត្តតាមច្បាប់ប្រសិនបើពួកគាត់មិនព្រមត្រឡប់ទៅវិញ”។
នៅពេលត្រូវបានសួរថា តើអាជ្ញាធរនឹងប្រើប្រាស់កម្លាំងមកបណ្ដេញអ្នកភូមិឬយ៉ាងណានោះ លោក ឃួង ស្រេង បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
អ្នកភូមិបានស្នាក់នៅក្នុងវត្តនេះរយៈពេលមួយសប្ដាហ៍មកហើយ ខណៈដែលពួកគាត់បានធ្វើយុទ្ធនាការដាក់ញត្តិនៅការិយាល័យរដ្ឋាភិបាលនិងស្ថានទូតនានាឲ្យជួយដោះស្រាយវិវាទបន្ទាប់ពីក្រុមហ៊ុនប៊ិញភឿក២ (Binh Phouc 2) ជាក្រុមហ៊ុនចម្ការកៅស៊ូរបស់វៀតណាមបានបណ្ដេញពួកគាត់ចេញកាលពីថ្ងៃទី២ ខែឧសភា។
អ្នកស្រី យង់ ផល្លា អាយុ២៦ឆ្នាំដែលបាននិយាយថា គាត់មកពីខេត្តកំពង់ចាមកាលពីឆ្នាំ២០០៨ ទៅរស់នៅលើដីក្នុងស្រុកស្នួលនេះលើកឡើងថា “ខ្ញុំនឹងស្នាក់នៅវត្តនេះរហូតដល់ពួកគេប្រគល់ដីឲ្យខ្ញុំវិញ”។ អ្នកស្រីបាននិយាយថា “ខ្ញុំមានកូនពីរនាក់ ប៉ុន្តែម្នាក់បានស្លាប់ដោយសារខ្ញុំគ្មានប្រាក់ព្យាបាល។ ខ្ញុំព្រួយបារម្ភអំពីកូនខ្ញុំដែលនៅរស់ នោះហើយជាមូលហេតុដែលខ្ញុំទាមទារដីស្រែរបស់ខ្ញុំវិញ”។
ដោយប្រើពាក្យប្រមាថជនជាតិវៀតណាម អ្នកស្រី ផល្លា បាននិយាយថា “ប្រសិនបើពួកគេអះអាងថា វាជាដីរបស់រដ្ឋ ពួកគេគួរតែប្រគល់ដីនេះទៅឲ្យប្រជាពលរដ្ឋ មិនមែនប្រគល់ទៅឲ្យក្រុមហ៊ុនរបស់យួនទេ”។
ដោយចាត់ទុកអ្នកភូមិទាំងនេះថា ជា “ជនភៀសខ្លួនក្នុងប្រទេសនោះ” កាលពីថ្ងៃពុធ លោក ឃួង ស្រេង បានលើកឡើងថា អ្នកភូមិទាំងនេះមិនមែនត្រឹមតែមកទាមទារដីរបស់ខ្លួនទេ ពួកគាត់ថែមទាំងបម្រើផលប្រយោជន៍នយោបាយគណបក្សសង្គ្រោះជាតិទៀតផង ដែលមានលោក សម រង្ស៊ី ជាប្រធាន បានគាំទ្រដល់ក្រុមនេះ។
លន វឿន អាយុ៤៥ឆ្នាំបានបដិសេធការអះអាងនេះកាលពីម្សិលមិញ។ គាត់បាននិយាយថា “យើងគ្រាន់តែមកទាមទារដីរបស់យើងវិញតែប៉ុណ្ណោះ មិនមែនមកក្នុងហេតុផលនយោបាយណាមួយឡើយ”។
ព្រះតេជគុណ ស៊ាង សុវណ្ណារ៉ា ព្រះចៅអធិការវត្តសាមគ្គីរង្សី បានមានសង្ឃដីកាថា ព្រះអង្គនឹងប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីការពារក្រុមអ្នកភូមិ បើទោះណាជាលោក ឃួង ស្រេង អះអាងថា ព្រះសង្ឃបានយល់ព្រមអនុញ្ញាតឲ្យអាជ្ញាធរ “ដឹកពួកគាត់ទៅវិញ” នៅម៉ោង៨ព្រឹកថ្ងៃនេះក៏ដោយ។ ព្រះតេជគុណបានមានសង្ឃដីកាថា “យើងនឹងមិនអនុញ្ញាតឲ្យអាជ្ញាធរដឹកពួកគាត់ទៅវិញទេ លុះណាតែពួកគេសរសេរលិខិតដោយមានបោះត្រាដើម្បីបង្ហាញថា ពួកគេព្រមផ្ដល់ដីស្រែដល់អ្នកភូមិទាំងនេះវិញ”៕ សារុន