នគរបាលបានឲ្យដឹងថា អ្នកបើកបររថយន្តម្នាក់ ដែលគេជួលឲ្យដឹកសម្លៀកបំពាក់កីឡាម៉ាក អាឌីដាស ពីខេត្តកោះកុងមកកាន់រាជធានីភ្នំពេញកាលពីថ្ងៃអង្គារ បានលួចយកសម្លៀកបំពាក់ ហើយមិនទាន់ចាប់ខ្លួនបាននៅឡើយ។
នគរបាលបានចាប់ផ្តើមតាមស្វែងរកឈ្មោះ សួង ចាន់តារា អាយុ២២ឆ្នាំ និងសម្លៀកបំពាក់ម៉ាក អាឌីដាស ចំនួន២៦៨កេស បន្ទាប់ពីឈ្មោះ ព្រំ រ៉ុង ដែលបានជួល ចាន់តារា បានរបាយការណ៍អំពីការបាត់សម្លៀកបំពាក់នេះ។ កាលពីរសៀលថ្ងៃអង្គារ រថយន្តនេះត្រូវបានគេប្រទះឃើញចតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយសម្លៀកបំពាក់បាត់អស់។
លោក ផន គា នាយនគរបាលប៉ុស្តិ៍សំរោងក្រោម បានមានប្រសាសន៍ថា ” នគរបាលរបស់យើងបានសហការជាមួយម្ចាស់រថយន្តបើកទ្វារក្រោយរថយន្ត ប៉ុន្តែនៅពេលបើកទ្វារឡើង គ្មានអ្វីនៅក្នុងនោះទេ”។
លោក ព្រំ រ៉ុង បានទាក់ទងជាមួយរោងចក្រកាត់ដេរ KKN នៅក្នុងខេត្តកោះកុង ដើម្បីដឹកទំនិញទៅកាន់ផែស្ងួត Damco នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
លោក រ៉ុង បានប្រាប់នគរបាលថា គាត់បានទាក់ទងជាមួយ ចាន់តារា ខណៈដែលជននេះបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ប៉ុន្តែថា គាត់បានចាប់ផ្ដើមសង្ស័យ ហើយបានរាយការណ៍ប្រាប់នគរបាល បន្ទាប់ពីទូរស័ព្ទរបស់ ចាន់តារា បិទ៕ ប៊ុននី