38 C
Phnom Penh

ភ្លុក​ដំរី​រត់ពន្ធ​ ដែល​អាជ្ញាធរ​ចាប់​បាន មាន​ប្រភព​ពី​ប្រទេស​កេនយ៉ា ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​នាយកដ្ឋាន​​គយ និងរដ្ឋាករ​ នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​​​ព្រះ​សីហនុ ​បាន​ឲ្យដឹងកាល​ពី​ម្សិលមិញថា ​ភ្លុក​ដំរី​​ខុស​ច្បាប់​​​ទម្ងន់​​បីតោន​​​ ដែល​​មន្ត្រី​កំពង់​ផែ​រឹប​អូស​បាន​កាល​ពីថ្ងៃ​ទី​៩ ខែ​ឧសភា មាន​ប្រភព​នៅ​ក្នុង​ប្រទេស​កេនយ៉ា ហើយ​បន្ទាប់​នោះ​ត្រូវ​បាន​ដឹក​កាត់​តាម​ប្រទេស​ម៉ាឡេស៊ី​មក​កាន់​ប្រទេស​កម្ពុជា​ ក្នុង​កុង​តឺន័រ​ចំនួន​ពីរ​។

អគ្គនាយក​ដ្ឋាន​គយ​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ម្សិលមិញ​ ដើម្បី​ផ្ដល់​បច្ចុប្បន្ន​ភាព​ដំបូង​ ចាប់តាំង​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា មក ​​​តាម​រយៈ​ការ​​ស៊ើប​អង្កេត​លើ​​​​ការ​រឹប​អូស​ភ្លុក​​ដំរី​ខុស​ច្បាប់​ ដ៏ធំបំផុត​មិន​ដែល​មាន​ពី​មុន​មក​ នៅ​​​ក្នុង​​​​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​មន្ត្រី​គយ​មិន​បាន​លើក​ឡើង​ថា តើ​ការ​ស៊ើប​អង្កេត​នេះ​​បាន​បង្ហាញ​អត្តសញ្ញាណ​បុគ្គល​ណាម្នាក់​ឬ​អ្នកដែល​ទទួល​ខុស​ត្រូវ​ចំពោះ​​​ភ្លុក​ដំរី​រត់​ពន្ធ​នេះ​​​ទេ ហើយ​​​​បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​អំពី​អត្តសញ្ញាណ​របស់​អ្នក​រត់​ពន្ធ​ឡើយ​។

លោក​ គីន​ លី ប្រធាន​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​នៅ​​​​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា “បន្ទាប់ពី​ការ​ស៊ើប​អង្កេត​ករណី​នេះ​ យើង​បាន​រក​ឃើញ​ថា ភ្លុក​ដំរី​ទម្ងន់​៣.០០៨​គីឡូក្រាម​ ត្រូវ​បាន​ដឹក​ជញ្ជូន​ពី​ប្រទេស​កេន​យ៉ា​ ក្នុង​ទ្វីប​អាហ្វ្រិក”។

លោក​បានពន្យល់​ថា អាជ្ញាធរ​កំពង់​ផែ​ត្រូវ​បាន​រាយការណ៍​អំពី​កុងតឺន័រ​នេះ​ ដោយ​ការិយាល័យ​ទំនាក់ទំនង​ស៊ើប​អង្កេត​ប្រចាំ​តំបន់​នៃ​បណ្ដាញ​អនុវត្តពន្ធគយ​ ដែល​ជា​ទីភ្នាក់ងារ​​​​សើុប​អង្កេត​ពិភពលោក​ដោយ​​​តាម​ដាន​ការ​ដឹក​ជញ្ជូន​​​ទំនិញ​។

កុងតឺន័រ​នេះ​ជា​​​កុងតឺន័រ​ដឹក​សណ្ដែក​ពី​ប្រទេស​ម៉ាឡេស៊ី​ ប៉ុន្តែ​ការ​ឆែក​ឆេរ​មួយ​បន្ទាប់​ពី​កុង​តឺន័រ​នេះ​មក​ដល់​កំពង់​ផែ​ព្រះសីហនុ​បង្ហាញ​ឲ្យ​ឃើញ​ថា វា​​​ជា​​​​ទំនិញ​ភ្លុក​ដំរី​ជាង​៥០០​ភ្លុក។

ភាគ​​​ច្រើន​​​នៃ​​​ភ្លុក​ដំរី​ទាំង​​​នេះ​ ដែល​ត្រូវ​បាន​រត់​ពន្ធ​កាត់​តាម​អាស៊ី​ភាគ​អាគ្នេយ៍​​​នេះ​​​ មាន​​​គោល​​​ដៅ​​​ឆ្ពោះ​​​ទៅ​ប្រទេស​វៀតណាម​ និង​ប្រទេស​ចិន​ ដែល​ជា​ទីផ្សារ​ងងឹត​រក​ចំណូល​បាន​ច្រើន​សម្រាប់​ភ្លុក​ដំរី​ ហើយ​លោក​ ប៊ុន ជីវ អនុប្រធាន​ការិយាល័យ​គយ​នៅ​កំពង់​ផែនេះ​​​​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា គោល​ដៅ​ចុង​ក្រោយ​របស់​ភ្លុក​ដំរី​ កេនយ៉ា នេះ គឺ​​​ភាគ​​​ច្រើន​​​មិន​​​មែន​​​ជា​ប្រទេស​កម្ពុជា​នោះ​​​​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រទេស​កម្ពុជា​មិន​មែន​ជា​ប្រទេស​គោលដៅ​សម្រាប់​ភ្លុក​ដំរី​នេះ​ទេ​”។

ទាំង​លោក​ និង​ទាំង​លោក​ លី មិនឆ្លើយ​នឹង​សំណួរ​អំពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ Olair Worldwide Logistics ដែល​ដឹក​កុង​តឺន័រ​ទាំង​​​នេះ​​​​ ដែល​មាន​ការ​ចុះ​បញ្ជី​ការិយាល័យ​ពីរ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​មួយ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​​​នេះ​​​ទេ​​​។

ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ហិរញ្ញវត្ថុ​ ដោយ​មាន​ម្ចាស់​ភាគ​ហ៊ុន​បី​នាក់​ ឈ្មោះ​ សៀង សុខន​ ឈ្មោះ អៀង ចាន់ថា និង​ឈ្មោះ​ ហ៊ុយ សូលី។

ទាំង​ក្រុមហ៊ុន​ និង​ភាគី​​​ពាក់​​​ព័ន្ធ​​​​មិន​អាច​ទាក់ទង​បាន​ទេ​​​ កាល​ពីម្សិលមិញ​។ ខ្សែ​ទូរស័ព្ទ​មួយ​ក្នុង​ចំណោម​ខ្សែ​ទូរស័ព្ទ​របស់ក្រុមហ៊ុននេះ បាន​ភ្ជាប់​ទៅ​ផ្នែក​ទទួលកក់ ឈ្មោះ​ខេម​បូឌាន​ ខន់ទ្រី ក្លឹប (​Cambodian​ Country​ Club) នៅ​ក្នុង​រាជធានីភ្នំពេញ​ ចំណែក​អាសយដ្ឋាន​ដែល​បាន​ចុះ​បញ្ជី​មួយ​នៅ​លើ​មហា​វិថី​កម្ពុជា​ក្រោម​រក​​​មិន​ឃើញ​​ឡើយ​”៕ ប៊ុននី​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស