31 C
Phnom Penh

តំណែង​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ស្រុកជើង​​​ព្រៃ​​​ ត្រូវ​​​បាន​​​សម្រេច​​​​​​តាម​​​រយៈ​​​ការ​​​ចាប់​​​ឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​គ្រប់​​​គ្រង​​​តំណែង​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ស្រុកមួយ​​​ដែល​​​មាន​​​១៧​​​អាសនៈ​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម ត្រូវ​​​បាន​​​កំណត់​​​ដោយ​​​ព្រះសង្ឃមួយ​​​អង្គ​​​តាម​​​រយៈការ​​​ចាប់​​​ឈ្មោះមួយ​​​​​​នៅ​​​ក្នុង​​​ប្រអប់​​​​​កាល​​​ពី​​​ថ្ងៃពុធ បន្ទាប់ពី​​​លទ្ធផល​​​នៃការ​​​បោះ​​​ឆ្នោត​​​បង្ហាញ​​​ថា គណបក្ស​​​ទាំងពីរ​​​ទទួល​​​បាន​​​សំឡេង​​​ឆ្នោត​​​ស្មើ​​​គ្នា​​​។

គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះជាតិ​​​ទទួល​​​បាន​​​សំឡេង​​​ឆ្នោត​​​​​​៣៦​​​សំឡេង​​​ស្មើ​​​គ្នា​​​ បន្ទាប់ពី​​​មន្ត្រី​​​ក្រុម​​​ប្រឹក្សាឃុំ​​​បាន​​​បោះ​​​ឆ្នោត​​​នៅ​​​ក្នុង​​​ស្រុក​​​ជើង​​​ព្រៃ​​​ កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​ក្រុម​​​ប្រឹក្សា​​​ខេត្ត-ក្រុង ស្រុក-ខណ្ឌ។

យោង​​​តាម​​​លោក ម៉ាង ម៉េងហួន ប្រធាន​​​គណៈកម្មការ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​ខេត្ត​​​កំពង់ចាម​​​ បាន​​​ឲ្យ​​​ដឹង​​​ថា គណបក្ស​​​ទាំងពីរ​​​ទទួល​​​បាន​​​​​​ប្រាំបី​​​អាសនៈ​​​ស្មើ​​​គ្នា ហើយ​​​​​​នៅ​​​ពេល​​​នោះ​​​អាសនៈទី​​​១៧​​​ត្រូវ​​​បាន​​​ប្រគល់​​​ឲ្យ​​​ដោយ​​​ផ្អែក​​​លើ “ការ​​​ចាប់​​​ឆ្នោត​​​”។

លោក​​​បាន​​​បក​​​ស្រាយ​​​ថា “មិនអាច​​​ស្មើ​​​គ្នា​​​បានទេ ពីព្រោះ​​​​​​​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ស្រុក​​​មាន​​​តែ​​​ម្នាក់​​​ប៉ុណ្ណោះ។ យើង​​​បាន​​​រៀបចំ​​​ការ​​​ចាប់​​​ឆ្នោត​​​ដោយ​​​ដាក់​​​ក្រដាស​​​ពីរ​​​សន្លឹក​​​ ដែល​​​មាន​​​សរសេរ​​​ឈ្មោះ​​​ ‘គណបក្ស​​​សង្គ្រោះជាតិ’ និង​​​ ‘ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​’ ហើយ​​​សុំ​​​ឲ្យ​​​ព្រះសង្ឃ​​​មួយ​​​អង្គចាប់​​​យក​​​មួយសន្លឹក​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា គណបក្ស​​​​​​ប្រជាជន​​​កម្ពុជា​​​បាន​​​ទទួល​​​ជ័យ​​​ជម្នះ​​​នៅ​​​ក្នុង​​​ការ​​​ចាប់​​​ឆ្នោត​​​នេះ ដោយ​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​កាន់អំណាច​​​ទទួល​​​បាន​​​ប្រាំបួន​​​អាសនៈ​​​។ ” ករណី​​​នេះ​​​មិន​​​ធ្លាប់​​​កើត​​​មាន​​​ពីមុន​​​មក​​​ទេ នោះហើយ​​​ជាមូល​​​ហេតុ​​​ដែល​​​យើង​​​ជ្រើស​​​រើស​​​ព្រះសង្ឃ​​​ មួយ​​​អង្គ​​​ឲ្យ​​​ចាប់​​​ឆ្នោត​​​ ពីព្រោះ​​​ព្រះសង្ឃ​​​ជា​​​ពុទ្ធសាសនិក មាន​​​ភាព​​​ស្មោះ​​​ត្រង់ ហើយ​​​ប្រជា​​​ពល​​​រដ្ឋទូទាំង​​​ប្រទេស​​​គោរព​​​បូជា​​​”។

លោក ទេព នីថា អគ្គលេខាធិការ​​​នៃ​​​គណៈកម្មាធិការជាតិ​​​រៀប​​​ចំកា​​​រ​​​បោះ​​​ឆ្នោត ហៅកាត់​​​ថា គ.ជ.ប. បាន​​​បញ្ជាក់​​​ថា ការ​​​ចាប់​​​ឆ្នោត​​​បែប​​​នេះ​​​គឺ​​​ស្រប​​​តាម​​​ច្បាប់។ លោក​​​មាន​​​ប្រសាសន៍​​​ថា “យោង​​​តាម​​​ច្បាប់​​​ ត្រូវ​​​ឲ្យ​​​ព្រះសង្ឃ​​​ជា​​​អ្នក​​​​​​ចាប់​​​ឆ្នោត​​​ដើម្បីធ្វើ​​​ឲ្យ​​​គណបក្ស​​​​​​ផ្សេង​​​ទៀត​​​មាន​​​ការ​​​ជឿ​​​ជាក់ និង​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា វា​​​ពិត​​​និង​​​ត្រឹម​​​ត្រូវ​​​”។

តែទោះជាយ៉ាង​​​ណា លោក ប៉ុក គឹមស្រឿន សមាជិក​​​មួយ​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដែល​​​បាន​​​ជាប់​​​ឆ្នោត​​​ជា​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ស្រុកជើង​​​ព្រៃ បាន​​​ចោទ​​​ប្រកាន់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​មន្ត្រី​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​ថា ប្រើ​​​កលល្បិច​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ពេញ​​​ចិត្ត​​​នឹង​​​ការ​​​ធ្វើ​​​បែ​​ប​​​នេះទេ ពីព្រោះ​​​សន្លឹក​​​ឆ្នោត​​​របស់គណបក្ស​​​សង្គ្រោះជាតិ​​​ដាក់​​​នៅ​​​ពីក្រោម​​​សន្លឹក​​​ឆ្នោតរបស់​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ដូច្នេះ​​​នៅពេល​​​ពួកគេ​​​គ្រលុក​​​ វានឹង​​​នៅ​​​តែ​​​ដដែល ​​​មិន​​​ទៅ​​​ណាទេ”។ លោក​​​បាន​​លើក​​​ឡើង​​​ថា​​​ ព្រះសង្ឃ​​​អង្គនោះ​​​មាន​​​ការ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ប្រើ​​​កលល្បិច​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍បន្ថែម​​​ទៀតថា “ខ្ញុំមើល​​​ឃើញ មុនពេល​​​ព្រះសង្ឃ​​​អង្គនោះ​​​ចាប់​​​ឆ្នោត​​​ គាត់​​​បាន​​​សម្លឹង​​​មើល​​​ទៅ​​​ក្នុង​​​ហិប​​​ឆ្នោត​​​។ វា​​​អយុត្តិធម៌ ។ខ្ញុំគិត​​​ថា ព្រះ​​​សង្ឃ​​​អង្គ​​​នេះមិនឯករាជ្យ​​​ទេ និង​​​​​​គាំទ្រ​​​គណបក្ស​​​​​​ប្រជាជន​​​កម្ពុជា”៕ សុខុម​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស