27 C
Phnom Penh

សេដ្ឋវិទូ​​​ថា ចំណូល​​​និង​​​ចំណាយ​​​របស់​​​រដ្ឋាភិបាល​​​កើន​​​ឡើង ប៉ុន្តែ​​​មានចំណុច​​​ដែល​​​ត្រូវ​​​កែលម្អ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​ថវិកា​​​រដ្ឋ​​​របស់​​​កម្ពុជា​​​បាន​​​បន្ត​​​កើន​​​ឡើង​​​កាលពី​​​ឆ្នាំមុន​​​ ដោយ​​​ចំណូល​​​របស់​​​រដ្ឋាភិបាល​​​កើ​ន​​​ឡើង​​​៨​​​ភាគ​​​រយបើធៀប​​​នឹង​​​ឆ្នាំ​​​២០១២​​​ ដោយសារ​​​តែ​​​ការ​​​ប្រមូលពន្ធ​​​បាន​​​ច្រើន​​​ជាង​​​មុន​​​ចំណែក​​​ឯ​​​ការ​​​ចំណាយ​​​វិញ​​​បាន​​​កើន​​​ឡើង​​​៣២​​​ភាគរយ​​​ដល់​​​៣,១​​​ពាន់​​​លាន​​​ដុល្លារ​​​ នេះបើ​​​យោង​​​តាម​​​សេចក្ដី​​​ថ្លែង​​​ការណ៍មួយ​​​របស់​​​ក្រសួង​​​សេដ្ឋកិច្ច និង​​​ហិរញ្ញវត្ថុ។ 

សេចក្ដីថ្លែង​​​ការណ៍​​​ដដែ​​​ល​​​នេះ​​​លើក​​​ឡើង​​​ថា ចំណូល​​​ក្នុង​​​ស្រុក​​​សរុប​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​មាន​​​ចំនួន​​​២,០៧​​​ពាន់​​​លាន​​​ដុល្លារ​​​ ពោលគឺ​​​កើន​​​ឡើង​​​៨ភាគរយ​​​បើធៀប​​​នឹង​​​ចំណូល​​​ក្នុង​​​ស្រុក​​​សរុប​​​១,៩​​​ពាន់​​​លាន​​​ដុល្លារ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១២ ខណៈដែល​​​ឧស្សាហកម្ម​​​សំខាន់ៗ​​​នៅ​​​ក្នុង​​​ប្រទេស​​​បាន​​​ប៉ះប៉ូវ​​​ផល​​​ប៉ះពាល់​​​អវិជ្ជមាន​​​នៅ​​​ក្នុង​​​សេដ្ឋកិច្ច​​​ដែល​​​បង្ក​​​ឡើង​​​ដោយសារ​​​​​​ស្ថាន​​​ភាព​​​​​​នយោបាយ​​​គ្មាន​​​ស្ថិរភាព និង​​​គ្រោះ​​​ធម្មជាតិ​​​។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា “នៅ​​​ក្នុង​​​ខែ​​​ធ្នូ​​​ ឆ្នាំ​​​២០១៣ សេដ្ឋកិច្ច​​​​​​បាន​​​ដំណើរ​​​ការ​​​ធម្មតា​​​ដោយសារ​​​តែ​​​ស្ថិរភាព​​​ម៉ាក្រូសេដ្ឋកិច្ច ទោះបីជា​​​មាន​​​គ្រោះ​​​ទឹក​​​ជំនន់ និង​​​ស្ថាន​​​ភាព​​​នយោបាយ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ក្ដី។ ការ​​​កើន​​​ឡើង​​​ [ប្រាក់​​​ចំណូល​​​] គឺ​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់ដេរ​​​ សំណង់ ទេសចរណ៍ និង​​​វិនិយោគ​​​”។

នៅ​​​ក្នុង​​​ខែ​​​ធ្នូ ចំណូល​​​បាន​​​ពី​​​ពន្ធគយ​​​បាន​​​កើន​​​ឡើង​​​១៩​​​,២​​​ភាគរយ​​​បើធៀប​​​នឹង​​​ខែធ្នូ ឆ្នាំ​​​២០១២។ កំណើន​​​នេះ​​​ទទួល​​​បាន​​​ដោយ​​​សារ​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​​​របស់​​​នាយក​​​ដ្ឋាន​​​គយ​​​និង​​​រដ្ឋាករ​​​ក្នុង​​​ការ​​​ប្រមូល​​​ពន្ធ​​​នាំចូល​​​យ៉ាង​​​​​​តឹង​​​រ៉ឹង​​​ ដោយ​​​ចាប់​​​ផ្ដើមពី​​​ខែ​​​វិច្ឆិកា។

លោក ចាយអឺន ម៉េណុន (JayantMenon) សេដ្ឋវិទូជាន់​​​ខ្ពស់​​​នៅ​​​ការិយាល័យ​​​សមាហរណកម្ម​​​សេដ្ឋកិច្ច​​​ប្រចាំ​​​តំបន់នៃ​​​ធនាគារ​​​អភិវឌ្ឍន៍​​​អាស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា ទោះ​​​បីជា​​​ទិន្នន័យ​​​របស់​​​ក្រសួង​​​សេដ្ឋកិច្ច និង​​​ហិរញ្ញវត្ថុ​​​ បង្ហាញថា ពេល​​​នេះកំពុង​​​មាន​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​បង្កើន​​​ចំណូល​​​របស់​​​រដ្ឋាភិបាល​​​ក្ដី​​​ ក៏​​​មូល​​​ដ្ឋាន​​​គិត​​​ពន្ធ​​​ចាំបាច់​​​នៅតែ​​​ត្រូវ​​​ពង្រីក​​​បន្ថែម​​​។

លោក​​​បាន​​​លើកឡើង​​​នៅ​​​ក្នុង​​​អុីម៉េល​​​មួយ​​​ថា “ចាំបាច់​​​ត្រូវ​​​តែ​​​ពង្រីក​​​មូល​​​ដ្ឋាន​​​គិត​​​ពន្ធ​​​ដើម្បី​​​ធានា​​​ឲ្យ​​​បានថា ការ​​​កើន​​​ឡើ​​​ង​​​នេះ​​​ប្រកប​​​ដោយ​​​និរន្តរភាព​​​ ហើយ​​​ប្រែក្លាយ​​​ប្រភព​​​ចំណូល​​​បាន​​​​​​ពី​​​​ពន្ធ​​​ជាក់​​​លាក់​​​មួយ​​​ចំនួន​​​ (ឧទាហរណ៍ គយ និង​​​ពាណិជ្ជកម្មពាក់​​​ព័ន្ធ) ទៅជា​​​ចំណូលទូទៅ​​​ (ផ្អែក​​​លើ​​​ការ​​​ប្រើ​​​ប្រាស់​​​ ឬការ​​​ចំណាយ​​​)។ ពេល​​​នេះ​​​បញ្ហា​​​ប្រឈម​​​ដ៏ធំ​​​ គឺ​​​ការ​​​ប្រមូល​​​ពន្ធ​​​ មិន​​​មែនបញ្ហា​​​​​​លិខិតុបករណ៍​​​​​​ពន្ធ​​​ ឬ​​​ប្រភេទ​​​ពន្ធនោះ​​​ទេ”។

លោក ស្រី ចន្ធី សេដ្ឋវិទូឯក​​​រាជ្យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចំណាយ​​​របស់​​​រដ្ឋាភិបាល​​​លើ​​​វិស័យ​​​សំខាន់ៗ​​​ ដូចជា សេវាសង្គម​​​ដែល​​​រួម​​​មាន​​​ការ​​​​​​អប់រំ និង​​​ការ​​​បណ្ដុះ​​​បណ្ដាលជាដើម​​​ គឺ​​​នៅ​​​មាន​​​កម្រិត​​​ទាប ទោះបីជា​​​រដ្ឋាភិបាល​​​មាន​​​ការ​​​ប្ដេជ្ញាចិត្ត​​​ក្នុង​​​ការ​​​ពង្រឹង​​​សមត្ថភាព​​​របស់​​​កម្មករនិយោជិត​​​ឲ្យ​​​​​​មាន​​​ជំនាញខ្ពស់​​​​​​ជាង​​​មុន​​​ក្ដី​​​។លោក​​​បាន​​​មាន​​​ប្រសាសន៍ទៀត​​​ថា “ការ​​​ចំណាយ​​​លើ​​​សេវា​​​សង្គម​​​ គឺ​​​នៅ​​​ទាប​​​នៅ​​​ឡើយ​​​បើធៀប​​​នឹង​​​ផលិត​​​ផល​​​ក្នុង​​​ស្រុក​​​សរុប​​​”។

ក្រសួង​​​សេដ្ឋកិច្ច និ​​​ង​​​ហិរញ្ញវត្ថុ​​​បាន​​​ប៉ាន់​​​ប្រមាណ​​​ថា នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ ការ​​​ចំណាយ​​​របស់​​​រដ្ឋាភិបាល​​​លើ​​​សេវា​​​សង្គម​​​ គឺ​​​ស្មើ​​​ត្រឹម​​​៤,៤ភាគ​​​រយ​​​ប៉ុណ្ណោះ​​​នៃ​​​ផលិត​​​ផល​​​ក្នុង​​​ស្រុក​​​សរុប​​​(GDP)៕ សុខុម​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស