28 C
Phnom Penh

ទ័ព​អាមេរិក​បិទ​គេ​ហ​ទំព័រ​​ដែល​​លើក​ឡើង​ក្នុង​របាយការណ៍​​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បួន​ថ្ងៃ​បន្ទាប់​ពី​អង្គការ​​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (HRW) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​រិះ​គន់​រដ្ឋាភិបាល​ក្រុង​វ៉ាសីុន​តោន​ចំពោះ​ការ​គាំទ្រ​ដល់​ “កង​កម្លាំ​ង​ប្រដាប់​អាវុធ​ដែល​រំលោភ​បំពាន​” របស់​កម្ពុជា​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​រូ​ប​ថត​​ដូច​បាន​លើក​ឡើង​ក្នុង​របាយការណ៍​នេះ ​ត្រូវ​បាន​លុប​ចេញ​ពី​បណ្តាញ​អីុន​ធើ​ណិត​។

យោង​តាម​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ទំព័រ​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះថា ” ឆ្មាំ​អង្គរ​២០១៤​” (Angkor Sentinel 2014) នេះ​គ្រប់​គ្រង​ដោយ​កង​ទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាសីុហ្វិក ​ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​លំហាត់​ហ្វឹក​ហ្វឺន​ឆ្មាំ​អង្គរ ​រយៈ​ពេល​១០​ថ្ងៃ​កាល​ពី​ខែ​មុន​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ។

លំហាត់​ហ្វឹក​ហ្វឺន​​ដែល​ធ្វើ​ឡើង​ប្រចាំ​ឆ្នាំ​នេះ​ត្រូវ​បាន​លើក​ឡើង​ថា មាន​គោល​បំណង​ពង្រឹង​សមត្ថ​ភាព​របស់​កម្ពុជា​ក្នុង​ការ​បំពេញ​បេស​កម្ម​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ ឬ​គ្រោះ​មហន្ត​រាយ​។

ទោះ​ជា​យ៉ាង​ណា​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ចោទ​ប្រកាន់​ថា រូប​ថត​ដែល​ត្រូវ​បាន​អាប់​ឡូត​ចូល​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ឆ្មាំ​អង្គរ​២០១៤​ដែល​បង្ហាញ​ពី​សកម្ម​ភាព​ទាហាន​កង​យោធពល​ខេមរភូមិន្ទ​ភ្ជុង​កាំភ្លើង​វែង​ អាកា-៤៧​បញ្ជាក់​​ថា មិន​មែន​លំហាត់​ហ្វឹក​ហ្វឺន​ទាំង​អស់​សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ជំនួយ​មនុស្ស​ធម៌​ ឬ​គ្រោះ​មហន្ត​រាយ​នោះ​ទេ​។

អង្គការ​នេះ​បាន​អះ​អាង​ថា នេះ​គឺជា​ការ​បំពាន​​​លើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​លោក បារ៉ាក់ អូបាម៉ា ប្រធានធិបតី​សហ​រដ្ឋ​អាមេរិក​ បាន​ចុះ​ហត្ថ​លេខា​ទទួល​ស្គាល់​កាល​ពី​ខែ​មករា​ ដើម្បីផ្អាក​ការ​ផ្តល់​ជំនួយ​ផ្ទាល់​ទាំ​ង​អស់​ដល់​កម្ពុជា​ ដែល​មិន​មែនប្រើ​ប្រាស់​​សម្រាប់​ការ​បណ្តុះ​បណ្តាល​ផ្នែក​ជំនួយ​មនុស្ស​ធម៌​ ឬ​សិទ្ធិ​មនុស្ស។

លោក ហ្វីល រ៉ូបឺត​​សុន (Phil Robertson) អនុ​ប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​បានមាន​ប្រសាសន៍​ថា ” ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​​​បន្តិច​ណា​សោះ​ឡើយ​ដែល​ទំព័រ​នេះ​ត្រូវ​បាន​លុប​ចេញ​។ ពួកគេ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា វា​ត្រូវ​បាន​បិទ​មុន​ពេល​សភា​ចាប់ផ្តើម​មើល​ឃើញ​រូប​ភាព​ទាំង​នេះ​។ វិមាន​កា​​ពីតូល​នឹង​សួរ​សំណួរ​ជាច្រើន​”។

កាល​ពី​ថ្ងៃ​សុក្រ កង​ទ័ព​សហ​រដ្ឋ​អាមេរិក​ប្រចាំ​​តំបន់​ប៉ាសីុហ្វិក​ មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ឆ្លើយ​បំភ្លឺ​ទេ​ ប៉ុន្តែ លោក ស៊ាន​ ម៉ាកគីនតុស​ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​និយាយ​ការ​ពារ​​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​ការ​ជួយ​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​​ការ​ហ្វឹក​ហ្វឺន​កង​ទ័ព​កម្ពុជា។

លោក​​បាន​លើក​ឡើង​នៅ​ក្នុង​អីុ​ម៉េល​មួយ​ថា ” រូប​ថត​ដែល​យោធា​សហ​រដ្ឋ​មេរិក​បាន​បង្ហោះ​តាម​ហ្វេស​ប៊ុក​ បង្ហាញ​ពី​ទាហាន​កម្ពុជា​ទទួល​ការ​ហ្វឹក​ហ្វឺ​ន​ដើម្បី​​ឆ្លើយ​តប​ឲ្យ​បាន​សម​ស្រប​ទៅ​នឹង​​ការ​គំរាម​កំហែង​នៃ​គ្រាប់​បែក​ច្នៃ ដែល​ជា​គ្រោះថ្នាក់​មួយ​​កំពុង​កើត​មាន​នៅ​ក្នុង​ប្រតិបត្តិការ​​រក្សា​សន្តិភាព​របស់​កម្ពុជា​នៅ​ទូទាំង​ពិភព​លោក​។ ទំព័រ​ហ្វេស​ប៊ុក​​នេះ​គ្រប់​គ្រង​ដោយ​​កង​ទ័ព​សហ​រដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ី​ហ្វិក​ ដូច្នេះ​ខ្ញុំ​សូម​​ជម្រាប​ប្រាប់​លោក​ថា អញ្ជើញ​​មើល​​នីតិ​វិធី​​ស្តី​ពី​ការ​គ្រប់​គ្រង​គេ​ហ​ទំព័​រ​នេះ​ទៅ​”។

អង្គការ​នេះ ក៏​បាន​គូស​បញ្ជាក់​ពី​វីដេអូ​ក្នុង​គេ​ហ​ទំព័រ​យូ​ធូប​ផង​ដែរ​ ដែល​បង្ហាញ​ពី​ពិធី​បិទ​វគ្គ​លំហាត់​ហ្វឹក​ហ្វឺន​ឆ្មាំ​អង្គរ​ ហើយ​​ក្នុង​នោះ​​​គេ​ឃើញ​ទាហាន​​ម្នាក់​ពាក់​មួក​បារេ​ក្រហម​នៃ​ទ័ព​ឆត្រ​យោងកង​​ពល​តូច​លេខ​៩១១នៃ​កង​យោធពល​ខេមរភូមិន​្ទ​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ។

ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាល​ពីម្សិលមិញ​ថា ទាហាន​មក​ពី​កង​ពល​តូច​លេខ​៩១១​ពិត​ជា​​មាន​វត្ត​មាន​នៅ​ក្នុង​ពិធី​បើក​ និង​បិទ​វគ្គ​លំហាត់​ហ្វឹក​ហ្វឺន​ឆ្មាំ​អង្គរ​មែន​ ប៉ុន្តែ​បាន​លើក​ឡើង​ថា ” ទាហាន​មក​ពី​ទ័ព​អាកាស​ ទ័ព​ជើង​ទឹក​ កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ និង​កង​ពល​តូច​លេខ​៩១១​មិន​បាន​ចូល​រួម​ក្នុង​លំហាត់​ហ្វឹក​ហ្វឺន​ទាំ​ង​នេះ​ទេ​”។

ទាំង​ស្ថាន​ទូត​សហ​រដ្ឋ​អាេមរិក​ ទាំង​មន្ត្រី​ជាន់​ខ្ពស់​នៃកង​យោធពល​ខេមរភូមិន្ទ​មិនបាន​លាត​ត្រដាង​ថា អង្គភាព​ណា​ខ្លះ​បាន​ចូល​រួម​ក្នុង​លំហាត់​ហ្វឹក​ហ្វឺន​ឆ្មាំ​អង្គរ​២០១៤​ទេ​៕ សុខុម​

 

       ​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស