ដីដែលកាលពីមុនជាទីតាំងមន្ទីរពេទ្យបង្អែកខណ្ឌចំការមនត្រូវបានដាក់ប្រកាសលក់ក្នុងតម្លៃ១២,១លានដុល្លារ កាលពីថ្ងៃសុក្រ គ្រាន់តែប៉ុន្មានថ្ងៃបន្ទាប់ពីមន្ត្រីសុខាភិបាលរាជធានីភ្នំពេញបានបដិសេធថា ដីនេះនឹងមិនត្រូវបានលក់ទេ។
យោងតាមសេចក្ដីប្រកាសក្នុងគេហទំព័រផ្សាយពាណិជ្ជកម្មខ្លីៗ Khmer24 បានឲ្យដឹងថា ដីនេះមានទំហំ៨គុណ៨០ម៉ែត្រ និងត្រូវបានប្រកាសដាក់លក់ក្នុងតម្លៃ៣.៨០០ដុល្លារក្នុងមួយម៉ែត្រក្រឡា។ រូបថតអមសេចក្ដីប្រកាសនេះបង្ហាញច្បាស់ថា នេះជាអគារមន្ទីរពេទ្យ និងដីនៅជុំវិញនោះ។
ភ្នាក់ងារអចលនទ្រព្យ ដែលនៅពីក្រោយសេចក្ដីប្រកាសនេះបានបញ្ជាក់តាមទូរស័ព្ទថា ក្រុមហ៊ុនឯកជនមួយ គឺជាម្ចាស់ដីដែលកាលពីមុនជាទីតាំងមន្ទីរពេទ្យសាធារណៈរបស់រដ្ឋនេះ។ នៅពេលសួរថា តើទីតាំងនោះមានអគារមន្ទីរពេទ្យដែរឬអត់នោះ ភ្នាក់ងារនោះបាននិយាយថា “បាទ រដ្ឋបានប្រគល់ដីនោះឲ្យក្រុមហ៊ុនឯកជនមួយសម្រាប់លក់”។
កាលពីថ្ងៃអង្គារ លោក សុខ សុឃុន ប្រធានមន្ទីរសុខាភិបាលរាជធានីបានបដិសេធថា មិនមានផែនការលក់អគារដែលធ្លាប់មានការផ្ដល់ឲ្យនូវសេវាកម្មកាកបាទក្រហមនេះទេ។ មន្ទីរពេទ្យនេះបានបិទទ្វារសម្រាប់ជួសជុល កាលពីឆ្នាំ២០១១ ហើយបច្ចុប្បន្នមិនមានអ្វីនៅខាងក្នុងទេ។
នៅពេលសាកសួរកាលពីថ្ងៃសុក្រអំពីមូលហេតុ ដែលនំាឲ្យមានការដាក់ប្រកាសលក់ដីនេះ លោក សុឃុន បានលើកឡើងថា លោកមិនដឹងរឿងនេះទេ។
លោកបានមានប្រសាសន៍ថា “វាជាព័ត៌មានបំផ្លើសមួយ។ មិនមានដីសម្រាប់លក់នៅមន្ទីរពេទ្យនោះទេ”។ លោកបានមានប្រសាសន៍បន្តទៀតមុនពេលបដិសេធមិនធ្វើសេចក្ដីអត្ថាធិប្បាយបន្ថែមថា “ខ្ញុំជាប្រធាន។ម៉េចបានជាខ្ញុំមិនដឹងរឿងនេះ? វាមិនមែនសម្រាប់លក់ទេ។ វានៅតែជាមន្ទីរពេទ្យដូចមុនអ៊ីចឹង បន្ទាប់ពីមានការជួសជុលរួច”។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទីតាំងមិនមានរបងព័ទ្ធជុំវិញនេះមិនមានសកម្មភាពច្រើនទេ ក៏ប៉ុន្តែវាត្រូវបានប្រើប្រាស់សម្រាប់រក្សាទុកបន្លាលួសជាច្រើន ដែលអាជ្ញាធរយកទៅប្រើប្រាស់ក្នុងការបិទផ្នែកនានានៃមហាវិថីនរោត្តម អំឡុងពេលមានសកម្មភាពតវ៉ា។
អតីតបុគ្គលិកនៅមន្ទីរពេទ្យនោះ ដែលត្រូវបានផ្ទេរទៅមន្ទីរពេទ្យបង្អែករាជធានីភ្្នំពេញបានឲ្យដឹងថា ពួកគេបានឮថា មន្ទីរពេទ្យនោះ នឹងមិនបើកដំណើរការឡើងវិញទេ ពីព្រោះវាត្រូវបានលក់រួចទៅហើយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានលើកឡើងកាលពីថ្ងៃសុ្រកថា លោកក៏ឆ្ងល់អំពីអគារនោះផងដែរ។ លោកបានមានប្រសាសន៍ថា “រឿងនោះខ្ញុំមិនច្បាស់ទេថា តើវាជារបស់កាកបាទក្រហមនៃក្រសួងសុខាភិបាល ឬក៏ជារបស់សាលារាជធានីភ្នំពេញ។ វាប្រហែលជាត្រូវបន្តជួលពីភាគីឯកជនមួយ ក៏មិនដឹង”។ មន្ត្រីក្រសួងសុខា ភិបាលនិងសាលារាធានីភ្នំពេញមិនអាចទំនាក់ទងសុំធ្វើសេចក្តី អត្ថាធិប្បាយបានទេ៕ ប៊ុននី
(រាយការណ៍បន្ថែមដោយ Lauren Crothers)