សេចក្តីព្រាងច្បាប់ចំនួនពីរស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការ ត្រូវបានរដ្ឋសភាឯកបក្សអនុម័តយ៉ាងងាយស្រួលកាលពីម្សិលមិញ ប៉ុន្តែ សម័យប្រជុំនេះត្រូវបានផ្តោតការចាប់អារម្មណ៍ខ្លាំងលើការរិះគន់របស់តំណាងរាស្ត្រថ្មីថ្មោងមួយរូប ចំពោះការអនុវត្តច្បាប់ព្រៃឈើធូររលុងនៅក្នុងខេត្តស្ទឹងត្រែង។
សម័យប្រជុំសភាពេញអង្គលើកទី៣ ដែលឈានចូលដល់ថ្ងៃទី៤ និងដែលតំណាងរាស្ត្រជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិបន្តធ្វើពហិការមិនចូលរួមដោយអះអាងថា ការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣មានការលួចបន្លំនេះ តំណាងរាស្ត្រ៦៥រូបមកពីគណបក្សប្រជាជនកម្ពុជាដែលមានវត្តមាន បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្តីពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាឯកច្ឆន្ទ។
ប៉ុន្តែ ខណៈដែលច្បាប់ទាំងពីរនេះត្រូវបានជំរុញឲ្យចេញយ៉ាងឆាប់រហ័សតាមរយៈរដ្ឋសភានោះ លោក ឡូយ សុផាត អតីតអភិបាលខេត្តស្ទឹងត្រែង ដែលបានក្លាយជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាសម្រាប់នីតិកាលទី៥នេះ បានលើកឡើងពីច្បាប់ផ្សេងទៀតដែលលោកអះអាងថា មិនត្រូវបានអនុវត្ត។
លោក ឡូយ សុផាត បានមានប្រសាសន៍ថា “រដ្ឋាភិបាលបានអនុញ្ញាតឲ្យសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ហើយបង្កើតច្បាប់ស្តីពីការសាងសង់ទំនប់នេះ និងការឈូសឆាយធ្វើអាងស្តុកទឹក ប៉ុន្តែ អ្នកឈូសឆាយដីធ្វើអាងស្តុកទឹកបានឆ្លៀតឱកាសកាប់ឈើ និងបានឲ្យអ្នកផ្សេងទៀតកាប់ឈើនៅខាងក្រៅតំបន់អាងស្តុកទឹកដើម្បីយកទៅលក់”។
កាលពីខែមីនា ឆ្នាំ២០១៣ កម្មករបានចាប់ផ្តើមឈូសឆាយដីទំហំ ៣៦.០០០ហិកតាជុំវិញចំណុចប្រសព្វនៃទន្លេសេសាន និងទន្លេស្រែពក ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលនឹងក្លាយជាទំនប់វារីអគ្គិសនីសេសានក្រោម២ កម្លាំង៤០០មេហ្គាវ៉ាត់។
ដៃគូនៅក្នុងការសាងសង់ទំនប់នេះ គឺក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនរួមដ៏ធំរបស់កម្ពុជា ដែលមានអ្នកឧកញ៉ា គិត ម៉េង ដ៏មានឥទិ្ធពលជាប្រធាន និងក្រុមហ៊ុនចិនឈ្មោះ Hydrolancang International Energy Co.Ltd. បានទទួលការអនុញ្ញាតឲ្យកាប់ឈើទាំងអស់នៅលើដីដែលត្រូវឈូសឆាយធ្វើអាងស្តុកទឹក ហើយយកឈើទាំងនោះទៅលក់។
ប៉ុន្តែ លោក ឡូយ សុផាត បានអះអាងនៅក្នុងរដ្ឋសភាកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនទាំងនេះបានកាប់ឈើប្រណីតនៅខាងក្រៅតំបន់សម្បទានរបស់ខ្លួន ហើយយកវាចូលក្នុងតំបន់សម្បទាន ធ្វើឲ្យអាជ្ញាធរមិនអាចបញ្ជាក់បានថា ឈើទាំងនោះជាឈើខុសច្បាប់។
លោកមានប្រសាសន៍ទៀតថា “នៅក្នុងតំបន់នោះ ការកាប់ឈើគ្មានអ្នកនរណាគ្រប់គ្រងទេ។បុគ្គលមានអំណាចមួយចំនួនមិនគោរពច្បាប់ ហើយឆ្លៀតឱកាសកាប់ឈើក្នុងឧទ្យានជាតិវីរជ័យ និងតំបន់ផ្សេងៗទៀត រួចដឹកជញ្ជូនវាចូលមកតំបន់នេះ [ សេសាន២]”។
លោក ម៉ាក ហានណា (Mark Hanna) ប្រធានផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា ខណៈដែលការចាប់ដៃគូនេះធ្លាប់ប្រឈមនឹងការចោទប្រកាន់បែបនេះកាលពីលើកមុន ការកាប់ឈើត្រូវបានផ្អាកជាបណ្តោះអាសន្នកាលពីខែតុលា បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការកាប់ឈើនៅខាងក្រៅតំបន់អាងស្តុកទឹក ហើយលោកមិនបានដឹងអំពីការតវ៉ាចំពោះការបន្តកាប់ឈើណាមួយឡើយ។
លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនទី៣មួយទៀតដែលលោកមិនចាំឈ្មោះ គឺជាអ្នកទទួលខុសត្រូវចំពោះការឈូសឆាយដី។ លោកលើកឡើងទៀតថា “អ្នកមើលការខុសត្រូវរឿងនោះស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ហើយពួកគេមិនចេះនិយាយភាសាអង់គ្លេសទេ”។
ឧទ្យានជាតិវីរជ័យ ដែលលាតសន្ធឹងពីចុងភាគឦសាននៃខេត្តរតនគិរី ក្បែរខាងចូលទៅដល់ក្នុងខេត្តស្ទឹងត្រែង គឺជាព្រៃមានទំហំ ៣៣០.០០០ ម៉ែត្រក្រឡាដែលលាតសន្ធឹងដល់ព្រំដែនជាប់ប្រទេសវៀតណាម និងប្រទេសឡាវ។ ព្រៃនេះត្រូវបានការពារពីអ្នកកាប់ឈើ ប៉ុន្តែ ជាក់ស្តែងឈើប្រណីតត្រូវបានកាប់បំផ្លាញនៅក្នុងឧទ្យានជាតិនេះជាញឹកញាប់។
លោក ឡូយ សុផាត បានចោទប្រកាន់ថា ខណៈដែលព្រៃអភិរក្សនេះកំពុងទទួលរងការកាប់បំផ្លាញដោយសារតែតំបន់សម្បទានសេសាន២គឺជាតំបន់សុវត្ថិភាពមួយសម្រាប់ការកាប់ឈើនោះ អាជ្ញាធរធ្វើព្រងើយចំពោះអ្នកដែលទទួលខុសត្រូវច្រើនបំផុតចំពោះការកាប់បំផ្លាញព្រៃឈើ ហើយបែរជាផ្តោតលើអ្នកកាប់ឈើតូចតាចទៅវិញ។ លោកបានមានប្រសាសន៍ថា “យើងបង្ក្រាបលើប្រជាពលរដ្ឋ ប៉ុន្តែ ឈ្មួញឈើធំៗរួចខ្លួន។ យើងមានតួនាទីការពារព្រៃនេះ ប៉ុន្តែ យើងបង្ក្រាបប្រជាពលរដ្ឋដែលគ្រាន់តែកាប់ឈើនៅក្នុងតំបន់ដែលគ្មានការអភិវឌ្ឍន៍ដើម្បីចិញ្ចឹមគ្រួសារ។ ប្រជាពលរដ្ឋទាំងនេះគ្រាន់តែបើប្រាស់ធនធានធម្មជាតិដើម្បីចិញ្ចឹមជីវិតប៉ុណ្ណោះ”។
លោកបានលើកឡើងពីករណីមួយមកធ្វើជាឧទាហរណ៍ ដែលក្នុងនោះអ្នកភូមិមកពីស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង បានទាក់ទងមកលោកកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដោយលើកឡើងថា កងរាជអាវុធហត្ថ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានដកហូតឈើកាប់ខុសច្បាប់មួយចំនួនតូចដែលរក្សាទុកនៅក្រោមផ្ទះរបស់ពួកគាត់។ លោកបានបន្តថា “ពួកគេបានដកហូតឈើពីរបីដុំ។ ប្រជាពលរដ្ឋទាំងនោះបានទូរស័ព្ទមកខ្ញុំបណ្តើរយំបណ្តើរ”។
លោក លី កន នាយរដ្ឋបាលព្រៃឈើស្រុកសៀមប៉ាងបានបញ្ជាក់ថា កងរាជអាវុធហត្ថ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប៉ែន សារ៉ាត់ បានធ្វើការឆ្មក់បង្ក្រាបដោយដកហូតបានឈើប្រហែលមួយម៉ែត្រគូបពីអ្នកភូមិទាំងនេះ។ លោកក៏បានមានប្រសាសន៍ដែរថា អ្នកភូមិទាំងនោះរួមជាមួយអ្នកភូមិប្រហែល២០០នាក់ផ្សេងទៀតបានលើកគ្នាមកវាយកម្ទេចសោទម្លុះចូលអគាររដ្ឋបាលព្រៃឈើស្រុកសៀមប៉ាង ដើម្បីរំដោះឈើទាំងនោះ គោយន្តកន្ត្រៃពីរគ្រឿង និងទូកមួយគ្រឿងដែលអាជ្ញាធរបានរឹបអូសពីពួកគេពីមុន យកត្រឡប់ទៅវិញ។
តែទោះជាយ៉ាងណា លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយទេអំពីទស្សនរបស់លោក ឡូយ សុផាត ជុំវិញការអនុវត្តច្បាប់នៅក្នុងខេត្តនេះ។ ចំណែកឯព្រះរាជអាជ្ញា ប៉ែន សារ៉ាត់ មានការជឿជាក់តិចតួចណាស់ចំពោះការអះអាងរបស់អតីតអភិបាលខេត្តស្ទឹងត្រែងរូបនេះ។ លោកបានលើកឡើងថា “នេះគឺជាទស្សនរបស់គាត់។ ប៉ុន្តែ អាជ្ញាធរជាច្រើនមានទស្សនខុសៗគ្នា”៕ សុខុម
(រាយការណ៍បន្ថែមដោយ Matt Blomberg)