29 C
Phnom Penh

ពេល​​​ដែលសកម្មជន​​​​​​សហជីព​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ មន្ត្រី​​​រដ្ឋាភិបាល​​​ត្រៀម​​​ខ្លួន​​​សម្រាប់​​​កិច្ច​​​ចរចា​​​ជាមួយ​​​ក្រុមហ៊ុន​​​អន្តរជាតិ​​​ក្នុង​​​ជុំ​​​ទី២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​សហជីព​​​អន្តរជាតិ​​​មួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ថា តំណាង​​​មក​​​ពី​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ធំ​​​ៗ​​​មួយ​​​ចំនួន​​​ និង​​​សហជីព​​​ នឹង​​​ត្រូវ​​​ជួប​​​ចរចា​​​ជាមួយ​​​មន្ត្រី​​​រដ្ឋាភិបាល​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​ ដើម្បី​​​បង្ហាញ​​​ពី​​​ក្ដី​​​កង្វល់​​​អំពី​​​ស្ថានភាព​​​កាន់​​​តែ​​​យ៉ាប់​​​យឺុន​​​នៃ​​​សិទ្ធិ​​​កម្មករ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

កិច្ច​​​ប្រជុំ​​​នេះ​​​កើត​​​ឡើង​​​បន្ទាប់ពី​​​មាន​​​កិច្ច​​​ចរចា​​​កាល​​​ពី​​​មុន​​​រវាង​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​នានា​​​ និង​​​មន្ត្រី​​​រដ្ឋាភិបាល​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​។ តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ មេដឹកនាំ​​​សហជីព​​ និង​​តំណាង​​​​​​សហជីព​យ៉ាង​​​តិច​​​១៨​​​នាក់​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​​​​ផែន​​​ការ​​​​​​ធ្វើ​​​កូដកម្ម​​​ រួម​​​ទាំង​​​សកម្មជន​​​សហជីព​​​ប្រាំ​​​បួន​​​នាក់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ផង​​​ដែរ​​​។

អ្នក​​​ស្រី​​​ ជីគី រ៉េណា (Jyrki Raina) អគ្គលេខាធិការ​​​សហជីព​​​ IndustriAll បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា “ទោះ​​​បី​​​ជា​​​មាន​​​ការ​​​អះអាង​​​ពី​​​រដ្ឋាភិបាល​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ក៏​​​ដោយ​​​ ក៏តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​មាន​​​ការ​​​គំរាម​​​កំហែង​​​ អំពើហិង្សា​​​​​កាន់​​​តែ​​​ច្រើន​​​ ហើយ​​​ការ​​​គោរព​​​នីតិរដ្ឋ​​​ក៏​​​កាន់តែ​​​ថយចុះ​​​ ដែល​​​កត្តា​​​ទាំង​​​អស់​​​នេះ​​​សុទ្ធ​​​តែ​​​ជា​​​បញ្ហា​​​បន្ទុក​​​ធ្ងន់​​​ទៅ​​​លើ​​​សិទ្ធិ​​​សហជីព​​​ និង​​​សិទ្ធិ​​​កម្ម​​​ករ​​​”។

អ្នកស្រី​​​ រ៉េណា គ្រោង​​​នឹង​​​ចូល​​​រួម​​​កិច្ច​​​ចរចា​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​​​​ ខាង​​​មុន​​​នេះ​​​ ដោយ​​​តំណាង​​ឲ្យ​​​សហព័ន្ធ​​​សហជីព​​​អន្តរជាតិ​​​ និង​​​សហជីព​​​ Uni Global។ ក្រុមហ៊ុន​​​ ដែល​​​នឹង​​​ចូល​​​រួម​​​ រួម​​​មាន​​​ក្រុមហ៊ុន​​​ H&M, Gap, Levi’s និង​​​ក្រុមហ៊ុន​​​ Puma នេះ​​​បើ​​​យោងតាម​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដដែល​​​។

សហជីព​​​នានា​​​គ្រោង​​​នឹង​​​សួរ​​​រដ្ឋាភិបាល​​​អំពី​​​បរាជ័យ​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​ករណី​​​បាញ់​​​សម្លាប់​​​កម្មករ​​​ ព្រម​​​ទាំង​​​ករណី​​​សកម្មជន​​​សហជីព  និង​​​កម្មករ​​​ចំនួន​​​២៣​​​នាក់​​​ ដែល​​​ត្រូវ​​​បាន​​​ផ្ដន្ទាទោស​​​ ពីបទ​​​ជាប់ពាក់​​​ព័ន្ធ​​​ក្នុង​​​កូដកម្ម​​​ក្នុង​​​វិស័យ​​​កាត់ដេរ​​​កាល​​​ពី​​​ខែ​​​មករា ហើយ​​​សាល​​​ក្រម​​​សម្រាប់​​​ពួក​​​គេ​​​នឹង​​​ត្រូវ​​​ប្រកាស​​​​​​នៅ​​​ថ្ងៃ​​​ទី​​​៣០​​​ ខែ​​​ឧសភា។

នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​នោះ​​​ ក៏​​​នឹង​​​មាន​​​កិច្ច​​​ពិភាក្សា​​​អំពី​​​កង្វះ​​​ខាត​​​នៃ​​​វឌ្ឍន​​​ភាព​​​ក្នុង​​​ការ​​​បង្កើត​​​យុន្តការ​​​កំណត់​​​ប្រាក់​​​ឈ្នួល​​​អប្បបរមា​​ផង​​​ដែរ​​​។ កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​បាន​​​ចំណាយ​​​ពេល​​​​​​ជា​​​ច្រើន​​​ខែ​​​ សម្រាប់​​​តវ៉ា​​​ដើម្បី​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​អប្បបរមា​​​ដល់១៦០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​។

អ្នក​​​ស្រី​​​ រ៉េណា បានមាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “សារ​​​សំខាន់​​​មក​​​ពី​​​សហជីព​​​អន្តរជាតិ​​​ និង​​​ក្រុមហ៊ុន​​​កម្រិត​​​សកលលោក​​​ចំពោះ​​​រដ្ឋាភិបាល​​​កម្ពុជា​​​មាន​​​ខ្លឹម​​​សារ​​​ច្បាស់​​​លាស់​​​ គឺ​​​ស្ថិរភាព​​​នយោបាយ​​​ និង​​​ការ​​​គោរព​​​សិទ្ធ​​​ិ​​​មនុស្ស​​​និង​​​កម្មករ​​​មាន​​​សារៈ​​​សំខាន់​​​ខ្លាំង​​​ណាស់​​​សម្រាប់​​​ការ​​​រក្សា​​​សកម្មភាព​​​ផ្គត់​​​ផ្គង់​​​ពី​​​ប្រទេស​​​កម្ពុជា​​​”។

លោក​​​ សុត​​​ សាមុត​​​ អនុរដ្ឋលេខាធិការ​​​ក្រសួង​​​ការងារ​​​ និង​​​បណ្ដុះបណ្ដាល​​​វិជ្ជាជីវៈ​​​ បាន​​​បញ្ជាក់​​​ថា កិច្ច​​​ចរចា​​​នឹង​​​ចាប់​​​ផ្ដើម​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​នេះ​​​ នៅ​​​ក្រុមប្រឹក្សា​​​អភិវឌ្ឍន៍​​​កម្ពុជា​​​។ លោក​​​ សាមុត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “នឹង​​​មាន​​​កិច្ច​​​ប្រជុំ​​​មួយ​​​។ ខ្ញុំ​​​នឹង​​​មិន​​​ចូល​​​រួម​​​ទេ  ប៉ុន្តែ​​​មន្ត្រី​​​មួយ​​​ចំនួន​​​មក​​​ពី​​​ក្រសួង​​​នឹង​​​ចូល​​​រួម​​​នៅ​​​ក្រុមប្រឹក្សា​​​អភិវឌ្ឍន៍​​​កម្ពុជា​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទាក់ទង​​​នឹង​​​សំណួរ​​​ជា​​​ច្រើនទៀត​​​​​​សម្រាប់​​​លោក​​​ ហេង​​​ សួរ​​​ អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការងារ​​​បណ្ដុះបណ្ដាល​​​វិជ្ជាជីវៈ​​​ ដែល​​​មិន​​​អាច​​​ទំនាក់ទំនង​​​បាន​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ពី​​​របៀប​​​វារៈ​​​ទេ”។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​សហជីព​​​នោះ​​​ក៏​​​បាន​​​កត់​​​សម្គាល់​​​អំពី​​​ករណី​​​កម្មករ​​​ ដែល​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ​​​ ក្រោម​​​សម្ពាធ​​​នៃ​​​ការ​​​បង្ក្រាប​​​ពី​​​សំណាក់​​​កម្លាំង​​​យោធា​​​ផង​​​ដែរ​​​។ សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹមសារ​​​បន្ត​​​ទៀត​​​ថា “កម្មករ​​​ត្រូវ​​​បាន​​​បញ្ឈប់​​​ពីការ​​​ងារ​​​ភ្លាមៗ​​​ ហើយ​​​រោងចក្រកាត់​​​ដេរ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ប្រឆាំង​​​មេដឹកនាំ​​​សហជីព​​​”។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ តំណាង​​​យ៉ាង​​​តិច​​​ប្រាំ​​​បួន​​​នាក់​​​មក​​​ពី​​​សហជីព​​​នានា​​​ដូចជា​​​ សម្ព័ន្ធ​​​សហជីព​​​ប្រជាធិបតេយ្យ​​​សេរីកម្មករ​​​កាត់​​​ដេរ​​​កម្ពុជា​​​ (ស៊ីខៅឌូ) ត្រូវ​​បាន​​​ចាប់ខ្លួន​​​នៅ​​​ខេត្ត​​​តាកែវ​​​ នេះ​​​បើ​​​យោង​​​តាម​​​នគរបាល​​​និង​​​មន្ត្រី​​​សហជីព​​​។

លោក ឈុន​​​ សារ៉េត​​​ ប្រធាន​​​ការិយាល័យ​​​នគរបាល​​​ផ្ទៃ​​​ក្នុង​​​បាន​​​បញ្ជាក់​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​នេះ​​​ ប៉ុន្តែ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​លម្អិត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លោ​​​ក​​​អាច​​​សួរ​​​ព្រះ​​​រាជអាជ្ញា​​​ ជ្រឹង ខ្មៅ ដែល​​​ជា​​​តំណាង​​​ដើម​​​ចោទ​​​ក្នុង​​​រឿង​​​ក្ដី​​​នេះ​​​”។ ក៏ប៉ុន្តែ​​​លោក​​​ ជ្រឹង ខ្មៅ មិន​​​អាច​​​ទំនាក់ទំនង​​​សុំ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។

លោក​​​ អាត់ ធន់ ប្រធាន​​​សហជីព​​​ស៊ីខៅឌូ បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​បាន​​​ឮ​​​ថា មន្ត្រី​​​សហជីព​​​នៅ​​​រោងចក្រ​​​ GSB ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ “ពីព្រោះ​​​ពួកគេ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា បាន​​​ញុះញង់​​​កម្មករ​​​”។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ផង​​​ដែរ​​​ មេដឹកនាំ​​​ពីរ​​​រូប​​​មក​​​ពី​​​សហព័ន្ធ​​​សហជីព​​​មិត្ត​​​កម្មករ​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​ ហើយ​​​ត្រូវ​​​បាន​​​ដោះលែង​​​វិញ​​​បន្ទាប់ពី​​​បាន​​​ដឹកនាំ​​​កម្មករ​​​ពី​​​រោងចក្រ​​​Cambo Handsome ក្នុង​​​ខណ្ឌពោធិ៍សែនជ័យ​​​ នៅ​​​ថ្ងៃ​​​ទី​​​២ នៃ​​​ការ​​​តវ៉ា​​​ទាមទារ​​​ច្រើន​​​ចំណុច​​​។

កម្មករ​​​ប្រហែល​​​១.០០០​​​នាក់​​​ បាន​​​បិទ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៤ និង​​​បាន​​​​​​ដើរ​​​ក្បួន​​​ទៅ​​​កាន់​​​រោងចក្រ​​​មួយ​​​ទៀត​​​នៅ​​​ក្បែរ​​​នោះ​​​ ដែល​​​ជា​​​កម្មសិទ្ធិ​​​របស់​​​ជនជាតិ​​​កូរ៉េខាងត្បូង​​​ “ដើម្បី​​​ទាមទារ​​​ឲ្យ​​​មាន​​​ដំណោះស្រាយ​​​ និង​​​ស្នើ​​​ឲ្យ​​​កម្មករ​​​នៅ​​​ទីនោះ​​​ចូល​​​រួម​​​ធ្វើ​​​កូដកម្ម​​​” នេះ​​​បើ​​​យោង​​​តាម​​​កម្មករ​​​ម្នាក់​​​ឈ្មោះ​​​ ឆាយ​​​ សុភាព​​​។

អ្នក​​​ស្រី  ផុង​​​ លក្ខណា លេខា​​​សហជីព​​​ បាន​​​ឲ្យ​​​ដឹង​​​ថា សន្ដិសុខ​​​ខណ្ឌ​​​​​​ និង​​​មន្ត្រី​​​ស្លៀក​​​ពាក់​​​ធម្មតា២០​​​នាក់​​​ បាន​​​ចាប់​​​ខ្លួន​​អ្នកស្រី​​​ លក្ខណា និង​​​តំណាង​​​សហជីព​​​ឈ្មោះ​​​ ហេង​​​ សារឿន។ អ្នកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​បាន​​​ដោះ​​​លែង​​​ពួក​​​យើង​​​ បន្ទាប់​​​ពី​​​បាន​​​ឲ្យ​​​ពួក​​​យើង​​​ និង​​​កម្មករ​​​បញ្ឈប់​​​ការ​​​បិទ​​​ផ្លូវ​​​”។

លោក​​​ ហែម ដារិទ្ធ អភិបាល​​​ខណ្ឌ​​​ពោធិ៍សែន​​​ជ័យ​​​បាន​​​បដិសេធ​​​ថា សកម្មជន​​​សហជីព​​​មិន​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ទេ​​​ ក៏ប៉ុន្តែ​​​លោក​​​បាន​​​បន្ថែម​​​ថា “ពួក​​​គេ​​​​​​មិន​​​បាន​​​ស្នើ​​​សុំ​​​សេចក្ដី​​​អនុញ្ញាត​​​ពី​​​អាជ្ញាធរ​​​ ដើម្បី​​​ធ្វើ​​​កូដកម្មទេ​​​”។

កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ តំណាង​​​សហជីព​​​ប្រាំបួន​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​រោងចក្រ​​​ពីរ​​​ផ្សេង​​​គ្នា​​​ ក្រោម​​​បទ​​​ចោទ​​​ប្រកាន់​​​ថា បាន​​​ញុះញង់​​​ឲ្យ​​​មាន​​​កា​​​រធ្វើ​​​កូដកម្ម​​​ឬ​​​ក៏​​​កា​​​រតវ៉ា​​​៕ ប៊ុននី

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស